គ្រូពេទ្យខ្មែរសុទ្ធតែគ្មានបានការ!
គ្រូពេទ្យសុទ្ធតែមុខលុយ អ្នកក្រមិនព្យាបាល មើលថែតែអ្នកមាន មិនដឹងថាធ្វើគ្រូពេទ្យធ្វើស្អីទេ បើមិនចេះព្យាបាលអ្នកជំងឺ ទុកឲ្យអ្នកជំងឺស្លាប់!
ជារឿយៗ ពាក្យប្រមាទទាំងនេះ និងជួនកាលលើសពីនេះទៀតត្រូវបានគេប្រើប្រាស់ពាសពេញបណ្តាញសង្គម នៅពេលដែលមានរឿងមួយកើតឡើងទាក់ទងនឹងគ្រូពេទ្យ ហើយយើងតែងតែសង្កេតឃើញថា វីដេអូថតនៅមន្ទីរពេទ្យ ស្រែកឡូឡានៅពេទ្យ ត្រូវបានចែករំលែកពេញហេ្វសប៊ុក ទាំងអ្នកខ្លះមិនទាន់បានមើលវីដេអូ ពេញលេញ ឬអានអត្ថបទចប់នៅឡើយ។ តើគ្រូពេទ្យនៅស្រុកខ្មែរពិតជាសុទ្ធតែអន់ដលម្លឹងឬ?
បរិបទមួយដែលម្នាក់ៗកំពុងតែព្យាយាមចាប់កំហុសគ្នាទៅវិញទៅមក ចែករំលែកព័ត៌មានមិនមានប្រភពច្បាស់លាស់ ឬពេញលេញ ដើម្បីទទួលបានប្រជាប្រិយ និងរកប្រាក់ចំណូលតាមរយៈហ្វេសប៊ុក បានបង្កើតជាក្រដាសខ្មៅមួយផ្ទាំងដ៏ធំដែលបែងចែកសាធារណជន និងក្រុមគ្រូពេទ្យ។ ជាការពិតណាស់ មិនមែនក្រុមគ្រូពេទ្យទាំងអស់សុទ្ធតែល្អនេាះទេ តែក៏មិនមែនមានន័យថាពួកគាត់សុទ្ធតែអាក្រក់នេាះទេ ប្រៀបបាននឹងវិជ្ជាជីវៈផ្សេងៗដែរតែមានមនុស្សល្អ និងអាក្រក់។ តើអ្នកមានអារម្មណ៍បែបណាប្រសិនបើអ្នកជាអ្នកលក់ចាប់ហួយ ហើយពេលមានរឿងអីមួយទាក់ទងនឹងហាងចាប់ហួយមួយ ស្រាប់តែគេជេរថាអ្នកលក់ចាប់ហួយសុទ្ធតែកោរលុយ បោកប្រាស់! ចុះបើអ្នកជាអ្នកលក់បាយ ស្រាប់តែមានរឿងហាងបាយមួយផ្សេងថាអង្ករផ្លាស្ទីក ហើយគ្រប់គ្នាជេរថាពួកលក់បាយសុទ្ធតែចោរម្សៀត រកតែចំណេញមិនខ្វល់ពីសុខភាពគេឯង! អ្នកនឹងមានអារម្មណ៍បែបណា បើអ្នកជាមនុស្សម្នាក់ដែលមិនដែលធ្វើអ្វីអាក្រក់ចឹងផង? គេថាទាល់តែប៉ះខ្លួនឯងបានដឹងថាឈឺប៉ុណ្ណា។ ជាការពិតណាស់ ករណីមួយចំនួនពិតជាកំហុសរបស់ក្រុមគ្រូពេទ្យមួយចំនួន តែជាច្រើនករណីដែលក្រុមគ្រូពេទ្យត្រូវបានគេចោទប្រកាន់ និងជេរប្រទិច រហូតពិបាកទទួលយកបាន។ គ្រូពេទ្យគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលមានចិត្តចង់រៀនផ្នែកនេះដើម្បីសង្រ្គេាះមនុស្ស តាមសមត្ថភាពរបស់ពួកគាត់រៀងៗខ្លួន។ គ្រូពេទ្យមិនមែនជាទេវតាដែលអាចប្រោសមនុស្សគ្រប់គ្នាឲ្យរស់នៅបានទេ។ គ្រូពេទ្យម្នាក់ៗត្រូវរៀនមិនតិចជាង ៧ ឆ្នាំនេាះទេ នេះមិនទាន់រាប់បញ្ចូលរៀនឯកទេសផ្សេងៗផង អញ្ចឹងហើយការតស៊ូព្យាយាម ឆ្លងកាត់ភាពតប់ប្រមល់ពិតជាមិនតិចទេ ទម្រាំអាចមើលថែអ្នកជំងឺម្នាក់ៗបាន តើមានមនុស្សប៉ុន្មាននាក់ដែលអាចតស៊ូបានបែបហ្នឹង? ក្នុងវិជ្ជាជីវៈមួយតែងតែមានមនុស្សល្អ និងអាក្រក់ មនុស្សមានសមត្ថភាព និងអសមត្ថភាព ចុះហេតុអីបានជាកូនខ្មែរគ្រប់រូបមិនព្រមថយក្រោយមួយជំហាន ហើយគិតវិភាគឲ្យបានស៊ីុជម្រៅលើតត្តភាពជាក់ស្តែង ហើយស្តែងចេញនូវពាក្យពេជ្យដែលមានសុជីវធម៌ និងប្រកបដោយសេចក្តីថ្លៃថ្នូរ? តើអនាគតទៅជាយ៉ាងណា បើខ្មែរស្អប់គ្នាដល់ម្លឹង ថ្ងៃនេះ ជាមួយគ្រូពេទ្យ ថ្ងៃក្រោយបន្ថែមភាពស្អប់ជាមួយប៉ូលីស មេធាវី ចៅក្រម ប្រហែលជាថ្ងៃណាមួយសម្បីតែអ្នកលក់ចាប់ហួយ លក់បាយ លក់បន្លែ លក់ទឹកអំពៅ ក៏ត្រូវបានផ្នត់គំនិតបែបនេះបង្វែរឲ្យស្អប់គ្នាទៅវិញទៅមកដែរ។
តើពាក្យជេរប្រទិច ប្រមាទមាក់ងាយ ផ្តល់នូវប្រយោជន៍អ្វីខ្លះដល់អ្នក?