ភាពស្មុគស្មាញទាក់ទងនឹងការឈឺចុកចាប់ត្រង់សន្លាក់ឆ្អឹង
និយមន័យ
ការឈឺចាប់ត្រង់សន្លាក់ជង្គង់ គឺជាប្រភេទជំងឺរ៉ាំរ៉ៃមួយ កើតមានចំពោះមនុស្សគ្រប់វ័យទាំងបុរសនារី និងមានប្រភពមូលហេតុផ្សេងៗជាច្រើន។ ជាលទ្ធផល ជំងឺនេះគឺផ្តល់ការឈឺចុកចាប់ និងបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធ ក៏ដូចជាមុខងារនៃសន្លាក់ឆ្អឹងជង្គង់ផងដែរ។ ដោយហេតុថាជំងឺនេះត្រូវបាន
ជួបប្រទះជាញឹកញាប់ មិនថានៅបណ្តាប្រទេសផ្សេងៗ ក៏ដូចជាប្រទេសកម្ពុជាយើងផ្ទាល់ ការឈឺចាប់ត្រង់សន្លាក់ជង្គង់នេះ ត្រូវបានចាត់ទុកជាជំងឺមួយ ដែលគួរបង្កើនការយកចិត្តទុកដាក់ និងយល់ដឹងឲ្យបានច្រើន។
លក្ខណៈទូទៅ
តាមការបង្ហាញរបស់លោកវេជ្ជបណ្ឌិត គុជ គីមសួរ ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺទូទៅ និងសន្លាក់ឆ្អឹង បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
ផ្នែកមជ្ឈមណ្ឌលជំងឺចាស់ជរា និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានទទួលវគ្គបណ្តុះបណ្តាលសំខាន់ៗជាច្រើន រួមមាន ទាំងវគ្គបណ្តុះបណ្តាលជំនាញផ្នែកជំងឺសន្លាក់ និងឆ្អឹង ជាមួយ University of Western Sydney នៃប្រទេសអូស្ត្រាលីផងនោះ បានឲ្យដឹងថា ជាមធ្យមក្នុងចំណោមប្រជាជនកម្ពុជា១០០នាក់ គឺមាន៥នាក់កើតមានជំងឺសន្លាក់ឆ្អឹង ហើយទិន្នន័យនេះ នឹងកើនឡើងសមាមាត្រជាមួយនឹង កំណើននៃអាយុរបស់អ្នកជំងឺផងដែរ គិតជាមធ្យម៤ទៅ៥នាក់ ក្នុងចំណោមអ្នកជំងឺវ័យចំណាស់១០នាក់ ដែលមកពិគ្រោះផ្នែកជំងឺសន្លាក់ឆ្អឹង គឺមានបញ្ហាឈឺសន្លាក់ជង្គង់។ ដោយឡែក ស្ត្រីនិងអ្នកដែលលើសទម្ងន់ ក៏ជាអ្នកប្រឈមមុខខ្ពស់នឹងជំងឺនេះផងដែរ។
កត្តាបង្ក
ភាគច្រើននៃជំងឺឈឺសន្លាក់ជង្គង់ ជាទូទៅពុំមានមូលហេតុកំណត់ច្បាស់លាស់នោះទេ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត គុជ គីមសួរ។ យ៉ាងណាមិញ មានកត្តាជម្រុញមួយចំនួន ដែលត្រូវបានសន្និដ្ឋានថាជាកត្តាដែលបង្កឲ្យមានជាអាការៈនេះឡើង រួមមាន វ័យចំណាស់ ស្ត្រីភេទ និងសកម្មភាពមួយចំនួន ដូចជា ការទម្លាប់អង្គុយចោងហោងញឹកញាប់ ការឡើងជណ្តើរច្រើន ការលេងកីឡាប្រភេទធ្ងន់ ឧទាហរណ៍ការរត់ លើកដុំដែក ឬ ការងារប្រភេទធ្ងន់ដូចជា លីសែង
