Sanofi Cambodia វត្តមានជាង១០ឆ្នាំលើទឹកដីកម្ពុជា
Sanofi ជាក្រុមហ៊ុនចែកចាយឱសថ និងផ្គត់ផ្គង់ផលិតផលថែរក្សាសុខភាពឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានវត្តមាននៅលើទឹកដីអាណាចក្រអច្ឆិរយរយៈពេលជាង១០ឆ្នាំមកហើយ គឺចាប់ពីឆ្នាំ1992 ដោយបានធ្វើការចែកចាយផលិតផលរបស់ខ្លួនទៅកាន់២៥ខេត្ត-ក្រុងនៅក្នុងប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនSanofi បានដំណើរការប្រតិបត្តិការរបស់ខ្លួនជាមួយនឹងអាជីវកម្ម និងសកម្មភាពជាច្រើន (អាជីវកម្ម វ៉ាក់សាំង សម្ភារៈទ្រទ្រង់ និងផ្គត់ផ្គង់ថ្នាំពេទ្យ) ហើយក៏បានលក់ចេញនូវផលិតផលរបស់ខ្លួនក្នុងបរិមាណមួយគួរឲ្យកត់សម្គាល់។ លោក Nguyen Thi Ngoc Minh ប្រធានប្រតិបត្តិពាណិជ្ជកម្មនៃSanofi Cambodia ក៏បានផ្តល់កិត្តយសចូលរួមចែករំលែកនូវយុទ្ធសាស្រ្ត ក៏ដូចជាបទពិសោធន៍របស់លោកផ្ទាល់ជាមួយនឹង Sanofi Cambodia ដែលមានអត្ថន័យខ្លឹមសារដូចខាងក្រោម ៖
គួរបញ្ជាក់ផងដែរថា លោក Nguyen Thi Ngoc Minh ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ព្រមទាំងទំនុកចិត្តក្នុងតំណែងរបស់ខ្លួន បានបំពេញកិច្ចការជាមួយ Sanofi Cambodia រយៈពេល១០ឆ្នាំមកហើយ។ លោកបានជម្រាបជូនហេលស៍ថាមថា«រយៈពេលកន្លងមកដែលខ្ញុំបាននៅជាមួយSanofi Cambodia ជាពេលវេលាដ៏មានអត្ថន័យសម្រាប់ខ្ញុំ ដោយខ្ញុំកាន់តែមានទំនុកចិត្តលើការងារ ព្រមទាំងនៅតែបន្តមានភាពសាទរចំពោះការងារមួយនេះ។ ជាក់ស្តែង ខ្ញុំបានរៀនសូត្រច្រើនតាមរយៈការបំពេញនូវគម្រោង ក៏ដូចជាកិច្ចការជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ ហើយខ្ញុំក៏នៅតែមានភាពរីករាយនិងរំភើបចំពោះការងាររបស់ខ្ញុំជានិច្ច»។
ជាមួយនឹងសាខាទាំងក្នុង និងក្រៅប្រទេសជាច្រើន Sanofi Cambodia មានការផ្គត់ផ្គង់ផលិតផលច្រើនដោយរួមមានទាំងផលិតផលសម្រាប់ការព្យាបាល និងបង្ការ (វ៉ាក់សាំង)។ សម្រាប់ឱសថវិញ Sanofi ក៏មានផ្គត់ផ្គង់ផលិតផលសម្រាប់ជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែមជាដើម ព្រមទាំងផលិតផលសម្រាប់ដោះស្រាយបញ្ហាសុខភាពដែលងាយកើតមានញឹកញាប់ដូចជា អាការៈឈឺក្បាល (Doliprane) ឬអាហារបំប៉នដែលមានសារធាតុកាល់ស្យូម (Calcium Corbiere) ផងដែរ។
លោក Minh ក៏បានបន្ថែមទៀតថា កង្វល់ដែល Sanofi Cambodia ជួបប្រទះ គឺដោយសារតែជោគជ័យក្នុងពេលប៉ុន្មានឆ្នាំកន្លងមក ធ្វើឲ្យSanofi សោយសុខជាមួយនឹងជោគជ័យនោះ ជាហេតុធ្វើឲ្យដំណើរប្រតិបត្តិការហាក់ដូចជាមានការថយចុះ និងអន់ថយ ហើយទីផ្សារទៀតសោតក៏មានការធ្លាក់ចុះ នូវសក្តានុពលទាបជាងដៃគូប្រកួតប្រជែងរបស់ខ្លួនផងដែរ។ យ៉ាងណាមិញ Sanofi Cambodia ក៏មិនព្រងើយកន្តើយ ចំពោះការធ្លាក់ចុះនូវសក្តានុពលរបស់ខ្លួននេះដែរ ដោយបានសើរើ ក៏ដូចជាគិតគូរឡើងវិញទៅលើកត្តាបង្កភាពជោគជ័យ(KPI) សម្រាប់គម្រោង និងផែនការដែលកំពុងដំណើរការ ដោយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិក និងបុគ្គលិកក្នុងក្រុមហ៊ុនតាមរយៈការធ្វើការទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីស្វះស្វែងរកដំណោះស្រាយ ឬរៀនសូត្រពីអ្វីដែលថ្មី និងអាចជាប្រយោជន៍សម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុនផ្ទាល់។
ចំពោះដំណើរការប្រតិបត្តិ ជាពិសេសការដឹកនាំនៅក្នុងក្រុមហ៊ុនវិញ គឺមិនអាចចៀសផុតពីបញ្ហានៃភាពស្មុគស្មាញនោះឡើយ។ អ្វីដែលSanofi បាន និងកំពុងធ្វើការចល័ត ឬផ្លាស់ប្តូរក្រុមការងារតាមផ្នែកផ្សេងៗ ដើម្បីឲ្យយល់កាន់តែច្បាស់ និងឈានទៅរកការយល់ព្រមដោយពេញចិត្តចំពោះទំនួលខុសត្រូវ និងកាតព្វកិច្ចដែលខ្លួនត្រូវទទួលបន្ទុក។ ជាមួយគ្នានេះផងដែរ Sanofi ក៏កំពុងធ្វើការបន្ថែមនូវសក្តានុពល ក៏ដូចជាធ្វើការអភិវឌ្ឍលទ្ធភាព និងសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងក្រុមហ៊ុន ដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការបំពេញកិច្ចការងារ ឬដោះស្រាយបញ្ហាជាមួយនឹងមិត្តរួមការងារ និងអតិថិជនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។
នាពេលបច្ចុប្បន្ននេះ Sanofi Cambodia ធ្វើការគិតគូរចំពោះអតិថិជន និងអ្នកប្រើប្រាស់ចុងក្រោយ ដោយត្រៀមធ្វើការនាំចូលនូវបច្ចេកវិទ្យាប្លែកថ្មី ជាមួយនឹងទំនាក់ទំនងទៅកាន់អតិថិជនឲ្យបានកាន់តែជិតស្និទ្ធ និងទូលំទូលាយជាងមុន ដោយធ្វើការវិវឌ្ឍលើទំព័រហ្វេសប៊ុក ឬគេហទំព័រជាដើម។ ទន្ទឹមនឹងគ្នានេះផងដែរ Sanofi Cambodia ក៏កំពុងជួសជុលការិយាល័យរបស់ខ្លួន ដើម្បីរៀបចំបន្ទប់ និងកន្លែងកាន់តែទូលាយជាងមុនសម្រាប់ការហ្វឹកហាត់ និងបំពេញការងាររបស់បុគ្គលិកផ្ទាល់តែម្តង។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។