បើកុម្ម៉ង់អាហារពីក្រៅមកញ៉ាំ គួរដឹងអ្វីខ្លះ?
ធ្វើការមួយព្រឹកធំហើយ ដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ គឺត្រូវតែសម្រាក និងញ៉ាំអាហារដើម្បីបង្កើនថាមពលវិញសិនទើបបាន។ អញ្ចឹងសម្រាប់អ្នកធ្វើការិយាល័យដែលត្រូវចំណាយពេលទាំងព្រឹកទាំងល្ងាចនៅក្នុងស្ថាប័នរបស់ខ្លួនគួរតែចំណាយពេលអាហារថ្ងៃត្រង់ដ៏មានតម្លៃនេះបែបណា?
ធម្មតា គឺទៅញ៉ាំនៅផ្ទះវិញ បើផ្ទះនៅជិតៗហ្នឹង ព្រោះថាអាចសន្សំសំចៃគួរសមដែរ។ ខ្ចប់អាហារមកញ៉ាំជុំគ្នានៅការិយាល័យក៏ម្យ៉ាង តែបើធ្វើបានរាល់ថ្ងៃមានទៅអី? មួយទៀតគឺទៅញ៉ាំអីនៅជិតៗនោះ ងាយស្រួលនិងចំនេញពេល តែចំណាយច្រើនបន្តិច និងពេលខ្លះក៏ធុញដែរ។ មានជម្រើសរើសផ្សេងទេ? ប្រាកដជាមាន ហើយក៏ឃើញថាពេញនិយមដែរ! កុម៉្មង់អាហារមកញ៉ាំនៅការិយាល័យដោយមានសេវាកម្មដឹកជញ្ជូនដល់កន្លែងតែម្តងនោះអី ហើយបើចង់ដឹងថាវាមានលក្ខណៈយ៉ាងណា ទាល់តែតាមដានជាមួយ ហេលស៍ថាម បន្តិចសិន។
អ្វីដែលល្អគឺ…
ងាយស្រួល
មិនពិបាកហត់និងប្រញាប់ជិះពីការិយាល័យទៅផ្ទះ ឬទៅហាងអាហារទាំងកណ្តាលថ្ងៃ ហើយក៏មិនចាំបាច់ត្រូវក្រោកលឿនពេកដើម្បីកម្តៅឬធ្វើអាហារមកដែរ គ្រាន់តែស្គាល់លេខទូរស័ព្ទ ហើយខលទៅកុម៉ង់ និងប្រាប់ទីតាំងទៅជាការស្រេច។ ម្យ៉ាង អាចចំណេញពេលដែលរងចាំ ទៅធ្វើការបន្ត ឬសម្រាកបន្តិចក៏ល្អដែរ។
សម្បូរបែប
អាហារមានច្រើនមុខ៖ ជាទូទៅហាងបម្រើសេវាកម្មអាហារប្រភេទនេះ ច្រើនមានផ្លាស់មុខម្ហូបរាល់ថ្ងៃ តែក៏មានអាហារពិសេសសប្រចាំហាងដែលមានជារៀងរាល់ថ្ងៃផងដែរ។
ច្រើនសណ្ឋាន ឬឈុត៖ អាចមានជាឈុតសម្រាប់មនុស្សម្នាក់ ឬច្រើននាក់ ឬក៏ឈុតម្ហូបមួយមុខ ឬឈុតម្ហូបពីរមុខ តែតម្លៃដូចគ្នា និងឈុតអាហារមានបង្អែម ឬភេសជ្ជៈជាដើម។
ច្រើនប្រភេទ៖ អ្នកអាចផ្លាស់ប្តូរប្រភេទអាហារតាមចិត្តចង់ មិនថាថ្ងៃនេះចង់ញ៉ាំម្ហូបកុម៉ង់ដូចជាសម្ល ឆា ចៀន ស្ងោ បាយឆា មីឆា គុយទាវស៊ុប ហើយថ្ងៃស្អែកអាហារបែបលឿនដូចជាប៊ឺហ្គឺ ភីហ្សា សាន់វិច នំបុ័ងសាច់ខ្វៃ និងខានស្អែកអាហារបែបអាស៊ីដូចជា ស៊ូស៊ី បុកុតិ មីទាញ មីគាវ ឬអ៊ឺរ៉ុបដូចជា ស្ប៉ាហ្គាទី សាឡាដន៍ដែលមិនបង្កក្លិនក្នុងកន្លែងធ្វើការក៏បាន។
តម្លៃ
បើទោះជាមានសេវាកម្មក្នុងការដឹកជញ្ជូន ដែលបង្ហាញពីភាពស៊ីវិល័យក៏ដោយ តែតម្លៃដែលញ៉ាំនៅកន្លែងផ្ទាល់ និងដឹកជញ្ជូនមកដល់កន្លែងធ្វើការមិនមានភាពខុសគ្នាទេ ព្រោះថាភោជនីយដ្ឋាន ឬអាហារដ្ឋានមួយចំនួន មិនមានគិតលើសេវាដឹកជញ្ជូនឡើយ ឬក៏គិតតិចតួចប៉ុណ្ណោះ និងខ្លះទៀត មានកំណត់តម្លៃសមរម្យមួយដែលអតិថិជនអាចទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ។
