ហេតុអ្វីឧស្សាហ៍ឈឺចង្កេះក្រោយសម្រាល?
“ក្រោយសម្រាលបុត្ររួច ស្រ្តីជាម្តាយភាគច្រើនបានជួបប្រទះ បញ្ហាឈឺចង្កេះជាញឹកញាប់ ដោយជួនកាលអាការៈនេះបានបាត់ទៅវិញក្នុងអំឡុងពេលខ្លី ចំណែកស្ត្រីមួយចំនួនទៀតមិនបានធូរស្រាលទាល់តែសោះ និងប្រែជាកាន់តែធ្ងន់ធ្ងរទៅវិញ ជាក់ស្តែងដូចករណីរបស់ស្ត្រីខាងក្រោម៖”
សំណួរ៖ នាងខ្ញុំអាយុ ២៩ឆ្នាំ ភេទស្រី កម្ពស់១ម៉ែត្រ៦០ ទម្ងន់ ៦៥គីឡូក្រាមជាអ្នកលក់ដូរនៅផ្សារ។ នាងខ្ញុំទើបតែសម្រាលកូនបានបួនខែ តែចង្កេះខ្ញុំមានការឈឺចាប់ខ្លាំងណាស់នៅរៀងរាល់យប់ លុះព្រឹកឡើងងើបមិនរួច ហើយថែមទាំងមានអាការៈធ្ងន់ៗផ្នែកខាងក្រោម។ តើបញ្ហានេះពាក់ព័ន្ធជាមួយស្បូន ឬអត់?
ចម្លើយ៖ ការឈឺចង្កេះជាបញ្ហាចម្បងដែលអ្នកជំងឺតែងមកពិគ្រោះជាមួយគ្រូពេទ្យ។ បើយោងតាមវិទ្យាស្ថានជាតិនៃជំងឺទាក់ទងនឹងបញ្ហាប្រសាទ និងជំងឺដាច់សរសៃឈាម បានបង្ហាញថាបញ្ហាឈឺចង្កេះគឺជាកត្តាចម្បងបំផុតទាក់ទងនឹងពិការភាពបណ្តាលមកពីការងារ។ ជំងឺរលាកតំបន់ចង្កេះ (PID) ជាមូលហេតុសំខាន់បំផុតនៃការឈឺចង្កេះ។ វាជាការបង្ករោគនៅសរីរាង្គបន្តពូជចំពោះស្រ្តី។ តំបន់ត្រគាកជាផ្នែកខាងក្រោមនៃតំបន់ពោះដោយរួមបញ្ចូលនូវដៃស្បូន អូវែ មាត់ស្បូន និងស្បូន។ មានប្រភេទនៃបាក់តេរីជាច្រើនដែលអាចបង្កឲ្យមានជំងឺរលាកតំបន់ចង្កេះ ដែលរួមបញ្ចូលទាំងប្រភេទបាក់តេរីឆ្លងតាមការរួមភេទ មានដូចជា Gonorrhea និង Chlamydia ដែលអាចបង្កជាជំងឺកាមរោគ ជំងឺស្វាយ និងប្រមេះជាដើម។ បញ្ហាដែលតែងជួបប្រទះគឺបាក់តេរីទាំងនោះបានចូលទៅក្នុងទ្វារមាស រួចទើបចាប់ផ្តើមបង្ករោគ។ យូរៗទៅ ការបង្ករោគទាំងនេះអាចរាលដាលដល់សរីរាង្គចង្កេះផ្សេងទៀត។ ជំងឺរលាកតំបន់ចង្កេះ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់ជីវិត ប្រសិនបើបាក់តេរីទាំងអស់នេះរាលដាលចូលក្នុងចរន្តឈាម។ ប្រសិនបើអ្នកសង្ស័យថាអ្នកត្រូវបានបង្ករោគ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ។ ការឈឺចង្កេះជារោគសញ្ញាដែលតែងកើតមានជាញឹកញាប់ចំពោះជំងឺស្បូនផងដែរ ដែលរោគសញ្ញាជំងឺនេះមានភាពខុសៗគ្នា។ ស្ត្រីមួយចំនួនអាចជួបប្រទះជាមួយរោគសញ្ញាដែលមានកម្រិតស្រាល ចំណែកស្រ្តីខ្លះទៀតវិញអាចទទួលបានរោគសញ្ញាដែលមានសភាពពីកម្រិតមធ្យម ទៅកម្រិតធ្ងន់ធ្ងរ។ វាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវទៅត្រួតពិនិត្យសុខភាពបន្តពូជពីព្រោះវាអាចអនុញ្ញាតឲ្យគ្រូពេទ្យឯកទេសរោគស្ត្រីដើម្បីពិនិត្យអំពីការផ្លាស់ប្តូរផ្សេងៗ។ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីបញ្ជាក់អត្តសញ្ញាណមូលហេតុពិតប្រាកដ ជាពិសេសអាចជម្រុះចោលនូវមូលហេតុបង្កដែលអាចមានដូចជា ក្រួសតម្រងនោម ជំងឺកៀបឌីសឆ្អឹងខ្នង (Herniated Disc) ជំងឺកៀបសរសៃប្រសាទឆ្អឹងខ្នង (Sciatica) និងជំងឺត្បៀតខួរឆ្អឹងខ្នងជាដើម។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Woman and Baby’s Center Anna
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