ជាដើម។ ទន្ទឹមនឹងនេះ ភាពលើសទម្ងន់ ឬធាត់ជាកត្តាដែលមានកម្រិតប្រឈមមុខខ្ពស់នឹងជំងឺរហូតដល់៤ ទៅ៧ដងធៀបនឹងអ្នកដែលមានទម្ងន់ធម្មតា។ រីឯកត្តាផ្សេងៗមួយចំនួនទៀតរួមមាន គ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ ឬការប៉ះទង្គិចដដែលៗ ច្រើនដងត្រង់សន្លាក់ជង្គង់ កត្តាតំណពូជ កត្តាបរិយាកាសសង្គម កត្តាស្ត្រេស និង ការជក់បារី ក៏មានឥទ្ធិពលដល់ការប្រឈមនឹងជំងឺផងដែរ។លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថាជំងឺមួយចំនួន ក៏មានការជាប់ទាក់ទង នឹងការកើតអាការៈឈឺសន្លាក់ជង្គង់នេះផងដែររួមមានដូចជា ជំងឺទឹកនោមផ្អែម និងលើសឈាមជាដើម។ ក្រៅពីនោះមូលហេតុច្បាស់លាស់មួយចំនួន ត្រូវបានអះអាង រួមមានការលើសជាតិអាស៊ីតអ៊ុយរិច ជំងឺប្រព័ន្ធភាពស៊ាំឬ Maladie Autoimmune (ឧទាហរណ៍ Poly-arthriter humatoïde) ជំងឺរលាកសន្លាក់បង្ករឡើងដោយសារមេរោគ (Arthrite Septique) ការរាលដាល នៃជំងឺមហារីកដែលធ្វើឲ្យឈឺចុកចាប់ ដល់ឆ្អឹងជង្គង់ ការកកហាប់រឹងនៃឆ្អឹងខ្ចីនៅសន្លាក់ជង្គង់ការបាក់បែកឆ្អឹង ឬដាច់សរសៃរយាង (Ligaments Osseux) ដែលចងភ្ជាប់រវាងឆ្អឹង និងឆ្អឹង កង្វះទឹកសន្លាក់ជង្គង់ ការដុះដុំសាច់នៅក្នុងស្រោមទឹកសន្លាក់ជង្គង់ ការគាបសរសៃវិញ្ញាណ រួមទាំងការពុក ឬស្ពោតឆ្អឹង ក៏សុទ្ធតែជាបច្ច័យអាក្រក់ ដែលនាំឲ្យកើតមានជំងឺឈឺសន្លាក់ជង្គង់នេះឡើងផងដែរ។
រោគសញ្ញា
គួរឲ្យដឹងផងដែរថា មានរោគសញ្ញាមួយចំនួន អាចស្តែងឲ្យឃើញពីជំងឺឈឺជង្គង់ដូចជា៖
• ការឈឺចុកចាប់ពេលធ្វើចលនា ដូចជា ការដើររត់ ឡើងជណ្តើរ ការយួររបស់ធ្ងន់ៗ
• ពេលខ្លះក៏មានការហើមជង្គង់ និងការឈឺចាប់ដោយឯកឯង
• ការរឹង គាំងចលនាសន្លាក់ ដែលបង្កឲ្យមានការពិបាកក្នុងការធ្វើចលនាសាមញ្ញមួយចំនួន ដូចជាការអង្គុយបត់ជើង
• អាការៈរលាកជង្គង់ដែលបង្ហាញដោយ ការឡើងស្នាមក្រហម ឡើងកម្តៅនៅត្រង់ជង្គង់ និងការឈឺចាប់ពេលស្ទាប ឬ សង្កត់
• ទំហំជង្គង់ធំជាងមុន ឬខូចទ្រង់ទ្រាយសន្លាក់ជង្គង់ជាដើម។
ទន្ទឹមនឹងនោះ ចំពោះមូលហេតុច្បាស់លាស់ខ្លះ ដែលបង្កជំងឺឈឺជង្គង់នេះឡើង អាចបង្ហាញនូវរោគសញ្ញាដូចជា (Signes Extra articuLaires) ការកើតដុំពកអាស៊ីតនៅស្បែក ការប្រែប្រួលសភាពស្បែក ការឈឺចាប់សាច់ដុំ ស្នាមក្រហម ឬ ស្នាមមេអំបៅលើមុខ ការជ្រុះសក់ ភាពហត់អស់កម្លាំង ស្លេកស្លាំង ឈឺទ្រូង ការប្រែប្រួលសភាពផ្លូវចិត្ត មានដំបៅ ឬពងបែកក្នុងមាត់ជាដើម ដែលទាំងអស់នេះច្រើនជារោគសញ្ញានៃជំងឺប្រគ្រីវ ឬ Gout និង Systemic Lupus Erythermatosus ជាដើម។
ការធ្វើរោគវិនិច្ឆ័យ
