ក្រុមហ៊ុន ជីអេសខេ ធ្វើសន្និសីទស្តីពីជំងឺហឺតក្នុង ទិវាជំងឺហឺតពិភពលោក


ជារៀងរាល់ឆ្នាំ នាខែឧសភា ទិវាប្រឆាំងជំងឺហឺត តែងតែប្រារព្ធធ្វើនៅតាមបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក ក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ។ ការប្រារព្ធទិវានេះក៏ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ចំណេះដឹងអំពីជំងឺហឺត កាត់បន្ថយអត្រាស្លាប់ដោយជំងឺហឺត និងរួមចំណែកឲ្យអ្នកជំងឺហឺតអាចរស់នៅបានធម្មតាដូចអ្នកដែលគ្មានជំងឺហឺតដែរ។
ដោយឡែក នាព្រឹកថ្ងៃទី ៣ខែឧសភា ឆ្នាំ ២០១៧ នៅឯមន្ទីរពេទ្យព្រះកុសុមៈ ទិវាប្រឆាំងជំងឺហឺត ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន ជី អេស ខេ (GSK) និងសមាគមគ្រូពេទ្យសួតកម្ពុជាក្រោមប្រធានបទ «អ្នកអាចគ្រប់គ្រងជំងឺហឺតរបស់អ្នកបាន»។
លោកវេជ្ជបណ្ឌិត ម៉ក់ ប៊ុនឡុង អ្នកគ្រប់គ្រងកិច្ចការវេជ្ជសាស្រ្ត ផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ក្រុមហ៊ុន ជីអេសខេ (GSK) កម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន បានអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ មកធ្វើបទបង្ហាញស្តីអំពីជំងឺហឺតដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជនកម្ពុជាឲ្យកាន់តែច្បាស់អំពីជំងឺហឺត ការគ្រប់គ្រង និងផលវិបាករបស់ជំងឺហឺត។
លោកសាស្រ្តចារ្យ វ៉ាន់ មិច ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា យោងតាមរបាយការណ៍ចុងក្រោយចេញពេលថ្មីៗក្នុងឆ្នាំ ២០១៧ របស់ស្ថាប័នជំងឺហឺតពិភពលោក GINA បានបង្ហាញថា មានប្រមាណជា ១៨% នៃប្រជាជាតិនៅទូទាំងពិភពលោកបាន និងកំពុងរងជំងឺហឺត។ ស្ថាប័នជំងឺហឺតពិភពលោក បានកំណត់និយមន័យជំងឺហឺតថា «ជំងឺហឺតជាជំងឺផ្លូវដង្ហើមដែលមានពីកំណើតមានលក្ខណៈរ៉ាំរៃ ដែលស្តែងឲ្យឃើញតាមរយៈអាការៈដង្ហក់ ដកដង្ហើមបានខ្លីៗ ណែនទ្រូង និងក្អក ពិបាកដកដង្ហើម»។
លោកសាស្រ្តាចារ្យ នី ចន្ទី ដែលជាវាគ្មិននៅក្នុងកម្មវិធីមានប្រសាសន៍ថា ហឺតមិនមែនជាជំងឺឆ្លងនោះទេ ដូច្នេះសូមកុំមានការរើសអើងចំពោះអ្នកកើតជំងឺហឺត។ ចំពោះកត្តាដែលបណ្តាលឲ្យជំងឺហឺតមានរោគសញ្ញាធ្ងន់ធ្ងររួមមាន ការស្ថិតនៅក្នុងបរិស្ថានដែលមានរោមសត្វ ផ្សែងបារី សត្វល្អិត លម្អងផ្កា ការហាត់ប្រាណ និងបរិស្ថានដែលមានបាក់តេរីបង្កដោយវីរុសច្រើន។ ចំពោះរោគសញ្ញាធ្ងន់ធ្ងរបន្ទាប់ពីប្រើថ្នាំហឺតសង្គ្រោះបន្ទាន់មិនអាចជួយបានទៀត ក្អកពិបាកដកដង្ហើមឮងឺតៗ ឬណែនទ្រូង និយាយដាច់ៗ ពិបាកញ៉ាំឬពិបាកគេង ដោយសារដកដង្ហើមបានខ្លីៗ ចង្វាក់ដង្ហើមញាប់ ហើយមានអារម្មណ៍ថាមិនអាចដកដង្ហើមបានស្រួល។ រោគសញ្ញាទាំងនេះបើកាលណាកើតឡើងច្រើនថ្ងៃ ហើយធ្ងន់ធ្ងរបន្តិចម្តងៗ សូមកុំបង្អង់យូរ គឺត្រូវជួបគ្រូពេទ្យទទួលការព្យាបាលជាបន្ទាន់។
តើអ្នកជំងឺហឺតត្រូវធ្វើដូចម្តេចដើម្បីអាចរស់បានក្នុងជីវិតដូចធម្មតា?
លោកវេជ្ជបណ្ឌិត លាន គឹមស្រេង ដែលជាវាគ្មិននៅក្នុងកម្មវិធីនេះក៏មានប្រសាសន៍ផងដែរថា ជំងឺហឺតអាចព្យាបាលបាន ហើយអ្នកជំងឺហឺតអាចរស់នៅបានដូចធម្មតាដោយត្រូវចៀសវាងឲ្យបានពីកត្តាបង្កណាមួយខាងលើ និងត្រូវប្រើថ្នាំហឺតតាមការណែនាំរបស់គ្រូពេទ្យបានត្រឹមត្រូវ។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។

