ដំណឹងដ៏សោកសៅចំពោះស្ថានភាពជំងឺ និងការលាលែងពីតំណែងរបស់លោក Beat Richner


មន្ទីរពេទ្យគន្ធបុប្ផាក្រោមការដឹកនាំដោយទឹកចិត្តសប្បុរសធម៌ របស់លោកវេជ្ជបណ្ឌិត Beat Richnerបានរួមចំណែកយ៉ាងធំធេងដោយជួយកុមារកម្ពុជារាប់លាននាក់ចៀសផុតពីជំងឺនានាចាប់តាំងពីឆ្នាំ១៩៩២មកម៉្លេះ។
រឿងដែលសោកសៅមួយបានឲ្យដឹងពីសំណាក់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាបណ្តាញព័ត៌មានសង្គមនានាថា លោកវេជ្ជបណ្ឌិត Beat Richnerកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរដោយកំពុងទទួលការសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសស្វីស។ ប្រភពព័ត៌មានក៏បានឲ្យដឹងដែរថា លោកនឹងលាលែងពីតំណែងប្រធានមន្ទីរពេទ្យគន្ធបុប្ផានាពេលខាងមុខ និងផ្ទេរតំណែងនេះឲ្យទៅលោក Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យសព្វថ្ងៃនេះ។ បើទោះជាយ៉ាងនេះក្តី មន្ទីរពេទ្យគន្ធបុប្ផាក៏នៅតែដំណើរដូចប្រក្រតីជាមួយបុគ្គលិកជាង២៥០០នាក់។
លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានសំដែងសេចក្តីព្រូយបារម្ភ និងបានសន្យាថានឹងបន្តសហការយ៉ាងមោះមុតជាមួយលោក Peter Studer បន្តទៀត ដើម្បីជួយដល់អនាគតកុមារកម្ពុជាទាំងអស់។
ចំពោះសាធារណជន ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ក៏មានភាពក្រៀមក្រំចំពោះដំណឹងដ៏សោកសៅនេះដែរ ហើយក៏មានតែពាក្យជូនពរដល់លោកវេជ្ជបណ្ឌិត Beat Richnerឲ្យឆាប់ជាសះស្បើយពីជំងឺ។
ដើម្បីជាការដឹងគុណដល់ទឹកចិត្តរបស់វេជ្ជបណ្ឌិតចំពោះកុមារកម្ពុជាទាំងអស់ យើងទាំងអស់គ្នាជួយជ្រោមជ្រែងមន្ទីរពេទ្យគន្ធបុប្ផាតាមរូបភាពផ្សេង ដើម្បីឲ្យវិស័យសុខាភិបាលមានភាពរឹងមាំ និងជាទំនុកចិត្តដល់ប្រជាជនទាំងអស់...

