ជាំមុខមិនមែនជាជំងឺ តែប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
មុខ ដែលមានត្រឹមតែស្នាម ឬអុជខ្មៅបន្តិចអាចធ្វើឲ្យអ្នករំខានចិត្តមិនតិចទៅហើយ ចុះបើការជាំដុំៗនៅមុខរបស់អ្នកវិញ តើវានឹងរំខានអ្នកយ៉ាងណា? ប្រាកដណាស់មុខរបស់អ្នកនឹងត្រូវបានកត់សម្គាល់យ៉ាងងាយស្រួលខណៈដែលមានការឡើងជាំដុំៗ ដែលសូម្បីមានការប្រើប្រាស់នូវគ្រឿងសម្អាងបិទបាំងហើយក៏ដោយ។ ថ្វីត្បិតតែការជាំមុខមិនត្រូវបានចាត់ទុកជាជំងឺ ក៏ប៉ុន្តែដោយសារតែវាមានឥទ្ធិពលមិនល្អដល់សុខភាពសម្រស់និងជាពិសេសគឺសុខភាពផ្លូវចិត្ត ព្រមទាំងអារម្មណ៍ ដូចនេះ មិនថាអ្នកបានជួបប្រទះនូវបញ្ហានេះហើយ ឬក៏មិនទាន់ជួប អ្នកពិតជាគួរស្វែងយល់ឲ្យបានច្បាស់អំពី មូលហេតុដែលបង្ក ព្រមទាំងដំណោះស្រាយសម្រាប់បញ្ហាដែលងាយនឹងជួបប្រទះនេះ។
I. បញ្ហាមុខជាំគឺជាអ្វី?
បញ្ហាមុខជាំ ត្រូវបានហៅថា Melasma ដែលជាការឡើងនូវពណ៌ក្រម៉ៅនៅលើស្បែកខុសពីប្រក្រតី។ ជាទូទៅ Melasma ច្រើនកើតចំពោះស្រ្តីច្រើនជាងបុរស ឯតំបន់នៅលើផ្ទៃមុខដែលកើតមានញឹកញាប់ជាងគេគឺនៅតំបន់ថ្ងាស ថ្ពាល់ផ្នែកខាងលើ និងចំហៀងជិតគុម្ពត្រចៀក ព្រមទាំងចង្កាជាដើម។
II. អ្វីខ្លះជាកត្តាជំរុញនៃបញ្ហាមុខជាំ?
• កម្តៅថ្ងៃ៖ ជាកត្តាមានឥទ្ធិពលលើស្បែកតាមរយៈការជះនៃកាំពន្លឺ UVA និង UVB ទៅលើស្បែក ដែលបង្កឲ្យខូចស្បែក។ កម្តៅថ្ងៃក៏ជាកត្តាជំរុញឲ្យកោសិកាពណ៌នៃស្បែក (Melanin) ធ្វើការបង្កើនចំនួន និងឡើងមកកកកុញនៅលើស្បែក ដែលនាំឲ្យស្បែកឡើងពណ៌ក្រម៉ៅខុសពីធម្មតាផងដែរ។
• កត្តាអ័រម៉ូន៖ អ័រម៉ូនអឺស្ត្រូសែន (Estrogen) របស់ស្ត្រី ក៏នាំឲ្យមានការកើនឡើងច្រើនខុសប្រក្រតីនៃកោសិកាពណ៌របស់ស្បែកដូចគ្នា (Melanin) ដោយសារកោសិកាទាំងនោះនឹងធ្វើការប្រមូលផ្តុំច្រើនឡើងជាមួយនឹងការកើនឡើងនៃអ័រម៉ូននេះ ដែលជាទូទៅគេប្រទះឃើញកើតមានចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីសម្រាលកូនរួចមុន៦ខែ និងស្ត្រីដែលប្រើថ្នាំពន្យារកំណើតប្រភេទ COC (Combined Oral Contraceptive) ដែលមានបរិមាណ Estrogen ច្រើនជាដើម។
