Menu

សេចក្តីជូនដំណឹងស្តីអំពីការចុះទិដ្ឋាការបញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ


សេចក្តីជូនដំណឹងស្តីអំពីការចុះទិដ្ឋាការបញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ

សេចក្តីជូនដំណឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់អគ្គនាយកគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ និងគ្រឿងសម្អាងព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ ដើម្បីពង្រឹងការងារគ្រប់គ្រងឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ ក្រសួងសុខាភិបាលនឹងអនុវត្តការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញចាប់ពីខែសីហា ឆ្នាំ២០១៩ នេះតទៅ។ ការចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាងតាមប្រព័ន្ធអនឡាញ (Online) នេះមានគោលបំណង៖
 • ធានាបាននូវតម្លាភាពជូនអតិថិជន និងប្រសិទ្ធភាពនៃការចុះទិដ្ឋាការ បញ្ជិកា និងប្រវេទន៍
 • បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវាជូនអតិថិជន
 • ផ្តល់ព័ត៌មានត្រឡប់ដល់អតិថិជនបានទាន់ពេលវេលា
 • កាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អតិថិជន
 • គ្រប់ឯកសារទាំងអស់របស់អតិថិជនត្រូវបានរក្សាទុកជាការសម្ងាត់ និងមានសុវត្ថិភាព
 • អាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងឱសថ និងអតិថិជនអាចទទួលបានព័ត៌មានឆាប់រហ័ស។

ម៉្យាងទៀត ក្រសួងសុខាភិបាលនឹងអនុវត្តប្រើប្រព័ន្ធ QR Code នៅលើប្រអប់ផលិតផលឱសថ ឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងដែលប្រព័ន្ធនេះធានាបាននូវព័ត៌មានជាក់លាក់របស់ផលិតផល ដូចជាលេខទិដ្ឋាការ បញ្ជិកា ឬប្រវេទន៍ ប្រភពផលិតផល កាលបរិច្ឆេទផលិត និងផុតកំណត់ការប្រើប្រាស់ ឈ្មោះក្រុមហ៊ុនដែលនាំចូល និងចែកចាយ ហើយប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលដល់ភ្នាក់ងារត្រួតពិនិត្យឱសថ ក៏ដូចជាអ្នកប្រើប្រាស់អាចតាមដាននូវផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ ឬក្លែងបន្លំ ឬគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះប្រព័ន្ធ QR Code ក្រសួងសុខាភិបាលនឹងពិភាក្សាជាមួយវិស័យឯកជនបន្ថែម និងកំណត់ពេលវេលាជាក់លាក់សម្រាប់អនុវត្តនៅពេលឆាប់ៗខាងមុខនេះ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

Related Articles