Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ជំងឺភ្នែកឡើងបាយនិងការព្យាបាលត្រឹមត្រូវ

ជំងឺភ្នែកឡើងបាយ (Cataract) នៅតែដើរតួនាទីលេខមួយនៃមូលហេតុបង្កឲ្យមានភាពពិការភ្នែកនៅលើពិភពលោក នេះបើយោងតាមការសិក្សាមួយឈ្មោះ Global Causes Of Blindness and Distance Vision Impairment 1990-2020: a Systematic review and meta-analysis ដែលធ្វើឡើងដោយចំណាយថវិការបស់វិទ្យាស្ថាន Brien Holden Vision Institute របស់ប្រទេសអូស្រ្តាលី។ តាមរយៈការសិក្សានេះមានប្រជាជនប្រមាណជាង ៣៦លាននាក់មានភាពពិការភ្នែកនៅឆ្នាំ ២០១៥ ដែលក្នុងនោះមាន ១២.៦ លាននាក់ដោយសារជំងឺភ្នែកឡើងបាយ ៧.៤ លាននាក់ដោយសារកំហុសកំណុំ និង ២.៩លាននាក់ដោយសារជំងឺទឹកដក់ក្នុងភ្នែក។

និយមន័យ
បាយភ្នែក (Cataract) គឺជាការឡើងស្រអាប់នៃកែវភ្នែកធម្មជាតិរបស់ភ្នែក (Lens) ដែលកែវនេះជាធម្មតាថ្លា។

មូលហេតុបង្ក
មានមូលហេតុជាច្រើនដែលបង្កឲ្យមានបាយភ្នែកនេះរួមមាន៖
- កត្តាអាយុ៖ កើនឡើងនៃអាយុអាចជាមូលហេតុសំខាន់មួយនៃជំងឺបាយភ្នែក ហើយក៏ជាមូលហេតុដែលយើងមិនអាចបង្ការបាននិងគ្មានអ្នកណាម្នាក់អាចគេចផុតទេ។ ដូច្នោះ ទោះជាគ្មានមូលហេតុផ្សេងក៏ដោយឲ្យតែអាយុចាស់ (ជាទូទៅលើសពី៥០ឆ្នាំ) សុទ្ធតែអាចមានបាយភ្នែកគ្រប់ៗគ្នា។ ឧទាហរណ៍ ស្រដៀងគ្នាដូចក្នុងករណីសក់ស្កូវអ្នកណាក៏មានសក់ស្កូវដែរគ្រាន់តែអ្នកខ្លះឆាប់មានស្កូវ ហើយអ្នកខ្លះអាយុច្រើនបន្តិចទើបមាន។
- ការប្រើប្រាស់ថ្នាំមួយចំនួន៖
 • ក័រទីកូស្តេរ៉យ (Corticosteroids)
 • ហ្វេណូត្យាហ្សីន (Phenothiazines)
 • ម៉ាយអូទិច (Miotics)
 • អាមីញ៉ូដារ៉ូន (Amiodarone)
 • ស្តាទីន (Statins)។
- ការប៉ះទង្គិចទៅលើគ្រាប់ភ្នែក ឬប៉ះលើកែវភ្នែកផ្ទាល់៖ ភាគច្រើនកើតអំឡុងពេលធ្វើការងារ គ្រោះថ្នាក់ចរាចរណ៍ ឬការប៉ះពាល់ជាមួយសារធាតុគីមីដូចជា បាសជាដើម។ ក្នុងករណីកម្រមួយចំនួនអាចបង្កឡើងពេលធ្វើការវះកាត់ផ្នែកផ្សេងនៃគ្រាប់ភ្នែក (វះបាតភ្នែកនិងចាក់ថ្នាំចូលក្នុងភ្នែក)។
- ប្រឈមជាមួយកាំរស្មី៖ ការសិក្សាបង្ហាញថា កាំរស្មីមួយចំនួនអាចបង្កឲ្យឡើងបាយភ្នែកបានដែរដូចជាកាំរស្មីអ៊ុលត្រាវ៉ាយអូឡេត (Ultraviolet radiation) ពីពន្លឺព្រះអាទិត្យ។
- ជំងឺទឹកនោមផ្អែម និងជំងឺប្រចាំកាយ៖ ការកើនឡើងជាតិស្ករក្នុងឈាមរុំារ៉ៃអាចបណ្តាលឲ្យអ្នកមានជំងឺទឹកនោមផ្អែមហើយក៏ជាកត្តាមួយដែលធ្វើឲ្យមានជំងឺភ្នែកឡើងបាយលឿនជាងអ្នកធម្មតាផងដែរ។
- ឡើងបាយពីកំណើត៖ បាយភ្នែកពីកំណើតគឺជាបាយដែលកើតលើទារកតាំងពីកំណើតតែម្តង។ ច្រើនកើតឡើងមកជាមួយភាពមិនធម្មតាមកពីកំណើតមួយចំនួនដូចជា ជំងឺទ្រីសូមី២១ ម្តាយកើតស្អូចពេលមានផ្ទៃពោះជាដើម។ តែក្នុងករណីខ្លះក៏មិនមានឃើញមានភាពមិនធម្មតាផ្សេងទៀតមកជាមួយ។
- កង្វះអាហារូបត្ថម្ភ៖ កង្វះចំណីអាហារមិនត្រូវបានបង្ហាញថាជាមូលហេតុបង្កឲ្យកើតជំងឺភ្នែកឡើងបាយនោះទេ ប៉ុន្តែការសិក្សាមួយចំនួនបានបង្ហាញថាការបរិភោគសារធាតុ Lutein និង Zeazanthin ដែលមាននៅក្នុងបន្លែ Spinach, Kale និង broccoli អាចកាត់បន្ថយកត្តាប្រឈមនៃការឡើងបាយភ្នែក។ ការញុំាវីតាមីន A, C, E, niacin, B1, B2, Beta carotene មិនមានផលប្រយោជន៍ដល់ជំងឺភ្នែកឡើងបាយទេ។
- សម្ពាធទឹកក្នុងភ្នែកកើនឡើង៖ ការឡើងសម្ពាធទឹកខ្លាំងក្នុងជំងឺទឹកដក់ក្នុងភ្នែកអាចឲ្យមានការងាប់កោសិការបស់កែវភ្នែកដែលធ្វើឲ្យកែវភ្នែកឡើងស្រអាប់។

