ស្បែកស្រអាប់ និងមិនរាបស្មើអាចជាសញ្ញានៃជំងឺ Cellulite
Cellulite ជាការកកនៃជាតិខ្លាញ់នៅក្រោមស្បែកដែលជាលទ្ធផលធ្វើឲ្យស្បែកមានសភាពស្រអាប់ និងលក្ខណៈរដិបរដុបមិនរាបស្មើ កើតមានពិសេសនៅលើភ្លៅ ចង្កេះ និងគូទ ហើយភាគច្រើនតែងកើតមានចំពោះស្ត្រីក្នុងកម្រិតពី ៨០%ទៅ៩០%។
ជាទូទៅ Cellulite ត្រូវបានចែកចេញជា៣ប្រភេទរួមមាន៖
• Soft Cellulite៖ ស្បែកមានទម្រង់ជាអង្កាញ់ៗដូចទឹករលក និងទន់ពេលស្ទាប ដែលភាគច្រើនមានទីតាំងនៅលើដៃ ភ្លៅ ពោះ គូទ ហើយជាញឹកញាប់កើតចំពោះមនុស្សចាស់ និងអ្នកលើសទម្ងន់។
• Hard Cellulite ឬ Solide Cellulite៖ សភាពនៃស្បែកផ្ទៃខាងលើមានលក្ខណៈរឹង កើតមានចំពោះក្មេងទើបនឹងពេញវ័យ ពិសេសនៅចង្កេះ ភ្លៅ គូទ និងជង្គង់ អាចមានការឈឺចាប់ពេលស្ទាប។
• Edematous Cellulite៖ កើតមានលើស្ត្រីនៅចន្លោះអាយុ ២០ ទៅ៣០ឆ្នាំ។ Cellulite ច្រើនកើតមាននៅលើជើងផ្នែកខាងក្រោម ភ្លៅ និង ជង្គង់ កត់សម្គាល់ដោយមានសញ្ញាធ្ងន់ៗជើងនិងមានអារម្មណ៍ថាហើមជើង ហើយអាចមានការឈឺចាប់ពេលស្ទាប។
មូលហេតុ និងកត្តាបង្ក
ពុំមានវិទ្យាសាស្ត្រណាមួយអាចបកស្រាយអំពីមូលហេតុពិតប្រាកដនៃការបង្កឲ្យមានបញ្ហានេះបានឡើយតែជាក់ស្តែង cellulite ជាបញ្ហាដែលទាក់ទងនឹងកត្តាមួយចំនួនដូចជា៖
• កត្តាហ្សែន ករណីម្តាយ ឬឪពុកធ្លាប់មានបញ្ហានេះ
• កត្តាអ័រម៉ូន
• ការរស់នៅសុខស្រួលពេក មិនបានបញ្ចេញកម្លាំងពលកម្ម ឬធ្វើលំហាត់ប្រាណ
• របបអាហារ ឬការទទួលទានប្រចាំថ្ងៃមិនមានសមាមាត្រ គ្មានតុល្យភាព ឬមិនសមស្រប។
រោគសញ្ញា
រោគសញ្ញានៃ cellulite មិនអាចមើលដឹងបាននៅដំណាក់កាលដំបូងឡើយ។ លក្ខខណ្ឌម៉្យាងវិញទៀតអ្នកជំងឺអាចកត់សម្គាល់ឃើញនូវសញ្ញាមួយចំនួនដូចជាស្បែកមានលក្ខណៈស្រអាប់និងមិនស្មើសាច់រដិបរដុប ហៅថា ”Orange Peel“ Skin កើតមានជាពិសេសនៅលើពោះ ភ្លៅ និងគូទជាដើម។ ជួនកាលអាចកើតមាននៅលើដោះ និងដៃផ្នែកខាងលើ។
ការធ្វើរោគវិនិច្ឆ័យ
Cellulite ត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យជំនាញតាមរយៈការប្រើដៃច្របាច់ត្រង់ទីតាំងសង្ស័យដើម្បីមើលសញ្ញាណនៃភាពមិនស្មើសាច់របស់ស្បែកហៅថា "Orange Peel" Skin។ គួរបញ្ជាក់ថាសញ្ញាមិនរាបស្មើនៃស្បែកនៅដំណាក់កាលទី១ពុំអាចមើលឃើញឡើយទាល់តែចូលដល់ដំណាក់កាលទី ២ទើបអាចសម្គាល់បានដោយប្រើដៃច្របាច់ស្បែកហើយមិនអាចមើលឃើញពេលអ្នកជំងឺឈរ ឬអង្គុយ។ ម៉្យាងទៀតនៅដំណាក់កាលទី៣ សញ្ញានៃ cellulite អាចមើលឃើញពេលអ្នកជំងឺឈរ ហើយមិនអាចឃើញពេលអ្នកជំងឺអង្គុយ រីឯដំណាក់កាលទី៤អាចមើលឃើញច្បាស់ពេលអ្នកជំងឺឈរ ឬពេលអង្គុយ។
