ទឹកចិត្តសិស្សដល់គ្រូបង្រៀន និងហិបសង្រ្គោះ២៥មីនា២០១៧
ជីវិតជាគ្រូបង្រៀន គឺមានតួនាទីសំខាន់មួយគឺបណ្តុះបណ្តាល សិស្សានុសិស្ស ឲ្យក្លាយជាធនធានមនុស្សដ៏ល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម។ គ្រូបង្រៀន ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណាយពេលវេលាស្រាវជ្រាវ បង្កើតមេរៀន កែលំហាត់សិស្ស មិនថាយប់ថ្ងៃ ព្រោះតែដើម្បីបង្រៀនសិស្សឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ណែនាំសិស្សឲ្យក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ និងអាចមានការងារធ្វើបានខ្ពង់ខ្ពស់នៅថ្ងៃមុខ។ ទាំងនេះហើយ គឺជាគោលបំណងដែលគ្រូបង្រៀនចង់បាន គឺឃើញសិស្សមានអនាគតល្អ មានក្តីសុខ តែបែរក្រលេកមកមើលជីវិតរបស់លោកវិញ មិនប្រាកដថាមានជីវភាពធូរធារ រស់នៅស្រួលនោះទេ ជាពិសេសគ្រូបង្រៀនដែលចូលនិវត្តន៍។ គ្រូបង្រៀនដែលចូលនិវត្តន៍ហើយ ខ្លះចាស់ជរា ឈឺ ពិការដើរមិនរួច រីឯខ្លះទៀតគ្មានថវិកាគ្រប់គ្រាន់ គ្មានកូនគ្មានចៅមើលថែទៀតផង។ ជីវិតគ្រូបង្រៀនបន្ទាប់ពីបញ្ចប់ភារកិច្ចរួច មួយចំនួនគឺបែបនេះហើយ។ ពិតជាអាសូរស្រណោះដល់លោកដែលជាអ្នកមានគុណ ជួយបង្រៀនសិស្ស តែបែរជាមានជីវភាពពិបាកបែបនេះ។
ដោយឃើញបែបនេះ ទើបអតីតសិស្សខេត្តបាត់ដំបងមួយក្រុមបានរៀបចំពិធីបុណ្យចម្រើនព្រះជន្មអ្នកគ្រូ និងជូនដំណើរអ្នកគ្រូចូលនិវត្តន៍ ដើម្បីធ្វើការគោរពដឹងគុណដល់គ្រូៗទាំងអស់ដែលខិតខំបង្រៀន និងបំពេញបេសកម្មបង្រៀនជិត៤០ឆ្នាំកន្លងមកដោយចិត្តសណ្ដោសប្រណី និងប្រមែលប្រមូលថវិកាពីអតីតសិស្ស និងសប្បុរសជន ធ្វើជាបច្ច័យបុណ្យដើម្បីយកទៅជួយដល់លោកគ្រូអ្នកគ្រូ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងឈឺពិការ នៅខេត្តបាត់ដំបងនេះ។ ពិធីបុណ្យនេះបានប្រារព្ធឡើងនៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។ សិស្សានុសិស្សដែលអតីតសិស្ស សាលាកំរិតទី២ទីរួមខេត្ត(វិទ្យាល័យព្រះមុនីវង្ស) សាលាកំរិតទី៣ (វិទ្យាល័យនេតយ៉ង់) អនុវិទ្យាល័យសោហឺ ជាច្រើននាក់បានចូលរួមក្នុងពិធីបុណ្យនេះ ដើម្បីមកធ្វើការគោរពដឹងគុណ ដល់លោកគ្រូអ្នកគ្រូ ដែលជាអ្នកគុណទី២ និងជាឱកាសបានជួបជុំគ្នាមិត្តរួមថ្នាក់ ដែលបែកគ្នាយូរកន្លង។ អ្នកគ្រូ មៀច