ជ្រុះសក់ក្នុងវគ្គ Telogen បញ្ហាជ្រុះសក់ជួបញឹកញាប់លំដាប់ទី២
ជំងឺជ្រុះសក់ចែកចេញជាពីរប្រភេទគឺជ្រុះសក់មានសម្លាកស្បែកក្បាល (Scarring alopecia) និងជ្រុះសក់មិនមានសម្លាកស្បែកក្បាល (non scarring alopecia)។ ប្រភេទជ្រុះសក់មានសម្លាកស្បែកក្បាលមានរចនាសម្ព័ន្ធគុម្ពសក់ដែលត្រូវបានបំផ្លាញទាំងស្រុងជាហេតុធ្វើឲ្យសក់មិនអាចដុះឡើងវិញ បានទេ។ ឯប្រភេទជ្រុះសក់មិនមានសម្លាកស្បែកក្បាលវិញ ក្រោយទទួលការព្យាបាលហើយសក់អាចនឹងដុះវិញដូចដើម។ នេះបើយោងតាមការរៀបរាប់ របស់លោកវេជ្ជបណ្ឌិត ឡុក ប៊ុនថៃ ឯកទេសជំងឺសើស្បែក និងជានាយរងផ្នែកសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
និយមន័យ
ជំងឺជ្រុះសក់ Telogen effluvium ជាប្រភេទជ្រុះសក់មិនមានសម្លាកស្បែកក្បាលដែលគេជួបញឹកញាប់ជាងគេលំដាប់ទី២ បន្ទាប់ពីជំងឺជ្រុះសក់ដោយ អ័រម៉ូន (Androgenitic alopecia) ក្នុងចំណោមមនុស្សស្រី។ វាស្តែងឡើងដោយការជ្រុះសក់គ្រប់ទីកន្លែងនៃស្បែកក្បាលធ្វើឲ្យឃើញស្តើងវាលខុសពី ធម្មតា។ បើទោះជាជំងឺនេះអាចកើតឡើងទាំងទៅលើមនុស្សប្រុស និងស្រី យើងឃើញថាមនុស្សស្រីជួបប្រទះនឹង បញ្ហានេះច្រើនជាង ។ ការជ្រុះសក់នេះ បណ្តាលមកពីសក់មួយចំនួននៅវដ្ដលូតលាស់ (Anagen Phase) បញ្ចប់មុនពេលកំណត់នាំឲ្យចំនួនសរសៃសក់ប្រភេទ Telogen (វគ្គចុងក្រោយ) ដែល ត្រូវជ្រុះកើនឡើង។
លោកវេជ្ជបណ្ឌិតក៏បានបន្តទៀតថាជំងឺជ្រុះសក់ Telogen Effluvium នេះចែកចេញជាពីរប្រភេទគឺ៖
- Telogen Effluvium ស្រួចស្រាវ កាលណាជ្រុះសក់ មានរយៈពេលតិចជាង៦ខែ
- Telogen Effluvium រ៉ាំរ៉ៃ កាលណាសក់បន្តជ្រុះលើសពី៦ខែ។
មូលហេតុ
មូលហេតុនៃការកើតបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen មានដូចជា៖
• បញ្ហាក្រពេញ៖ ការសម្រាលកូន ការរលូតកូន ឬពន្លូតកូន លើស ឬខ្វះអ័រម៉ូនទីរ៉ូអ៊ីត ការឈប់ប្រើថ្នាំពន្យារកំណើតជាដើម
• បញ្ហាទាក់ទងនឹងស្ត្រេស៖ គ្រុនក្តៅខ្លាំង ជំងឺធ្ងន់ធ្ងរដូចជាមហារីក ជំងឺរ៉ាំរ៉ៃ ការវះកាត់ធំៗ គ្រោះថ្នាក់ប៉ះទង្គិចធំៗ បញ្ហាផ្លូវចិត្តស្រួចស្រាវ ឬរ៉ាំរ៉ៃ
• អាហារូបត្ថម្ភ៖ ការបញ្ចុះទម្ងន់លឿនពេក ការខ្វះកាឡូរី ឬប្រូតេអ៊ីន ការខ្វះជាតិដែករ៉ាំរ៉ៃ ការលេបវីតាមីន A លើសកំណត់
• ការពុលសារធាតុផ្សេងៗ៖ ពុលសារធាតុតាល់ល្យូម ពុលសារធាតុប៉ាឡាដ្យូម ពុលអាសេនិក
• ការប្រើប្រាស់ថ្នាំ៖ ថ្នាំប្រឆាំងកំណកឈាម (Heparin) ថ្នាំបេះដូងពពួក ß Blocker (Propanolol) ថ្នាំ Captopril ថ្នាំបញ្ចុះសារធាតុកូឡេស្តេរ៉ុលថ្នាំ Colchicine។
