មុនក្បាលស មិនធ្ងន់ធ្ងរតែគួរឲ្យធុញទ្រាន់!
មុនក្បាលស អាចមិនសូវជាមានការចាប់អារម្មណ៍ច្រើន ដោយហេតុថាជាទូទៅ មុនភាគច្រើនដែលកើតឡើងអាចស្តែងចេញជាពណ៌ខ្មៅ ឬក្រហមទៅតាមប្រភេទរបស់វា តែមុនក្បាលសក៏អាចបង្កជាផលរំខានដ៏គួរឲ្យធុញទ្រាន់ផងដែរ។ ខាងក្រោមនេះ ជាអត្ថបទលម្អិតស្តីពី មុនក្បាលស៖លក្ខណៈមុនក្បាលស មុនក្បាលស ជាមុនមួយប្រភេទ កើតឡើងដោយសារ ការស្ទះនៃខ្លាញ់ និងកោសិកាស្បែកងាប់ (Keratin) នៅក្នុងគល់រោម ឬរន្ធញើស។ រូបរាងរបស់មុនក្បាលស មានលក្ខណៈជាដុំពក ដែលតែងតែកើតលើតំបន់ផ្ទៃមុខដែលសម្បូរទៅដោយខ្លាញ់ ដូចជា ថ្ងាស និងចង្កាជាដើម។ ជាទូទៅមុនប្រភេទនេះមានពណ៌ដូចស្បែក ដោយសារវាមិនអាចមាន អុកស៊ីតកម្មជាមួយនឹងខ្យល់ ហើយវាមានលក្ខណៈខុសគ្នាពីប្រភេទមុនដទៃ ព្រោះមុនក្បាលស មិនមានរលាក មិនក្រហម និងមិនមានការឈឺចាប់ដោយគ្រាន់តែអ្នកជំងឺមានអារម្មណ៍ រដិបរដុប ផ្ទៃមុខមិនរលោង តែប៉ុណ្ណោះ។
ការធ្វើរោគវិនិច្ឆ័យ
មុនក្បាលស ត្រូវបានធ្វើរោគវិនិច្ឆ័យដោយធ្វើការមើលផ្ទាល់ទៅលើមុខ។ ផ្ទៃមុខមានសភាពមិនរលោង ស្ទាបទៅរដិបរដុប នៅជុំវិញគល់រោម និងកន្ទួលមានពណ៌សាច់។
វិធីសាស្រ្តក្នុងការព្យាបាល
ការព្យាបាលមុនក្បាលស អាចមានជម្រើស៖
• ថ្នាំលាបប្រភេទ Comedolytic (BenzoylPeroxide, Azelaic Acid, Salicylic Acid,Glycolic Acid និង Retinoid)ដោយលាបស្តើងៗទៅលើកន្លែងដែលមានមុន ១ដងឬ២ដង ក្នុងមួយថ្ងៃ
• ក្នុងករណីខ្លះយើងអាចធ្វើការបកចេញដោយញេច និងម៉ាស៊ីនបូមសម្អាត។
វិធីសាស្រ្តបង្ការ
ដោយសារវាអាចកើតឡើងទៅលើទាំងស្រ្តី និងបុរសផង ដូច្នេះ គួរមានការប្រុងប្រយ័ត្ន និងមានទម្លាប់ល្អតួយ៉ាង៖
• ប្រើប្រាស់ផលិតផលគ្រឿងសម្អាង គួរតែជាប្រភេទ Oil-free ឬNon-comedogenic
• លាងសម្អាតមុខ នៅពេលព្រឹក និងពេលល្ងាចជាមួយ Mild Soap ឬ Salyzap
• បញ្ឈប់ការជក់បារី
• ហាមញ៉ាំអាហារប្រភេទផ្អែម និងខ្លាញ់។
ករណីមានជំងឺមុនក្បាលស ឬបញ្ហាស្បែកទូទៅកើតឡើង អ្នកគួរប្រញាប់រួសរាន់មកពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យដែលមានជំនាញពិតប្រាកដ នៅតាមមន្ទីរពេទ្យដែលមានស្តង់ដារព្យាបាលខ្ពស់ ចៀសវាងបណ្តែតបណ្តោយឲ្យជំងឺមានសភាពកាន់តែធ្ងន់ធ្ងរ ដែលឈានដល់ដំណាក់កាលពិបាកព្យាបាល និងអាចខាតបង់ថវិកា រួមទាំងពេលវេលាសម្រាប់ការព្យាបាលកាន់តែច្រើន។
បកស្រាយដោយ ៖ លោកវេជ្ជបណ្ឌិត ប៊ី ពីកូ ឯកទេសជំងឺសើស្បែក នៃមន្ទីរពេទ្យ ព្រះកុសុមៈ
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