រោគសញ្ញា
រោគសញ្ញាធំៗដែលយើងតែងតែជួបញឹកញាប់ចំពោះអ្នកជំងឺភ្នែកឡើងបាយរួមមាន៖ ថយចុះគំហើញសន្សឹមៗចាញ់ពន្លឺខ្លាំងខុសពីធម្មតាមើលឃើញពណ៌ស្រលេតជាងមុន ភ្នែកក្លាយជាម៉្ញូបខ្លាំង និងអាចមើលឃើញបែកជាពីរពេលមើលភ្នែកតែម្ខាង។

ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺភ្នែកឡើងបាយគឺធ្វើឡើងដោយវេជ្ជបណ្ឌិតឯកទេសភ្នែក ឬគ្រូពេទ្យដែលមានជំនាញទាក់ទងជាមួយភ្នែក តាមរយៈការធ្វើតេស្តគំហើញ ការពិនិត្យជាមួយម៉ាស៊ីន Slit Lamp និងជួនកាលគេអាចរកឃើញដោយចៃដន្យនៅពេលអ្នកជំងឺមកពិនិត្យសរសៃបាតភ្នែក។

ការព្យាបាល
ការព្យាបាលដែលមានប្រសិទ្ធភាព និងត្រឹមត្រូវតែមួយគត់គឺការបកបាយភ្នែក (ឬវះកាត់ភ្នែកឡើងបាយ) ដោយដាក់បញ្ចូលវិញនូវកែវភ្នែកសិប្បនិម្មិត។ ប្រសិនបើបាយភ្នែកនៅកម្រិតដំបូងអាចប្រើវ៉ែនតាជំនួយមុននឹងឈានដល់ការវះកាត់។ ដោយសារតែការបកបាយភ្នែកជាមធ្យោបាយតែមួយក្នុងការព្យាបាលជំងឺនេះ ដូច្នេះសូមមើលការបកស្រាយពីដំណើរការនៃការវះកាត់ និងផលវិបាកផ្សេងៗដែលអាចកើតមានសម្រាប់អ្នកជំងឺគួរតែយល់ដឹង។
- អ្នកជំងឺគួរត្រៀមខ្លួនបែបណាមុនពេលវះកាត់៖ ការវះកាត់ភ្នែកឡើងបាយ (បកបាយភ្នែក) ជាការវះកាត់សាមញ្ញមួយដែលគ្រូពេទ្យភ្នែកធ្វើញឹកញាប់បំផុតហើយចំណាយពេលប្រហែលជា ១៥ ទៅ២០នាទី ឬយូរជាងនេះបន្តិចក្នុងករណីឡើងបាយដែលមានជំងឺភ្នែកផ្សេងៗមកជាមួយ (Pathological Cataracts)។ ដូច្នេះ អ្នកជំងឺត្រូវការសុខភាពផ្លូវកាយល្អ មានសម្ពាធឈាមធម្មតា កម្រិតជាតិស្ករធម្មតា នោះការវះកាត់អាចប្រព្រឹត្តទៅបានដោយរលូន។ គួរបញ្ជាក់ផងដែរថា ការបកបាយភ្នែកអ្នកជំងឺមិនចាំបាច់បង្អត់អាហារ ឬភេសជ្ជៈមុនពេលវះកាត់នោះទេ ព្រោះការវះកាត់គឺមិនតម្រូវឲ្យដាក់ថ្នាំសណ្តំឲ្យសន្លប់ទេ គ្រូពេទ្យគ្រាន់តែចាក់ថ្នាំស្ពឹកប្រហែល ៥មិល្លីលីត្រនៅខាងក្រោមភ្នែក ឬអាចប្រើជាប្រភេទថ្នាំបន្តក់ ហើយការវះកាត់មិនមានការឈឺចាប់អ្វីទាំងអស់។
- វិធីសាស្រ្តក្នុងការវះកាត់៖
ការវះកាត់ដោយបើកមុខរបួសធំ៖ ជាការវះកាត់ដែលគេកម្រប្រើណាស់សព្វថ្ងៃ លើកលែងតែក្នុងករណីពិសេសមួយចំនួនដូចជាបាយភ្នែកដែលមានការខូចខាតខ្សែព្យួររបស់ស្រោមកែវ (Zonular dialysis) ជាដើម
ការវះកាត់ដោយបើកមុខរបួសតូច៖ ជាការវះកាត់ដែលងាយស្រួល ប្រើពេលខ្លី ចំណាយថវិកាតិចហើយជាប្រភេទវះកាត់ដែលនៅតែពេញនិយមសព្វថ្ងៃ
ការវះកាត់ដោយបើកមុខរបួសតូចដោយប្រើម៉ាស៊ីន៖ ជាការវះកាត់ដែលកំពុងពេញនិយមប្រើរយៈពេលខ្លី របួសឆាប់សះល្អអ្នកជំងឺឆាប់ទទួលបានគំហើញឡើងវិញ តែទាមទារឲ្យមានម៉ាស៊ីនទំនើប និងមានតម្លៃថ្លៃផងដែរ។

