១០ សំណួរ នាំអ្នកឲ្យស្គាល់ពីកម្មវិធីថ្មីប្លែកនៃការសិក្សាផ្នែកវេជ្ជសាស្រ្ត «មិត្តជួយមិត្ត»
ហេលស៍ថាម ៖ តើអ្វីទៅជាកម្មវិធី «មិត្តជួយមិត្ត»?
PAL ៖ កម្មវិធី «មិត្តជួយមិត្ត» គឺជាកម្មវិធី មួយដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ដោយមានបំណងលើកតំកើងភាតរភាព រវាងនិសិ្សតជាសិស្សច្បង នឹងនិស្សិតជាសិស្សប្អូនក្នុងការសិក្សាជាក្រុម។ ដោយមានការចង្អុលបង្ហាញនេះ សមាគមនិស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ដ (MSA) បានរៀបរៀងកម្មវិធីសិក្សាបែបទំនើបកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការនិសិ្សត ដែលហៅជាភាសាអង់គ្លេសថា Peer-Assisted Learning (PAL) Program។
ហេលស៍ថាម ៖ តើកម្មវិធីដ៏ពិសេសមួយនេះ មានសមាជិកប៉ុន្មាននាក់ជាស្ថាបនិកដែរ?
PAL ៖ ក្រុមស្ថាបនិកនៃកម្មវិធី «មិត្តជួយមិត្ត» ដែលយើងហៅកាត់ថា (PAL)នេះមានចំនួនបីរូបគឺ៖
១. កញ្ញា ឃឹម ណាំហ្គេច ៖ ជាអនុប្រធានសមាគមនិសិ្សតមហាវិទ្យាល័យវេជ្ជសាស្រ្ដ និងជានិសិ្សតថ្នាក់ឯកទេសចក្ខុរោគ ឆ្នាំទី២
២. លោក លឹម សេងឃួន ៖ ជាសមាជិកនៃសមាគមនិសិ្សតមហាវិទ្យាល័យវេជ្ជសាស្រ្ដ និងជានិស្សិតឆ្នាំទី៦ក្នុងកម្មវិធីសិក្សាអន្តរជាតិ
៣. កញ្ញា យី វណ្ណារី ៖ ជានិស្សិតអន្តេវិសិក ឆ្នាំទី៧។
ស្ថាបនិកទាំង៣រូបសុទ្ធតែបានបញ្ចប់ការសិក្សាវគ្គគរុកោសល្យ Essential Skills in Medical Education (ESME online course) ដែលបង្កើតដោយ សមាគមសម្រាប់ការអប់រំវេជ្ជសាស្រ្តនៅអឺរ៉ុប: Association for Medical Education in Europe (AMEE)។
ហេលស៍ថាម ៖ តើ PAL មានចក្ខុវិស័យបែបណាខ្លះដែរក្នុងដំណើរការកម្មវិធីរបស់ខ្លួន?
PAL ៖ PAL ដំណើរការដោយផ្តោតលើចក្ខុវិស័យធំៗ ៣រួមមាន៖
•បង្កើនសមត្ថភាពស្វ័យសិក្សារបស់និស្សិត
•បង្កើតបរិយាកាសដែលគាំទ្រដល់ការសិក្សា
•បណ្តុះគំនិតឲ្យមានវប្បធម៌ក្នុងការចែករំលែក
ហេលស៍ថាម ៖ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ តើPAL មានMissionsអ្វីខ្លះ?
PAL ៖ សម្រាប់ជំនាន់ទីមួយកន្លងមក ជាមួយនឹងការបង្កើតជាថ្នាក់រៀនមួយសម្រាប់និស្សិតផ្នែកវេជ្ជសាស្រ្តឆ្នាំទី៣ ចំនួន ៣០នាក់ ដែលមានរយៈពេល៣ខែ PALបានត្រៀមបង្កើត ក៏ដូចជារៀបចំនូវ៖
•កម្មវិធីសិក្សាដែលមានលក្ខណៈស្តង់ដា និងបង្កើតនូវបរិយាកាសមួយដែលប្លែកពីបរិយាកាសសិក្សានៅក្នុងថ្នាក់រាល់ដង
•សមត្ថភាពក្នុងការបង្កើនជំនាញអនុវត្ត ចំណេះដឹង និងឥរិយាបថ
•ការវាយតម្លៃលើសមត្ថភាពសិក្សា ដើម្បីវាស់វែងទៅលើប្រសិទ្ធភាពនៃកម្មវិធីសិក្សា និងថ្នាក់រៀន
ហេលស៍ថាម ៖ ទាក់ទិននឹងការបង្កើតជាកម្មវិធីនេះឡើង តើPAL ជួបប្រទះនឹងឧបសគ្គ ឬភាពលំបាកអ្វីខ្លះ?
