សុន កណ្ណិកា ពី Net Idol ក្លាយជាសហគ្រិនវ័យក្មេង
ដូចដែលបានដឹងស្រាប់មកហើយថាបុគ្គលគ្រប់រូបគួរតែឆ្លៀតពេលធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឯង ដើម្បីកសាងកេរ្ត៍ឈ្មោះរបស់ខ្លួន ហើយទទួលបានការចូលចិត្តពីមនុស្សទូទៅដែលវាជាទុនមួយសម្រាប់ទៅថ្ងៃអនាគតក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម ឬមុននឹងក្លាយខ្លួនជាបុគ្គលិកតាមបណ្តាស្ថាប័ន ឬក្រុមហ៊ុន ពីព្រោះថាការមាន Personal Branding បានផ្តល់អត្ថប្រយោជន៍ច្រើន តួយ៉ាង វាបានដុសខាត់រូបអ្នកឲ្យក្លាយជាមនុស្សសកម្ម និងមួយវិញទៀត អ្នកអាចមានឱកាសស្គាល់មនុស្សកាន់តែច្រើនដែលវាក៏ជាផ្នែកមួយសម្រួលដល់ការធ្វើកិច្ចការផ្សេងៗ។
ភាពក្រមិចក្រមើម និងការចេះប្រើប្រាស់ពាក្យពេចន៍កំប្លែងរបស់កញ្ញា សុន កណ្ណិកា ជាវិធីសាស្រ្តម៉្យាងសម្រាប់កសាង Brand ផ្ទាល់ខ្លួនដែលជាហេតុធ្វើឲ្យអាជីវកម្មហាងប៉ាក់ និងបោះពុម្ព រួមទាំងហាងលក់ផលិតផលធ្វើឲ្យធ្មេញសរបស់កញ្ញាបានទទួលជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។ ហេលស៍ថាមនឹងនាំអ្នកអានឲ្យជួបជាមួយ កញ្ញា សុន កណ្ណិកា សម្រាប់ធ្វើការចែករំលែកអត្ថប្រយោជន៍នៃការធ្វើ Personal Branding ឲ្យទទួលបានភាពជោគជ័យក្នុងការប្រកបការងារទៅថ្ងៃខាងមុខ។ គួររំឭកផងដែរ សព្វថ្ងៃកញ្ញាជានិស្សិតឆ្នាំទីពីរនៅ CamEd។
ហេលស៍ថាម ៖ សម្រាប់កណ្ណិកាផ្ទាល់ តើPersonal Brandingសំដៅលើអ្វីដែរ?
កណ្ណិកា ៖ តាមគំនិតរបស់ខ្ញុំផ្ទាល់ Personal Branding គឺជាវិធីសាស្រ្តមួយនៃការកសាងកេរ្ត៍ឈ្មោះសម្រាប់ខ្លួន មិនថាតាមវិធីផ្សេងៗមួយណានោះទេ តួយ៉ាង សម្រាប់ខ្ញុំផ្ទាល់ គឺការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងការប្រើប្រាស់ឈ្មោះរបស់ខ្ញុំសម្រាប់ដាក់នៅលើផលិតផលក្នុងហាងរបស់នាងខ្ញុំផ្ទាល់តែម្តងសម្រាប់ការកសាងBrand របស់នាងខ្ញុំ។ បន្ថែមពីការកសាង Personal Branding តាមរយៈសង្គមហ្វេសប៊ុកនេះដែរ មិនប្រាកដថាបានជោគជ័យ ១០០% នោះទេ ពេលខ្លះយើងអាចក្លាយជាមនុស្សដែលគេចូលចិត្ត ឬស្អប់អាស្រ័យទៅលើវិធីសាស្រ្តរៀងៗខ្លួន ដូច្នេះហើយ យើងត្រូវធ្វើយ៉ាងណាគ្រប់គ្រងទៅលើរាល់គ្រប់ទង្វើរបស់យើងទាំងអស់ដែលបានបង្ហាញចេញមកកុំឲ្យមានភាពខុសហួសហេតុពេក ឬនិយាយអ្វីដែលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់អ្នកដទៃ។
ហេលស៍ថាម ៖ បើនិយាយពីអត្ថប្រយោជន៍វិញ តើកណ្ណិកាយល់ថាមានអ្វីខ្លះដែរ?
កណ្ណិកា ៖ ចំពោះអត្ថប្រយោជន៍នៃ Personal Branding វិញ គឺវាជួយសម្រួលដល់ការប្រកបអាជីវកម្មរបស់ខ្ញុំផ្ទាល់តែម្តង ជាការពិតណាស់ នៅពេលដែលយើងមានឈ្មោះល្បីនោះ ផលិតផលដែលយើងនាំចូលមកនឹងត្រូវបានគេស្គាល់ច្រើន ហើយអតិថិជនតែងតែចង់សាកដោយសារគេជឿទុកចិត្តលើយើង។ និយាយឲ្យស្រួលស្តាប់ ការធ្វើអាជីវកម្មនេះគឺចាប់ផ្តើមពី ៥០% ប្រសិនបើមានគេស្គាល់យើងច្រើន ហើយវាមានភាពល្អប្រសើរជាជាងការចាប់ផ្តើមអាជីវកម្មចាប់ពី ០% ឡើងទៅដោយគ្មានអ្នកណាស្គាល់ទាល់តែសោះ។
ហេលស៍ថាម ៖ សម្រាប់កណ្ណិកាផ្ទាល់ កន្លងមក តើធ្លាប់បានប្រើប្រាស់វិធីសាស្រ្តអ្វីខ្លះ?
