វិធីសាស្រ្តការពារស្បែកមុខនារដូវធ្លាក់ខ្យល់
ពេលដែលអាកាសធាតុប្រែប្រួល ជាពិសេសក្នុងរដូវធ្លាក់ខ្យល់ សុខភាពស្បែករបស់យើងគ្រប់គ្នា ងាយនឹងប្រែប្រួលទៅតាមហ្នឹងដែរ។ ក្នុងនោះ អ្វីដែលជាទីបារម្ភជាងគេ គឺស្បែកមុខរបស់ខ្លួន ដែលជាចំណុចទាក់ទាញមួយដ៏សំខាន់ក្នុងចំណោមភាពស្រស់ស្អាត ក៏ដូចជាសម្រស់របស់យើងម្នាក់ៗ។ ដើម្បីការពារអំពីផលរំខានផ្សេងៗពីអាកាសធាតុនារដូវធ្លាក់ខ្យល់ មិត្តអ្នកអានអាចធ្វើការសាកល្បងនូវវិធីងាយៗខាងក្រោមនេះ…
រក្សាជាតិទឹកក្នុងខ្លួន
មិនថានៅក្នុងរដូវណា ឬអាកាសធាតុបែបណានោះទេ សារធាតុទឹកនៅក្នុងខ្លួន ពិតជាសំខាន់ទាំងសម្រាប់សុខភាពក្នុងខ្លួន និងសម្រស់នៃរូបរាងកាយខាងក្រៅ ហើយយើងរឹតតែត្រូវការបន្ថែមទៀត នៅក្នុងរដូវរំហើយដើម្បីការពារបញ្ហាស្បែកស្ងួត ក៏ដូចជាបញ្ហាស្បែកផ្សេងៗទៀត។
ប្រើប្រាស់គ្រីមផ្តល់សំណើមជានិច្ច
បន្ថែមពីការទទួលទានទឹក ស្បែកមុខក៏ត្រូវការគ្រីមផ្តល់សំណើមផងដែរដើម្បីកុំឲ្យស្បែកឡើងស្ងួត ឬបែកស្រកា ហើយក៏គួរតែប្រើប្រាស់ឲ្យញឹកញាប់ជាងធម្មតា ជាពិសេសនៅជុំវិញរង្វង់ភ្នែក។
ប្រើប្រាស់គ្រីមការពារកម្តៅថ្ងៃ
ថ្វីត្បិតថាអាកាសធាតុប្រែជាត្រជាក់ តែពន្លឺនៃកម្តៅព្រះអាទិត្យនៅតែអាចបំផ្លាញសុខភាពស្បែកមុខយើងបានហេតុនេះហើយ មុនពេលចេញទៅក្រៅម្តងៗ កុំភ្លេចលាបគ្រីមការពារកម្តៅថ្ងៃឲ្យសោះ។
រក្សាអនាម័យស្បែកមុខ
ចៀសវាងដាច់ខាតការយកដៃមិនស្អាតទៅប៉ះផ្ទៃមុខ ព្រោះខ្យល់បក់តែងតែនាំមកនូវធូលីដី និងរបស់មិនល្អផ្សេងៗមកជាប់នឹងស្បែកជាពិសេសដៃ និងមុខរបស់អ្នក។
កាត់បន្ថយការប៉ះនឹងខ្យល់ខ្លាំង
បើសិនជាអាច រាល់ពេលធ្វើដំណើរចេញក្រៅ អាចពាក់ម៉ាស់ ឬប្រើកន្សែងបិទបាំងផ្នែកខ្លះនៃមុខដើម្បីកាត់បន្ថយការប៉ះផ្ទាល់ទៅនឹងខ្យល់ច្រើន ក៏ដូចជាខ្យល់បក់ខ្លាំងពេក។
កុំប្រើប្រាស់គ្រឿងសម្អាងច្រើនពេក
ក្នុងករណីចៀសវាងមិនប្រើមិនបាន អ្នកគួរតែប្រើប្រាស់វាតិចៗបានហើយដោយផាត់តែផ្នែកដែលចាំបាច់ខ្លាំងដើម្បីកុំឲ្យរន្ធស្បែកមានការកកស្ទះខ្លាំងពេក។
ប្រើប្រាស់គ្រីមសម្រាប់ភ្នែក
គួរតែប្រើទាំងពេលថ្ងៃ និងពេលយប់ ព្រោះពេលមានខ្យល់ធ្លាក់ច្រើនទោះបីជាអ្នកពាក់វ៉ែនតាការពារកម្តៅក៏ដោយ ក៏ភាគច្រើនអ្នកតែងតែសម្លឹងដោយភ្នែកព្រឹមៗជាញឹកញាប់ ដែលជាហេតុនាំឲ្យភ្នែកកើតមានស្នាមជ្រួញផងដែរ។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ ៨៥
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