ការឈឺចាប់នៅសន្លាក់ឆ្អឹងថ្គាម( TMJ pain)
តើលោកអ្នកមានធ្លាប់ វិលមុខ ឈឺក្នុងត្រចៀក ឈឺមុខ ក្បាល ក ស្មា និងខ្នងដែររឺទេ?
ការយល់ដឹងពីមូលហេតុ និងការព្យាបាល
បញ្ហានៅនឹងសន្លាក់ឆ្អឹងថ្គាម មនុស្សជាច្រើនទទួលរងនូវអាការៈវិលមុខឈឺត្រចៀក មុខ ក្បាល ក ស្មា និងខ្នងដោយមិនដឹងពីមូលហេតុនៃការឈឺទាំងនេះឡើយ។ កាលពីមុនអ្នកជំងឺជាច្រើនដែលបានទៅជួបគ្រូពេទ្យដើម្បីព្យាបាលបញ្ហាឈឺចាប់ទាំងនេះត្រូវបានប្រាប់ថាវាបណ្តាលមកពីអារម្មណ៍របស់គាត់ប៉ុណ្ណោះហើយពួកគេត្រូវទៅជួបគ្រូពេទ្យឯកទេសពីម្នាក់ទៅម្នាក់ទៀត។ បន្ទាប់ពីការព្យាបាលប៉ុន្មានឆ្នាំដែលមិនទទួលបានជោគជ័យ អ្នកជំងឺទាំងនោះបានស៊ាំនឹងការរស់នៅជាមួយនឹងការឈឺចាប់របស់ខ្លួនដោយប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញដោយមិនត្រូវការវេជ្ជបញ្ជាជាពិសេសថ្នាំអាស្ពីរីន (aspirin)។ ប៉ុន្តែសព្វថ្ងៃនេះគេបានដឹងថាបណ្តុំរោគសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម (Temperomandibular Joint Syndrome) មានទាក់ទងនឹងរោគសញ្ញាដែលមិនអាចព្យាបាលខាងលើ និងជំងឺនៃការឈឺចាប់ផ្សេងៗ។ ការឈឺចាប់ដែលបានរៀបរាប់ខាងលើគឺជារោគសញ្ញានៃបណ្តុំសញ្ញានៃការឈឺសន្លាក់ឆ្អឹងថ្គាម។ សព្វថ្ងៃនេះដោយមានចំណេះដឹងថ្មីនិងបច្ចេកវិទ្យាថ្មី ទន្តបណ្ឌិតមានសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបញ្ហាសន្លាក់ឆ្អឹងថ្គាមដែលពីមុនមកតែងតែត្រូវបានគេមើលរំលង។ លើសពីនេះទៀតអ្នកជំនាញខាងវេជ្ជសាស្ត្រក៏បានដឹងផងដែរពីការជាប់ពាក់ព័ន្ធរបស់វិស័យទន្តសាស្ត្រទៅនឹងជំងឺនេះហើយគ្រូពេទ្យក៏បានណែនាំអ្នកជំងឺពីការព្យាបាលជំងឺនេះជាមួយទន្តបណ្ឌិតដែលមានជំនាញផ្នែកសន្លាក់ផងដែរ។
កំណាំធ្មេញមិនល្អ និងសន្លាក់ឆ្អឹងថ្គាម (Malocclusion & The Temperomandibular Joint)
សន្លាក់ថ្គាមរបស់អ្នកដែលទប់ថ្គាមខាងក្រោមរបស់អ្នកឲ្យនៅនឹងកន្លែងត្រូវបានចងភ្ជាប់នៅក្រោមលលាដ៍ក្បាលរបស់អ្នកដោយសារប្រព័ន្ធសាច់ដុំ និងសរសៃពួដ៏សាំញ៉ាំ។ សន្លាក់ថ្គាមដែលត្រូវបានគេស្គាល់ថាជា TMJ ជាផ្នែកមួយដែលស្មុគស្មាញជាងគេក្នុងខ្លួនយើង។ សន្លាក់ថ្គាមដែលព័ទ្ធដោយសាច់ដុំ និងកំណាំធ្មេញរបស់អ្នកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធដោយមានឥទ្ធិពលទៅលើគ្នានៅពេលដែលអ្នកធ្វើចលនាថ្គាមដូចជាពេលនិយាយ និងទំពារ។ ពេលធ្មេញខាំត្រូវគ្នាល្អគេហៅថាកំណាំធ្មេញល្អ (Ideal Occlusion)។ នៅពេលដែលធ្មេញរបស់អ្នកមានកំណាំធ្មេញមិនល្អនៅពេលនោះសន្លាក់ឆ្អឹងថ្គាមរបស់អ្នកប្រឹងរេទៅកន្លែងថ្មីដើម្បីជំរុញអោយកំណាំធ្មេញខាំត្រូវល្អនៅពេលនោះវាត្រូវបានគេហៅថា “កំណាំធ្មេញមិនល្អ (Malocclusion)”។ នៅពេលដែលមានកំណាំធ្មេញមិនល្អបើទោះបីជាអ្នកអាចទំពារបានប៉ុន្តែត្រូវបន្ថែមកំលាំងសង្កត់ទៅលើសន្លាក់ថ្គាមនិងសាច់ដុំដើម្បីសម្រួលដល់ធ្មេញ។ រោគសញ្ញានៃធ្មេញខុសជួរមានដូចជាញេញធ្មេញ សង្កៀតធ្មេញ មានភាពតឹងលើសាច់ដុំនិងសរសៃពួ ករណីខ្លះកើតមានឡើងនៅពេលគេងលក់។ ផលដែលទទួលបានពីសញ្ញាទាំងនេះគឺឈឺក្បាលឈឺសាច់ដុំ និងឈឺក្នុងមុខ ក ស្មា និងខ្នង វិលមុខ ឈឺត្រចៀក ហឹងត្រចៀក និងបញ្ហាជាច្រើនផ្សេងទៀត។ ថែមទៅលើលក្ខខណ្ឌសាមញ្ញទាំងនេះដែលជារឿយៗទាក់ទងនឹងកំណាំធ្មេញមិនល្អ និងបណ្តាលឲ្យមានការឈឺចាប់នៅខាងក្នុង និងជុំវិញសន្លាក់ឆ្អឹងថ្គាមមានលក្ខខណ្ឌដទៃទៀតដែលអាចប៉ះពាល់ដល់មុខងា និងផាសុខភាពនៃសន្លាក់ និងសុខភាពខ្លួនអ្នកទាំងមូល។ លក្ខខណ្ឌទាំង នេះរួមទាំងជំងឺការខ្វះសារធាតុចិញ្ចឹម (ឧ. ជំងឺប្រគ្រីវ) ដុះដុំសាច់ការប៉ះទង្គិច និងការបង្ករោគ។
ការធ្វើរោគរោគវិនិច្ឆ័យបញ្ហា ( Diagnosing The Problem ):
មុនពេលធ្វើការសម្រេចលើការព្យាបាលបញ្ហារបស់អ្នក ដំណើរការនៃការធ្វើរោគវិនិច្ឆ័យជាច្រើនត្រូវតែធ្វើជាចាំបាច់។ ការថតកាំរស្មី X-Ray ត្រូវធ្វើដើម្បីថតសន្លាក់ថ្គាម។ តេស្តនេះបង្ហាញនូវរូបភាពច្បាស់ពីទ្រង់ទ្រាយនៃសន្លាក់ឆ្អឹងថ្គាម និងទីតាំងនៃរចនាសម្ព័ន្ធផ្សេងៗនៅក្នុងសន្លាក់ថ្គាមរបស់អ្នក។ ការថតកាំរស្មីដែលផ្តល់រូបភាពអាចមើលឃើញដោយភ្នែកផ្ទាល់ត្រូវបានគេប្រើជាវិធីសម្រាប់រកជំងឺដែលកើតនៅក្នុងសន្លាក់ថ្គាម។ Jaw positioners អាចត្រូវប្រើដោយឧបករណ៍ដែលហៅថា SPLINT ត្រូវបានប្រើមួយរយៈ រហូតដល់បាត់ការឈឺចាប់។ ការព្យាបាលជាអចិន្រ្តៃយ៍ ត្រូវធ្វើបន្តដោយការតម្រឹមធ្មេញ ការពត់ធ្មេញ និងការដាក់ធ្មេញ។ ដើម្បីសិក្សាពីទំនាក់ទំនងនៃធ្មេញ និងសន្លាក់ឆ្អឹងថ្គាមរបស់អ្នកជំងឺវាជារឿងចាំបាច់ណាស់ក្នុងការមើលពីរបៀប នៃសន្លាក់ដែលដឹកនាំចលនាថ្គាមក្រោយដោយមិនមានការរំខានពីរ៉េផ្លិច និងសាច់ដុំដែលជានិច្ចកាលជាការសម្រួលដល់កំណាំធ្មេញបានល្អ។ ដើម្បីធ្វើបែបនេះបាន Record ត្រូវបានវាស់វែងលើទំនាក់ទំនងធ្មេញនិងថ្គាម (Centric Relation)។ នៅពេលដែល Record ស្តីពីសន្លាក់ត្រូវបានធ្វើរួចគេត្រូវប្រើ (Articulator) ដើម្បីរកទំនាក់ទំនងនៃចលនាថ្គាមអ្នក និងការខាំដោយអាចត្រូវធ្វើនៅខាងក្រៅមាត់ដោយត្រូវវិភាគទៅលើសន្លាក់និងបន្ទាប់មកដៅទីតាំងក្នុងមាត់ដើម្បីឲ្យកំណាំធ្មេញបានល្អនិងមានមុខងារត្រឹមត្រូវ។
បែបបទនៃការព្យាបាល