កណ្ណិកា ៖ កន្លងមក ក្រៅពីការចូលរួមក្នុងបណ្តាញសង្គមហ្វេសប៊ុក ខ្ញុំក៏ជាមនុស្សម្នាក់ដែលចូលចិត្តចូលរួមការងារស្ម័គ្រចិត្តនៅតាមសាលាផងដែរ បើទោះបី វាមិនបានផ្តល់ផលចំណេញអ្វីដល់អាជីកម្មរបស់ខ្ញុំពិតមែន ដោយពេលខ្លះ វាអាចធ្វើឲ្យយើងខាតពេលវេលារកស៊ី តែខ្ញុំនៅតែឆ្លៀតពេលវេលាបន្តិចបន្តួចសម្រាប់ចូលរួមក្នុងការងារទាំងនោះ ពីព្រោះវាផ្តល់ឱកាសឲ្យនាងខ្ញុំស្គាល់មនុស្សកាន់តែច្រើន និងមួយវិញទៀត វាផ្តល់ភាពសប្បាយរីករាយ ព្រោះវាជាអ្វីដែលយើងចូលចិត្តធ្វើ។ ការចូលរួមកម្មវិធីទាំងអស់នោះប្រៀបបានឹងចំណែកមួយក្នុងការជួយទៅដល់មនុស្សដែលខ្វះខាតជាងយើង អាចជាក្មេងៗ ឬមនុស្សក្នុងវ័យចំណាស់បានយ៉ាងច្រើន។
ប៉ុន្តែ អ្វីដែលទាក់ទងនឹងការងារស្ម័គ្រចិត្តទាំងនោះមិនសូវជាបានជួយក្នុងការកសាងកេរ្ត៍ឈ្មោះរបស់ខ្ញុំឲ្យបានល្បីខ្លាំងនោះទេ ផ្ទុយទៅវិញ វាផ្តើមឡើងនៅពេលដែលខ្ញុំចាប់ផ្តើមចែករំលែកក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលពីដំបូងឡើយ ការថតវីដេអូនោះមិនមែនជាការចង់បានកេរ្តិ៍ឈ្មោះល្បីអ្វីនោះទេ តែវាគ្រាន់ជាការចៃដន្យដែលវីដេអូកំប្លែងនោះបានទទួលការចូលចិត្ត និងចែករំលែកច្រើនពីអ្នកលេងហ្វេសប៊ុកទាំងអស់ ។ ពួកគេតែងតែសរសើរថាវីដេអូទាំងនោះអាចជួយសម្រាលនូវទុកកង្វល់បានមួយភាគធំ ហើយដោយហេតុថានៅតែមានអ្នកគាំទ្រ និង លើកទឹកចិត្តកាន់តែច្រើន ទើបនាងខ្ញុំនៅតែបន្តធ្វើការចែករំលែកនេះតទៅទៀតរហូតមកដល់សព្វថ្ងៃ ដោយមិនរំពឹងទទួលយកអ្វីមកវិញគ្រាន់តែចង់ឲ្យពួកគេសប្បាយចិត្តតែប៉ុណ្ណោះ។
ហេលស៍ថាម ៖ តើកណ្ណិកាមានគន្លឹះអ្វីខ្លះជាពិសេស ពេលចាប់ផ្តើមអាជីវកម្ម?
កណ្ណិកា ៖ ជារឿងត្រឹមត្រូវដែលថាពេលចាប់ផ្តើមអាជីវកម្មតែងតែចៀសមិនផុតពីបញ្ហាប្រឈមនានា ប៉ុន្តែបើយើងមានកេរ្ត៍ឈ្មោះដែលគេបានស្គាល់រួចជាស្រេច បញ្ហាទាំងនោះនឹងត្រូវបានកាត់បន្ថយទៅតាមនោះដែរ។ ចំពោះនាងខ្ញុំផ្ទាល់ ការចាប់ផ្តើមលក់ផលិតផលតាំងពីដំបូងភាពរលូនច្រើនដោយមានអតិថិជនច្រើនដែលគេចង់ដឹងចង់សាក ប៉ុន្តែអ្វីដែលនាងខ្ញុំត្រូវធ្វើបន្តទៅទៀត គឺត្រូវរកវិធីសាស្រ្តណាក្នុងការរក្សាការលក់ឲ្យមានស្ថេរភាព។ ជាធម្មតា ស្ថិតិក្នុងការលក់តែងតែមានការឡើង និងចុះដូច្នេះហើយនៅពេលដែលវាធ្លាក់ចុះយើងត្រូវតែរកអ្វីដែលថ្មីសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញអតិថិជនឲ្យនៅតែបន្តការគាំទ្រតទៅទៀត។
ហេលស៍ថាម ៖ ជាចុងក្រោយនេះផងដែរ កណ្ណិកាមានពាក្យពេចន៍ចែករំលែកដល់មិត្តអ្នកអានដែរឬទេ?
កណ្ណិកា ៖ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សូមកុំបោះបង់ចោលនូវអ្វីដែលខ្លួនបានចាប់ផ្តើម ផ្ទុយទៅវិញ យើងត្រូវតែប្រកាន់ខ្ជាប់នូវគោលដៅរបស់យើង ដើម្បីបន្តទៅមុខទៀត ព្យាយាមបណ្តុះគំនិតថ្មីៗ ពីព្រោះយើងចៀសមិនផុតពីបញ្ហានានាពេលធ្វើអាជីវកម្មនោះទេ ហើយត្រូវចងចាំនូវពាក្យស្លោកមួយថា “គេធ្វើបាន យើងក៏ធ្វើបាន”។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