ផលវិបាក
យើងដឹងហើយថាគ្រប់ការវះកាត់សុទ្ធសឹងតែអាចមានផលវិបាកគ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ យ៉ាងណាមិញការវះកាត់ភ្នែកឡើងបាយអាចចាត់ទុកបានថាជាការវះកាត់ដែលមានផលវិបាកតិចតួចបំផុត បើប្រៀបធៀបជាមួយនឹងការវះកាត់ផ្សេងៗ។ ប៉ុន្តែយ៉ាងណាផលវិបាកពីការវះកាត់ក៏មិនអាចចៀសផុតទោះជាការវះកាត់ធ្វើឡើងដោយគ្រូពេទ្យឯកទេសភ្នែកដែលមានបទពិសោធន៍ច្រើនយ៉ាងណាក៏ដោយ។
- ផលវិបាកអំឡុងពេលវះកាត់
ការរហែកស្រោមកែវភ្នែកផ្នែកខាងក្រោយ (Posterior capsule rupture with or without vitreous loss)៖ ផលវិបាកដែលជួបច្រើនក្នុងដំណើរការវះកាត់ភ្នែកឡើងបាយ តែជាទូទៅគេអាចកែខៃឲ្យមកល្អវិញ និងមិនមានផលប៉ះពាល់លើគំហើញក្រោយការវះកាត់ឡើយ
ដាច់ខ្សែព្យួរស្រោមកែវភ្នែក (Zonular dehiscence)៖ ជាទូទៅផលវិបាកនេះអាចកើតឡើងក្នុងករណីភ្នែកដែលមានខ្សែព្យួរនេះដាច់មុនពេលវះកាត់បណ្តាលមកពីការប៉ះទង្គិច។ ដូច្នេះក្នុងករណីនេះទាមទារឲ្យគ្រូពេទ្យមានការប្រុងប្រយ័ត្នខ្ពស់ និងជ្រើសរើសវិធីវះកាត់ដែលសមស្របទៅនឹងស្ថានភាពភ្នែក
ធ្លាក់បំណែករបស់បាយចូលផ្នែកខាងក្រោយនៃភ្នែក (Loss of nuclear fragment posteriorly)៖ គេអាចជួបផលវិបាកនេះនៅក្នុងការវះកាត់មុខរបួសតូចដោយប្រើម៉ាស៊ីន។ ដូច្នេះ ទាមទារឲ្យគ្រូពេទ្យមានការស្ទាត់ជំនាញក្នុងការប្រើប្រាស់ម៉ាស៊ីន។ ករណីនេះ ប្រសិនបើបំណែកនោះតូចអាចទុកនៅក្នុងនោះបានដោយរង់ចាំឲ្យរលាយបាត់ដោយខ្លួនឯងតែបើធំគ្រូពេទ្យត្រូវធ្វើការវះកាត់ជាលើកទីពីរដោយវះកាត់ដល់ផ្នែកខាងក្រោយនៃភ្នែកដើម្បីយកបំណែកនោះចេញ
ការផ្ទុះបែកសរសៃឈាមភ្លាមៗ (Choroidal hemorrhage)៖ ផលវិបាកដែលអាក្រក់បំផុតក្នុងការវះកាត់ភ្នែកឡើងបាយ តែគេកម្រជួបណាស់ ភាគច្រើនគេជួបនៅលើអ្នកជំងឺមានសម្ពាធឈាមខ្ពស់។ ដូច្នេះហើយបានជាការវះកាត់ភ្នែកឡើងបាយតម្រូវឲ្យអ្នកជំងឺមានសម្ពាធឈាមធម្មតា។
