បញ្ហាសុខភាព និងការថែទាំសម្រាប់អ្នកម្តាយក្រោយសម្រាល
ជាទូទៅ បន្ទាប់ពីសម្រាលបុត្ររួច រហូតដល់រយៈពេលប្រមាណជា ៦ទៅ៨ សប្តាហ៍ ជាពេលវេលាដែលអ្នកម្តាយក្រោយសម្រាលគួរត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែទាំសុខភាពរបស់ខ្លួនឡើងវិញដើម្បីចៀសវាងពីគ្រោះថ្នាក់ដល់អាយុជីវិតព្រមទាំងបញ្ហានានាដែលអាចជះឥទ្ធិពលចំពោះការពពោះលើកក្រោយថែមទៀត។
ដំណាក់កាលនៃសុខភាពស្រ្តីក្រោយសម្រាល
បញ្ហាសុខភាពរបស់ស្រ្តីក្រោយសម្រាលគឺអាចកើតមានឡើងចាប់តាំងពីការសម្រាលរួចភ្លាម រហូតដល់សប្តាហ៍ទី៨ ឬអាចយូរជាងនេះ។ ក្នុងនោះដែរគេបានបែងចែកបញ្ហាសុខភាពនេះជា ៣ដំណាក់កាលសំខាន់ៗគឺ៖
• ដំណាក់កាល ទី១៖ បន្ទាប់ពីសម្រាលរួច រហូត២៤ម៉ោងក្រោយ
• ដំណាក់កាល ទី២៖ ២៤ម៉ោងក្រោយសម្រាលរហូតចេញពីមន្ទីរពេទ្យ ៥ទៅ៧ថ្ងៃ
• ដំណាក់កាល ទី៣៖ បន្ទាប់ចេញពីមន្ទីរពេទ្យរហូតដល់ ៦ ទៅ៨សប្តាហ៍។
ក្នុងចំណោមដំណាក់កាលខាងលើ យើងសម្រេចលើកយកដំណាក់កាលទី៣មកធ្វើការបកស្រាយ និង ពិភាក្សាពីព្រោះវាជាដំណាក់កាលដែលគួរតែធ្វើការយកចិត្តទុកដាក់ និងត្រូវទទួលបានការថែទាំឲ្យបានត្រឹមត្រូវ ដោយហេតុថាជាពេលវេលាដែលអ្នកម្តាយមិនស្ថិតក្រោមការមើលថែពីក្រុមគ្រូពេទ្យទៀតឡើយ។ ហេតុនេះ បញ្ហាសុខភាពជាច្រើនតែងកើតមានឡើងជាញឹកញាប់ ដែលអាចបង្កការប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
បញ្ហាដែលអាចកើតមានចំពោះស្រ្តីក្រោយសម្រាល
តាមរយៈទិន្នន័យកន្លងមកបានបង្ហាញថា មានបញ្ហាសុខភាពចំនួន ៥ប្រភេទដែលតែងតែជួបជាញឹកញាប់ដោយក្នុងនោះកត្តាប្រឈម និងដំណោះស្រាយក៏មានផ្សេងៗគ្នាផងដែរ ដែលបញ្ហាសុខភាពទាំងនោះ រួមមាន៖
១. បញ្ហាទាក់ទងនឹងប្រដាប់បន្តពូជរបស់ស្ត្រី
• បញ្ហាទាំងនោះអាចកើតមានក្នុងអំឡុងពេលពី ៣-៦ខែដំបូង បន្ទាប់ពីសម្រាលរួចដូចជា ស្នាមរបួសត្រង់តំបន់ទ្វារមាសដែលបណ្តាលឲ្យមានការឈឺចាប់ ភាពសើមរបស់របួស ឬអាចឈានទៅដល់ការបង្កឲ្យមានការឆ្លងរោគនានា។ បន្ថែមពីនេះ ភាពខ្សោយរបស់សាច់ដុំប្លោកនោម និងសាច់ដុំទ្វារមាស ការឈឺចង្កេះនិងការឈឺឆ្អឹងខ្នងក៏ជាបញ្ហាប្រឈមគួរឲ្យកត់សម្គាល់ផងដែរ
• កត្តាប្រឈម៖ ការសម្រាលពិបាក ការឈឺពោះសម្រាលរយៈពេលយូរ ការដាច់រហែកធ្ងន់ធ្ងរ ការប្រើឧបករណ៍ជំនួយ ការចាក់ថ្នាំឆ្អឹងខ្នងជាដើម