PAL ៖ តាមការពិតទៅ កិច្ចការងារអ្វីក៏មានភាពលំបាក និងងាយស្រួលដែរ សម្រាប់កម្មវិធីដ៏ថ្មីស្រឡាងសម្រាប់ការអប់រំវេជ្ជសាស្រ្តនៅកម្ពុជាមួយនេះ ឧបសគ្គជាចម្បង គឺមានតែកង្វះខាតលើ២ចំណុចរួមមាន ៖
•កង្វះធនធានមនុស្ស ៖ ត្រង់នេះ គឺសំដៅលើសមាជិកជារៀមច្បងដែលត្រូវបង្ហាត់បង្ហាញដល់និស្សិត ដោយហេតុថា ពួកគេត្រូវមានទាំងចំណេះដឹងវេជ្ជសាស្រ្ត និងផ្នែកគរុកុសលនៃផ្នែកវេជ្ជសាស្រ្តផងដែរ
•កង្វះធនធានហិរញ្ញវត្ថុ ៖ ជាការចាំបាច់ដែលជួយគាំទ្រដល់ការសិក្សា ពីព្រោះដើម្បីដំណើរការថ្នាក់រៀនក៏មានតម្រូវការឯកសារ និងសម្ភារៈសិក្សាផ្សេងៗសម្រាប់សម្រួលដល់ការសិក្សា។
ហេលស៍ថាម ៖ តើអ្វីខ្លះជាសកម្មភាពធំៗដែលPAL បានរៀបចំឡើង?
PAL ៖ នៅក្នុងថ្នាក់រៀនដែលបានយើងបានដំណើរការកន្លងមក មានសកម្មភាពធំៗមួយចំនួនដូចជា ៖
•សកម្មភាពបង្រៀនគ្នាទៅវិញទៅមក ដើម្បីឲ្យសិស្សនិស្សិតទាំងអស់មានសមត្ថភាពក្នុងការពន្យល់គ្នាទៅវិញទៅមក
•ការសិក្សាជាក្រុមតូចៗ ដើម្បីឲ្យសិស្សអាចចូលរួមសកម្មភាពក្នុងថ្នាក់រៀនបានទាំងអស់គ្នា
•ការសិក្សាបង្ហាញត្រាប់ ដើម្បីបង្កើនសមត្ថភាពលើជំនាញអនុវត្ត
•បែបបទនៃការសិក្សាដែលផ្ទុយពីអ្វីដែលនិស្សិតធ្លាប់សិក្សានៅក្នុងថ្នាក់រៀន ជាក់ស្តែងដូចជា ការយកមេរៀនទៅមើលនៅផ្ទះ ហើយត្រលប់យកការងារផ្ទះ ឬលំហាត់មកដោះស្រាយក្នុងថ្នាក់វិញ
ហេលស៍ថាម ៖ តើសកម្មភាព របស់PAL មានឥទ្ធិពលបែបណាខ្លះដល់ការសិក្សារបស់និស្សិតវេជ្ជសាស្រ្ត ជាពិសេសសិក្ខាកាមដែលបានចូលរួម?
