លាតត្រដាងភស្តុតាងបញ្ជាក់ពីឥទ្ធិពល Isoflavone នៃសណ្តែកសៀងលើជីវិតរស់នៅរបស់ស្ត្រីអស់រដូវ
កន្លងមកយើងតែងតែដឹងថា សណ្តែកសៀងគឺជាអាហារដែលត្រូវបានដឹងថាស័ក្តិសមបំផុតចំពោះអ្នកមិនបរិភោគសាច់សត្វ តែអត្ថប្រយោជន៍ដ៏ពិសេសរបស់វាមិនបញ្ឈប់ត្រឹមនេះឡើយ ដោយការស្រាវជ្រាវជាច្រើនបានបង្ហាញនូវភស្តុតាងថ្មីៗជាច្រើនទាក់ទងនឹងឥទ្ធិពលរបស់វាចំពោះសុខភាពរបស់ស្ត្រីអស់រដូវ។ ក្រៅពីមីក្រូ និងម៉ាក្រូសារជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់មានផ្ទុកក្នុងសណ្តែកសៀង វាក៏ត្រូវបានរកឃើញផងដែរថាមានផ្ទុកនូវបរិមាណនៃ Isoflavones ក្នុងបរិមាណខ្ពស់ជាងគេបើធៀបនឹងរុក្ខជាតិដទៃ ដែលសារធាតុនេះហើយដែលទទួលខុសត្រូវជាចម្បងក្នុងមុខងារសម្រួលដល់អាការៈ និងបញ្ហាដែលអាចកើតមានចំពោះស្ត្រីអស់រដូវ។ យ៉ាងណាមិញសុវត្ថិភាពក្នុងការប្រើប្រាស់ Isoflavones ជាពិសេសក្នុងកម្រិតខ្ពស់នៅតែត្រូវបានយកមកសិក្សា និងវិភាគជាបន្តបន្ទាប់។
ហេតុអ្វី Isoflavones មានឥទ្ធិពលលើសុខភាព?
ជាមួយនឹងរចនាសម្ព័ន្ធគីមីដែលស្រដៀងនឹងអ័រម៉ូនអឺស្ត្រូហ្សែនដែលអនុញ្ញាតឲ្យវាអាចទៅភ្ជាប់ជាមួយសរីរាង្គទទួលនៃអ័រម៉ូនអឺស្ត្រូហ្សែនរបស់រាងកាយបានធ្វើឲ្យ Isoflavones ត្រូវបានចាត់ទុកថាជាអឺស្ត្រូហ្សែនរបស់រុក្ខជាតិដែលអាចបញ្ចេញនូវឥទ្ធិពលដូចនឹងអ័រម៉ូននៃរាងកាយតែក្នុងកម្រិតទាបជាង ឬរារាំងឥទ្ធិពលនៃអ័រម៉ូនទៅវិញដែលសកម្មភាពទាំងពីរនេះ ត្រូវបានពន្យល់ដោយសមត្ថភាពក្នុងការជ្រើសរើសសកម្មភាពទៅតាមជាលិការបស់វា។ ក្រៅពីនោះ Isoflavones ក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដ៏មានអានុភាពចំពោះសុខភាពផងដែរ។
តើ Isoflavones ផ្តល់នូវឥទ្ធិពលចំពោះសុខភាពយ៉ាងដូចម្តេចខ្លះ?
១. ចំពោះអាការៈរបស់ស្ត្រីអស់រដូវ
នៅក្នុងឆ្នាំ ២០១៥ ការសិក្សាមួយត្រូវបានធ្វើឡើងដោយជោគជ័យជាមួយនឹងលទ្ធផលបញ្ជាក់ថា Isoflavones គឺជាជម្រើសទី១ដែលគួរសាកល្បងក្នុងការសម្រាលអាការៈរបស់ស្ត្រីអស់រដូវ ដោយក្នុងនោះមានភស្តុតាងបង្ហាញពីការថយចុះនៃភាពញឹកញាប់ក៏ដូចជាភាពធ្ងន់ធ្ងរនៃភាពក្តៅក្រហល់ក្រហាយចំពោះស្ត្រីអស់រដូវដែលបានបរិភោគនូវអាហារសណ្តែកសៀងជាប្រចាំ។ Isoflavones ត្រូវបានស្នើសុំឲ្យក្លាយជាជម្រើសនៃការព្យាបាលប្រកបដោយសុវត្ថិភាពមួយបន្ទាប់ពីការព្យាបាលដោយអ័រម៉ូន។ ដោយឡែក ក្នុងឆ្នាំ ២០១១ ការសិក្សាដែលបានចុះផ្សាយក្នុង Cochrane library ក៏បានរកឃើញថាមានការថយចុះនៃភាពរសាត់នៃឆ្អឹង ដែលអាចកាត់បន្ថយការប្រឈមនឹងបញ្ហាពុកឆ្អឹងផងដែរចំពោះស្ត្រីអស់រដូវ។
២. ប្រព័ន្ធសរសៃឈាមបេះដូង
