ខ្លឹមៗពីការបង្រៀនភាសាអង់គ្លេសពីលោកសាស្រ្តាចារ្យ ទេព លីវីណា
ក្នុងយុគសម័យនេះ បើនិយាយពីការរៀន និងបង្រៀនភាសាអង់គ្លេសប្រហែលជាមិនសូវចាប់អារម្មណ៍ទេ តែប្រសិនបើនិយាយពីវិធីសាស្រ្តក្នុងការបង្កើនប្រសិទ្ធភាព និងគុណភាពនៃវិស័យអប់រំភាសាសកលមួយនេះ ទើបជាអ្វីដែលជាភាពទាក់ទាញ។ ការវិវឌ្ឍនៃការបង្រៀនក៏មានជាបន្តបន្ទាប់ទៅតាមសម័យកាលផងដែរ ហេតុដូចនេះហើយ ទើប ហេលស៍ថាម បានជួបសម្ភាសផ្ទាល់ជាមួយលោកសាស្រ្តាចារ្យ ទេព លីវីណា ដែលជាអតីតនិស្សិតពូកែមួយរូបដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រខាងផ្នែកបង្រៀនភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស(IFL) ក្នុងឆ្នាំ ២០០៩ និងជាស្ថាបនិកនៃ Edniche English School ដើម្បីបង្ហាញជូនមិត្តអ្នកអាននូវចំណុចខ្លឹមៗគួរយល់ដឹងពីវិជ្ជាជីវៈបង្ហាត់បង្រៀនភាសាអង់គ្លេស។
ហេលស៍ថាម៖ បងផ្តល់អត្ថន័យនៃពាក្យ “ការបង្រៀន” យ៉ាងដូចម្តេច?
ចម្លើយ ៖ ការបង្រៀនមិនមែនជាការដឹកនាំបែបផ្តាច់ការនៅក្នុងថ្នាក់នោះទេ តែវាជាអ្វីដែលយើងធ្វើដើម្បីជួយឲ្យមនុស្សម្នាក់ទៀតទទួលបានចំណេះដឹង ហើយខ្ញុំគិតថា ការងារជាគ្រូបង្រៀន គឺបានជួយសហគមន៍យ៉ាងច្រើនជាពិសេសផ្នែកការគិត ហើយនៅពេលដែលមានការគិតល្អ វានឹងស្តែងចេញនូវសកម្មភាពល្អសម្រាប់សង្គមទៅតាមនោះដែរ។
ហេលស៍ថាម៖ តើបងយល់ថា ការបង្រៀន ជា«សិល្បៈ» ឬ «ជំនាញ»?
ចម្លើយ ៖ ខ្ញុំយល់ថាវាត្រូវការទាំងពីរ ជាក់ស្តែង គ្រូបង្រៀនដែលល្អមួយរូបតែងតែមានជំនាញក្នុងការបង្រៀន បូករួមនិងសិល្បៈក្នុងការទាក់ទាញចំណាប់អារម្មណ៍ ដែលអាចមានមកពីកំណើត ឬការបណ្តុះបណ្តាល។ អ្វីដែលសំខាន់នោះ គឺភាពវៃឆ្លាតក្នុងការប្រើប្រាស់វិធីសាស្រ្តផ្សេងៗពីគ្នា និងប្លែកៗ ក្នុងការបង្រៀននូវជំនាញទំាំង៤។
ហេលស៍ថាម៖ ការបង្រៀនភាសាអង់គ្លេស គួរតែផ្តោតសំខាន់ទៅលើកត្តាអ្វីខ្លះ?
ចម្លើយ ៖ ពីមុន គេរៀនភាសាអង់គ្លេសតាមវិធីសាស្រ្តបកប្រែ វេយ្យាករណ៍ ឬពាក្យ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ការបង្រៀនបែបនេះពុំសូវជាផ្តល់ប្រសិទ្ធិភាពគួរឲ្យកត់សម្គាល់នោះទេ ដោយសារតែបុគ្គលម្នាក់ៗមានគោលដៅនៃការរៀនភាសាផ្សេងពីមុន ដោយបែរមកសិក្សាសម្រាប់ការប្រើប្រាស់ក្នុងការទំនាក់ទំនង ដូច្នេះហើយ ថ្នាក់ភាសាអង់គ្លេសគួរតែលើកទឹកចិត្តសិស្សឲ្យរៀនតាមបែបទំនាក់ទំនងឲ្យបានច្រើន។
ហេលស៍ថាម៖ ការសិក្សាអង់គ្លេសឲ្យជោគជ័យ ត្រូវចូលរួមប៉ុន្មានភាគរយពីសិស្ស និងគ្រូបង្រៀន?