រោគសញ្ញា
រោគសញ្ញានៃការជ្រុះសក់ក្នុងវគ្គ Telogen គឺស្តែងឡើងដោយការជ្រុះសក់ច្រើនគ្រប់ទីកន្លែងនៃស្បែកក្បាល ហើយអ្នកជំងឺសង្កេតឃើញសក់ជ្រុះមក ច្រើននៅពេលកក់សក់ ក្រោកពីដំណេក និងរាល់ពេលសិត ឬច្បូតសក់។ អ្នកជំងឺសម្គាល់ឃើញថា សក់មានសភាពស្តើង និងរង្វើលជាងមុនដោយសក់ ជ្រុះលើសពី ១០០សរសៃក្នុង ២៤ម៉ោង។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យជំងឺនេះ គឺធ្វើឡើងដោយការពិនិត្យមើលលើ ទម្រង់របស់សរសៃសក់ដែលជ្រុះមកមានឫសសក់ស្ងួតក្រៀមដែលជាសក់ប្រភេទ Telogen តាមរយៈការពិនិត្យ ដោយកែវពង្រីក ឬដោយមីក្រូទស្សន៍។ គេត្រូវធ្វើរោគវិនិច្ឆ័យខុសគ្នាពីបញ្ហាជ្រុះសក់ដទៃទៀតដូចជា ការជ្រុះសក់ដោយអ័រម៉ូន ការជ្រុះសក់ម្តុំៗ ការជ្រុះសក់ក្នុងវគ្គអាណាជិន (Anagen) និងជំងឺស្វាយដំណាក់កាលទី២។
ការព្យាបាល
ជោគវាសនានៃអ្នកមានបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen សក់នឹងដុះមកវិញ ប្រសិនបើយើងបានព្យាបាលមូលហេតុបង្ក។ សក់អាចនឹងដុះមកវិញប៉ុន្មាន សប្តាហ៍បន្ទាប់ពីការព្យាបាល។ ក្នុងទម្រង់រ៉ាំរ៉ៃខ្លះគ្រូពេទ្យពិបាកកំណត់រកមូលហេតុដែលនាំឲ្យជ្រុះសក់ណាស់។ អ្វីដែលត្រូវធ្វើនោះគឺស្វែងរកមូលហេតុ នៃការបង្កបញ្ហានេះលើបុគ្គលម្នាក់ៗ និងព្យាបាលមូលហេតុនោះឲ្យជាសះស្បើយនោះសក់របស់អ្នកជំងឺនឹងដុះមកវិញជាមិនខាន។
ការព្យាបាលបញ្ហាជ្រុះសក់ក្នុងវគ្គ Telogen សំខាន់គឺព្យាបាលមូលហេតុដែលបង្ក។ ករណីជ្រុះសក់ក្នុងវគ្គ Telogen កើតឡើងដោយសារបញ្ហាក្រពេញ ឬបញ្ហាស្ត្រេសគ្រូពេទ្យនឹងធ្វើការព្យាបាលមូលហេតុនេះភ្លាមហើយក្រោយការជាសះស្បើយ សក់នឹងលូតលាស់ដូចដើមវិញ។ ចំណែកឯមូលហេតុជាការខ្វះ អាហារូបត្ថម្ភ គ្រូពេទ្យនឹងឲ្យអ្នកជំងឺបំពេញនូវអាហារបំប៉នឲ្យបានគ្រប់គ្រាន់វិញ។ ករណីជ្រុះសក់ដោយសារការបញ្ឈប់ការប្រើប្រាស់ថ្នាំពន្យារកំណើត គ្រូពេទ្យអាចនឹងឲ្យអ្នកជំងឺបន្តប្រើប្រាស់មួយរយៈទៀត ទើបបញ្ឈប់បន្តិចម្តងៗ។
សូលុយស្យុង Minoxidil 2%,3%,5% សម្រាប់លាបស្បែកក្បាលក្នុងមួយថ្ងៃពីរដងអាចជួយជំរុញការបណ្តុះសក់ឡើងវិញបាន ជាពិសេសសម្រាប់ស្ត្រី ជ្រុះសក់រ៉ាំរ៉ៃ រកមូលហេតុបង្កមិនឃើញ និងការជ្រុះសក់ដោយសារប្រើថ្នាំ ហើយអ្នកជំងឺត្រូវការប្រើថ្នាំជាចាំបាច់។
គួរបញ្ជាក់ថា ការមកជួបគ្រូពេទ្យកាន់តែឆាប់ នោះបញ្ហានឹងព្យាបាលបានកាន់តែប្រសើរ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