វិធីសាស្រ្តទាំង ៩ជួយសម្រាលអាការៈរំខានក្រោយអស់រដូវសម្រាប់អ្នកម្តាយ
អ្នកដឹងទេថា វ័យ៤៥ឆ្នាំឡើង ជាវ័យដែលស្ត្រីទាំងឡាយ មិនថាអ្នកម្តាយអ្នកមីង ឬបងស្រីរបស់អ្នកនោះទេ ពួកគាត់កំពុងប្រឈមនឹងការអស់រដូវ? តើអ្នកបានដឹងទេថា ស្ថានភាពសុខភាពរាងកាយ និងអារម្មណ៍របស់ពួកគាត់នឹងផ្លាស់ប្តូរ ហើយប្រែជាទ្រុឌទ្រោមជាងមុន? ចុះអ្នកបានដឹងអំពីវិធីសាស្រ្តអ្វីខ្លះដើម្បីប្រាប់ពួកគាត់ក្នុងការទប់ទល់ជាមួយបញ្ហាទាំងអស់នេះ? សម្រាប់ចម្លើយអាចមានក្នុងអត្ថបទខាងក្រោម៖
សំណួរ៖ ម៉ាក់ខ្ញុំទើបនឹងអស់រដូវកន្លះឆ្នាំជាង ហើយគាត់ជាញឹកញាប់មានការឈឺពេញខ្លួន ក្តៅស្អុះស្អាប់ ស្ងួតមាត់ ក្តៅភ្នែក ស្ពឹកម្រាមដៃ មិនស្រួលខ្លួនសោះ។ តើគាត់គួរធ្វើដូចម្តេច?
ចម្លើយ៖ សំណាងល្អ សញ្ញាណ និងសញ្ញាដែលទាក់ទងនឹងការអស់រដូវ ភាគច្រើនកើតឡើងក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ។ ហេតុនេះ អ្នកអាចប្រាប់ម៉ាក់របស់អ្នកអនុវត្តនូវវិធីសាស្រ្តទាំង ៩ ខាងក្រោមដើម្បីកាត់បន្ថយផលរំខានទាំងឡាយ ដែលរួមមានដូចជា៖
១ បន្ថយអាការៈក្តៅ រសាប់រសល់៖ ស្លៀកពាក់ស្តើង និងផឹកទឹកត្រជាក់មួយកែវ ឬទៅកន្លែងណាដែលត្រជាក់។ ចូរព្យាយាមកំណត់អំពីកត្តាដែលបណ្តាលឲ្យមានអាការៈក្តៅក្រហាយបែបនេះកើនឡើង។ ជាក់ស្តែង ស្ត្រីភាគច្រើនបានបង្ហាញថា ការពិសាភេសជ្ជៈក្តៅ កាហ្វេ អាហារហឹរ អាល់កុល ភាពស្ត្រេស អាកាសធាតុក្តៅ ឬសូម្បីតែបន្ទប់ដែលមានសីតុណ្ហភាពក្តៅបន្តិចក៏សុទ្ធតែអាចរំញោចឲ្យកើតមានភាពរំខាននេះដែរ។
២ បន្ថយអាការៈរំខាននៅតំបន់ទ្វារមាស៖ តាមរយៈការប្រើប្រាស់ប្រភេទថ្នាំដែលអាចរកទិញបានដោយមិនមានវេជ្ជបញ្ជា ដែលមានដូចជា ទឹករំអិលប្រើប្រាស់ទឹកជារូបមន្តគោល (Astroglide, K-Y jelly) ទឹករំអិលប្រើប្រាស់ស៊ីលីកូនជារូបមន្តគោល ឬផលិតផលផ្តល់សំណើមផ្សេងទៀត (Replens)។ ម្យ៉ាង មិនគួរជ្រើសរើសផលិតផលដែលមានផ្ទុកសារធាតុគ្លីស៊ីនចំពោះស្ត្រីដែលមានស្ថានភាពទ្វារមាសងាយប្រតិកម្មជាមួយសារធាតុនេះ ពីព្រោះគ្លីស៊ីនជាសារធាតុងាយបណ្តាលឲ្យមានការរលាក ក្រហាយ និងរមាស់។ ចំណែក ការរួមភេទទៀងទាត់ក៏អាចជួយជំរុញលំហូរឈាមមកកាន់ទ្វារមាសបានផងដែរ។
៣ គេងឲ្យបានគ្រប់គ្រាន់៖ គួរចៀសវាងទទួលទានកាហ្វេ ដែលធ្វើឲ្យអ្នកពិបាកគេង និងចៀសវាងការទទួលទានអាល់កុលច្រើនលើសលុប ដែលរំខានដល់ដំណេក។ គួរលេងកីឡាអំឡុងពេលថ្ងៃ និងចៀសវាងការហាត់ប្រាណមុនពេលចូលគេង។
៤ អនុវត្តវិធីសាស្ត្របន្ធូរអារម្មណ៍តានតឹង៖ អាចមានជាការដកដង្ហើមវែងៗ ការម៉ាស្សានិងការសម្រួលសាច់ដុំ។ ជាទូទៅអ្នកអាចស្វែងរកការបង្រៀនទាក់ទងនឹងការអនុវត្តវិធីសាស្រ្តបែបនេះបានតាមរយៈការទិញជាស៊ីឌីសៀវភៅ ឬការរៀនតាមអនឡាញជាដើម។
៥ ពង្រឹងសាច់ដុំតំបន់ត្រគាក៖ អាចមានជាការហាត់ប្រាណផ្តោតខ្លាំងចំពោះសាច់ដុំអាងត្រគាកឈ្មោះថា Kegel ដែលអាចធ្វើឲ្យប្រសើរឡើងនូវភាពមិនប្រក្រតីនៃទម្រង់របស់តម្រងនោម។
៦ របបអាហារសមស្រប៖ រួមមានបញ្ចូលនូវបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិចម្រុះមុខ។ គួរកម្រិតអាហារដែលមានផ្ទុកខ្លាញ់ឆ្អែត ប្រេង និងស្ករ។ អ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នកថាតើ គួរបន្ថែមការទទួលទានកាល់ស្យូម និងវីតាមីន ដេ ជាអាហារបំប៉នជាប្រចាំថ្ងៃឬយ៉ាងណា។
៧ ចៀសវាងការជក់បារី៖ ការជក់បារីបង្កើនហានិភ័យនៃការកកើតជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺពុកឆ្អឹង ជំងឺមហារីក និងជំងឺជាច្រើនផ្សេងទៀត។ ម្យ៉ាងការជក់បារីក៏បណ្តាលឲ្យអាការៈក្តៅ ក្រហាយមុខ និងរសាប់រសល់នេះកើនឡើង ក៏ដូចជាធ្វើឲ្យវ័យអស់រដូវកាន់តែឆាប់ជាងមុន។
៨ លំហាត់ប្រាណទៀងទាត់៖ អាចកាត់បន្ថយភាពប្រឈមនៃជំងឺបេះដូង សរសៃឈាម ពុកឆ្អឹង ទឹកនោមផ្អែម និងជំងឺដែលវិវឌ្ឍតាមអាយុផ្សេងទៀត។
៩ គួរជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញរោគស្រ្តីឲ្យបានទៀងទាត់។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