III. អ្វីជាយន្តការដែលបណ្តាលឲ្យកើតជាបញ្ហាមុខជាំ?
Melasma ជាបញ្ហាដែលបណ្តាលមកពីការកើនឡើងនៃជាតិ Melanin បណ្តាលមកពីការជំរុញរបស់ Thyrosinase ដែលជាអ្នកធ្វើឲ្យមានការភ្ញោច(Stimulation)លើការបង្កើនឡើង នូវការផលិតកោសិកា Melanin យ៉ាងច្រើនលើសលប់ ដែលជាមូលហេតុនៃបញ្ហាមុខជាំនេះ។ ដោយឡែក ការកើនឡើងនូវសារធាតុ Thyrosinase នេះត្រូវបានដឹងថា មានការជាប់ទាក់ទងផងដែរទៅនឹងការបញ្ចេញជាតិពុលពីក្រពេញពកក (Thyroide)។សរុបមក គេសង្កេតឃើញថា បម្រែបម្រួលនូវអ័រម៉ូននៅពេលមានផ្ទៃពោះ និងក្រោយពេលមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំពន្យារកំណើតនិងការមានជំងឺនៅក្រពេញពកក ព្រមជាមួយនឹងបញ្ហាស្ត្រេស សុទ្ធតែជាកត្តាបង្កឲ្យមានបញ្ហាមុខជាំនេះឡើង។ ដូចដែលបានបញ្ជាក់ កត្តាកម្តៅថ្ងៃ ក៏ជាកត្តាមួយដែលជំរុញឲ្យ មានការកើនឡើងនូវការផលិត
កោសិកា Melanin ផងដែរ ហើយនេះជាយន្តការធម្មជាតិមួយដែលសរីរាង្គកាយយើងត្រូវបំពេញដើម្បីការពាររាងកាយប្រឆាំងនឹងកម្តៅថ្ងៃ (mechanism the response defense to ultraviolet)។
IV. បញ្ហាមុខជាំអាចត្រូវបានព្យាបាលយ៉ាងដូចម្តេច?
1. ការព្យាបាលមួយផ្នែកត្រូវធ្វើឡើងទៅតាមកត្តាមូលហេតុដែលបង្កជាបញ្ហាមុខជាំនេះផ្ទាល់ ដែលមានន័យថា៖
• ប្រសិនបើស្ត្រីកំពុងតែពិសាថ្នាំពន្យារកំណើត គាត់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំនោះសិន
• ចំពោះស្រ្តីទើបនឹងសម្រាលកូន ត្រូវរង់ចាំមើលរយៈពេល ៦ខែក្រោយសម្រាល
• ចំពោះស្ត្រីមានផ្ទៃពោះក៏ត្រូវរង់ចាំសម្រាលកូនរួចរយៈពេល៦ខែក្រោយសម្រាលដូចគ្នា។
តែទោះជាក្នុងករណីណាក៏ដោយ ការប្រើប្រាស់នូវមធ្យោបាយការពារកម្តៅថ្ងៃនានាក៏ត្រូវបានណែនាំទាំងចំពោះបុរស និងស្ត្រីដដែល ទៅតាមទម្រង់នៃប្រភេទរបស់ស្បែកដែលត្រូវបានបែងចែកជា៦ក្រុម។
2. ចំពោះការប្រើថ្នាំលាបផ្សេងទៀត ដើម្បីកាត់បន្ថយនូវការឡើងយ៉ាងខ្លាំងនៃពណ៌របស់ស្បែក (Hyperpigmentation) ក៏ត្រូវប្រើតាមដំណាក់កាលផងដែរគឺចាប់ផ្តើមពី Kliment I, Kliment II, Kliment III និងបន្តការពារការឡើងពណ៌ស្បែកឡើងវិញដោយពពួក Alpha Albutine ។ ចំពោះ Hydroquinone នៅតែមានការណែនាំឲ្យប្រើដដែលរួមជាមួយ Retine A និងពពួក Steroide ទៅតាមកម្រិតនៃការរលាករបស់ស្បែក។ បច្ចុប្បន្ន មានការព្យាបាលបន្ថែមឬ ទៅតាមកម្រិតនៃការឡើងពណ៌របស់ស្បែកដោយពពួក AHA ផងដែរ។
3. ចំពោះការព្យាបាលដោយថ្នាំលេបវិញ ការប្រើប្រាស់ Tranxamic acid (500mg) ពេលព្រឹក នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់សម្រាប់ការព្យាបាលដូចគ្នា។
ការព្យាបាលដ៏ត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាពនៃបញ្ហាមុខជាំទាមទារឲ្យអ្នកធ្វើការពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតឯកទេសដើម្បីស្វែងរកមូលហេតុនៃការបង្ក និងធ្វើការដោះស្រាយវាទៅតាមស្ថានភាពរបស់អ្នកជំងឺ ក៏ដូចជាដំណាក់កាលនៃបញ្ហាផ្ទាល់តែម្តង។ សូមអរគុណចំពោះការយកចិត្តទុកដាក់តាមដានការចែករំលែកខាងលើចំពោះព័ត៌មានកាន់តែច្បាស់លាស់ និងលម្អិត លោកអ្នកអាចស្វែងរកការពិគ្រោះ និងប្រឹក្សាយោបល់នៅ “រតនា ពិគ្រោះព្យាបាលជំងឺរោគស្ត្រី សើស្បែក និងកាមរោគ” ។
បកស្រាយដោយ វេជ្ជបណ្ឌិត ញ៉ែម ណាវីឯកទេសសើស្បែកនិងកាមរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនិងម្ចាស់បន្ទប់ពិគ្រោះជំងឺរតនា
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។