ថ្ងៃនោះ ខ្ញុំស្ទើរតែស្លាប់ទៅហើយ ព្រោះទម្លាប់ធ្វើការងារច្រើនម៉ោង ហើយពេទ្យបា្រប់ថា…
ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តធ្វើការងារបំផុតហើយ មិនដឹងថាមកពីហេតុអីដែរ? ឬមកពីស្មារតីនៃការទទួលខុសត្រូវរបស់ខ្ញុំខ្ពស់ពេកទេដឹង…គឺថា…តាំងពីនៅរៀន រហូតដល់ចូលធ្វើការឲ្យគេ រហូតដល់បើករកស៊ីខ្លួនឯង គឺងប់ងល់នឹងការងាររហូតមក…
គេងក៏តិច ញ៉ាំក៏មិនដែលទៀងពេលហ្នឹងគេ ហើយបើនិយាយពីរឿងដើរលេងវិញ គឺកម្របំផុតហើយ…បើមិនមានឱកាសអ្វីពិសេសខ្លាំងទេ គឺមិនខ្ចីទៅតែម្តង តែបើលក្ខណៈbusiness trip វិញ ទៅដល់ណាក៏ទៅដែរ។ និយាយរួមទៅ ខួរក្បាលខ្ញុំពេលហ្នឹង គឺគិតថា «មនុស្សម្នាក់ៗចាំបាច់ត្រូវធ្វើការមានប្រយោជន៍គ្រប់វិនាទីដែលយើងមាន»។
ប៉ុន្តែ…ដល់ថ្ងៃមួយនោះ…ជាថ្ងៃដែលផ្លាស់ប្តូរទាំងស្រុងនូវការគិតរបស់ខ្ញុំ…ជាថ្ងៃដែលខ្ញុំឃើញទឹកភ្នែកប៉ាស្រក់ជាលើកទីមួយ…ជារយៈពេលដែលខ្ញុំគេងលើគ្រែពេទ្យយូរជាងគេ…ជាអំឡុងពេលដែលមិនអាចនឹងភ្លេចបាន!!!
ខ្ញុំមានពេលវេលាច្រើនណាស់ តែបែរជាគ្មានកម្លាំងកាយនឹងបញ្ចប់កិច្ចការដែលចង់ធ្វើបាន…បានត្រឹមតែគេងលើគ្រែពេទ្យ ហើយនឹកគិតដល់រឿងរ៉ាវដែលកន្លង…ជាពេលពិចារណាកំហុសឡើងវិញ!!! ចាំបានថា Steve Jobs ក៏បាននឹកឃើញនូវរឿងដ៏សំខាន់មួយផងដែរ ពេលដេលគាត់គេងលើគ្រែពេទ្យ មុននឹងស្លាប់ទៅ (អាចមើលត្រង់នេះបាន Steve Jobs....)
គ្រូពេទ្យដែលជាមិត្តរួមថ្នាក់កាលពីវិទ្យាល័យក៏តែងតែនៅនិយាយលេងជាមួយ ពេលដែលគេទំនេរ…ហើយអ្វីដែលគេនិយាយមុនគេ ក្រោយពេលដែលខ្ញុំដឹងខ្លួននោះ គឺ
«សួរតាមត្រង់ណា៎…អ្វីទៅជានិយមន័យនៃពាក្យ«ជោគជ័យ»របស់ឯង? ប្រសិនបើវារួមបញ្ចូលទាំងការស្លាប់នៅវ័យក្មេងនោះ បន្តធ្វើការងារងាប់មុខចឹងទៀតចុះ!!!»
