Menu

លោក ងន សាំង អគ្គនាយកRMAបង្ហាញពីយុទ្ធសាស្រ្តក្តោបក្តាប់ជំនួញ និងសុខភាព


លោក ងន សាំង អគ្គនាយកRMAបង្ហាញពីយុទ្ធសាស្រ្តក្តោបក្តាប់ជំនួញ និងសុខភាព

ក្រុមហ៊ុន RMA Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២នៅទីក្រុងភ្នំពេញ ដែលបច្ចុប្បន្នមានបុគ្គលិករហូតដល់ទៅ ១៦០០នាក់។ RMACambodia បានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់ទៅ ៤០សាខាសម្រាប់សេវាកម្មចំណីអាហារ ហើយក៏មានសាខាជាច្រើនទៀតសម្រាប់សេវាកម្មរថយន្ត។ លោក ងន សាំង អគ្គនាយកនៃ RMA Group Cambodia បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រសេដ្ឋកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកបានទទួលអាហារូបករណ៍ទៅសិក្សាថា្នក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មនៅវិទ្យាស្ថាន-បច្ចេកវិទ្យាអាស៊ីនៅប្រទេសថៃ ហើយលោកក៏បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យហាវើត សហរដ្ឋអាមេរិក។ លោកបានចូលបម្រើការនៅក្នុង RMA Group តាំងពីឆ្នាំ ១៩៩៨ និងចាប់ផ្តើមពីមុខតំណែងជាអនុប្រធានផ្នែកហិរញ្ញវត្ថុ បន្ទាប់មកលោកបានទទួលតំណែងជានាយកផ្នែកហិរញ្ញវត្ថុ។

បន្ទាប់មកទៀត តំណែងរបស់លោកបានបន្តផ្លាស់ប្តូរ ទៅជាអគ្គនាយករង និងប្រធានផ្នែកហិរញ្ញវត្ថុ រហូតដល់បច្ចុប្បន្ន លោកបានទទួលតំណែងជាអគ្គនាយកក្រុមហ៊ុន។ កត្តាដែលធ្វើឲ្យលោកទទួលបានជោគជ័យដូចបច្ចុប្បន្នមាន ៣កត្តា។

ទី១ គឺស្មោះត្រង់នឹងការងារ ពោលគឺមានទំនួលខុសត្រូវក្នុងការងារ អាចបំពេញការងារបានចប់សព្វគ្រប់ ដោយមិនចាំបាច់មានការត្រួតពិនិត្យ ឬតាមដាន ឬបញ្ជាពីថ្នាក់លើ។ ទី២ ការប្រឹងប្រែងក្នុងការងារ គឺត្រូវចេះរកវិធីសាស្ត្រដោះស្រាយរាល់ការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងជោគជ័យដោយមិនបោះបង់ការងាររបស់ខ្លួនពាក់កណ្តាលទី និង ទី ៣ភាពវៃឆ្លាតគឺជាសមត្ថភាពផ្ទាល់ខ្លួនរបស់បុគ្គលមា្នក់ៗ ដោយបុគ្គលខ្លះមានភាពឆ្លាតពីកំណើតឯអ្នកខ្លះទៀតត្រូវបង្កើតសមត្ថភាពនេះដោយខ្លួនឯង ដោយព្យាយាមអានសៀវភៅដែលទាក់ទងទៅនឹងការគ្រប់គ្រង អានសៀវភៅដែលបោះពុម្ពដោយអ្នកគ្រប់គ្រងល្បីៗក្នុងសកលលោក ជាមួយនឹងការរៀនពីបទពិសោធការងារកន្លងមក។

ចំពោះការគ្រប់គ្រងវិញ លោកយល់ថាដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងដ៏ល្អមួយរូប លុះត្រាតែបុគ្គលិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញមុខងាររបស់ខ្លួនដោយឯករាជ្យ ហើយដើម្បីធ្វើបែបនេះបានអ្នកគ្រប់គ្រងត្រូវបង្ហាត់បង្រៀនបុគ្គលិករបស់ខ្លួនឲ្យយល់ច្បាស់ពីការងារ និងមានភាពស្ទាត់ជំនាញក្នុងការងារដោយមិនបារម្ភថាអ្នកក្រោមឱវាទមានសមត្ថភាពពូកែជាងខ្លួននោះទេ។

មួយវិញទៀត អ្នកគ្រប់គ្រងល្អមួយរូប ជាអ្នកដែលចេះគោរព ឲ្យតម្លៃ និងមានសហការល្អជាមួយបុគ្គលិករបស់ខ្លួន។ លោកបាននិយាយថា “Train the people well that they can do their job or they can lead to do other job, but treat them well for them not to leave us ” (បង្ហាត់បង្រៀនមនុស្សឲ្យចេះធ្វើការ ឬពួកគាត់អាចបង្កើតការងារដោយខ្លួនឯងបាន ប៉ុន្តែត្រូវយកចិត្តទុកដាក់ចំពោះពួកគាត់ ដើម្បីកុំឲ្យពួកគាត់ចាកចេញពីយើង)។

កត្តាមួយទៀតគឺការមានលំដាប់លំដោយច្បាស់លាស់នៃដំណើរក្នុងការបំពេញការងារ ពោល គឺដឹងច្បាស់ថាត្រូវធ្វើអ្វីមុនអ្វីត្រូវធ្វើក្រោយ។