នៅក្នុងឆ្នាំ ២០០០ គណៈកម្មាធិការទាក់ទងនឹងសារធាតុចិញ្ចឹមរបស់សមាគមបេះដូងអាមេរិក បានផ្សព្វផ្សាយទៅកាន់អ្នកវិជ្ជាជីវៈថែទាំសុខភាពទាំងអស់អំពីឥទ្ធិពលការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងរបស់សណ្តែកសៀង។ ការសិក្សាពីរនៅក្នុងឆ្នាំ ២០១១ និង ២០១២ បានរកឃើញថា Isoflavones សណ្តែកសៀង អាចជួយជំរុញមុខងារនៃជញ្ជាំងសរសៃឈាមចំពោះស្ត្រីអស់រដូវ។ ក្រៅពីនោះ ការសិក្សាផ្សេងៗទៀតក៏ចូលរួមគាំទ្រសមត្ថភាពនៃ Isoflavones ក្នុងការធ្វើឲ្យបញ្ហាកករឹងនៃសរសៃអាទែររបស់ស្ត្រីអស់រដូវមានភាពប្រសើរឡើងផងដែរ។
៣. បញ្ហាលើសទម្ងន់
បញ្ហាធាត់លើសទម្ងន់មិនមែនត្រឹមតែជាបញ្ហាដែលស្ត្រីអស់រដូវភាគច្រើនអាចជួបប្រទះទេ តែវាក៏ជាបញ្ហាដែលឲ្យសញ្ញាក្រហមទូទាំងពិភពលោកផងដែរ។ Isoflavones បញ្ចេញមុខងារក្នុងការសម្របសម្រួលមេតាបូលីស និងតុល្យភាពនៅក្នុងរាងកាយ ដែលអាចជួយការពារ និងព្យាបាលបញ្ហាធាត់លើសទម្ងន់បានប្រកបដោយអានុភាព។
៤. បញ្ហាផ្លូវចិត្ត
បញ្ហាធ្លាក់ទឹកចិត្តគឺជាបញ្ហាកើតឡើងដោយអាចធ្វើឲ្យមានការថយចុះនៃគុណភាពជីវិត បង្កើនឱកាសនៃការពិការ និងមរណៈ។ អត្រាខ្ពស់នៃការកើតមានបញ្ហាធ្លាក់ទឹកចិត្តចំពោះស្ត្រីដែលខ្ពស់ជាងបុរសត្រូវបានដឹងថាជាប់ទាក់ទងនឹងអ័រម៉ូនបន្តពូជ។ ភស្តុតាងនាពេលថ្មីៗនេះបានបង្ហាញថា Isoflavones អាចមានមុខងារជាភ្នាក់ងារប្រឆាំងនឹងការធ្លាក់ទឹកចិត្តដោយការសិក្សាបានធ្វើការវាយតម្លៃប្រៀបធៀបជាមួយនឹងឱសថប្រឆាំងការធ្លាក់ទឹកចិត្តដូចជា Zoloft (50មិល្លីក្រាម/ថ្ងៃ) និង Prozoc (10 មិល្លីក្រាម/ថ្ងៃ)។ លើសពីនេះ ការប្រើរួមផ្សំគ្នារវាង Isoflavones និងZoloft ក៏បង្ហាញនូវការថយចុះកាន់តែប្រសើរនៃអាការៈជំងឺបើធៀបនឹងការប្រើប្រាស់ដោយឡែកពីគ្នាផងដែរ។ ក្រៅពីឥទ្ធិពលលើបញ្ហាធ្លាក់ទឹកចិត្ត Isoflavones ក៏អាចជំនួយដល់មុខងារនៃការគិត រៀនសូត្រ ក៏ដូចជាចងចាំផងដែរចំពោះស្ត្រីអស់រដូវ។
៥. ស្បែកជ្រីវជ្រួញ
តាមរយៈការពិសោធន៍ជាច្រើនបានបង្ហាញថា Isoflavones អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញបាន ដែលប្រសិទ្ធភាពនេះកើតឡើងគួរឲ្យចាប់អារម្មណ៍បំផុតគឺលើផ្ទៃមុខ។ ក្រៅពីនោះ Isoflavones ក៏មានអត្ថប្រយោជន៍ចំពោះបញ្ហាពណ៌លើស្បែក រួមទាំងសម្រស់មួយតួខ្លួនផងដែរ។
៦. ជំងឺមហារីក