• ដំណោះស្រាយ៖ ត្រូវធ្វើអនាម័យក្រោយសម្រាលត្រង់តំបន់ទ្វារមាសឲ្យបានត្រឹមត្រូវ ស្វែងយល់អំពីការហ្វឹកហាត់សាច់ដុំទ្វារមាស ហូបទឹកឲ្យបានគ្រប់គ្រាន់ ទទួលទានអាហារសម្បូរសរសៃ ឬប្រើថ្នាំបន្ទន់លាមក។
២. បញ្ហាទាក់ទងនឹងការបំបៅដោះ
• មានដូចជា ការប្រេះ ឬរបកក្បាលដោះ និងការតឹងសុដន់ ឬអាចមានអាការៈធ្ងន់ធ្ងររហូតដល់មានការករជាខ្ទុះ
• ដំណោះស្រាយ៖ ឈ្លី ម៉ាស្សា ជាមួយកន្សែងក្តៅឧណ្ហៗប្រហែល ១៥ ទៅ ៣០នាទីមុនបំបៅ ហើយត្រូវបំបៅក្នុងឥរិយាបថត្រឹមត្រូវ ព្រមទាំងអាចបន្ថែមថ្នបំបាត់ការឈឺចាប់។
៣. ភាពស្លេកស្លាំង និងអាការៈទន់ខ្សោយរបស់មាតា
ជាបញ្ហាសុខភាពដែលគួរឲ្យបារម្ភខ្លាំង និងកើតឡើងជាញឹកញាប់ ដោយនៅក្នុងនោះគេសង្កេតឃើញថា៖
• កត្តាប្រឈមចម្បងគឺ៖ បញ្ហាកង្វះគ្រាប់ឈាមមុនពេលសម្រាល ការធ្លាក់ឈាមច្រើនក្នុងពេលសម្រាល ឬក្រោយសម្រាលភ្លាមៗ ក្នុងនោះដែរការបំបៅកូនដោយទឹកដោះម្តាយ របបអាហារមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវ ព្រមទាំងជំងឺបន្ថែមផ្សេងៗក្នុងពេលមានផ្ទៃពោះដូចជាជំងឺគ្រាប់ឈាមនិងជំងឺលើសសម្ពាធឈាមជាដើមក៏ជះឥទ្ធិពលលើសុខភាពរបស់ស្ត្រីក្រោយសម្រាលផងដែរ
• ដំណោះស្រាយ៖ តម្រូវឲ្យបន្តបន្ថែមសារធាតុដែក និងវីតាមីន រក្សាឲ្យបាននូវរបបអាហារដែលមានតុល្យភាព សម្រាកឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណឲ្យបានសមស្រប។ ក្រៅពីនេះ កត្តាសំខាន់គឺត្រូវត្រឡប់មកជួបវេជ្ជបណ្ឌិតដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុពាក់ព័ន្ធដែលបង្កឲ្យមានបញ្ហាសុខភាពនេះ។
៤. បញ្ហាឈាមរដូវមិនប្រក្រតី
• ជាទូទៅរដូវរបស់ស្ត្រីនឹងត្រឡប់មកវិញ ក្នុងចន្លោះពី៦ ទៅ ៨សប្តាហ៍ក្រោយសម្រាល ឬអាចយូរជាងនេះសម្រាប់ស្ត្រីដែលបំបៅកូនដោយទឹកដោះ ប្រសិនបើការធ្លាក់ឈាមមានភាពខុសប្រក្រតីដែលស្តែងចេញតាមរយៈការធ្លាក់ឈាមអូសបន្លាយរយៈពេលយូរ ឬ ការធ្លាក់ឈាមច្រើនខុសប្រក្រតី អ្នកជំងឺចាំបាច់ត្រូវត្រឡប់មកពិនិត្យសុខភាពឡើងវិញជាបន្ទាន់ដើម្បីបញ្ជាក់ច្បាស់អំពីមូលហេតុពិតប្រាកដនៃបញ្ហា និងស្វែងរកការព្យាបាលឲ្យទាន់ពេលវេលា