កត្តាចុងក្រោយ គឺត្រូវមានរចនាសម្ព័ន្ធក្នុងក្រុមហ៊ុនឲ្យបានច្បាស់លាស់នាំឲ្យមានភាពងាយស្រួលក្នុងការទាក់ទងបុគ្គលិកក្នុងក្រុមហ៊ុនគ្រប់កម្រិតថា្នក់និងទំនាក់ទំនងជាមួយអតិថិជន ព្រមទាំងជាមួយអ្នកផ្គត់ផ្គង់។

មូលហេតុដែលលោកសម្រេចចិត្តជ្រើសរើសយកអាជីវកម្មចំណីអាហារដែលទិញសិទ្ធិធ្វើអាជីវកម្មដូចជា The Pizza Company, Swensen’s, BBQ Chicken, Dairy Queen, Costa Coffee, Foreign Correspondents Club of Cambodia(FCC) restaurants and hotel ដោយសារលោកយល់ឃើញថា យើងគួររៀនពីប្រទេសជិតខាង ដើម្បីអភិវឌ្ឍខ្លួនឯងព្រោះយើងឃើញថាអាជីវកម្មប្រភេទនេះទទួលបានការជោគជ័យច្រើននៅតាមបណ្តាប្រទេសនានា។
 
មួយវិញទៀត យោងតាមកំណើនប្រជាជនកម្ពុជារួមជាមួយការរីកចំរើនយ៉ាងឆាប់រហ័សនូវចំណេះដឹង និងការគិតគូរខ្ពស់ទៅលើសុខភាពរបស់ប្រជាជន អាជីវកម្មអាហារបែបនេះឆ្លើយតបទៅនឹងរាល់តម្រូវការរបស់ប្រជាជនគឺគុណភាព និងសុវត្ថិភាព។

ទោះបីជាអាជីវកម្មនេះ មានការទាមទារខ្ពស់ក្នុងការរក្សាឲ្យបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាជន តែក្រុមហ៊ុន RMAមិនបានជួបប្រទះនូវការលំបាកណាគួរកត់សម្គាល់ទេដោយសារមុននឹងចាប់ផ្តើមផ្តល់សេវាជូនអតិថិជន បុគ្គលិកគ្រប់រូបបានទទួលការហ្វឹកហាត់ដោយម្ចាស់ម៉ាកផលិតផលផ្ទាល់។ ក្នុងការគ្រប់គ្រងបុគ្គលិកដល់ទៅ ១៦០០នាក់ពិតជាមានការការលំបាកកើតឡើងចំពោះលោក ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា

ការគ្រប់គ្រងដោយមានគោលការណ៍ច្បាស់លាស់មានការកំណត់សង្វាក់ដំណើរការ របស់ការងារបានច្បាស់លាស់ និងបុគ្គលិកស្គាល់ច្បាស់ពីការងាររបស់ខ្លួន ព្រមទាំងមានទទួលខុសត្រូវលើការងារអាចសម្រួលក្នុងការងារគ្រប់គ្រងរបស់លោកបានច្រើន។ ក្រៅពីនេះ ក្រុមហ៊ុនរបស់លោកក៏បានលើកទឹកចិត្តដល់បុគ្គលិកដោយការផ្តល់ជាប្រាក់លើកទឹកចិត្ត លើការបំពេញការងារបានល្អ ការបញ្ជូនបុគ្គលិកទៅសិក្សានៅក្រៅប្រទេស ការជួលគ្រូជំនាញមកបង្រៀនដើម្បីបង្កើនចំណេះដឹងដល់ពួកគាត់ និងការផ្តល់ធានារ៉ាប់រងសុខភាពជាដើម។ លោកងន សាំងក៏បានបញ្ជាក់ផងដែរថា តួនាទីជាអ្នកគ្រប់គ្រងគឺជៀសមិនផុតទេពីការជួបរឿងលំបាកស្មុគស្មាញ ហើយលោកបាននិយាយថាអារម្មណ៍ស្មុគស្មាញនេះនឹងមិនអាចធូស្បើយឡើយបើលោកមិនអាចដោះស្រាយបញ្ហានៅចំពោះមុខបាន។

ក្រៅពីការងារដ៏មមាញឹក លោក ងន សាំង ក៏មិនភ្លេចផងដែរនូវការថែទាំសុខភាពរបស់លោក។ លោកតែងតែធ្វើកីឡាជាប្រចាំនៅពេលព្រឹកដូចជាការជិះកង់ រត់តិចៗឬដើរជាដើម ឯពេលល្ងាចលោកតែងឆ្លៀតលេងកីឡាបាល់ទាត់។ រីឯអាហារវិញ លោកបរិភោគអាហារគ្រប់ប្រភេទ ប៉ុន្តែលោកបានបញ្ជាក់ថា បរិមាណអាហារដែលលោកបរិភោគត្រូវសមាមាត្រទៅនឹងសកម្មភាពដែលលោកបានធ្វើ ដោយលោកបានប្រើប្រាស់កម្មវិធីគណនាពីបរិមាណថាមពលដែលលោកបានពីអាហារជាមួយ នឹងថាមពលដែល លោកបានប្រើប្រាស់លើសកម្មភាពរបស់លោក៕


Share:

Related Articles