បន្ទាប់ពីធ្វើរោគវិនិច្ឆ័យបញ្ហានេះ របៀបព្យាបាលផ្សេងៗគ្នាអាចនឹងត្រូវបានណែនាំឲ្យធ្វើ។ ដំណាក់កាលដំបូងនៃការព្យាបាលមានបំណងលុបបំបាត់ការឈឺចាប់នៃសន្លាក់ឆ្អឹងថ្គាមដែលជារោគសញ្ញាបណ្តាលពីបញ្ហាពិតប្រាកដ។ ក្នុងដំណាក់កាលទីពីរ ការព្យាបាលនឹងធ្វើទៅលើបញ្ហានៃការឈឺចាប់នេះ។ វិធីព្យាបាលសន្លាក់ឆ្អឹងថ្គាម នឹងត្រូវពន្យល់ជាសង្ខេបដូចខាងក្រោមនេះ៖
១. Occlusal Equilibration៖ ក្នុងការព្យាបាល Occlusal Equilibration ធ្មេញនៅផ្នែកខាងលើ ឬផ្ទៃទំពារនឹងត្រូវឆាបជារូបរាងថ្មី។ ការធ្វើបែបនេះដើម្បីជួយសម្រាលសម្ពាធទៅលើធ្មេញនីមួយៗ។ ដំណើរការនៃការឆាបធ្មេញត្រូវបានគេរកឃើញថាជាវិធីដោះស្រាយស្ថានភាពដែលបណ្តាលឲ្យពិបាកនៅនឹងក្បាល ក និងស្មា និងការខូចខាតរចនាសម្ព័ន្ធរបស់ធ្មេញ។ Occlusal Equilibration អាចយកទៅប្រៀបនឹងដុំក្រួសនៅក្នុងស្បែកជើងអ្នក។ នៅពេលដែលមានក្រួសនៅក្នុងនោះ ជើងរបស់អ្នកនឹងដឹងភ្លាម ហើយអ្នកនឹងចាប់ផ្តើមដើរដោយជើងថ្នមៗ។ ចំពោះកំណាំធ្មេញមិនល្អក៏មានការទើសដែរដូចជា ធ្មេញលូតខ្ពស់ដែលធ្វើឲ្យអ្នកមិនស្រួល។ ថ្គាមក៏សម្របទៅតាមការតម្រៀបគ្នាមិនត្រូវរបស់ធ្មេញ។ ក្នុងការធ្វើ Equilibration ធ្មេញដែលដុះវែងពេកនឹងត្រូវឆាបឲ្យមានរូបរាងល្អជាងមុន(Reshape)។
២. Occlusal Restoration៖ Occlusal Restoration ទាក់ទងទៅនឹងការផ្លាស់ប្តូរធ្មេញ ឬការដាំធ្មេញឡើងវិញបន្ថែមទៅលើដំណើរការនៃការឆាបរូបរាងរបស់ធ្មេញដែលកាត់ផ្នែកខាងលើនៃធ្មេញ។ ដូចនេះធ្វើឲ្យសាច់ដុំមុខ និងសាច់ដុំថ្គាមរបស់អ្នកបានសម្រាក។
៣. Splint/Jaw Repositioner Appliances៖ Splint/Jaw Repositioner Appliancesមិនត្រឹមតែប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យនោះទេប៉ុន្តែវាក៏ប្រើបំបាត់ការពិបាកទំពារ និងការឈឺចាប់។ បន្ទាប់មកការព្យាបាលដំណាក់ការទី២ការព្យាបាលធ្មេញដោយការពត់ធ្មេញ ការស្រោបធ្មេញ ការតម្រឹមធ្មេញអាចនឹងត្រូវបានណែនាំឲ្យធ្វើដើម្បីឲ្យការទំពារបានល្អដែលផ្តល់សុខភាពល្អដល់អ្នក។
៤. ការភ្ញោជសាច់ដុំ៖ ការព្យាបាលដោយភ្ញោជសាច់ដុំអាចសម្រួលការឈឺចាប់មុននិងក្នុងពេលដំណើរការនៃការព្យាបាល។
៥. T-Scan៖ ជាប្រព័ន្ធវិភាគ Digital Occlusal តែមួយគត់របស់ផ្នែកទន្តសាស្ត្រ M-Scan, Bio-Ten and JVA ការព្យាបាលឲ្យបានឆាប់គឺសំខាន់ណាស់។ សារៈសំខាន់នៃការព្យាបាលឲ្យបានឆាប់គឺពិតជាសំខាន់ណាស់។ បញ្ហាសន្លាក់ឆ្អឹងថ្គាមអាចកើតឡើងគ្រប់ក្នុងដំណាក់កាលណាមួយហើយវិវឌ្ឍទៅកាន់តែអាក្រក់ទៅៗ។ ដូចនេះហើយបញ្ហាបន្តិចបន្តួចក្នុងពេលបច្ចុប្បន្នអាចក្លាយជាប្រភពនៃការឈឺចាប់នៅពេលអនាគត។ ថែមលើនេះទៀតឱកាសជោគជ័យក្នុងការព្យាបាលកើនឡើងខ្ពស់ប្រសិនបើឆាប់ធ្វើការព្យាបាល។
បកស្រាយដោយ មន្ទីរព្យាបាលធ្មេញ អន្តរជាតិ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។