សុខារី ដែលជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរដ៏ល្បីល្បាយមួយរូបនៅខេត្តបាត់ដំបង និងជាគ្រូចូលនិវត្តន៍មួយរូបបានឲ្យដឹងថា អ្នកគ្រូពិតជាមានសេចក្តីរំភើបរីករាយជាខ្លាំង ដែលអតីតសិស្សអ្នកគ្រូបានរៀបចំកម្មវិធីនេះឡើង ដើម្បីរំលឹកគុណ និងជួបជុំគ្នារំលឹកអនុស្សាវរីយ៍កន្លងដែលបានធ្លាប់កាត់ជាមួយគ្នា។ អ្នកគ្រូលោកគ្រូជាច្រើននាក់ទៀតក៏បានចូលរួមក្នុងពិធីបុណ្យនេះ និងមានទឹកមុខស្រស់ស្រាយសប្បាយរីករាយ ដែលបានជួបមុខអតីតសិស្សរបស់លោក។ ថវិកាជាច្រើន ដែលបានទទួលបានពីការចូលជាបច្ច័យក្នុងពិធីបុណ្យនេះ ត្រូវបានរៀបចំជា “ ហិបសង្រ្គោះ២៥មីនា២០១៧ “ ដើម្បីចាត់ចែងយកទៅជួយដល់លោកគ្រូអ្នកគ្រូនិវត្តន៍ជនដែលមានជីវភាពខ្វះខាត ចាស់ជរាឈឺពិការ។ ហិបសង្រ្គោះនេះ បានជួយដល់លោកគ្រូអ្នកគ្រូចាស់ជរា ដែលជាអតីតគ្រូបង្រៀននៅសាលាដូចដែលបានរៀបរាប់ខាងលើ បានចំនួន៧៥រូប និងកំពុងបន្តស្វែងរកលោកគ្រូអ្នកគ្រូដែលមានជីវភាពខ្វះខាតបន្តទៀតផងដែរ។ អ្នកគ្រូសុខារី សមាជិកនៃហិបសង្រ្គោះនេះ បានឲ្យដឹងថា ប្រសិនបើជាសិស្សស្គាល់នូវលោកគ្រូអ្នកគ្រូណាដែលជានិវត្តន៍ជន ចាស់ជរា និងមានជីវភាពខ្វះខាត់ សិស្សអាចទាក់ទងមកកាន់អ្នកគ្រូផ្ទាល់ ដើម្បីឲ្យអ្នកគ្រូ និងក្រុមការងារហិបសង្រ្គោះចុះទៅជួយដល់ទីកន្លែង។ សម្រាប់ការចូលរួមបរិច្ចាគថវិកា និងផ្តល់ព័ត៌មាន លោកអ្នកអាចទាក់ទងមកកាន់អ្នកគ្រូ មៀច សុខារី តាមរយៈលេខទូរស័ព្ទលេខ ០១២ ៨០២ ០៨៩ ឬតាមរយៈហ្វេសប៊ុសអ្នកគ្រូផ្ទាល់ឈ្មោះ មៀច សុខារី។
ជាចុងក្រោយ អ្នកគ្រូ សង្ឃឹម និងសំណូមពរដល់ អតីតសិស្សដទៃ ដែលជាសិស្សសាលាដទៃទៀតនៅក្នុងប្រទេសកម្ពុជា អាចរៀបចំកម្មវិធីរំលឹកគុណគ្រូនេះដើម្បីតបស្នងសងគុណដល់គ្រូដែលបានបង្ហាត់បង្រៀនយើងឲ្យមានថ្ងៃនេះ និងប្រមែលប្រមូលគ្នីគ្នាបង្កើតជាហិបសង្រ្គោះ ឬជាមូលនិធិ ដើម្បីយកថវិកាទៅជួយដល់លោកគ្រូអ្នកគ្រូចាស់ៗ ដែលកំពុងជួបការលំបាកក្នុងការរស់នៅ។ លោកគ្រូអ្នកគ្រូចាស់ៗជាច្រើន តែងរំពឹងទុកចង់ជួបមុខសិស្ស ដែលលោកធ្លាប់បង្រៀនកាលពីមុន។ ការបានជួបជុំនេះ គឺជាថ្នាំមួយដែលជួយឲ្យលោកគ្រូអ្នកគ្រូមានក្តីសប្បាយរីករាយ និងបានដឹងពីដំណឹងសិស្សរបស់គាត់ដែលមានការងារធ្វើ និងជាពលរដ្ឋល្អក្នុងសង្គមនេះ។