ចម្លើយ ៖ បើក្រឡេកមើលបរិបទកាលពីមុន គឺពឹងផ្អែកច្រើនទៅលើគ្រូបង្រៀនដោយសារយើងពុំមានឯកសារគ្រប់គ្រាន់សម្រាប់ធ្វើការសិក្សា។ ប៉ុន្តែបច្ចុប្បន្ននេះ មុខងារដ៏ចម្បងរបស់គ្រូបង្រៀនប្រៀបបានដូចជាអ្នកមគ្គុទេសក៍ អ្នកបង្ហាញផ្លូវ និងលើកទឹកចិត្ត ហើយសិស្សក៏អាចរៀនបានដោយខ្លួនឯងតាមរយៈឯកសារដ៏សម្បូរបែបពីសៀវភៅ និងប្រព័ន្ធអ៊ីនធើណែតជាដើម។
ហេលស៍ថាម៖ តើគ្រូ និងសិស្សគួរមានទំនាក់ទំនងបែបណាខ្លះ ដើម្បីឲ្យការសិក្សាបានជោគជ័យ?
ចម្លើយ ៖ ក្រៅពីកិច្ចការបង្រៀននៅក្នុងថ្នាក់ គ្រូបង្រៀនទាំងអស់គួរតែបើកចិត្តឲ្យទូលាយ ជួយបណ្តុះបណ្តាល និងលើកទឹកចិត្តឲ្យសិស្សស្គាល់នូវយន្តការ ឬវិធីសាស្រ្តថ្មីៗក្នុងការរៀនភាសាឲ្យមានប្រសិទ្ធិភាព តួយ៉ាង ការអានសៀវភៅ ឬការហ្វឹកហាត់ការស្តាប់តាមរយៈទូរទស្សន៍ ឬវិទ្យុ ដែលមានកម្មវិធីនិយាយជាភាសាអង់គ្លេសជាដើម។
ហេលស៍ថាម៖ តើការរៀនភាសាបរទេសជាមួយគ្រូខ្មែរ និងគ្រូបរទេសមានលក្ខណៈខុសគ្នាឬទេ?
ចម្លើយ ៖ ក្នុងសង្គមយើងសព្វថ្ងៃ ខ្ញុំយល់ថាមានគ្រូបង្រៀនជាជនជាតិបរទេសតែមួយភាគតូចតែប៉ុណ្ណោះដែលមានចំណេះដឹងផ្នែកបង្រៀនច្បាស់លាស់ ក្រៅពីនោះ ពួកគាត់គ្រាន់តែចេះនិយាយភាសាអង់គ្លេសបានយ៉ាងរលូនតែនៅស្ទើរជំនាញក្នុងការបង្រៀន។ យើងមិនត្រូវគិតលើតែសញ្ជាតិនោះទេ ផ្ទុយទៅវិញ គួរតែមើលលើសមត្ថភាព៖ ជំនាញបង្រៀន ជំនាញគោលទាំងបួន (ការស្តាប់ សរសេរ និយាយ អាន) គួរតែមានប្រសិទ្ធិភាព។ គួរតែមានទឹកចិត្តក្នុងការបង្រៀន និងចេះកែសម្រួលកំហុសដែលសិស្សបានប្រព្រឹត្តិ។
ហេលស៍ថាម៖ តាមការសង្កេតផ្ទាល់ តើការបង្រៀនភាសាអង់គ្លេសរបស់គ្រូជនជាតិខ្មែរមួយចំនួនមានចន្លោះខ្វះខាតអ្វីខ្លះ?
ចម្លើយ ៖ ពួកគាត់ចេះអង់គ្លេស តែនៅមានកម្រិតលក្ខណៈតំបន់នៅឡើយ ដែលអាចបានប្រើប្រាស់បានតែនៅក្នុងស្រុក។ ម៉្យាងវិញទៀត ការបង្រៀននៅមិនទាន់មានភាពទំនើបនៅឡើយ ដោយពួកគាត់ប្រើប្រាស់យុទ្ធសាស្រ្តដដែលៗ ដូច្នេះហើយគ្រូបង្រៀនទាំងអស់គួរតែព្យាយាមពង្រឹងចំណេះដឹងខ្លួនឯងបន្តទៅទៀត ដើម្បីជាប្រយោជន៍តទៅថ្ងៃមុខ។
ហេលស៍ថាម៖ តើបងមានពាក្យពេចន៍អ្វីខ្លះជាសារជូនដល់យុវវ័យជំនាន់ក្រោយ ឬអ្នកចង់ក្លាយជាគ្រូបង្រៀន?
ចម្លើយ ៖ ការបង្រៀន គឺពិបាក ហើយវាក៏មិនមែនជាការងារដើម្បីរកប្រាក់ចំណូលបានច្រើននោះដែរ ផ្ទុយទៅវិញ វាផ្តល់ឱកាសច្រើនក្នុងការចែករំលែក ដូចនេះហើយ បើបុគ្គលម្នាក់តាំងចិត្តធ្វើជាគ្រូបង្រៀន គួរតែគិតទៅលើគុណភាពជាជាងផ្នែកអាជីវកម្ម។