
ព្រោះតែការខូចចិត្ត ទើបក្លាយជាបែបនេះ…



ស្នេហាមានអំណាចខ្លាំងណាស់ ការចាប់ផ្ដើម គឺរីករាយស្រស់ថ្លា មានក្ដីសុខ រំជួលចិត្ដ រំភើបចិត្ដ ទាំងនេះក៏អាចរួមបញ្ចូល និង ការបែកបាក់មួយដែលគូស្នេហ៍ភាគច្រើន មិនបានគិតដល់ ត្រង់ការបែកបាក់នោះទេ ប៉ុន្ដែការបែកបាក់នោះ គឺតែងតែមានហេតុផល ហេតុផលនោះទោះបីជាមិនចង់ទទួលយក ក៏ត្រូវតែស្ដាប់ និងបើកចិត្ដទទួលយកវា មិនស្ដាប់ត្រូវតែលឺ មិនបើកចិត្ដទទួល គឺលទ្ធផលឈឺចាប់ ព្រោះយើងមិនចង់បាត់បង់ស្នេហានោះទេ ហើយចង់ប្រាប់ហេតុផលមួយឲ្យទៅស្នេហាបានដឹងថា មុននឹងទទួលយកអ្នក ខ្ញុំតាំងចិត្ដខ្ពស់ណាស់ទើបហ៊ានយកស្នេហាមួយនេះ ប៉ុន្ដែហេតុអ្វីបានអ្នកបោះបង់ខ្ញុំបែបនេះ?
ខូចចិត្ដមកពីមិនទទួលយកការបែកបាក់ គឺខ្ញុំបែកទាំងមិនអស់ចិត្ដ មូលហេតុមិនអាចទទួលយកបាន វាធ្វើឲ្យខ្ញុំខូចចិត្ដគ្រប់ពេល មិនឃ្លានបាយដោយសារតែស្នេហា យំគ្រប់ពេលដែលនៅម្នាក់ឯងព្រោះនឹកគេនឹកអនុស្សវិ៍យគ្រប់យ៉ាង កើតទុក្ខគ្រប់ពេល ព្រោះអ្វីដែលគិតទុកវាមិនអាចកើតមានឡើង រឹតតែឈឺចាប់ពេលនឹកឃើញម្ដងៗ តូចចិត្ដ ព្រោះគេមើលមិនឃើញការតស៊ូដែលយើងមានដើម្បីគេ ទោះលំបាកក៏ពេញចិត្ដគ្រប់យ៉ាងគឺដើម្បីគេម្នាក់គត់។ ទាំងអស់នេះហើយ ទើបធ្វើឲ្យមនុស្សម្នាក់ដែលមិនចេះផឹកស្រា ហើយយកស្រាជាត្រីមុខ បំបាត់បញ្ហាដែលបានឆ្លងកាត់ពេលដែលនឹកឃើញម្ដងៗ ព្រោះគិតថាមានតែស្រាទេ អាចយល់ចិត្ដ និងរឿងគ្រប់យ៉ាង ហើយក៏ក្លាយជាមនុស្សដែលចូលចិត្ដកន្លែងដែលស្ងប់ស្ងាត់ ដើម្បីព្យាយាមនៅក្នុងចិត្ដ និងអាចបញ្ចេញនូវអាការៈខូចចិត្ដទាំងទ្បាយឲ្យអស់។
អារម្មណ៍អស់សង្ឃឹមកើតមានឡើងគ្រប់ពេលឃើញគេរស់នៅដោយសប្បាយដោយគ្មានវត្ដមានយើង គឺឈឺចាប់ណាស់។ ម៉្យាងទៀត មិនចង់ទៅកន្លែងដែលធ្លាប់មានអនុស្សាជាមួយគេព្រោះចិត្ដវាប្រាប់ថាឈឺណាស់ ចេះតែសួរខ្លួនឯងថាខុសអ្វី?បានជាផ្ដាច់និស្ស័យស្នេហាបែបនេះ?