វិធីសាស្រ្តព្យាបាល
អ្នកជំងឺមានបញ្ហា cellulite អាចធ្វើការព្យាបាលបានដោយវិធីសាស្ត្ររួមបញ្ចូល (Combination Therapy)សំខាន់ៗរួមមាន៖
• Acoustic wave therapy ជាឧបករណ៍ដោយបញ្ជូនរលកសំឡេង (sound waves) សម្រាប់ព្យាបាលទីតាំងមាន cellulite។
• ការប្រើប្រាស់កាំរស្មីឡាសែរដើម្បីឲ្យដំណើរការរចនាសម្ព័ន្ធរបស់ស្បែកត្រឡប់មកធម្មតាវិញក្នុងន័យដើម្បីបន្ថយការកកនៃជាតិខ្លាញ់ និងសម្រួលសរសៃកូឡាជែនឲ្យរឹងមាំនៅទីតាំងទាំងនោះ។
• Radiofrequency ជាការប្រើអេឡិចត្រូនិកដើម្បីបញ្ចេញកម្តៅតិចៗលើស្បែកដែលកើតមាន cellulite។
• Liposuction ជាការបញ្ចូលបំពង់ទុយោរតូចទៅក្រោមស្បែកដើម្បីបឺតយកខ្លាញ់ចេញ បច្ចេកទេសនេះអាចមានការឈឺចាប់ និងទាមទារការព្យាបាលដោយមានការប្រុងប្រយ័ត្ន។
• Ultrasound Cavitation Machine ជាការប្រើរលកសំឡេង និងម៉ាស្សាទៅភ្ញោចកាត់បន្ថយខ្លាញ់ក្រោមស្បែកនៅផ្នែកពោះ ភ្លៅ និងជើង។
ប្រសិទ្ធភាពនៃការព្យាបាល cellulite នឹងអាចបង្ហាញចេញបន្ទាប់ពីការព្យាបាលជាបន្តបន្ទាប់រយៈពេលពី ៦ខែទៅ១ឆ្នាំក្រោយ។ បន្ថែមពីលើការព្យាបាលខាងលើ ឬដើម្បីឲ្យការព្យាបាលនេះកាន់តែទទួលបានលទ្ធផលល្អអ្នកជំងឺត្រូវធ្វើលំហាត់ប្រាណបន្ថែមជាទៀងទាត់ និងគ្រប់គ្រងរបបអាហារឲ្យបានសមស្រប។
វិធីសាស្រ្តបង្ការ
• ហាត់កីឡា ឬធ្វើលំហាត់ប្រាណជាប្រចាំ និងជាទៀងទាត់
• គ្រប់គ្រងការទទួលទាន ឬអាហារប្រចាំថ្ងៃឲ្យមានតុល្យភាពនិងសមស្រប
• ជួបនិងប្រឹក្សាជាមួយគ្រូពេទ្យឯកទេសឲ្យបានលឿនបំផុតបើមានករណីសង្ស័យណាមួយបង្ហាញឡើង។
សូមស្វែងរកការព្យាបាលឲ្យបានត្រឹមត្រូវតាមជំនាញស្របនឹងបញ្ហារបស់អ្នកដើម្បីទទួលបានប្រសិទ្ធភាពប្រកបដោយទំនុកចិត្តនិងចំណេញពេលវេលា។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ដេង អង្គាបុស្ស នាយផ្នែករងផ្នែកជំងឺសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាលេខាធិការរង នៃសមាគមគ្រូពេទ្យសើស្បែកកម្ពុជា
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