- ផលវិបាកក្រោយពេលវះកាត់
ការចម្លងរោគចូលភ្នែក (Postoperative endophthalmitis)៖ ផលវិបាកដែលធ្ងន់ធ្ងរមួយអាចធ្វើឲ្យអ្នកជំងឺពិការភ្នែកបាន។ ជាទូទៅច្រើនកើតឡើងនៅថ្ងៃទី៣ ដល់ ២១ បន្ទាប់ពីការវះកាត់ ដែលអ្នកជំងឺមានរោគសញ្ញាដូចជាឈឺចុកចាប់ភ្នែកខ្លាំងថយគំហើញខ្លាំង ភ្នែកឡើងក្រហម ហើមខ្លាំង និងចាញ់ពន្លឺថ្ងៃ។ បើអ្នកជំងឺមានសញ្ញាទាំងអស់នេះត្រូវប្រញាប់មកជួបគ្រូពេទ្យភ្នែកជាបន្ទាន់ដើម្បីពិនិត្យនិងព្យាបាលឲ្យទាន់ពេលវេលា
ហើមកញ្ចក់ភ្នែក (Corneal edema)
ឡើងសម្ពាធក្នុងភ្នែក (Elevated intraocular pressure)
មុខរបួសមិនជិតល្អ (Wound leak)៖ ករណីនេះតម្រូវឲ្យគ្រូពេទ្យធ្វើការដេរមុខរបួសឲ្យបានជិតល្អវិញ បើពុំនោះទេនឹងអាចនាំឲ្យមានការចម្លងរោគចូលក្នុងភ្នែក
ការហើមបាតភ្នែកមានសណ្ឋានជាគីស (Cystoid macular edema)៖ ការហើមនេះអាចបាត់ទៅវិញដោយការប្រើប្រាស់ថ្នាំបន្តក់បំបាត់រលាកជាច្រើនសប្តាហ៍ ឬច្រើនខែ
របើកបាតភ្នែក (Retinal detachment)៖ ផលវិបាកធ្ងន់ធ្ងរមួយដែលអាចឲ្យអ្នកប្រឈមជាងគេគឺអ្នកជំងឺដែលមានភ្នែកម៉្ញូបខ្លាំង (លើសពី៦០០ដឺក្រេ) និងការរេចរឹលរបស់សរសៃបាតភ្នែក (Lattice degeneration)
កញ្ចក់ភ្នែកចុះខ្សោយ (Corneal decompensation)៖ កត្តាដែលប្រឈមឲ្យមានផលវិបាកនេះមានដូចជា ការខូចរូបរាងរបស់កោសិកាស្រទាប់ខាងក្នុងរបស់កញ្ចក់ភ្នែក (endothelial dystrophy) ជំងឺទឹកនោមផ្អែម ការប៉ះទង្គិចលើកញ្ចក់ភ្នែកស្រទាប់ខាងក្នុងអំឡុងពេលវះកាត់ ការវះកាត់ដែលប្រើរយៈពេលយូរ (Long Phaco time/power or long irrigation time) និងការដាក់កែវសិប្បនិម្មិតនៅបន្ទប់មុខនៃភ្នែក (ACIOL)។