ចំពោះការធ្វើរោគវិនិច្ឆ័យជំងឺឈឺសន្លាក់ជង្គង់ តម្រូវឲ្យមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការសាកសួរលម្អិត អំពីជំងឺ និងប្រវត្តិនៃជំងឺ។ ទន្ទឹមនឹងនោះ ការថតឆ្អឹង និងសន្លាក់ឆ្អឹងជង្គង់ ដោយកាំរស្មីអិច និងការឆ្លុះអេកូសាស្រ្ត ក៏ត្រូវបានប្រើប្រាស់ផងដែរ ករណីមានហើម ឬមានទឹកដក់ នៅក្នុងសន្លាក់ជង្គង់។ លើសពីនេះ ករណីខ្លះក៏ទាមទារ នូវការបូមទឹកសន្លាក់ជង្គង់ មកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យរកមេរោគ និងកំណកជាតិអាស៊ីតអ៊ុយរិច ការវាស់កំហាប់ឆ្អឹង ក៏ដូចជាការពិនិត្យឈាមផងដែរ។
ការមកជួបគ្រូពេទ្យជំនាញដើម្បីធ្វើរោគវិនិច្ឆ័យ និងកំណត់មូលហេតុបង្កឲ្យបានច្បាស់ ជាកត្តាសំខាន់ក្នុងការទទួលបានការព្យាបាលដ៏ត្រឹមត្រូវ។ បើតាម វេជ្ជបណ្ឌិត គុជ គីមសួរ បានឲ្យដឹងទៀតថា ការព្យាបាលចម្បង គឺអាស្រ័យនឹងមូលហេតុនីមួយៗនៃជំងឺ។ ឧទាហរណ៍ ករណីរលាកដោយមេរោគតម្រូវ ឲ្យព្យាបាលដោយថ្នាំផ្សះ ដើម្បីសម្លាប់មេរោគ។ ករណីរលាកដោយការលើសជាតិអាស៊ីតអ៊ុយរិច ត្រូវព្យាបាលដោយប្រើប្រាស់ថ្នាំ និងធ្វើការតមចំណីមួយចំនួន។ មធ្យោបាយក្នុងការព្យាបាល គឺមានទាំងការប្រើប្រាស់ថ្នាំលេប ថ្នាំលាបនឹងកន្លែង និងអាចឈានដល់ថ្នាំចាក់ផងដែរ។ រីឯការវះកាត់ នឹងអាចត្រូវយកមកអនុវត្ត អាស្រ័យនឹងមូលហេតុបង្ក និងសភាពធ្ងន់ធ្ងរ ឬភាពចាំបាច់នៃជំងឺប៉ុណ្ណោះ។ ដោយឡែក ចំពោះការព្យាបាលដោយមិនបាច់ប្រើប្រាស់ថ្នាំ ក៏មានសារៈសំខាន់ផងដែរ ដែលក្នុងនោះរួមមាន ការព្យាបាលដោយចលនា ការស្អំត្រជាក់ ឬក្តៅត្រង់កន្លែងឈឺចុកចាប់ ការសម្រាកមួយកន្លែង ករណីអាការៈធ្វើទុក្ខ ឬឈឺខ្លាំង ការប្រើឧបករណ៍ឱបឆ្អឹង ឬរក្សាលំនឹងជាដើម។ រួមជាមួយគ្នាផងដែរ ការអប់រំអ្នកជំងឺ គឺជាកត្តាសំខាន់ដើម្បីទទួល បានលទ្ធផលល្អហើយ ក្នុងនោះ ការណែនាំឲ្យអ្នកជំងឺសម្រកទម្ងន់ បញ្ឈប់ការជក់បារី និងស្រា ចៀសវាងកីឡាធ្ងន់ៗ ហើយជំនួសវិញដោយការ ប្រើប្រាស់ចលនាដៃ ជើង យឺតៗដូចជា ការរាំ ចលនាថៃជិ ហែលទឹក ជាដើម។ ការដែលសំខាន់មួយទៀត គឺត្រូវព្យាបាលជំងឺផ្សេងៗ ដែលកំពុងមាន ឧទាហរណ៍ ជំងឺលើសឈាម ទឹកនោមផ្អែម ដើម្បីកាត់បន្ថយ ហានិភ័យនៃជំងឺឈឺជង្គង់។
ផលវិបាក
