គន្លឹះលើកទឹកចិត្តកូនៗនៅពេលពួកគេមានអារម្មណ៍តានតឹង
មនុស្សជាច្រើនរមែងយល់ច្រឡំថាបញ្ហាប្រឈមផ្នែកអារម្មណ៍ដូចជាភាពតានតឹងនិងស្មុគស្មាញកើតមានចំពោះតែមនុស្សពេញវ័យតែប៉ុណ្ណោះ ប៉ុន្តែកុំភ្លេចថាកុមារក៏អាចមានបញ្ហាបែបនេះដែរ។ នេះជាបញ្ហាដែលឪពុកម្តាយមិនត្រូវមើលរំលង និងគប្បីយកចិត្តទុកដាក់ចំពោះកូនៗដោយហេតុថាការបណ្តោយឲ្យកូនៗមានអារម្មណ៍តានតឹងរយៈពេលយូរអាចបណ្តាលឲ្យមានផលវិបាកជាជំងឺផ្លូវចិត្តនាពេលអនាគត។ អត្ថបទនេះនឹងផ្តល់ជាគន្លឹះសម្រាប់ លោកប៉ាអ្នកម៉ាក់ធ្វើការលើកទឹកចិត្តកូននៅពេលពួកគេមានអារម្មណ៍តានតឹង។
នៅក្នុងដំណាក់កាលនៃការលូតលាស់របស់កុមារ ពួកគេចៀសមិនរួចនឹងប្រឈមមុខជាមួយភាពសោកសៅ អារម្មណ៍មិនល្អ គំនិតអវិជ្ជមានកើតចេញពីមជ្ឈដ្ឋាននានាជុំវិញខ្លួន។ អារម្មណ៍ទាំងនេះជាទូទៅនឹងបាត់ទៅវិញដោយឯកឯង ក្នុងរយៈពេលខ្លីដោយសារកុមារអាចបង្វែរចំណាប់អារម្មណ៍របស់គេទៅលើរឿងដទៃទៀត។ ប៉ុន្តែប្រសិនបើលោកអ្នកសង្កេតឃើញថាកូនៗ មានអារម្មណ៍សោកសៅជាច្រើនសប្តាហ៍ជាប់ៗគ្នា មានគំនិតអវិជ្ជមានខ្លាំងខុសពីធម្មតា បាត់បង់នូវចំណង់ក្នុងការធ្វើអ្វីមួយ ផ្លាស់ប្តូរឥរិយាបថ ដូចជានៅស្ងៀមស្ងាត់ដាច់ដោយឡែក ឬមិនសូវមានភាពស្វាហាប់ដូចរាល់ដង ដល់ពេលដែលត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់ហើយ។
ជាដំណោះស្រាយចំពោះបញ្ហានេះ វាទាមទារពេលវេលាមួយចំនួន និងការអត់ធ្មត់ព្យាយាមរបស់ឪពុកម្តាយជួយលើកទឹកចិត្តកូនៗ តាមរយៈ៖
• ការអប់រំផ្លូវចិត្ត៖ ឪពុកម្តាយត្រូវចំណាយពេលវេលាពន្យល់កូនៗថាអាការៈនៃភាពតានតឹងក្នុងអារម្មណ៍ជាបញ្ហាចៀសមិនរួចក្នុងដំណើរជីវិតហើយមនុស្សគ្រប់រូបមានវិធីផ្សេងៗគ្នាក្នុងការដោះស្រាយបញ្ហានេះ។ ការលើកទឹកចិត្តឲ្យកូនៗនិយាយដោយបើកចំហពីអារម្មណ៍ ការលំបាករបស់គេនឹងបង្ហាញថាលោកអ្នកពិតជាយល់យ៉ាងជាក់ច្បាស់ពីបញ្ហារបស់ពួកគេ។ ការណ៍នេះនឹងធ្វើឲ្យកូនៗរបស់លោកអ្នកមានភាពធូរស្រាល និងមានទំនុកចិត្តឡើងវិញ។
• ការយកចិត្តទុកដាក់៖ ការយកចិត្តទុកដាក់របស់ឪពុកម្តាយជាកត្តាសំខាន់ ដែលលោកអ្នកអាចផ្ដល់បានតាមរយៈការសួរនាំ និងយកចិត្តទុកដាក់ស្តាប់ពួកគេទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃនៅសាលារៀន ឬទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនជាដើម។ ការធ្វើបែបនេះ អាចធ្វើឲ្យកូនទទួលបានអារម្មណ៍នៃការស្រលាញ់យកចិត្តទុកដាក់គ្រប់គ្រាន់ មិនមានអារម្មណ៍ថាខ្លួនឯងឯកោ។
• ការផ្តល់ជំនួយ៖ ឪពុកម្តាយត្រូវជួយកូនស្វែងរកឫសគល់នៃបញ្ហាតានតឹងក្នុងចិត្តរបស់ពួកគេហើយផ្តល់ជាយោបល់ ឬជម្រើសនៃដំណោះស្រាយប្រកបដោយភាពយោគយល់ និងទន់ភ្លន់ចំពោះកូន។ លោកអ្នកគួរតែបង្ហាញថាការរីករាយនឹងជួយពួកគេគ្រប់បែបយ៉ាង ចៀសវាងការបង្គាប់បញ្ជាពួកគេឲ្យធ្វើអ្វីៗតាមលោកអ្នក។
• ការលើកទឹកចិត្តឲ្យចូលរួមសកម្មភាពផ្សេង៖ ការចូលរួមក្នុងសកម្មភាពសង្គម សកម្មភាពកម្សាន្ត ឬសកម្មភាពផ្សេងៗទៀតអាចជួយកាត់បន្ថយនូវអារម្មណ៍តានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ឪពុកម្តាយគួរណែនាំកូនៗ ឬចូលរួមជាមួយពួកគេអនុវត្តសកម្មភាពងាយៗជាប្រចាំថ្ងៃដូចជាការលេងកីឡា ការជួបជុំគ្នាជាលក្ខណៈគ្រួសារ ដំណើរកម្សាន្តនាចុងសប្តាហ៍ជាដើមដែលសកម្មភាពទាំងនេះអាចជាជំនួយមួយផ្នែកជួយឲ្យកូនៗមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។
• ការចៀសវាងអាកប្បកិរិយាអវិជ្ជមាន៖ ឪពុកម្តាយមិនគួរប្រើប្រាស់អាកប្បកិរិយាមួយចំនួនដូចជាការគំហកកំហែង ការគំរាម ការស្តីបន្ទោស ការបង្ខិតបង្ខំ ឬការសួរនាំដដែលៗទៅកាន់ពួកគេ។ ទង្វើបែបនេះមិនត្រឹមតែមិនអាចជួយដល់ពួកគេប៉ុន្តែថែមទាំងបង្កនូវភាពអវិជ្ជមានកាន់តែខ្លាំងឡើង ដោយកូនៗនឹងកាន់តែមានអារម្មណ៍មិនល្អចំពោះឪពុកម្តាយ ក៏ដូចជាចំពោះខ្លួនឯង ហើយពួកគេនឹងអាចប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