ការប្រើប្រាស់ Isoflavones ក្នុងកម្រិតខ្ពស់ត្រូវបានដឹងថាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីក។ សកម្មភាពការពារនៅក្នុងដំណាក់កាលលូតលាស់នៃកោសិកាមហារីក អាចពន្យល់បានពីអត្ថប្រយោជន៍របស់វាក្នុងការកាត់បន្ថយការប្រឈម ក៏ដូចជាការកើតឡើងវិញនៃជំងឺមហារីកសុដន់ផងដែរបើតាមការវាយតម្លៃលើទន្និន័យសិក្សាលើស្ត្រីជនជាតិអាស៊ីដែលបរិភោគសណ្តែកសៀងតាំងពីកុមារភាព។ មានការសិក្សាមួយចំនួនក៏លើកឡើងអំពីសកម្មភាពនៃ Isoflavones ប្រឆាំងនឹងជំងឺមហារីកស្រទាប់ស្បូនមហារីកពោះវៀនធំ ក៏ដូចជាមហារីកក្រពះ និងមហារីកសួត។
៧. ការឆ្លងរោគ
Isoflavones ត្រូវបានសំយោគឡើងដោយធម្មជាតិនៅក្នុងរុក្ខជាតិដើម្បីដើរតួជាអ្នកការពារពីការឆ្លងរោគផ្សិត បាក់តេរី ក៏ដូចជាផ្តល់នូវសកម្មភាពប្រឆាំងនឹងពពួកមីក្រុបផងដែរ។
៨. ស្ត្រេសអុកស៊ីតកម្ម
សកម្មភាពប្រឆាំងនឹងអុកស៊ីតកម្មរបស់ Isoflavonesអាចធ្វើការការពារពីការវិវឌ្ឍទៅជាជំងឺមហារីកបាន បើយោងទៅតាមការសិក្សានៅក្នុងមន្ទីរពិសោធន៍ដោយសិក្សាលើប្រភេទម្យ៉ាងនៃ Isoflavones គឺGenistein។ យន្តការនៃការការពារនេះត្រូវបានបកស្រាយដោយសមត្ថភាពក្នុងការជំរុញសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់អង់សុីមមួយចំនួនរបស់Genistein។ គួរបញ្ជាក់ថា សមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់ Isoflavones ត្រូវបានបង្ហាញថាប្រហាក់ប្រហែលនឹងវីតាមីន អឺ។
តើ Isoflavones ផ្តល់សុវត្ថិភាពក្នុងការប្រើប្រាស់ឬទេ?
នៅក្នុងឆ្នាំ ២០១៥ ការជជែកវែកញែក EFSA បានសរុបថា ការប្រើប្រាស់ Isoflavones ក្នុងកម្រិត ៣៥-១៥០ មិល្លីក្រាម/ថ្ងៃ រហូតដល់ ២ឆ្នាំកន្លះពីអាហារ ឬឱសថបំប៉នមិនអាចផ្តល់នូវផលប៉ះពាល់ទៅលើកោសិកាដែលឆ្លើយតបនឹងអ័រម៉ូនភេទដូចជា សុដន់ ស្បូន ឬក៏ក្រពេញទីរ៉ូអុីតឡើយ។ តាមរយៈការសិក្សាមួយដែលធ្វើឡើងរយៈពេល ១២ខែ ក៏បានឲ្យដឹងដែរថា ពុំមានភាពអាក្រក់ឡើងនៃស្ថានភាពជាលិកា Fibroglandular នៅក្នុងអ្នកជំងឺមហារីកសុដន់ដែលទទួលការព្យាបាលដោយឱសថប្រឆាំងមហារីក ឬស្ត្រីដែលមានកត្តាប្រឈមខ្ពស់នឹងជំងឺមហារីកឡើយ។ ផ្ទុយពីនេះមានការសង្កេតឃើញថាការប្រើប្រាស់Isoflavones ឬអាហារសណ្តែកសៀងចំពោះអ្នកជំងឺមហារីកសុដន់ ធ្វើឲ្យមានការថយចុះនូវអត្រាមរណៈ និងការកើតឡើងវិញផងដែរចំពោះអ្នកជំងឺមហារីកសុដន់ប្រភេទ ER(+) និង ER(-)។ ម្យ៉ាងទៀត គេសង្កេតឃើញថាពុំមានការហាមឃាត់ណាមួយចំពោះការប្រើប្រាស់ Isoflavones ចំពោះស្ត្រីដែលកំពុងព្យាបាលដោយ Tamoxifen ឬ Anastrozole ឡើយ ហើយថែមទាំងរកឃើញនូវការប្រសើរឡើងនៃការព្យាបាលវិញថែមទៀតផង។ ថ្មីៗនេះ សមាគមស្ត្រីអស់រដូវនៃអាមេរិកខាងជើង ក៏បានសរុបថា Isoflavones ពិតជាមិនអាចបង្កទៅជាជំងឺមហារីកសុដន់ ឬស្រទាប់ស្បូនទេ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