• ដំណោះស្រាយ៖ ក្នុងករណីស្រាល ក្រុមគ្រូពេទ្យនឹងធ្វើការផ្តល់ថ្នាំបន្ថយការធ្លាក់ឈាម ថ្នាំបង្កើនគ្រាប់ឈាម ឬបង្កើនកម្លាំង ព្រមទាំងថ្នាំបង្កើនសមត្ថភាពកន្ត្រាក់របស់ស្បូន។ ចំណែកក្នុងករណីធ្ងន់ធ្ងរ ឬក្នុងករណីសុខភាពស្ត្រីទន់ខ្សោយខ្លាំង អ្នកជំងឺអាចត្រូវទទួលបានថ្នាំអ័រម៉ូន ឬអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
៥. បញ្ហាទាក់ទងនឹងសុខភាពផ្លូវចិត្ត
• ជាក់ស្តែង Baby blue ជាសញ្ញាណសុខភាពផ្លូវចិត្តកម្រិតស្រាលមួយដែលអាចកើតមានឡើងញឹកញាប់ ក្រោយសម្រាល ដែលយើងសង្កេតឃើញប្រមាណជា ៣០ ទៅ៧០% ក្នុងចំណោមអ្នកម្តាយក្រោយសម្រាលទាំងអស់ ហើយមានប្រហែលពី ៥ទៅ១០% នឹងប្រែក្លាយជាជំងឺបាក់ទឹកចិត្ត និង១ទៅ៣% ប្រែទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ (psychosis)
• សញ្ញាដំបូងអាចចាប់ផ្តើមពីការប្រែប្រួលអារម្មណ៍តិចតួច ការឆាប់ឆេវឆាវ ការផ្លាស់ប្តូរអាកប្បកិរិយា វិបត្តិនៃការហូបអាហារ និងវិបត្តិដំណេកផងដែរ។
ការជះឥទ្ធិពលពីសុខភាពម្ដាយទៅកាន់ទារក
ជាការពិតណាស់ នៅពេលសុខភាពម្តាយល្អ នោះអ្នកម្តាយនឹងមានពេលវេលា ព្រមទាំងថាមពលគ្រប់គ្រាន់ដើម្បីថែទាំទារក។ បន្ថែមពីនេះ ឥទ្ធិពលនៃអាហារូបត្ថម្ភរបស់មាតាកាន់តែមានសារសំខាន់ចំពោះទារក ជាពិសេសសម្រាប់អ្នកម្តាយដែលអនុវត្តការបំបៅកូនដោយទឹកដោះតែម្តង។
វិធីសាស្ត្រការពារពីបញ្ហាសុខភាពក្រោយសម្រាល
ជាការពិត ក្រុមអ្នកជំនាញសុខាភិបាលពិតជាត្រូវដើរតួនាទីយ៉ាងសំខាន់ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពគ្រោះថ្នាក់ដូចដែលបានរៀបរាប់ខាងលើ ក្នុងនោះភារកិច្ចចម្បងៗរបស់ពួកគាត់គឺ៖
• ផ្តល់ការតាមដានសុខភាពផ្ទៃពោះ ព្រមទាំងប្រឹក្សាឲ្យបានត្រឹមត្រូវ ដើម្បីប្រាកដថាការសម្រាលនឹងធ្វើឡើងប្រកបដោយសុវត្ថិភាព
• តាមដានក្រោយសម្រាល តាមរយៈការពិនិត្យ និងតាមដានយ៉ាងហ្មត់ចត់ក្នុងអំឡុងពេល សម្រាកពេទ្យ និងមុនពេលចេញពីមន្ទីរពេទ្យ
• ផ្តល់ដំបូន្មានពីការថែទាំសុខភាពក្រោយសម្រាល (ការប្រើប្រាស់ថ្នាំ របបអាហារ និងឥរិយាបថនៃការរស់នៅត្រឹមត្រូវ)
• ប្រាប់ពីសញ្ញាគ្រោះថ្នាក់ និងបញ្ជាក់ពីកាលវិភាគនៃការត្រឡប់មកពិនិត្យឡើងវិញ។
បន្ថែមពីការយកចិត្តទុកដាក់ និងការផ្តល់ដំបូន្មានពីសំណាក់ក្រុមគ្រូពេទ្យ អ្នកម្តាយក៏ចាំបាច់ត្រូវ៖
