ថ្នាំជាតិដែកមិនសុទ្ធតែអាចព្យាបាលជំងឺខ្វះឈាមក្រហមទេ
អ្នកដឹងទេ? កង្វះគ្រាប់ឈាមក្រហមប្រៀបបាននឹងកង្វះយាន្តជំនិះសម្រាប់ដឹកជញ្ជូនក្នុងការផ្គត់ផ្គង់អាហារ និងខ្យល់អុកស៊ីសែនចិញ្ចឹមរាងកាយទាំងមូល។ ហេតុនេះ ដើម្បីបន្តការរស់រានមានជីវិតរបស់កោសិកាក៏ដូចជារាងកាយទាំងមូល ការព្យាបាលមូលហេតុបង្កដែលបណ្តាលឲ្យកង្វះគ្រាប់ឈាមជាប្រការចាំបាច់បំផុត។
កង្វះគ្រាប់ឈាមក្រហមជាអ្វី ?
កង្វះឈាមក្រហម (Anemia) មិនមែនជាជំងឺនោះទេ តែជារោគសញ្ញាបាត់បង់គ្រាប់ឈាមក្រហមដែលបណ្តាលមកពីមូលហេតុច្រើនយ៉ាង។ មកដល់ពេលនេះ មិនមានការសិក្សាពីអត្រានៃជំងឺនេះទេ ព្រោះមូលហេតុរបស់វាមានច្រើនដែលតម្រូវឲ្យអ្នកជំងឺទៅព្យាបាលតាមឯកទេសនៃមូលហេតុ។
ដំណាក់កាល និងប្រភេទ
បញ្ហាកង្វះឈាមក្រហម មិនត្រូវបានបែងចែកជាដំណាក់កាលដូចជំងឺមហារីកទេ។ ទោះបីជាយ៉ាងណាក្រុមគ្រូពេទ្យឯកទេសអាចធ្វើការវាយតម្លៃស្ថានភាពធ្ងន់ធ្ងរនៃរោគសញ្ញានេះ ដោយយោងទៅតាមកម្រិតថយចុះរបស់អេម៉ូក្លូប៊ីនរបស់គ្រាប់ឈាមក្រហម(Hemoglobin) បូករួមជាមួយរោគសញ្ញាគ្លីនិកផ្សេងៗដែលអ្នកជំងឺកំពុងមានជាក់ស្តែង (Anemiatolerance) មុននឹងធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រព្យាបាលដែលសមស្របដើម្បីផ្តល់ជូនអ្នកជំងឺ។
មូលហេតុ និងកត្តាប្រឈម
ជាទូទៅ មូលហេតុដែលបង្កឲ្យមានបញ្ហានេះត្រូវបានបែងចែកជា ២ប្រភេទគឺ ការថយចុះនៃការផលិតគ្រាប់ឈាម និងការកើនឡើងការបំផ្លាញគ្រាប់ឈាម។ ជាក់ស្តែង កត្តាដែលបណ្តាលឲ្យមានការថយចុះនៃការផលិតគ្រាប់ឈាមមានដូចជា៖
- ថយចុះការរំញោចឲ្យមានការផលិតគ្រាប់ឈាមតាមរយៈអ័រម៉ូនរបស់តម្រងនោមដែលមានឈ្មោះថា Erythropoietin
- របបអាហារមិនសម្បូរទៅដោយ ជាតិដែក វីតាមីនបេ ១២ ឬហ្វូឡាត
- មានជំងឺក្រពេញទីរ៉ូអុីត (កង្វះការផលិតអ័រម៉ូនទីរ៉ូអ៊ីត)។
ចំណែក មូលហេតុធំៗនៅពីក្រោយបញ្ហាកង្វះគ្រាប់ឈាមក្រហម ដែលគួរឲ្យតក់ស្លុត និងតែងកើតមានឡើងជាញឹកញាប់នៅកម្ពុជាព្រមទាំងជាមូលហេតុទាក់ទងនឹងការកើនឡើងការបំផ្លាញគ្រាប់ឈាមនោះគឺ៖
- មហារីកក្រពះ
- មហារីកពោះវៀន
- មហារីកស្បូន
- មហារីកមាត់ស្បូន
- មហារីកឈាមស៊ីឆ្អឹង (Multiple Myeloma)
- ដំបៅក្រពះ ដំបៅពោះវៀនរ៉ាំរ៉ៃ
- ដុំសាច់ក្នុងស្បូន
- មហារីកឈាម
- ជំងឺបែកគ្រាប់ឈាម។
បន្ថែមពីនេះ ស្ត្រីមានផ្ទៃពោះ តាឡាស់សេមី (Thalassemia) ព្រូន តេនញ៉ាសត្វល្អិតក្នុងពោះវៀន និងជំងឺឆ្លងផ្សេងៗ ក៏សុទ្ធតែជាមូលហេតុដែលនាំឲ្យកង្វះគ្រាប់ឈាមក្រហមផងដែរ។
រោគសញ្ញា និងផលប៉ះពាល់
អ្នកជំងឺដែលកំពុងមានបញ្ហាកង្វះគ្រាប់ឈាមតែងស្តែងឡើងនូវអាការៈគួរឲ្យកត់សម្គាល់មួយចំនួនដូចជា៖
- ស្លេកស្លាំង
- អស់កម្លាំង
- ញ័រទ្រូង
- ចង្វាក់បេះដូងដើរមិនទៀងទាត់
- ឆាប់ហត់ ជាពិសេសក្នុងអំឡុងពេលធ្វើការ
- ឧស្សាហ៍ក្តៅខ្លួន
- ត្រជាក់ចុងដៃចុងជើង
- ឈឺក្បាល និងវិលមុខជាដើម។
អាការៈទាំងនេះអាចផ្តល់ជាផលរំខានដល់ការងារនិងសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់យ៉ាងខ្លាំង។
វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ
ដើម្បីកំណត់អត្តសញ្ញាណថា តើអ្នកជំងឺពិតជាកំពុងកើតមានបញ្ហានេះ ឬយ៉ាងណា ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការសាកសួរអំពីប្រវត្តិគ្រួសារ រោគសញ្ញាជាក់ស្តែង បូករួមជាមួយការធ្វើតេស្តឈាម ឬតេស្តខួរឆ្អឹងខ្នង (ប្រសិនបើចាំបាច់)។ ដូចនេះអ្នកជំងឺស្លេកស្លាំងគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុនៃកង្វះគ្រាប់ឈាមក្រហម និងដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។
ការព្យាបាល
ដោយហេតុថា មូលហេតុបង្កឲ្យមានបញ្ហានេះមានច្រើនប្រភេទណាស់ ដូចនេះការស្វែងរកឫសគល់នៃបញ្ហារួមបញ្ចូលជាមួយការប្រើប្រាស់វិធីសាស្រ្តព្យាបាលឲ្យបានត្រឹមត្រូវ គឺជាការព្យាបាលដ៏មានប្រសិទ្ធភាពដែលមិនអាចត្រូវបានមើលរំលង។ ល្គឹកណា ដើមចមនៃជំងឺនៅតែមាន នោះបញ្ហាកង្វះឈាមក្រហមក៏មិនអាចធូរស្រាលបានឡើយ។ ឧទាហរណ៍៖
- បើអ្នកជំងឺខ្វះជាតិដែក ការព្យាបាលគឺឲ្យជាតិដែក
- បើមូលហេតុខ្វះឈាមក្រហមដោយសារមានហូរឈាមតិចៗរ៉ាំរ៉ៃតាមក្រពះ ពោះវៀន គឺត្រូវរកមើលថាតើវាជាដំបៅធម្មតា ឬដំបៅមហារីកដើម្បីព្យាបាលឲ្យចំទិសដៅ។ល។
គួរបញ្ជាក់ផងដែរថា អ្នកជំងឺស្លេកស្លាំង ឬខ្វះគ្រាប់ឈាមក្រហមភាគច្រើនតែងរកជាវថ្នាំជាតិដែក និងវីតាមីនដោយខ្លួនឯងព្រោះមានជំនឿថាអាចប៉ូវគ្រាប់ឈាមវិញបាន។ ប៉ុន្តែ បញ្ហាខ្វះគ្រាប់ឈាមក្រហមមិនមែនសុទ្ធតែត្រូវព្យាបាលដោយថ្នាំជាតិដែក និងវីតាមីននោះទេពីព្រោះមានមូលហេតុផ្សេងៗគ្នាជាច្រើនដូចដែលបានរៀបរាប់ខាងលើ។ ជាក់ស្តែង ភាពស្លេកស្លាំងអាចព្យាបាលជា ឬមិនជាក៏ទៅតាមមូលហេតុដែលបង្ក។ គួរចងចាំថា ការព្យាបាលមូលហេតុដែលបង្កឲ្យខ្វះឈាមក្រហមជាការចាំបាច់ ការបញ្ចូលឈាមគ្រាន់តែជាការព្យាបាលសង្គ្រោះជីវិតបន្ទាន់ប៉ុណ្ណោះ។
ផលវិបាក
ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ កង្វះគ្រាប់ឈាមក្រហមអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា៖
- ខាតបង់ការងារប្រចាំថ្ងៃ ដោយសារអាការៈហេវហត់ខ្លាំង
- កូនអាចកើតមិនគ្រប់ខែ ចំពោះស្ត្រីមានផ្ទៃពោះ
- អាចវិវឌ្ឍជាជំងឺខ្សោយបេះដូង ដោយសារភាពរ៉ាំរ៉ៃនៃចង្វាក់បេះដូងដើរមិនទៀងទាត់
- និងអាចបណ្តាលឲ្យបាត់បង់ជីវិតទៀតផង។
វិធីសាស្រ្តការពារ
លើកលែងតែស្រ្តីមានផ្ទៃពោះប៉ុណ្ណោះ ដែលយើងអាចការពារជំងឺកង្វះឈាមក្រហមបាន ក្រៅពីនេះត្រូវការទទួលទាននូវរបបអាហារសុខភាព សម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់មុខ ព្រមទាំងរក្សាឲ្យបាននូវទម្លាប់ពិនិត្យសុខភាពឲ្យបានជាប្រចាំតាមការណែនាំរបស់គ្រូពេទ្យជាប្រការដែលចាំបាច់ និងសំខាន់បំផុតក្នុងការការពារ និងព្យាបាលជំងឺឲ្យទាន់ពេលវេលាព្រមទាំងមានប្រសិទ្ធភាពខ្ពស់។
“ការលេបថ្នាំជាតិដែក និងវីតាមីនដោយមិនបានស្រាវជ្រាវពិនិត្យរកមូលហេតុឲ្យអស់សេចក្តីអាចជាការផ្តល់ឱកាសឲ្យជំងឺវិវឌ្ឍរហូតដល់ដំណាក់កាលធ្ងន់ធ្ងរ និងនាំមកនូវភាពយឺតយ៉ាវក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព។”
បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺឈាម និងជំងឺមហារីក នៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