ដឹងទេថា អ្នកអាចបំភ្លេចព័ត៌មានណាមួយដោយប្រើប៊ូតុង “លុបចោល”នៅនឹងខួរក្បាល?


អ្នកតែងតែឮអំពីការស្រាវជ្រាវផ្សេងៗទាក់ទងនឹងការរក្សាការចងចាំ និងដំណើរការផ្សេងៗនៃខួរក្បាល តែនៅពេលនេះ អ្នកនឹងមានការភ្ញាក់ផ្អើលជាមួយនឹងរបកគំហើញ របស់អ្នកវិទ្យាសាស្ត្រអំពីអាថ៌កំបាំងមួយទៀតគឺ ការប្រើប្រាស់នូវសមត្ថភាពក្នុងការលុបចោលនូវព័ត៌មានដែលមាននៅក្នុងខួរក្បាល។ នៅក្នុងទ្រឹស្តីចាស់មួយ លើកោសិកាប្រសាទបានលើកឡើងថា ការដែលចរន្តនៃកោសិកាខួរក្បាល(neurons) ត្រូវបានដំណើរការកាន់តែច្រើន នោះចរន្តនោះនឹងកាន់តែខ្លាំងក្លា ដែលអាចបកស្រាយបានដោយសាមញ្ញថា ការអនុវត្ត ឬប្រើប្រាស់កាន់តែច្រើន គឺកាន់តែល្អ។ ឧទាហរណ៍ បើអ្នកអនុវត្តការនិយាយភាសាណាមួយកាន់ តែច្រើននោះសមត្ថភាពនោះនឹងកាន់តែរឹងមាំ។ ប៉ុន្តែនាពេលថ្មីៗ មានការរកឃើញមួយទៀតអំពីការរៀនពីអ្វីមួយដែលត្រូវបានអះអាងថាសំខាន់ជាងការអនុវត្តនោះគឺ សមត្ថភាពក្នុងការលុបទៅវិញ ឬតាមន័យវេជ្ជសាស្ត្រ ជាការបំផ្លាញនូវបណ្តាញចាស់ៗដែលវាត្រូវបានគេហៅថា «ការកាត់ផ្តាច់បណ្តាញ synaptic ឬ “synaptic pruning”» ។
តើខួរក្បាលរបស់យើងធ្វើការលុបនេះដោយរបៀបណា?
ចាត់ទុកថាខួរក្បាលរបស់អ្នកជាសួនច្បារមួយដែលជំនួសឲ្យការដាំផ្កា ឬដំណាំ បែរជាដាំនូវបណ្តាញនៃកោសិកាប្រសាទ ឬ synaptic connections វិញ។ ឯ “Glial cells” ជាកោសិកាម្យ៉ាងដែលត្រូវបានដឹងថាជាអ្នកមើលថែសួនច្បារនៃខួរក្បាលនោះ ដោយវាមានសកម្មភាពជាអ្នកបង្កើនល្បឿន ការផ្តល់សញ្ញារវាងកោសិកាណឺរ៉ូនជាក់លាក់មួយចំនួន ខណៈដែល Glial cellsផ្សេងទៀតដើរតួផ្សេងៗគ្នាដែលក្នុងន័យប្រៀបធៀប វាហាក់បីដូចជាអ្នកនាំកាកសំណល់ចេញ អ្នកដកស្មៅ និងសម្លាប់សត្វល្អិតជាដើម។ ផ្ទុយទៅវិញ អ្នកកាត់បំផ្លាញសួននេះត្រូវបានហៅថា “microglial cells” ដែលវាកាត់ផ្តាច់បណ្តាញ synaptic នៃកោសិកាប្រសាទ។ អ្វីដែលអ្នកស្រាវជ្រាវបានរកឃើញនោះដឹង គឺបណ្តាញ synaptic ដែលត្រូវបានប្រើប្រាស់តិច នឹងត្រូវបានធ្វើការសម្គាល់ដោយប្រូតេអ៊ីនឈ្មោះ C1q។ នៅពេលដែលកោសិកាកាត់ផ្តាច់ ឬ microglial បានរកឃើញនូវការសម្គាល់នោះ ពួកវានឹងធ្វើការភ្ជាប់ទៅនឹងប្រូតេអ៊ីននោះ ហើយធ្វើការបំផ្លាញនូវបណ្តាញ synapseតែម្តង។ នេះជារបៀបដែលខួរក្បាលបង្កើតជាទីកន្លែង សម្រាប់ឲ្យអ្នកបង្កើតជាបណ្តាញថ្មីៗ និងរឹងមាំ ដែលមានន័យថាអ្នកត្រូវតែលុបនូវបណ្តាញចាស់ៗ ដើម្បីអាចទទួលបានបណ្តាញថ្មីៗ ឬរៀនអ្វីដែលថ្មី។
តើការគេងមានទំនាក់ទំនងយ៉ាងណាជាមួយនឹងដំណើរការនេះ? តើអ្នកធ្លាប់មានអារម្មណ៍ថាខួរក្បាលរបស់អ្នកហាក់ដូចជាពេញ ដែលជាទូទៅកើតឡើង នៅពេលអ្នករៀនអ្វីដែលថ្មីៗ ឬក៏ចាប់ផ្តើមការងារ ឬទម្លាប់ថ្មីណាមួយដែរឬទេ?
