Menu

ការស្រកទម្ងន់ខ្លាំងអាចជារឿងមិនធម្មតា


ការស្រកទម្ងន់ខ្លាំងអាចជារឿងមិនធម្មតា

ស្របពេលដែលការស្រកទម្ងន់ជាគោលដៅដែលបុគ្គលមួយចំនួនចង់បាន តែវាក៏អាចប្រែទៅជាបញ្ហាដែលអ្នកត្រូវស្វែងរកហេតុផលដែលនៅពីក្រោយក្នុងករណីមានសញ្ញាលេចឡើងដូចជា បាត់បង់ចំណង់អាហារ ញ៉ាំធម្មតាតែទម្ងន់នៅតែស្រក និងបញ្ហាកម្របណ្តាលមកពីសុខភាពផ្លូvចិត្ត។ 

អ្វីគួរដឹង?
ក្នុងលក្ខខណ្ឌទម្ងន់ខ្លួនស្រក តែមិនមានសញ្ញាថយចុះការញ៉ាំ ឬកាន់តែឃ្លានខុសពីធម្មតា អាការៈនេះអាចជាប់ទាក់ទង៖
- ជំងឺទឹកនោមផ្អែម៖ អ្នកជំងឺអាចស្រេកទឹកខ្លាំង ឬបត់ជើងតូចច្រើន
- ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអុីត (Hyperthyroidism)៖ អ្នកជំងឺអាចមានអាការៈញ័រ
- វិបត្តិការស្រូបជីវជាតិ៖ ជាលទ្ធផលបណ្តាលមកពីជំងឺរលាកពោះវៀន ឬរលាកលំពែងរ៉ាំរ៉ៃ
- ភាពប្រែប្រួលនៃមុខងាររាងកាយ ដោយការប្រើប្រាស់សារធាតុមួយចំនួនច្រើនហួសប្រមាណដូចជា៖ កាហ្វេ ឬសារធាតុអាល់កុលជាដើម។

ក្នុងលក្ខខណ្ឌការថយចុះចំណង់អាហារកើតមានឡើងខុសប្រក្រតី អាចជាលទ្ធផលនៃ៖
- ប្រភេទជំងឺធ្ងន់ធ្ងរដូចជា៖ មហារីក អេដស៍ មហារីកថ្លើមដំណាក់កាលចុងក្រោយ រលាកថ្លើមរ៉ាំរ៉ៃ ឬការចុះខ្សោយប្រព័ន្ធដង្ហើម
- បញ្ហាផ្លូវចិត្តណាមួយ។

អ្វីគួរធ្វើ?
ការស្វែងរកការប្រឹក្សា និងព្យាបាលត្រូវបានណែនាំប្រសិនការថយចុះទម្ងន់កើតឡើងក្នុងករណីណាមួយដូចខាងលើ ប៉ុន្តែក្នុងពេលជាមួយគ្នាអ្នកអាច៖
- ផ្លាស់ប្តូររបបចំណីអាហារ
- បន្ថែមជាតិហិរក្នុងអាហាររបស់អ្នក
- ជ្រើសរើសប្រភេទអាហារដែលល្អសម្រាប់សុខភាព។

មិនមានឱសថណាជាក់លាក់សម្រាប់បង្កើនការញ៉ាំអាហារនោះទេ តែគេសង្កេតឃើញមានការប្រើប្រាស់៖
- ឱសថក្នុងក្រុម Antihistaminiques H1៖ មានឈ្មោះ Doxylamine ដែលជាប្រភេទឱសថមានលក្ខណៈអាចជំរុញឲ្យមានការបរិភោគអាហារឡើងវិញ តែវាក៏អាចបង្កជាផលរំខានធ្វើឲ្យមានអាការៈងងុយផងដែរ។

ប្រសិនទម្ងន់ខ្លួនថយចុះ តែមិនមានអាការៈធីងធោងអ្នកអាចប្រើប្រាស់៖
- ឱសថចម្រាញ់ពីលម្អង Sthénorex៖ អាចប្រើបាន ៣គ្រាប់ក្នុងមួយថ្ងៃ
- ឱសថចម្រាញ់ចេញពីសណ្តែកប្រភេទ Fenugrec៖ មានឈ្មោះ Fénugrène (Aérocid) ដែលអាចប្រើបានម្តង ២គ្រាប់ ពីរទៅបីដងក្នុងមួយថ្ងៃ។

ចំពោះមនុស្សពេញវ័យ ដែលមានទំនោរខ្លាំងក្នុងការចង់សម្រកទម្ងន់ អាចជាប់ពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវចិត្ត ដែលនាំឲ្យរាងកាយរបស់ពួកគេអាចមានការប្រែប្រួលស្តែងចេញដូចជា៖
- ទម្ងន់ស្រកលឿន (ជាពិសេសនៅតំបន់មុខ ឬដៃ)
- មានបញ្ហារាំងរដូវ
- ទល់លាមក។

គួរបញ្ជាក់ថា ការថយចុះទម្ងន់ដែលបណ្តាលមកពីបញ្ហាផ្លូវចិត្តអាចជាជំងឺធ្ងន់ធ្ងរ និងពិបាកព្យាបាល ដែលទាមទារឲ្យមានការចូលរួមពីសំណាក់គ្រូពេទ្យផ្នែកចិត្តសាស្រ្តក្នុងការកែប្រែស្ថានភាពជំងឺឲ្យបានប្រសើរឡើង។

ប្រភពយោង៖ Le vademecum de la Médication officinale

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

Related Articles