• គោរពតាមវេជ្ជបញ្ជា និងដំបូន្មានរបស់គ្រូពេទ្យ
• ស្គាល់ពីសញ្ញាគ្រោះថ្នាក់ និងត្រឡប់មកពិគ្រោះជាមួយគ្រូពេទ្យជំនាញតាមការកំណត់
• លុបបំបាត់ជំនឿ ដែលមិនមានអំណះអំណាងត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រផងដែរ។
ភាពចាំបាច់នៃការតាមដានសុខភាពក្រោយសម្រាល
ការត្រឡប់មកពិនិត្យសុខភាពឡើងវិញជាមួយក្រុមគ្រូពេទ្យពិតជាសំខាន់ និងខានពុំបានឡើយសម្រាប់អ្នកម្ដាយទាំងអស់ ទោះបីស្ត្រីមិនមានបញ្ហាសុខភាពអ្វីគួរឲ្យកត់សម្គាល់ក៏ដោយ។ ជាក់ស្តែងស្ត្រីក្រោយសម្រាលចាំបាច់មកពិនិត្យសុខភាពម្តងទៀតក្នុងរយៈពេល ៦ទៅ៨សប្តាហ៍ ឬអាចទទួលការពិនិត្យសុខភាពចំនួន ២ដងគឺនៅសប្តាហ៍ទី២ទៅ៣ និងសប្តាហ៍ទី៦ទៅ៨ បន្ទាប់ពីចេញពីមន្ទីរពេទ្យ។ តាមរយៈការត្រឡប់មកវិញនេះ ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យមើលស្នាមរបួស ពិនិត្យមើលមាត់ស្បូន ស្បូន ដៃស្បូន ពិនិត្យកោសិកាមហារីកមាត់ស្បូន និងបន្ថែមពីការប្រឹក្សាពីវិធីពន្យារកំណើតដ៏ត្រឹមត្រូវ និងសមស្របសម្រាប់ស្ត្រីម្នាក់ៗផងដែរ។ ជាពិសេសទៀតនោះគឺទារកគួរតែមកទទួលការប្រឹក្សាសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ ព្រោះក្រៅពីការចាក់ថ្នាំបង្ការ វេជ្ជបណ្ឌិតឯកទេសផ្នែកកុមារ នឹងធ្វើការវាយតម្លៃពីការវិវឌ្ឍរបស់ទារក ទាំងការវិវឌ្ឍផ្នែកខួរក្បាលទម្ងន់ និងកម្ពស់ រួមទាំងផ្តល់ការប្រឹក្សាទាក់ទងនឹងអាហារូបត្ថម្ភដ៏ត្រឹមត្រូវសម្រាប់ទារក។ បន្ថែមពីនោះ ជាអនុសាសន៍ដល់ស្ត្រីដែលកំពុងមានផ្ទៃពោះ កំពុងត្រៀមខ្លួនសម្រាល និងអ្នកម្តាយដែលទើបសម្រាលបុត្រថ្មីៗគួរតែព្យាយាមអនុវត្តតាមគន្លឹះខាងក្រោមរួមមាន៖
• អំឡុងពេលពពោះ៖ ត្រូវថែទាំសុខភាពឲ្យបានត្រឹមត្រូវ បូករួមជាមួយការពិនិត្យសុខភាពឲ្យបានទៀងទាត់ និង ទទួលការប្រឹក្សាយោបល់ជាមួយបុគ្គលិកសុខាភិបាលដែលមានឯកទេសច្បាស់លាស់
• កំពុងត្រៀមសម្រាល៖ ត្រូវស្វែងរកគ្លីនិក ឬមន្ទីរពេទ្យដែលអាចផ្តល់ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ដល់ការសម្រាល
• ក្រោយសម្រាល៖ ត្រូវគោរពតាមដំបូន្មានរបស់គ្រូពេទ្យ ព្រមទាំងទទួលទានអាហារប្រកបដោយតុល្យភាព។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