ជាថ្ងៃដែលខ្ញុំស្ទើរតែបញ្ចប់ជីវិតខ្លួនឯង...
ធ្លាប់មានរឿងរ៉ាវច្រើនដែលខ្ញុំធ្លាប់បានឆ្លងកាត់
តែមានរឿងមួយដែលគ្មានថ្ងៃដែលខ្ញុំមិនអាចភ្លេចបាន...
វាជាថ្ងៃដែលបង្រៀននូវមេរៀនជីវិតមួយដែលពិតជាផ្លាស់ប្តូរនូវការគិតរបស់ខ្ញុំ
រឿងមិនល្អជាច្រើនបានកើតឡើងក្នុងថ្ងៃតែមួយ
ហើយវាក៏ចាប់ផ្តើមពីពេលបើកភ្នែកក្រោកពីគេង រហូតដល់មុនបិទភ្នែកគេងវិញ
រាល់ព្រឹក ខ្ញុំឆាប់ភ្ញាក់ពីគេងណាស់ តែដោយសារតែយប់មិញ ជាប់មើលរឿងភាគបញ្ចប់
ទើបនៅដល់ជិតភ្លឺ ហើយក៏ជ្រុលម៉ោង គេងដោយមិនលឺសំឡេងនាឡិករោទិ៍...
ប្រញាប់ប្រញាល់រៀបចំខ្លួន តែស៊យត្រង់ថាឯកសណ្ឋានក៏មិនទាន់ស្ងួតទៀត
រកឆ្នាំងអ៊ុត អ៊ុតឲ្យរាងស្ងួតបន្តិច តែក៏រកបានឃើញដូចចិត្ត...
នៅក្បែរគ្រែល្អពេក តែដាច់ខ្សែតាំងពីពេលណាក៏មិនដឹង...
គ្មានជម្រើសទេ គឺត្រូវតែទៅទាំងនៅសើមតិចៗហ្នឹងហើយ
ជិះទម្រាំដល់សាលា ក៏ស្ងួតល្មមហ្នឹងឯង...
ប៉ុណ្ណឹងមិនទាន់អស់ទេ គឺថា ភ្លេចយកវ៉ែនតាមកទៀត ជិះម៉ូតូលឿនក៏មិនបាន
ជិះជិតដល់សាលា សល់តែមួយស្តុបទៀតសោះ តែក៏ឆ្លងមិនរួច
ចង្រៃអី...ម្នាក់ដែលជិះមុខហ្នឹង គេជិះទៅមុខ ក៏ខំជិះទៅដែរ...
ស្មានថាភ្លើងពណ៌បៃតង ដឹងអីពណ៌ក្រហមសោះ អស់លុយទាំងព្រឹក
ចូលដល់ក្នុងសាលា មិនទាន់បានដាក់ម៉ូតូរួចស្រួលបួលផង
ចាបនៅលើដើមស្វាយហ្នឹងក៏ប្រឹងជុះដាក់ចំពីលើកុងទ័រល្មម
ហ៊ើយ!!! ត្រឹមតែប៉ុន្មានម៉ោងដែលបើកភ្នែកមកនេះក៏មានរឿងស៊យដល់ម្ល៉ឹងហើយ...
តែ...នៅមិនទាន់អស់ទេ...គឺថា...
មានអារម្មណ៍ថាដូចរហើយរហើយខុសពីធម្មតា ដល់ពេលសម្លឹងមើលជើងខ្លួនឯង
ទើបដឹងថាប្រញាប់ពេក ដល់ថ្នាក់ច្រឡំពាក់ស្បែកជើងផ្ទាត់មករៀនទៀត
ខ្លាចត្រូវមាត់គ្រូ ក៏ប្រឹងរត់ឲ្យបានលឿន...លឿនមែនតើ!!! ហើយក៏...
ដាច់ស្បែកជើងបានដូចចិត្ត...ដាច់មធ្យម ងំគេដើរបុក ហើយក៏ដួលឡើងរលាត់ស្បែកឈាមទៀត
ឲ្យខ្លួនខ្ញុំអើយ!!! ថ្ងៃនេះជាថ្ងៃអ្វី???