ចេះកុហកខ្លួនឯងថាអាចបំភេ្លចគេបាន ទាំងដឹងការពិតថាកំពុងតែនឹកគេស្ទើរស្លាប់ទៅហើយ គិតលើខ្លួនឯងថា យើងខ្វះចន្លោះត្រង់ណា?លែងមានភាពជឿជាក់លើខ្លួនគ្រប់យ៉ាង… ព្រោះតែស្រលាញ់គេទើបធ្វើឲ្យខ្ញុំភ្លេចខ្លួនមិនបានឲ្យតម្លៃសម្រាប់ខ្លួនឯង ចេះតែរករឿងគេ មិនទុកចិត្ដគេ ហើយបង្ហាញក្ដីស្រលាញ់គ្រប់យ៉ាង រួមទាំងចំណុចខ្សោយឲ្យគេបានឃើញ ហើយតែងតែគិតថា គេយល់ពីយើងគ្រប់យ៉ាង និងគិតថាយើងជាព្រះនាងសម្រាប់គេ តែការពិតមិនដូចយើងគិតទេ គឺខុសទាំងស្រុង ។
ឈឺចាប់ដូចនេះ ដូចជារបួសមួយដ៏ចម្លែក ដែលគ្មានថ្នាំព្យាបាល កាន់តែយូរវារឹតតែឈឺចាប់ណាស់ ព្រមទាំងដឹងគ្រប់យ៉ាង នៅតែមិនព្រមចេញពីភាពឈឺចាប់នេះទៀត ហើយយើងរស់នៅដោយយើង គេរស់នៅដោយគេ ត្រូវមើលថែខ្លួនឯង ប៉ុន្ដែ ខ្ញុំគិតថាខ្ញុំហត់ណាស់មិនចង់មើលថែខ្លួនឯងទេ គឺចង់ឲ្យគេមើលថែវិញ ព្រោះចង់បានភាពកក់ក្ដៅពីគេម្នាក់នោះ។
មនុស្សដូចខ្ញុំរងគ្រោះ ព្រោះតែយល់ពីអារម្មណ៍គេពេកទើបគ្មានពេលបញ្ចេញភាពម្ចាស់ការលើខ្លួនឯង រួចចេះតែស្ដាយក្រោយចង់ឲ្យពេលវេលាត្រលប់មកវិញ និងស្លាប់ពេលដែលមានក្ដីសុខនោះ ព្រោះពេលដែលបែកបាក់វាពិតជាពិបាកណាស់ ហើយក៏ជាការឈឺចាប់មួយដែលពិបាកជាងការដែលរស់នៅមានជីវិតលើផែនដីនេះទៅទៀត។
ទោះជាយូរយ៉ាងណា ក៏ការឈឺចាប់មួយនោះ នៅតែមានដល់ពេលជាអ្នកដទៃ ត្រូវបង្ខំចិត្ដសើច បង្ខំចិត្ដលាក់អារម្មណ៍ឯកា ហើយពេលខ្លះ ញុំាបាយលាយទឹកភ្នែកក៏មាន បើស្ដាប់ទៅប្រហែលជាអ្នកគ្រប់គ្នាមិនជឿទេ ប៉ុន្ដែ ខ្ញុំចង់និយាយថា វាជាការពិតដែលខ្លួនខ្ញុំនេះធ្លាប់បានឆ្លងកាត់សភាពបែបនេះ គឺក្ដីសង្ឃឹមមួយភាគរយក៏គ្មានដែរ…មកដល់ពេលនេះ!!!
តែងតែសួរខ្លួនឯងថា តើមានប៉ុន្មានដង អ្នកឈឺចាប់ដូចយើង ឫ ក៏គ្មានទេ ? ខ្ញុំក៏ចង់បានដៃគូឈឺចាប់ដែរ ប៉ុន្ដែមិនមាន បានត្រឹមអង្គុយមើលមេឃ ហើយស្ដាប់បទចម្រៀង ខូចចិត្តព្រមទាំងរៀបរាប់រឿងដែលឈឺចាប់មាននៅក្នុងចិត្ដថា ខ្ញុំឈឺណាស់ ខ្ញុំអន់ណាស់មែនទេ? ហេតុអ្វីចិត្ដដាច់ម៉េ្លះ? ហេតុអ្វីដាច់ចិត្ដចោរខ្ញុំ? ខ្ញុំមិនល្អត្រង់ណាម៉េចក៏មិនប្រាប់? បើអាចសុំជួបត្រឹម១នាទីដាច់ខ្យល់ស្លាប់ក៏ព្រម…ហើយអារម្មណ៍ឯកាវា
មកតាមលងខ្ញុំគ្រប់ពេលវេលា គ្រប់ពេល ឬខ្ញុំត្រូវឈឺចាប់បែបនេះរហូតទៅដល់ថ្ងៃស្លាប់។
លួចច្រណែនអ្នកមានគូសង្សារ លួចអន់ចិត្ដគ្រប់យ៉ាងគិតថាខ្លួនឯងអន់គ្រប់យ៉ាង តែងតែគិតថា រៀនខ្ពស់ មានការងារល្អ រាងស្អាត ទាំងអស់នេះសុទ្ធតែគ្មានប្រយោជន៍ទាំងអស់ ព្រោះគ្មានអ្នកត្រូវការបែបនេះទេ។
ធ្លាប់គិតថា…ពេលដែលមានគេ យើងតស៊ូគ្រប់យ៉ាង ដើម្បីឈានដល់ចំណងអាពាហ៍ពិពាហ៍ ការតាំងចិត្ដយ៉ាងរឹងមាំនេះ ទើបធ្វើឲ្យខ្លួនធ្លាក់ចូលក្នុងសភាពឈឺចាប់រហូតមកដល់ពេលនេះ។ រាល់ការស៊ូតគ្រប់យ៉ាង គឺដើម្បីប៉ាម៉ាក់បងប្អូន និងខ្លួនឯង តែងតែមានន័យ តែខ្ញុំគិតថាចំពោះគេ គឺមិនមានន័យទេ ប៉ុន្ដែទ្រាំទទួលយកអារម្មណ៍ទាំងនោះ គឺឲ្យតម្លៃខ្លួនឯងជាងនេះបន្ដិច ថ្លៃថ្នូវជាងនេះបន្ដិច ហើយបានត្រឹមតែគិតថា «មានតែរបស់ដែលយើងមិនធ្លាប់មានទេ ទើបមិនដែលបាត់បង់»។