ខ្លះៗនៃរឿង«ខូចចិត្តអាជីព» ពីជីវិតស្នេហានៃអ្នកខូចចិត្ត..
គ្រាន់តែដឹងថាបានសំបុត្រទៅចូលរួម«ពិធីជប់លៀងលាភាពខូចចិត្ត» ឡើងរំភើបហ្មង…ដោយហេតុថា មនុស្សម្នាក់នេះក៏ជាអ្នកខូចចិត្តអាជីពម្នាក់ដែរ…
រីកមុខរីកមាត់ រីកបេះដូង តាំងពីគ្រាន់តែមើលTrailer…ហើយក៏ជារឿងដែលidolនិពន្ធផង មិនសប្បាយចិត្តម៉េចបាន…រឹតតែសំខាន់ គឺថា ក៏ជាអ្នកសេ្នហាអ្នកលេងកីឡាបាល់ទាត់ដែរ…និយាយទៅ គឺប៉ងមើលហ្មង…
ថ្វីត្បិតមិនសូវចូលចិត្តដ្រាម៉ាដូចគេ តែមើលរឿងនេះហើយ ក៏ចាំបានពាក្យខ្លះៗដែលជាសម្តីតួអង្គនៅក្នុងរឿងផ្ទាល់(សូមអភ័យទោស ដែលមិនចាំទាំងស្រុង ហើយក៏មិនបានចាំថាតួអង្គណាខ្លះ ហើយក៏មិនបានដាក់តាមលេខរៀង)…គិតថា គួរតែចែករំលែក ទើបព្យាយាមចងក្រងជាអត្ថបទខ្លីនេះ…
១ ស្នេហាមិនមែនជាកាតព្វកិច្ច តែជារឿងបេះដូង
មិនមែនព្រោះតែអារម្មណ៍គិតថាត្រូវតែធ្វើ ឬគួរធ្វើ បានស្រលាញ់ ឬនៅក្បែរគេនោះទេ…សំខាន់ ទាល់តែបេះដូងមានអារម្មណ៍ថាម្នាក់ហ្នឹងហើយ!!! ម្នាក់ហ្នឹងពិតមែនហើយ!!!ដែលបេះដូងត្រូវការ
២ បើមិនមែនជាគូ មិនថាស្រលាញ់យូរយ៉ាងណាក៏មិនអាចជួបគ្នា
ត្រឹមត្រូវណាស់!!! បើជាគូ…មិនថាយូរ ឬឆាប់ អ្នក និងគេនឹងបានជួបគ្នា ហើយបន្តនិស្ស័យស្នេហ៍ទៅមុខទៀត
៣ ថ្នាំទិព្វព្យាបាលរបួសបេះដូងរបស់យើង គឺម្នាក់នោះ ម្នាក់ដែលនឹងបញ្ឈប់ភាពខូចចិត្តរបស់យើង
មិនថាធ្លាប់ខូចចិត្តប៉ុន្មានដង…ដឹងតែដល់ពេលមួយ ដែលអ្នកអាចរកថ្នាំទិព្វមកបន្សាបរបួសផ្លូវចិត្ត ដំបៅបេះដូងរបស់អ្នកមិនខាន…បើឆ្នាំមុនមិនទាន់ជួប អាចឆ្នាំនេះ បើឆ្នាំនេះមិនទាន់អាចឆ្នាំក្រោយ តែបើឆ្នាំក្រោយមិនទាន់ទៀត គឺអាចឆ្នាំបន្ទាប់ទៀត…«ឲ្យតែរង់ចាំដោយចិត្តស្មោះ ថ្ងៃណាមួយ គេនឹងបង្ហាញខ្លួនជាមិនខាន»
៤ បើឲ្យតម្លៃតែទៅលើរូបសម្បត្តិ វាមិនមែនជាស្នេហានោះទេ
ចាំណាថា…រូបសម្បត្តិ ជាទ្រព្យក្រៅកាយ ហើយវាក៏មិនស្ថិតស្ថេរនោះដែរ…នៅមានកត្តាជាច្រើនទៀត ដែលត្រូវរួមផ្សំគ្នា ដើម្បីឲ្យចំណងស្នេហ៍មួយបានស្ថិតស្ថេរ
៥ ខូចចិត្តខ្លាំងប៉ុណ្ណា ត្រូវប្រាកដថានឹងមិនបញ្ចប់ជីវិត ឬបិទផ្លូវដើររបស់ខ្លួនឡើយ (គិតខ្លួនឯង)
ជីវិតមួយៗថ្លៃណាស់ណា…ដឹងទេ ម្តាយរបស់អ្នកខំចំណាយពេលយូរប៉ុណ្ណាក្នុងការចិញ្ចឹមបីបាច់អ្នក ទម្រាំបានមកដល់សព្វថ្ងៃនេះ? កុំព្រោះតែរបួសផ្លូវចិត្តមួយគ្រា ក៏បញ្ចប់នូវអ្វីៗគ្រប់យ៉ាង…«ជីវិតនៅមានថ្ងៃស្អែករហូត បើអ្នកមានឆន្ទៈក្នុងការបន្តវា…»
ក្រៅពីមេរៀនស្នេហា ក៏មានមេរៀនជីវិតផ្សេងទៀតដែលអ្នកអាចរៀនបានពីរឿងស្នេហាយុវវ័យមួយនេះផងដែរ…កុំភ្លេចទៅមើល៎!!! ហើយជប់លៀងលាភាពខូចចិត្តណា៎…