PAL ៖ តាមរយៈអ្វីដែលយើងបានធ្វើ យើងគិតថាអ្វីដែលយើងអាចរួមចំណែកជួយដល់ការសិក្សារបស់ពួកគាត់នោះ គឺ ៖
•ការចែករំលែកចំណេះដឹងរវាងនិស្សិត ដែលនេះក៏ស្របជាមួយនឹងយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យផងដែរ
•ការយល់ដឹងពីគន្លឹះ ក៏ដូចជាវិធីសាស្រ្តក្នុងការសិក្សាតាមរយៈការបង្ហាត់បង្ហាញរបស់រៀមច្បង ដ៏ដូចជាគំរូដែលសិស្សអាចយកទៅអនុវត្តខ្លួនឯងបាន
•សមត្ថភាពស្វ័យសិក្សា ដោយផ្លាស់ប្តូរពីវប្បធម៌ដែលពឹងផ្អែកលើសាស្រ្តាចារ្យ មកជាការពឹងពាក់លើខ្លួនឯងវិញ។
ហេលស៍ថាម ៖ សម្រាប់អនាគត តើPAL នឹងមានគម្រោងអ្វីខ្លះបន្ថែមទៀត?
PAL ៖ ពួកយើងនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយសង្ឃឹម និងជឿជាក់ថា យើងនឹងអាច៖
•ពង្រឹងសមត្ថភាពក្រុមរបស់យើងបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់និស្សិត និងសាកលវិទ្យាល័យ
•ធ្វើឲ្យក្រុមសិក្សានេះមាននិរន្តរភាព ដែលអាចជំនួយដល់និស្សិតជំនាន់ក្រោយៗទៀត
•ធ្វើឲ្យកម្មវិធីដែលយើងបានរៀបចំឡើងនេះ ក្លាយជាប្រព័ន្ធសិក្សាដែលអាចជួយដល់និស្សិតគ្រប់ជំនាន់ ហើយបើសិនជាអាច ក៏សង្ឃឹមថា វានឹងក្លាយជាផ្នែកមួយនៃកម្មវិធីសិក្សារបស់សាលាផងដែរ។
ហេលស៍ថាម ៖ ងាកត្រឡប់មកវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា តើPAL បានរួមចំណែកអ្វីខ្លះ?
PAL ៖ ដោយសារតែនិស្សិតក្នុងវិស័យនេះ នឹងក្លាយជាគ្រូពេទ្យ ដែលមានតួនាទីយ៉ាងដ៏ធំធេងមួយក្នុងការព្យាបាលជំងឺ ក៏ដូចជាអ្នកកំណត់ជោគវាសនារបស់អ្នកជំងឺ ហេតុនេះហើយ មូលដ្ឋានគ្រឹះដែលរួមមានការទទួលយកកម្មវិធីសិក្សាដែលដូចមាននៅក្នុងកម្មវិធី «មិត្តជួយមិត្ត» ពិតជាមានសារៈសំខាន់ ដើម្បីឲ្យពួកគេមានសមត្ថភាពពិតប្រាកដក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួននៅថ្ងៃអនាគត។
ហេលស៍ថាម ៖ ជាចុងក្រោយនេះ តើបងៗមានពាក្យសារអ្វីជូនដល់មិត្តនិស្សិតក្នុងផ្នែកដូចបងដែរឬទេ?
PAL ៖ តាមការពិតទៅ គឺមានចំណុចជាច្រើន តែក៏សង្ឃឹមថាមិត្តៗនិស្សិតនឹងចងចាំថា ៖
•ការសិក្សាផ្នែកវេជ្ជសាស្រ្ត មិនត្រឹមតែផ្តោតទៅជំនាញឯកទេសទេ តែគួរតែពង្រឹងទៅលើឥរិយាបថរបស់យើងទាំងក្នុងការរៀន និងការបង្រៀន
•ការចែករំលែក ប្រៀបបានដូចជាការបើកទ្វារទទួលចំណេះដឹង ដូចជាពាក្យដែលគេតែងនិយាយថា «To teach is to learn twice »
•ពេលដែលមានបំណងចង់ធ្វើអ្វីមួយ មិនត្រូវខ្វល់ខ្វាយថា អាចធ្វើទៅរួចឬក៏អត់ទេ ហើយអ្វីដែលសំខាន់នោះ ត្រូវដឹងថា អ្វីដែលយើងធ្វើ គឺ វាពិតជាត្រឹមត្រូវ ដូចជាកម្មវិធី «មិត្តជួយមិត្ត» របស់យើងជាឧទាហរណ៍មួយស្រាប់។