ខ្វះអនាម័យខ្លួនប្រាណប្រយ័ត្នកើតមុន Pustule
មនុស្សទូទៅ សុទ្ធតែធ្លាប់ស្គាល់ថាមុនជាអ្វី មុនមាននៅលើផ្ទៃមុខ និងដងខ្លួន ប៉ុន្តែតើលោកអ្នកដឹងទេថា មានវត្តមានមុនមួយប្រភេទដែលគេឲ្យឈ្មោះថា មុន Pustule? ហេលស៍ថាម សូមនាំជូនលោកអ្នកនូវអត្ថបទស្តីពីមុនប្រភេទនេះ ដោយលោកវេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធាននៃគ្លីនិកជាតិ សើស្បែក
និងកាមរោគ។
និយមន័យ និងមូលហេតុ
មុន Pustule ជាមុនកើតពីមេរោគ Propiono-bacterium acnes ដែលគេហៅថា P.acnes។ មុននេះកើតច្រើន លើមនុស្សពេញវ័យ និងមនុស្សចាស់ដែលមានក្រពេញខ្លាញ់ធ្វើការលើសកម្រិត។ មួយវិញទៀត វាមានច្រើននៅលើផ្ទៃមុខ ខ្នងផ្នែកខាងលើ និងទ្រូងផ្នែកខាងលើ។ តាមលក្ខខណ្ឌជីវសាស្ត្រ ចាប់ពីពេញវ័យរហូតដល់អាយុជិត៣០ឆ្នាំ ទាំងប្រុសទាំងស្រីមានការផលិតអ័រម៉ូនអង់ដ្រូហ្សែន (Androgen) ច្រើន ដែល
ជំរុញឲ្យក្រពេញខ្លាញ់បញ្ចេញខ្លាញ់ក្នុងបរិមាណច្រើនលើសលុប។ នេះជាមូលហេតុដែលអាចឲ្យមេរោគ P.acneជ្រៀតចូលក្នុងរន្ធខ្លាញ់ ហើយកកើតកូនចៅ នៅក្នុងក្រពេញនោះ ដែលបណ្តាលឲ្យរលាកក្រពេញទៅជាដុំពក (Pustule)។
ការកើតមុនដោយ P.acnes ទៅជារ៉ាំរ៉ៃដល់ចាស់អាចមកពី៖
• ចំពោះមនុស្សស្រី មុននេះកើតមានច្រើនលើអ្នកមានជំងឺ Polycystic ovarian ដែលជាជំងឺជំរុញឲ្យអ័រម៉ូនអង់ដ្រូហ្សែន(Androgen) កើនឡើងពេញមួយជីវិត។
• ចំពោះមនុស្សប្រុស គាត់អាចមានក្រពេញសៀរ៉េណាល់ (Suprarenal glands)ធំជាងធម្មតា ដែលផលិតអ័រម៉ូនអង់ដ្រូហ្សែន (Androgen) ច្រើនហួស នាំឲ្យឡើងមុនធំៗរហូតដល់ចាស់។
កត្តាជំរុញ
មានកត្តាមួយចំនួនដែលធ្វើឲ្យកើតមុន Pustule មានដូចជា៖
• បញ្ហាអ័រម៉ូន
• កង្វះអនាម័យខ្លួនប្រាណ។
ការធ្វើរោគវិនិច្ឆ័យ
មុន Pustule ត្រូវបានកំណត់ដោយគ្រាន់តែមើលនឹងភ្នែក នូវរូបរាងរបស់វាតែប៉ុណ្ណោះ ដោយមិនចាំបាច់ឆ្លងកាត់តេស្តណាមួយឡើយ។
ការព្យាបាល
មុន Pustule អាចព្យាបាលបានដោយក្រែមលាបអង់ទីប៊ីយ៉ូទិក (Benzyl peroxide 5% ចំពោះផ្ទៃមុខ និង Benzyl peroxide 10% ចំពោះដងខ្លួន) ដែលជាថ្នាំជម្រើសទី១នៃការព្យាបាល។ ប៉ុន្តែ ការប្រើប្រាស់ក្រែមលាបនេះច្រើន ផ្តល់នូវផលរំខាន ដែលអ្នកកើតមុនមិនសូវជាអាចទទួលយកបាន ដូចជា រមាស់ ក្តៅ នៅនឹងកន្លែងលាប ដោយសារតែ ថ្នាំនេះមានលក្ខណៈសម្លាប់មេរោគផង និងមានលក្ខណៈជា Keratolyticផង។ ជម្រើសទី២ គឺការប្រើប្រាស់ថ្នាំសម្លាប់មេរោគប្រភេទលេបវិញ តែជួនកាល ក៏មានការប្រើប្រាស់ថ្នាំប្រភេទទាំងពីរ រួមបញ្ចូលគ្នា ក្នុងពេលតែមួយ តែម្តង។ ដោយសារមុនទាក់ទងទៅនឹងលក្ខខណ្ឌជីវសាស្ត្រទៅតាមវ័យរបស់មនុស្ស ការព្យាបាលក៏មិនប្រាកដថាអាចជាដាច់ទេ ព្រោះវាអាស្រ័យទៅនឹង បរិមាណអ័រម៉ូនអង់ដ្រូហ្សែន ដែលផលិតក្នុងខ្លួនបុគ្គលម្នាក់ៗ និងការអនាម័យខ្លួនផងដែរ។
វិធីបង្ការ
ដើម្បីការពារការកកើតឡើងនូវមុន Pustule គឺត្រូវរក្សាអនាម័យខ្លួនប្រាណ ដោយសម្អាតខ្លួន៣ទៅ៤ដងក្នុងមួយថ្ងៃ។
ការកើតមុន Pustule ជារឿងធម្មជាតិ ហើយវានឹងជាវិញដោយឯកឯង តែអ្នកកើតមុនវិញ បែរជាពិបាកនឹងទទួលយក ព្រោះវារំខានដល់ផ្លូវចិត្ត របស់ពួកគាត់ ពោលគឺធ្វើឲ្យមានភាពខ្មាស់អៀន និងបាត់បង់ទំនាក់ទំនងសង្គម។ ដូចនេះ ការព្យាបាលមុនគួរតែធ្វើ ដើម្បីការពារស្លាកស្នាមអចិន្ត្រៃយ៍ (មុខខ្មូត) និងចៀសវាងនូវការប៉ះទង្គិចផ្លូវចិត្តរបស់អ្នកកើតមុន។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។