ការសិក្សាបឋមទៅលើការគ្រេចថ្លោះ ចំពោះប្រជាជនរស់នៅទីក្រុងភ្នំពេញ ឆ្នាំ២០១៥
សេចក្តីផ្តើម ៖ ការគ្រេចថ្លោះគឺជាការរងរបួសនៅលើរាងកាយដែលកើតមានញឹកញាប់ជាងគេ ភាគច្រើនបណ្តាលមកពីសកម្មភាពប្រចាំថ្ងៃ។ គួរឲ្យកត់សំគាល់ផងដែរ ករណីមធ្យមនិងធ្ងន់ធ្ងរចំពោះអ្នកដែលជួបប្រទះនឹងការគ្រេចថ្លោះ ត្រូវចំនាយពេលយ៉ាងយូរទើបអាចជាសះស្បើយឡើងវិញ។ ជាលទ្ធផល ការគ្រេចថ្លោះជះឥទ្ធិពលលើទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាដ៏សំខាន់មួយដែលប៉ះពាល់ទៅដល់ការប្រកបមុខរបរ និងការសិក្សា។
គោលបំណង ៖ ការសិក្សាបឋមទៅលើការគ្រេចថ្លោះចំពោះប្រជាជនរស់នៅទីក្រុងភ្នំពេញ ឆ្នាំ២០១៥ ធ្វើឡើងក្នុងគោលបំនងបង្ហាញអោយឃើញអំពី ទំនាក់ទំនងរវាងស្ថានភាពនៃការគ្រេចថ្លោះរបស់ប្រជាជនកម្ពុជាទៅនឹង ភេទ អាយុ មុខរបរ និងសកម្មភាពប្រចាំថ្ងៃ, ការវាយតំលៃទៅលើបច្ចុប្បន្នភាពនៃការព្យាបាលការគ្រេចថ្លោះចំពោះប្រជាជនរស់នៅទីក្រុងភ្នំពេញ និងធ្វើការពិចារណាឡើងវិញទៅលើមធ្យោបាយផ្សេងៗដើម្បីលើកកំពស់ស្ថានភាព ការគ្រេចថ្លោះនាពេលបច្ចុប្បន្ន។
វិធីសាស្រ្ត ៖ កម្រងសំណួររៀបចំឡើងទៅតាមសៀវភៅមគ្គុទេសនក៍របស់អង្គការសុខភាពពិភពលោក [1] ត្រូវបានសួរទៅកាន់អ្នកចូលរួមដែលជាប្រជាជនទូទៅចំនួន៣៨៦នាក់ នៅតាមទីកន្លែងផ្សេងៗក្នុងទីក្រុងភ្នំពេញ។ បន្ទាប់មក ទិន្នន័យដែលទទួលបានត្រូវបានយកមកវិភាគតាមលក្ខណៈស្ថិតិវិទ្យាដោយសិក្សាអំពីទំនាក់ទំនងរវាងការគ្រេចថ្លោះ ជាមួយនឹងអាកប្បកិរិយាក្នុងការប្រកបរបរ, ភេទ, អាយុ, Body Mass Index, សកម្មភាពប្រចាំថ្ងៃ និងសុខភាពផ្លូវកាយ។
លទ្ធផល ៖ ទិន្នន័យបង្ហាញថាមានអ្នកចូលរួម២៣១(៥៩.៨៤%)នាក់ ធ្លាប់មានការគ្រេចថ្លោះ (Figure1)។ ក្នុងនោះដែរ អាត្រានៃការគ្រេចថ្លោះចំពោះបុរសមាន ៦៨.៩២% ដែលខ្ពស់ជាងស្ត្រីដែលអាត្រាមានតែ៥៤.២០% (Figure2)។ រីឯក្រុមអាយុដែលរងការគ្រេចថ្លោះច្រើនជាងគេគឺនៅចន្លោះពី២០-២៥ឆ្នាំ (Figure3)។ ផ្នែកនៃរាងកាយដែលងាយនឹងរងការគ្រេចថ្លោះជាងគេគឺកជើង (Figure4)។ ក្នុងចំនោម២៣១ករណីនៃអ្នកគ្រេចថ្លោះ មាន១៧១ (៧៤.០៣%) ព្យាបាលដោយខ្លួនឯង, ៥៥ (២៣.៨១%) ទៅទិញថ្នាំនៅឱសថស្ថាន, ១០ (៤.៣៣%) ទៅពិគ្រោះជាមួយគ្រូពេទ្យ (Figure5)។ រីឯការជ្រើសរើសវិធីព្យាបាលដោយប្រើឱសថសម័យ យើងសង្កេតឃើញមានចំនួន ១៨៧ (៨០.៩៥%) នៃអ្នកចូលរួមសរុប ដែលភាគច្រើន អ្នកជម្ងឺប្រើប្រាស់ទំរង់លាបរឹត (Figure6)។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ Nonsteroidal anti-inflammatory drugs គឺជាការព្យាបាលដែលឱសថការីជ្រើសរើសប្រើញឹកញាប់ជាងគេសំរាប់ការព្យាបាលការគ្រេចថ្លោះ (Figure7)។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកចូលរួមចំនួន៦៥ (២៨.១៤%) បានជ្រើសរើសវិធីព្យាបាលដោយមិនប្រើឱសថសម័យដូចជា ធ្វើលំហាត់ប្រាណ ស្អំទឹកកក អបឈើ និងប្រើប្រាស់រុក្ខជាតិឱសថ (Figure8)។
សេចក្តីសន្និដ្ឋាន ៖ ការសិក្សាស្រាវជ្រាវនេះបានបង្ហាញឲ្យឃើញថា មិនត្រឹមតែអ្នកលេងកីឡាទេដែលប្រឈមនឹងការគ្រេចថ្លោះ តែវាក៏កើតឡើងជាញឹកញាប់ចំពោះប្រជាជនទូទៅផងដែរ។ តាមរយៈលទ្ធផលនៃទំនាក់ទំនងតាមស្ថិតិវិទ្យា រវាងការគ្រេចថ្លោះ និងភេទ, ការហាត់ប្រាណ, និងការធ្វើការងារ បានស្តែងអោយឃើញថាការគ្រេចថ្លោះគឺជាបញ្ហាមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ប្រជាជនកម្ពុជាទូទៅ។
ពាក្យគន្លឹះ ៖ Cross-sectional study, ការគ្រេចថ្លោះ, Prevalence
ឯកសារយោង៖
[1]. D. Sethi…et al. Guidelines for conducting community survey on injuries and violence. Geneva: WHO; 2004.
សិក្សាដោយ ៖ យុវនិស្សិត ខន ស្រ៊ឺ, តាំង ស៊ីវទៀង, នៅ សុវណ្ណី, អ៊ិត សុភារ៉ែន (និស្សិតឱសថសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល)
ដកស្រង់ចេញពី ៖ ព្រឹត្តិបត្រព័ត៌មាននៃសមាគមឱសថការីកម្ពុជា