ដឹងថាខ្លួនឯងទៅមិនទាន់ហើយ ក៏សម្រេចចិត្តគេចមួយម៉ោងសិន
កន្លែងដែលអាចនៅបាន គឺមានតែកង់ទីនហ្នឹងឯង...ជ្រុលជាមិនបានរៀនហើយ ញ៉ាំអីយកកម្លាំងវិញ
គ្រាន់តែដើរដោះស្បែកជើងសោះ ម្នាក់ៗប្រឹងសម្លឹងមើលម្ល៉េះហ្នឹង? ធ្វើមើលតែឯងហ្នឹងមនុស្សចម្លែកហើយហា៎...
អាហា៎!!! ក្រាស់??? អត់ចូលរៀនដែរ? ពេលបែបនេះសោះ ក៏មកបង្ហាញខ្លួនដែរយើងហ្នឹង...
«ថីហ្នឹង?ចោរលួចស្បែកជើង?»
«ហ្នឹងហើយ...លួចអស់លីងហ្មងពីទូស្បែកជើង រកតាមួយគូពាក់មិនបាន»
«យ៉ាប់ហាយើងហ្នឹង...ហើយម៉េចអត់ចូលរៀន?»
«ខ្ជិល!!!»
«អូខេ...ទៅប្រាប់គ្រូសិន...»
«ប្រាប់ៗទៅ...ចូលថ្នាក់ថ្មើរហ្នឹង នាំតាត្រូវមាត់គាត់ទេ...»
«អាវ៎!!!ប៉ះម៉ោងលោកគ្រូតា? អត់ទៅល្អជាង...»
«ចូលទៅហី?»
«ហើយអត់គិតថានឹងទិញស្បែកជើងថ្មីទេ? ប្រុងដើរជើងទទេម៉្ងៃហ្មងមែន?»
«ទើបតាដាច់មិញហ្នឹង...ជួយទៅទិញឲ្យតិចម៉ោ...»
«ឲ្យលុយម៉ោ...»
ព្រះអើយ!!! ភ្លេចកាបូបលុយទៀត??? អស់លីង!!! សំណាងដែរ អាប៉ិហ្នឹងចិត្តបាន...ចេះជួយយកអាសារគ្រាន់...ជាតារាសំណាងឲ្យច្បាស់ក្រឡែតនៀក...
គ្រប់យ៉ាងរលូនតែពេលចូលក្នុងថ្នាក់ហ្នឹង...ពេលចេញពីរៀន គឺថាម៉ូតូបែកកង់...
លក្ខណៈថា ទេវតារៀបសាច់រឿងនៃដំណើរជីវិតរបស់ខ្ញុំថ្ងៃនេះ ឲ្យដុនដាបខ្លាំងហ្មង...
អូនសេដ!!! តែក៏ហេងម្យ៉ាង!!! បានcrushជូនទៅផ្ទះ...តែក៏ព្រោះតាប៉ិហ្នឹងចង់ខ្ចីសៀវភៅដែរ ទើបបង្ខំចិត្តtake me homeនោះ...មានអារម្មណ៍ថាពេលនៅជាមួយម្នាក់ហ្នឹង រឿងល្អៗក៏កើតមាន...ឬមួយគេពិតជាmy lucky startមែន៎??? បើមែននោះ ជុបជុបដល់ហើយ...
គ្រាន់តែដើរចូលក្នុងបន្ទប់គេង ភ្លើងក៏ដាច់...តែបានភ្លៀងធ្លាក់យោង...បែបនេះទៅ ត្រជាក់ស្រួលបន្តិច បើទោះមិនមានកង្ហារក៏គេងបាន...តែ...crush ទទឹកជោគហើយទេដឹង? ឆាតទៅសួរសិន...អាកាសធាតុបែបនេះ ឆាតជាមួយមនុស្សដែលខ្លួនលួចចូលចិត្ត ពិតជាកក់ក្តៅណាស់...
ប៉ុន្តែ...នរណាគេtagអីហ្នឹង? លទ្ធផលអាហារូបករណ៍តើ!!! គឺ....បានត្រឹមបម្រុង??? ហេតុអី??? ឱកាសសិក្សាដែលខំប្រឹងតាមចាប់មកឡើង២ឆ្នាំហើយ តែក៏នៅតែមិនជាប់ជាស្ថាពរសោះ...វាសនាបានចេញក្រៅឬអត់ទេ?