ប្រាកដណាស់!!! នៅពេលដែលអ្នករៀនអ្វីថ្មី ខួរក្បាលរបស់អ្នកនឹងធ្វើការបង្កើតជាបណ្តាញថ្មី ប៉ុន្តែពួកវាមិនទាន់មានប្រសិទ្ធភាពនៅឡើយ ពីព្រោះខួរក្បាលត្រូវការកាត់បំផ្លាញនូវបណ្តាញទាំងនោះចេញ និងបង្កើតជាបណ្តាញដែលប្រសើរ និងមានប្រសិទ្ធភាពជាងនេះ។ ដំណើរការទាំងនេះ ត្រូវធ្វើឡើងអំឡុងពេលដែលអ្នកគេងលក់។ គួរបញ្ជាក់ថា កោសិកាខួរក្បាលនឹងថយចុះដល់ទៅជាង 60% នៅពេលអ្នកគេង ដើម្បីបង្កើតជាចន្លោះសម្រាប់ឲ្យកោសិកា glial ដែលជាអ្នកមើលថែសួនអាចចូលមកបាន ធ្វើការកាត់ផ្តាច់នូវបណ្តាញដែលមិនត្រូវបានប្រើប្រាស់ និងយកនូវកាកសំណល់ចេញ។
ត្រង់ចំណុចនេះ តើអ្នកធ្លាប់ក្រោកពីការគេងដ៏ស្កប់ស្កល់ ដែលអាចឲ្យអ្នកគិតបានច្បាស់ និងលឿនជាងមុនដែរឬទេ?
នេះក៏ជាមូលហេតុផងដែលការគេងសម្រាកនៅពេលថ្ងៃ មានឥទ្ធិពលលើសមត្ថភាពក្នុងការរៀន និងការគិតរបស់អ្នក។ ការគេងរយៈពេល 10 ទៅ 20 នាទីនៅពេលថ្ងៃ អាចជួយឲ្យកោសិកា microglial មានឱកាសចូលមក និងអាចជម្រុះចេញនូវបណ្តាញនានាដែលមិនត្រូវបានប្រើប្រាស់ និងទុកចន្លោះឲ្យបណ្តាញថ្មីៗបាន។ ផ្ទុយទៅវិញ ការព្យាយាមគិតជាមួយនឹងខួរក្បាលដែលមិនបានគេងសម្រាក ហាក់ដូចជាការស្វែងរកផ្លូវនៅក្នុងព្រៃដ៏ស្តុក ដែលវានឹងធ្វើឲ្យអ្នកធ្វើបានយឺត គ្មានថាមពល និងមានការនឿយហត់។
តើអ្នកអាចគ្រប់គ្រងអ្វីដែលត្រូវលុបចេញពីខួរក្បាលរបស់អ្នកបានឬទេ?
បណ្តាញ synaptic ដែលអ្នកមិនប្រើប្រាស់ នឹងត្រូវបានសម្គាល់ទុកសម្រាប់ការយកទៅបំផ្លាញ ដើម្បីយកមកប្រើប្រាស់ឡើងវិញ រីឯបណ្តាញដែលត្រូវបានប្រើប្រាស់ គឺជាបណ្តាញដែលត្រូវបានមើលថែយ៉ាងល្អ ដើម្បីធ្វើឲ្យវាកាន់តែរឹងមាំ។ ទាំងនេះមានន័យថា ការជ្រើសរើសអ្វីមួយមកគិត ឬផ្តោតអារម្មណ៍ គឺជាការគ្រប់គ្រង លើការលុបបណ្តាញក្នុងខួរក្បាលរបស់អ្នក។ ជាឧទាហរណ៍ ប្រសិនបើអ្នកចំណាយពេលលើការប្រើប្រាស់ខួរក្បាលចំពោះការលេងហ្គេមជាជាងការងារអ្នកអាចទាយដឹងមិនខាន ថាបណ្តាញណាមួយនឹងត្រូវបានកាត់ផ្តាច់។
អ្នកត្រូវតែប្រើប្រាស់ខួរក្បាលរបស់អ្នកប្រកបដោយភាពវៃឆ្លាត ហើយការលុបចេញនូវអ្វីដែលធ្វើឲ្យអ្នកខាតប្រយោជន៍ ជារបៀបដែលធ្វើឲ្យអ្នកកាន់តែឆ្លាតឡើង។ វាពិតជាសាមញ្ញក្នុងការលុបនូវអ្វីម្យ៉ាងចេញពីខួរក្បាល ដោយអ្នកគ្រាន់តែបញ្ឈប់ការគិតអំពីវា ទោះបីជាអ្នកនឹងត្រូវបានរំលឹកឡើងវិញ ហើយប្តូរមកផ្តោត និងយកចិត្តទុកដាក់លើអ្វីផ្សេង នោះអ្នកប្រាកដជាអាចធ្វើឲ្យវាត្រូវបានសម្គាល់សម្រាប់បំផ្លាញចោលមិនខាន។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