វិធីសាស្រ្តការពារ
ថ្វីត្បិតតែភ្នែកឡើងបាយមិនអាចចៀសផុតចំពោះមនុស្សមានវ័យចំណាស់ប៉ុន្តែមានកត្តាមួយចំនួនដែលគួរប្រកាន់ខ្ជាប់ដើម្បីពន្យារការកើតភ្នែកឡើងបាយ និងបញ្ចៀសពីការឡើងបាយដែលមិនមែនបណ្តាលមកពីវ័យដូចជា៖
ការបរិភោគអាហារដែលមានតុល្យភាព និងមានជីវជាតិគ្រប់គ្រាន់
ចៀសវាងការជក់បារី
ប្រើវ៉ែនតាការពារកម្តៅថ្ងៃជាប្រចាំពេលចេញទៅក្រៅ
ប្រើវ៉ែនតាការពារពេលធ្វើការងារដែលប្រឈមនឹងការប៉ះទង្គិច
ចៀសវាងការប្រើឱសថផ្តេសផ្តាសទោះជាស្ថិតក្នុងទម្រង់លេបក្តី ឬបន្តក់ក្តី
ជួបជាមួយគ្រូពេទ្យឯកទេសភ្នែករាល់ពេលមានបញ្ហាភ្នែក
ព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានត្រឹមត្រូវដើម្បីឲ្យជាតិស្ករក្នុងឈាមស្ថិតក្នុងកម្រិតធម្មតា។
- ចំណុចគួរចងចាំ
គ្មាននរណាម្នាក់អាចចៀសផុតពីជំងឺភ្នែកឡើងបាយនោះទេ ព្រោះវាជាជំងឺកើតឡើងតាមអាយុ
ការវះកាត់ភ្នែកឡើងបាយជាជម្រើសតែមួយគត់ដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព ហើយគ្មានថ្នាំលេបឬបន្តក់ណាអាចព្យាបាលភ្នែកឡើងបាយបានទេ
ការវះកាត់ភ្នែកឡើងបាយគឺប្រើរយៈពេលតិច មានការឈឺចាប់តិចតួចនិងសុវត្ថិភាព
ក្រោយការវះកាត់អ្នកជំងឺអាចមើលឃើញសារឡើងវិញយ៉ាងឆាប់រហ័ស។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ហម ឆេងអុី ឯកទេសចក្ខុរោគនៃគ្លីនិកភ្នែកភ្នំពេញ

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Tags:

Related Articles

View All
Top