អ្វីដែលអ្នកគួរគិតដល់គឺ៖
-គុណភាពអាហារ៖ សំដៅដល់ទាំងរសជាតិ និងផាសុកភាពនៃអាហារដែលរួមមានគុណភាពគ្រឿងផ្សំ និងបន្លែសាច់ដែលមិនប៉ះពាល់សុខភាព។
-ការវេចខ្ចប់៖ ដែលល្អនោះគឺការវេចខ្ចប់ដោយរៀបចំម្ហូបដាច់ដោយឡែកពីបាយ ដាក់ប្រអប់បិទជិត រក្សាកំដៅម្ហូបបានល្អឬរក្សាគុណភាពបន្លែស្រស់ និងត្រូវជាប្រអប់ជ័រមិនមានសារធាតុ Bisphenol A (BPA) ដែលអាចបង្កជំងឺមហារីកផងដែរ។
-អនាម័យ៖ ទាំងទៅលើម្ហូបនិងការវេចខ្ចប់ ត្រូវតែស្អាតនិងមានអនាម័យ គ្មានសក់ គ្មានសត្វល្អិតជាដើម។
-ទីតាំង៖ គួរស្វែងរកហាងអាហារដែលផ្តល់សេវាកម្មនេះ នៅជិតឬ មិនឆ្ងាយពេកទីតាំងរបស់អ្នក ចៀសវាងការរងចាំយូរ និងការបង់សេវាជាដើម ឬក៏ហាងដែលមានសាខាលើសពីមួយកន្លែង។
-តម្លៃ និងបរិមាណ៖ ដូចដែលបាននិយាយខាងលើ ដោយសារតម្លៃនៃអាហារមិនគិតបញ្ជូលនឹងសេវាដឹកជញ្ជូន ហេតុនេះវាហាក់ដូចជាអ្នករើសទៅញ៉ាំអាហារមួយដែលមានតម្លៃ និងបរិមាណសមរម្យអញ្ចឹងដែរ។
បង្កើតកាលវិភាគសម្រាប់អាហារពេលថ្ងៃសម្រាប់មួយសប្តាហ៍!
កុំឲ្យដល់ពេលអាហារថ្ងៃត្រង់ម្តងៗ ពិបាកគិតថាគួរញ៉ាំអ្វី អ្នកគួរតែបង្កើតតារាងអាហារពេលថ្ងៃសម្រាប់មួយសប្តាហ៍ឲ្យហើយ។
-ថ្ងៃចន្ទ័៖ បើកាលពីចុងសប្តាហ៍ដូចជាដាក់រាងជ្រុលបន្តិច យកល្អថ្ងៃច័ន្ទគួរតែញ៉ាំអាហារប្រភេទជា បន្លែ និងផ្លែឈើច្រើនបន្តិច។
-ថ្ងៃអង្គារ៖ បន្ថែមអ្វីដែលថ្មី ឬពិសេស ដើម្បីបង្កើនកម្លាំងចិត្តនាដើមសប្តាហ៍ដូចជាបង្អែម ឬភេសជ្ជៈដែលចូលចិត្ត។
-ថ្ងៃពុធ៖ ការងារកំពុងកូរតិចហើយ គួរញ៉ាំអាហារណាដែលអ្នកចូលចិត្ត ដើម្បីបង្កើនអរម៉ូន Endorphin ដែលមានតួនាទីជួយបន្ធូរអារម្មណ៍អ្នកឡើងវិញ។
-ថ្ងៃព្រហស្បតិ៍៖ ទោះជាការងារនៅតែច្រើន តែត្រូវសន្សំដៃបន្តិចវិញដោយអាចញ៉ាំប្រភេទជាអាហារមិនស៊ាំញ៉ាំ ដូចជាមីឆា បាយឆា ស៊ុប ឬអាហារដែលលឿននិងងាយស្រួល ដូចជាសាន់វិច ប៊ឺហ្គឺរជាដើម។
-ថ្ងៃសុក្រ៖ TGIF! ជិតចុងសប្តាហ៍ត្រូវប្រញាប់បង្ហើយការងារ តែក៏មានអារម្មណ៍ថាធូរស្រាលព្រោះជិតបានសម្រាក ដូចនេះអាចញ៉ាំអាហារបែបជាក្រុមដូចជា ភីស្សា ស៊ូស៊ី ឬប៊ីប៊ីឃ្យូជាដើម។
ដូចនេះ រឿងអាហារថ្ងៃត្រង់មួយចាត់ទុកថា គ្មានបញ្ហាហើយណា៎ យកពេលទៅគិតរឿងផ្សេងល្អជាង!
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