Menu

ហេតុផលនានាដែលអ្នកគួរ​ប្រើវី​​​​​តា​មី​ន ​E


ហេតុផលនានាដែលអ្នកគួរ​ប្រើវី​​​​​តា​មី​ន ​E

វីតាមីន E ជាអង់ទីអុកស៊ីដង់មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃរ៉ាឌីកាល់សេរីដែលផលិតដោយការបំប្លែងអាហារ និងជាតិពុលក្នុងបរិស្ថាន។ កាន់តែពិសេសនោះគឺអត្ថប្រយោជន៍របស់វីតាមីន E ក្នុងការជួយការពារស្បែករបស់អ្នកពីបញ្ហាមួយចំនួនរួមមាន៖

- ការពារស្បែកពីការខូចដោយសារកម្តៅថ្ងៃ
ពន្លឺព្រះអាទិត្យបង្កើតរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកមានស្នាមជ្រួញ ប៉ុន្តែការប្រើក្រែមដែលមានផ្ទុកនូវសារធាតុវីតាមីន Eពីធម្មជាតិអាចជួយការពារស្បែកប្រឆាំងនឹងការខូចដោយពន្លឺព្រះអាទិត្យបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ដោយឡែកយោងតាមការសិក្សាស្រាវជ្រាវវេជ្ជសាស្រ្តបានរកឃើញថាក្រែមដែលផ្សំពីវីតាមីនE ជាមួយនឹងវីតាមីនC មានសមត្ថភាពខ្ពស់ក្នុងការការពារស្បែកពីពន្លឺព្រះអាទិត្យ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រាស់ក្រែមដែលមានជាតិវីតាមីនE ជាជាងប្រើឡេការពារកម្តៅថ្ងៃតែមួយមុខ។

- ការពារស្បែកពីភាពចាស់ជ្រីវជ្រួញ
ភាពចាស់ជ្រីវជ្រួញត្រូវបានបង្កឡើងដោយអាយុ ការថែរក្សាស្បែកមិនបានត្រឹមត្រូវការប៉ះពន្លឺព្រះអាទិត្យ ការខូចដោយរ៉ាឌីកាល់សេរី កត្តាបរិស្ថាន និងរបបអាហារមិនល្អផងដែរ។ ជាក់ស្តែង ជាមួយនឹងប្រេង ឬក្រែមវីតាមីន E អាចជួយទប់ស្កាត់ការវិវឌ្ឍរបស់ស្បែក ប្រឆាំងនឹងរ៉ាឌីកាល់សេរី ជំនួយក្នុងការផលិតជាតិកូឡាជែន និងផ្តល់សំណើមដល់ស្បែក។ លើសពីនេះ វាក៏អាចជួយកាត់បន្ថយសា្នមសង្វា និងស្នាមខ្មៅនៅក្រោមភ្នែកបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ អ្នកគួរប្រើប្រាស់ប្រេងវីតាមីន E លាបស្បែកមុខ និងរង្វង់ភ្នែកនៅពេលចូលគេងអាចជួយរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អមានសំណើម និងបំបាត់នូវភាពជ្រីវជ្រួញ។

- ការពារជំងឺមហារីកស្បែក
ទាក់ទងនឹងស្បែក វីតាមីន E មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយនូវហានិភ័យជំងឺមហារីកស្បែក។ ដោយឡែកតាមការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ ២០១៣ បានធ្វើការពិសោធទៅលើសត្វកណ្តុរដោយចាក់ថ្នាំវីតាមីន E ចូលទៅក្នុងខ្លួនរបស់វាពេលនោះគេសង្កេតឃើញថាវាហាក់ដូចជាមិនសូវវិវឌ្ឍទៅរកជំងឺមហារីកស្បែកទេ។ ជាក់ស្តែង ដោយសារតែវីតាមីនE ផ្ទុកនូវសារធាតុប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីដែលជាជំនួយក្នុងការធ្វើឲ្យស្បែកមានសំណើម ទន់រលោង និងមានសុខភាពល្អផងដែរ។ ដូច្នេះ អ្នកគួរជ្រើសរើសប្រើប្រាស់ក្រែម ឬឡេដែលមានផ្ទុកនូវសារធាតុវីតាមីន E ដើម្បីការពារស្បែក ឬបញ្ចៀសពីបញ្ហាមហារីកស្បែក។

- ការពារបញ្ហាស្បែកស្ងួត
វីតាមីន E ជាជាតិសំណើមសម្បូរបែប និងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលចាំបាច់ក្នុងការព្យាបាលកោសិកាស្បែករបស់លោកអ្នកឲ្យឆាប់ជាសះស្បើយ។ លើសពីនេះ វាអាចជួយការពារស្បែក មិនឲ្យឆាប់ចាស់ ការពារស្បែកពីការបំផ្លាញនៃរ៉ាឌីកាល់សេរី ជាពិសេសអាចការពារស្បែករបស់អ្នកពីបញ្ហាស្បែកស្ងួតបានផងដែរ។ ការប្រើប្រាស់វីតាមីន E ក្នុងមួយថ្ងៃពេញ នៅពេលអ្នកដើរលេងកម្សាន្តអាចជួយទប់ស្កាត់ការខូចកោសិកាស្បែក និងធ្វើឲ្យស្បែកមានសុខភាពល្អ មានសំណើម និងរលោង។

- ការពារបញ្ហាប្រេះបបូរមាត់
មិនត្រឹមតែជួយការពារស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចការពារបបូរមាត់របស់អ្នកពីបញ្ហាប្រេះបានផងដែរ។ ជាក់ស្តែងសារធាតុមួយចំនួនដែលមានផ្ទុកនៅក្នុងវីតាមីនE ដូចជា សារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងការរលាក សារធាតុចិញ្ចឹមផ្សេងៗទៀតអាចជួយឲ្យបបូរមាត់របស់អ្នកមានភាពស្រស់ស្អាត ទន់រលោង និងមានសំណើមជាពិសេសក្នុងខែរងា។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

Related Articles