មិនដែលឃើញគេខឹងដល់ថ្នាក់ហ្នឹងទេ តែក៏ដឹងថានិយាយបែបហ្នឹង ព្រោះតែបារម្ភពីខ្ញុំដែរ…ខ្ញុំមិនដឹងឆ្លើយតបយ៉ាងម៉េច ក៏បានតែនៅស្ងៀម។ គេក៏ហុចទូរស័ព្ទដៃមកឲ្យខ្ញុំអានអត្ថបទខ្លី តែខ្លឹមមួយ…អត្ថន័យ គឺថា…
«យោងទៅតាមការសិក្សាបែបវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា «ការធ្វើការច្រើនម៉ោងអាចសម្លាប់អ្នកបាន!!!»។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលដកស្រង់ពីការសិក្សាពេលថ្មីៗនេះ៖
•ការរំលងវិសម្សកាលអាចបង្កើនឱកាសនៃការកើតជំងឺគាំងបេះដូងពី ៣០%ទៅ៥០%នេះបើយោងតាមការសិក្សារយៈពេល៩ឆ្នាំ។
•ការធ្វើការច្រើនម៉ោងអាចបង្កើនអត្រាមរណភាពរហូតដល់២០%។
•ការរំលងវិសម្សកាលត្រឹមតែមួយឆ្នាំអាចបង្កើនការមានជំងឺធ្លាក់ទឹកចិត្ត ហើយអ្នកអាចនឹងស្លាប់ដោយសារជំងឺមហារីក។
•ប្រសិនបើអ្នកធ្វើការកាន់តែច្រើនម៉ោង ហានិភ័យនៃការមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលរបស់អ្នកក៏កាន់តែខ្ពស់។ ទោះបីជាការធ្វើការលើសពី៤០ម៉ោងក្នុងមួយសប្ដាហ៍ក៏អាចបង្កើនអត្រាការស្លាប់របស់អ្នកចំនួន១០%ដែរ។
•ការអង្គុយរយៈពេលយូរ (អាចជាការអង្គុយនៅមុខកុំព្យូទ័រ ឬក្នុងអង្គប្រជុំ) អាចបង្កើនហានិភ័យនៃការមានជំងឺទឹកនោមផ្អែម មហារីក និងស្លាប់នៅវ័យក្មេង។
សរុបមក ប្រសិនបើមេ ឬក្រុមហ៊ុនរបស់អ្នកបង្ខំឲ្យអ្នកធ្វើការលើសពី៤០ម៉ោងក្នុងមួយសប្ដាហ៍ (ទោះបីជាមានប្រាក់ថែមម៉ោងក្ដី ឬអត់ក្ដី) ពួកគេកំពុងតែបំផ្លាញតុល្យភាពការងារ និងតុល្យភាពជីវិតរបស់អ្នកហើយ។ វាក៏ដូចគ្នាផងដែរ ប្រសិនបើអ្នកធ្វើការឲ្យខ្លួនឯង និងធ្វើការច្រើនម៉ោងដោយគ្មានការឈប់សម្រាក ឬវិសម្សកាលនោះ។ បើអ្នកប្រព្រឹត្តិបែបនេះ គឺអ្នកកំពុងតែធ្វើអត្តឃាតខ្លួនឯងបន្តិចម្ដងៗហើយ។
អ្វីដែលគួរឲ្យអស់សំណើចអំពីការធ្វើការច្រើនម៉ោងនោះ គឺវាមិនបានបង្កើនផលិតភាពរបស់អ្នកទេ! បើទោះបីជាអ្នកគិតថាអ្នកបានធ្វើវាកាន់តែច្រើនក្ដី ប៉ុន្តែធាតុពិត គឺមិនមែនដូច្នេះទេ មានន័យថាអ្នកកំពុងតែប្រថុយជីវិតរបស់អ្នកហើយ។»
អានចប់ហើយ ទឹកភ្នែកក៏ហូរដោយមិនដឹងខ្លួន!!! គួរតែដល់ពេលហើយ…ដល់ពេលដែលត្រូវផ្លាស់ប្តូរខ្លួនឯងហើយ…ដល់ពេលដែលត្រូវក្លាយជាមនុស្សថ្មី ដើម្បីខ្លួនឯង!!!
សម្រាប់គ្រប់គ្នាដែលអាចដល់ត្រង់នេះ ខ្ញុំមានពាក្យខ្លះចង់ផ្តាំថា«កុំចាំដល់ឃើញក្តារមឈូសទើបស្រក់ទឹកភ្នែក កុំចាំដល់គេងលើគ្រែពេទ្យទើបអាណិតខ្លួន»