ផ្ទុយទៅវិញ ករណីដែលមិនមានការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចប្រឈមមុខនឹងគុណវិបត្តិជាច្រើន រាប់បញ្ចូលទាំងការវិវឌ្ឍនៃការរលាកខ្លាំងជាងមុន។ ការឈឺចាប់រ៉ាំរ៉ៃ និងការវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ ដូចជាការបាត់បង់នូវចលនា ឬមុខងារជង្គង់ ដែលជះឥទ្ធិពលអាក្រក់ដល់ការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ របស់អ្នកជំងឺ ពេលខ្លះក៏អាចឈានដល់ការខូចជាអចិន្ត្រៃយ៍នៃសន្លាក់ ករណីដែលការរលាកបង្កដោយមេរោគ។ កាន់តែធ្ងន់ធ្ងរនោះ ក្នុងមូលហេតុបង្កឡើងដោយសារមេរោគគឺ មេរោគមានឱកាសជ្រៀតចូលទៅក្នុងឈាម បង្កជាវិបត្តិធ្ងន់ធ្ងរ គំរាមកំហែងដល់អាយុជីវិត។ ក្រៅពីការខូចមុខងារសន្លាក់ និងទ្រង់ទ្រាយឆ្អឹង អ្នកជំងឺក៏ប្រឈមមុខនឹងអាការៈស្លេកស្លាំង និងការរលាកសន្លាក់រ៉ាំរ៉ៃផងដែរ។
វិធីការពារ
ទាក់ទងនឹងការការពារជំងឺឈឺចាប់ត្រង់សន្លាក់ជង្គង់ផ្ទាល់ គឺពុំមានអ្វីជាក់លាក់ទេ ការដែលសំខាន់គឺត្រូវបញ្ឈប់ ឬកាត់បន្ថយកត្តាជម្រុញផ្សេងៗ និងការធ្វើតំហែទាំសុខភាពឆ្អឹង និងសន្លាក់ សម្រកទម្ងន់ ចៀសវាងកីឡាធ្ងន់ បញ្ឈប់ការជក់បារី ផឹកស្រា និងចៀសវាងអាហារដែលបង្កឲ្យមាន ការកើនឡើងនៃជាតិអាស៊ីតអ៊ុយរិច។ ម្យ៉ាងទៀត យកល្អគួរចៀសវាងនូវចលនាមួយចំនួន ដូចជា អង្គុយចោងហោង ការលើករបស់ធ្ងន់ ការឡើងជណ្តើរជើងច្រើន ឬការឈរយូរ។ ក្នុងនោះផងដែរ ការព្យាបាលជំងឺស្ពោតឆ្អឹង ឬពុកឆ្អឹង ត្រូវចាប់ផ្តើមឲ្យបានឆាប់ ចៀសវាងបណ្តោយឲ្យមានការវិវឌ្ឍទៅជាធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ។
សារជូនមិត្តអ្នកអាន
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត គុជ គីមសួរ បានជូនដំបូន្មានដល់ប្រិយមិត្ត និងពិសេសអ្នកជំងឺតែម្តងថា រាល់ការឈឺចុកចាប់ ការហើម ការប្រែប្រួល ទ្រង់ទ្រាយរបស់ជង្គង់ ការពិបាកដើរ អង្គុយ និងរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀត គួរអញ្ជើញមកជួបជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ ចៀសវាងនូវការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយសារថ្នាំមួយចំនួនអាចមានឥទ្ធិពលមិនល្អ ចំពោះសុខភាព។ ជាក់ស្តែង ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់មួយចំនួនអាចឲ្យរលាកដំបៅក្រពះ និងហូរឈាមក្រពះ ហើយក៏អាចឲ្យខ្សោយ ឬខូចតម្រងនោមតែម្តង ដោយមិនអាចស្រោចស្រង់បាន ពិសេសគឺថ្នាំខ្មែរ ថ្នាំចិនសែ ឬថ្នាំដែលផ្សំដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់។
បកស្រាយដោយវេជ្ជបណ្ឌិត គុជ គីមសួរ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។