ខ្ញុំយំ...យំតែម្នាក់ឯង ព្រោះពិតជាមិនដឹងថាគួរនិយាយប្រាប់នរណា...
ប្រុងថានឹងប្រាប់ក្រាស់ តែគេក៏ផ្ញើរូបថតគេកំពុងញ៉ាំអីជាមួយមនុស្សស្រីម្នាក់ឲ្យមើលល្មម...ចឹង មិនមានហេតុផលអីត្រូវរ៉ាយរ៉ាប់ប្រាប់គេទេ...
ឈឺលើសដើម...ឈឺគុណនឹង២...អារម្មណ៍បាត់បង់ឱកាសដែលប្រឹងចាប់យូរហើយ បូកនឹងអារម្មណ៍ដឹងថាមនុស្សដែលខ្លួនស្រលាញ់កំពុងនៅក្បែរនារីដទៃ ក្នុងពេលតែមួយបែបនេះ...និយាយមិនចេញទេ...
យប់ថ្មើរនេះហើយ តេទៅប៉ាម៉ាក់ក៏មិនសម...មិត្តភក្តិ?ម្នាក់ៗដូចជារវល់ដល់ហើយ...សំបូរអ្នកActive Nowដែរ តែដូចមិនហ៊ានរំខានគេសោះ...ខ្លាចលោតែគេសើចចំអក ហើយមើលស្រាលទេ...ជីវិតអើយ!!! ងងឹតម្ល៉េះ???
មេឃភ្លៀងធ្លាក់ក៏កាន់តែខ្លាំង ទឹកភ្នែកដែលហូរក៏មិនឈប់...
ហេតុអីជីវិតមនុស្សយើងត្រូវពិបាកយ៉ាងហ្នឹង???ខំបើកចម្រៀងញាក់ៗដែលចូលចិត្តខ្លាំងៗហើយ នៅតែមិនប្រសើរ...ដំណាក់កាលថា រសជាតិជីវិតបន្តិចក៏មិនមានសោះហ្មង...
បានត្រឹមscrollហ្វេសប៊ុកចុះឡើង ហើយក៏មានឆាតមួយមកល្មម គឺមនុស្សម្នាក់ផ្ញើលីងវីដេអូមួយម៉ោ ជាមួយនឹងសារបែបនេះ...
«ប្រហែលជាពិបាកចិត្តណាស់ហើយ...មើលវាសិនទៅណា៎ ហើយត្រូវចាំថា មិនថាមានរឿងអ្វីកើតឡើង ម្នាក់នេះនឹងនៅចាំស្តាប់រឿងរ៉ាវរបស់អ្នកជានិច្ច...May I be your lucky star???» (វីដេអូមាននៅខាងក្រោម ឬចុចត្រង់នេះ )
ការពិតទៅ វីដេអូហ្នឹងមិនសូវជាប៉ុន្មានទេ តែពិតជាមានន័យសម្រាប់មនុស្សដែលកំពុងតែបាក់ទឹកចិត្តដូចខ្ញុំពេលនេះ ទឹកភ្នែកបន្តហូរពេលដែលមើល តែហូរព្រោះរំភើប...អារម្មណ៍បែបវិជ្ជមានវិញហើយ...បើមិនមានគេ មិនដឹងថាខ្ញុំនឹងបន្តគិតបែបអវិជ្ជមានដល់ណាទៀតនោះទេ...
សម្រាប់អ្នកវិញ អាចនឹងមិនមានគេផ្ញើជូនបែបនេះ តែកុំធ្វើដូចខ្ញុំអី...កុំគិតថាមិនមាននរណាសោះដែលអាចចែករំលែករឿងក្នុងចិត្តបាន...មិនថាម៉ោងណា ពេលណា ស្វែងរកជំនួយ...អ្នកមិនអាចដឹងទេថា កម្រិតនៃការគិតអវិជ្ជមានរបស់អ្នកក្នុងពេលខ្លី អាចនឹងនាំឲ្យអ្នកធ្វើរឿងអ្វីខ្លះនោះទេ...
កុំលាក់ទុក...រកមនុស្សដែលអ្នកទុកចិត្ត ហើយនិយាយប្រាប់គេពីរឿងក្នុងចិត្តណា៎!!!
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