អ្នកណាខ្លះឈឺពោះ ពេលមករដូវ?
ការឈឺចាប់ពេលមានរដូវ គឺជាបញ្ហាមួយដែលប៉ះពាល់ដល់ស្រ្តីទាំងមុន និងអំឡុងពេលមករដូវ។ ការឈឺចាប់ពេលធ្លាក់ឈាមរដូវជាអាការៈស្រាលមួយនិងមិនបានបង្កគ្រោះថ្នាក់អ្វីដល់សុខភាពជាទូទៅនោះទេ ដែលអាការៈនេះច្រើនកើតលើយុវតីទើបមានខែដំបូង។
អាការៈនៃការឈឺចាប់ពេលមករដូវ
ឈឺចាប់ពេលមករដូវ ជាអាការៈដែលកើតឡើងនៅពេលមុន និងអំឡុងពេលមករដូវ ហើយអាចអូសបន្លាយរយៈពេល ១ ទៅ២ថ្ងៃជាមធ្យម។ កម្រិតនៃការឈឺចាប់អាចមានកាន់តែខ្លាំងនៅថ្ងៃណាដែលការធ្លាក់ឈាមរដូវមានបរិមាណច្រើន។ ជាក់ស្ដែងអារម្មណ៍ឈឺចាប់អាចស្តែងឡើងតាំងពីឈាមរដូវមិនទាន់មក ហើយជួនកាលអាចអូសបន្លាយយូរហើយក្នុងករណីខ្លះ ការឈឺចាប់នៅមិនទាន់អស់បើទោះបីឈាមរដូវលែងមកហើយទៀតក៏ដោយ។ ដោយហេតុថាការមកឈាមរដូវជាវដ្ត (២៨ថ្ងៃម្តងជាមធ្យម) ដូច្នេះការឈឺចាប់នឹងវិលមកជាថ្មីម្តងទៀតជារៀងរាល់ខែ។ ការឈឺចាប់ព្រោះរដូវ ភាគច្រើនតែងផ្តុំនៅភាគខាងក្រោមនៃពោះ នៅលើថ្ងាស ហើយជួនកាលអាចរាលដាលដល់ខ្នង ចង្កេះ និងភ្លៅ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចឲ្យចុកខ្នងចុកចង្កេះ ក្នុងករណីខ្លះទៀតស្រ្តីអាចមានអាការៈមិនស្រួលខ្លួន នឿយហត់ អស់កម្លាំង ចង់ក្អួត ចង្អោរ រាក ងងឹតមុខ ឈឺក្បាលផងដែរ។
មូលហេតុធ្វើឲ្យឈឺចាប់ពេលមករដូវ
បញ្ហាឈឺចាប់នៅពេលមានរដូវបែបនេះច្រើនជាប់ទាក់ទងនឹងបញ្ហាមួយចំនួនដូចជា៖
- ការជក់បារី
- ពិសាគ្រឿងស្រវឹង
- ស្ត្រេស
- កត្តាចំណីអាហារ
- កត្តាលំហូរនៃឈាមរដូវ
- ការឡើងទម្ងន់
- បញ្ហាសុខភាពមួយចំនួនទៀត និងបញ្ហាក្នុងសង្គមក៏ជាកត្តារួមចំណែកដល់ការឈឺចាប់នៅពេលមករដូវរបស់ស្រ្តី។ ជួនកាលក៏អាចបណ្តាលមកពីការកន្ត្រាក់សាច់ដុំរបស់ស្បូន និងការប្រែប្រួលអ័រម៉ូនដែលកើតមានឡើងក្នុងខ្លួនរបស់ស្រ្តីផងដែរ។
វិធីសាស្រ្តដោះស្រាយអាការៈឈឺចាប់ពេលមករដូវ
ជាក់ស្តែង ការឈឺចាប់នេះនឹងបាត់នៅពេលរដូវអស់ហើយវានឹងវិលមកសភាពដូចធម្មតាវិញតាមរយៈវដ្តនៃការមករដូវ។ ដើម្បីដោះស្រាយបញ្ហាអាការៈឈឺចាប់នៅពេលមករដូវ គឺស្រ្តីគ្រប់រូបត្រូវថែរក្សាសុខភាពជាពិសេសក្នុងអំឡុងពេលមករដូវ ដោយអាចអនុវត្តតាមវិធីសាស្រ្តខាងក្រោមរួមមាន៖
- ពិសាទឹកក្តៅ និងឧស្សាហ៍ស្អំទឹកក្តៅនៅលើពោះ៖ ការធ្វើបែបនេះអាចជួយឲ្យអ្នកកាត់បន្ថយការឈឺចាប់បានមួយកម្រិត
- ទទួលទានអាហារឲ្យបានត្រឹមត្រូវ៖ អ្នកត្រូវបិរភោគបន្លែ និងសាច់ឲ្យបានច្រើន ព្រោះពេលមករដូវនឹងធ្វើឲ្យអ្នកមានសភាពខ្សោយ និងអស់កម្លាំង។ ការទទួលទានរបបអាហារអាចឲ្យអ្នកមានថាមពលបានឡើងវិញ។
- កាត់បន្ថយការទទួលទានជាតិផ្អាប់ និងជូរ៖ អាហារទាំងនេះអាចធ្វើឲ្យរាំងស្ទះការមករដូវ បង្អាក់ការហូរឈាម ព្រោះប្រសិនបើការមករដូវមានភាពរាំងស្ទះនោះ វាអាចប៉ះពាល់ទៅលើស្បែកមុខ និងដងខ្លួនឡើងកន្ទួលរមាស់ ឬមុន ជាពិសេសក៏អាចបណ្តាលឲ្យក្លិនឈាមមានភាពស្អុយផងដែរ
- ការធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណអាចឲ្យសរសៃឈាមរត់បានស្រួល និងមានអារម្មណ៍ថាស្រស់ស្រាយថែមទៀតផង។ អ្នកក៏អាចលេបថ្នាំបំបាត់ការឈឺចាប់ដែលអាចជួយដោះស្រាយបញ្ហាការឈឺចាប់បាន ហើយបើអាចអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង និងបាត់បង់ឈាមច្រើនពេលមករដូវម្តងៗ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