ការព្យាបាលដោយធម្មជាតិដ៏អសា្ចរ្យពីសណ្តែកសៀង
ជំងឺសឹងតែគ្រប់ប្រភេទទាមទារនូវការព្យាបាលដោយប្រើប្រាស់ឱសថដែលស្របពេលនឹងការផ្តល់ភាពធូរស្រាលដល់អ្នកជំងឺ ក៏នាំមកនូវផលរំខានតិចឬច្រើនផងដែរ។ ដូចនេះ ការព្យាបាលដោយផលិតផលធម្មជាតិជាច្រើនត្រូវបានបង្កើតឡើងក្នុងបំណងសម្រួលផលរំខាន ក៏ដូចជាជំនួសការព្យាបាលមួយចំនួនតាមដែលអាចធ្វើបាន។
Isoflavones ជាសារធាតុចម្រាញ់ចេញពីធម្មជាតិមួយប្រភេទដែលត្រូវបានដឹងថាមានប្រភពយ៉ាងសំខាន់មកពីបន្លែ និងជាពិសេសគឺសណ្តែកសៀង បានក្លាយជារបបអាហារដែលមាននូវពពួកជីវសកម្ម (bioactive) ដែលសព្វថ្ងៃ វាកំពុងត្រូវបានប្រើប្រាស់ជំនួសនូវការព្យាបាលដោយអ័រម៉ូនអាស្រ័យនឹងស្ថានភាពនៃជំងឺមួយចំនួនរួមមានជំងឺមហារីក រោគសញ្ញាក្រោយពេលអស់រដូវ ជំងឺបេះដូង ជំងឺពុកឆ្អឹង និងសុខភាពស្បែក។ Isoflavonesមានសកម្មភាពជាអ្នកជម្រុញឥទ្ធិពលរបស់អ័រម៉ូន estrogen និងជាអ្នករារាំងឥទ្ធិពលរបស់ estrogen ផងដែរ។ គួរបញ្ជាក់ថា សកម្មភាព ប្រឆាំងនឹង estrogen របស់វាចំពោះកោសិកាបន្តពូជ អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកដែលកើតមានឡើងដោយជាប់ទាក់ទងនឹងអ័រម៉ូន (រួមមានមហារីកសុដន់ មហារីកស្បូន មហារីកស្រទាប់ស្បូន ឬអង់ដូម៉ែត និងមហារីកប្រូស្តាត) ខណៈពេលដែលសកម្មភាពដូចនឹងអ័រម៉ូន estrogen របស់វាចំពោះជាលិកាដទៃទៀត អាចជួយរក្សាលំនឹងនៃដង់ស៊ីតេសារធាតុរ៉ែក្នុងឆ្អឹង និងជួយឲ្យកម្រិតនៃសារធាតុខ្លាញ់ក្នុងឈាមមានលក្ខណៈល្អប្រសើរ។
បើយោងតាមលោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលីវេជ្ជបណ្ឌិតឯកទេស ព្រមទាំងជាប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃគ្លីនិកលុច្សបានឲ្យដឹងថា សារធាតុ Isoflavones ត្រូវបានរកឃើញប្រើប្រាស់ក្នុងការព្យាបាលជាច្រើនដែលក្នុងនោះរួមមាន៖
រោគសញ្ញាក្រោយការអស់រដូវរបស់ស្រ្តី
រោគសញ្ញារបស់ស្រ្តីអស់រដូវដែលរួមមាន ភាពក្តៅក្រហល់ក្រហាយ និងបែកញើសនៅពេលយប់ អាចប៉ះពាល់ទៅលើស្ត្រីវ័យកណ្តាលនៅសហរដ្ឋអាមេរិកលើសពី៧៥%។ ទោះយ៉ាងណា គេបានសង្កេតឃើញថាការបង្កើននូវការបរិភោគសារធាតុ isoflavone ពីសណ្តែកសៀងអាចកាត់បន្ថយនូវភាពញឹកញាប់ ក៏ដូចជាភាពធ្ងន់ធ្ងរនៃរោគសញ្ញាទាំងនេះបាន។ ក្នុងនោះ សហគមសម្រាប់ស្ត្រីអស់រដូវនៅអាមេរិកខាងជើង (The North American Menopause Society) បានណែនាំផងដែរថា isoflavones អាចជាការព្យាបាលដោយធម្មជាតិមួយសម្រាប់ជំនួសការព្យាបាលដោយអ័រម៉ូន(estrogens ឬការរួមគ្នានៃ estrogen និងprogestin) ក្នុងការកាត់បន្ថយរោគសញ្ញាកម្រិតស្រាលនៃការអស់រដូវបាន។ ក្រៅពីនោះ វាអាចជួយសម្រួលដល់ការឡើងចុះនៃកម្រិតរបស់ estrogen ដែលកើតឡើងនៅពេលអស់រដូវផងដែរ។
ជំងឺពុកឆ្អឹង
Isoflavones ដើរតួយ៉ាងសំខាន់ក្នុងការការពារ និងរក្សាលំនឹងនៃឆ្អឹងឲ្យរឹងមាំ និងសុខភាពល្អ។ បើប្រៀបទៅនឹងស្ត្រីអឺរ៉ុប លទ្ធភាពនៃការបាក់ឆ្អឹងហាក់ដូចជានៅទាបក្នុងចំណោមស្ត្រីអាស៊ី ដែលជាទូទៅមានទម្លាប់បរិភោគអាហារ សម្បូរដោយសណ្តែកសៀង។ ការវិភាគជាច្រើនដោយយោងទៅលើករណីរួមគ្នានៃស្ត្រីអឺរ៉ុប និងអាស៊ីដែលស្ថិតក្នុងវ័យអស់រដូវ ក៏បានបង្ហាញ ផងដែរអំពីសមត្ថភាពក្នុងការការពារការរសាត់នៃឆ្អឹង និងការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់នៃដង់ស៊ីតែសារធាតុរ៉ែរបស់ឆ្អឹងដែលបានពីការប្រើប្រាស់សារធាតុបំប៉នដែលមានផ្ទុក isoflavones ពីសណ្តែកសៀងនេះក្នុងរយៈពេលវែង។ ការសិក្សាពីសាកលវិទ្យាល័យ Texas បានណែនាំដូចគ្នាថា isoflavones អាចភ្ញោចការកកើតនៃឆ្អឹងបានផងដែរ។ ដោយសមត្ថភាពក្នុងការថែរក្សាសុខភាពឆ្អឹង ការបង្កើនម៉ាស់ និងការជម្រុញការស្រូបយករបស់ឆ្អឹងទាំងនេះហើយ ទើបតួនាទីរបស់ isoflavone ពីសណ្តែកសៀងក្នុងការការពារ និងធ្វើឲ្យមានការត្រឡប់ដូចដើមវិញនៃជំងឺពុកឆ្អឹងត្រូវបានកត់សម្គាល់។
បញ្ហាសុខភាពសរសៃឈាមបេះដូង
ការប្រើប្រាស់ Isoflavones ពីសណ្តែកសៀងចាប់ពីមួយខែទៅមួយឆ្នាំអាចធ្វើឲ្យមានការប្រសើរឡើងនៃកម្រិតសារធាតុខ្លាញ់ក្នុងឈាមសម្រាប់អ្នកមានសុខភាពល្អធម្មតា ក៏ដូចជាអ្នកដែលលើសកូលេស្តេរ៉ូលផងដែរតាមរយៈការកើនឡើងនៃ HDL- cholesterol ដែលជាប្រភេទខ្លាញ់ល្អ។ គួរឲ្យដឹងផងដែរថា ការប្រមូលផ្តុំនៃពពួក LDL cholesterol (ប្រភេទខ្លាញ់មិនល្អ) នៅក្នុងសរសៃឈាមអាកទែជាបន្ទះ ឬដុំខ្លាញ់ដែលធ្វើឲ្យស្ទះដល់លំហូររបស់ឈាម ជាលទ្ធផលធ្វើឲ្យកើតជាជំងឺរឹងសរសៃឈាម។ ដោយឡែក សសៃឈាមអាកទែតូចៗដែលត្រូវបានបំផ្លាញដោយការរឹងនៃសរសៃឈាម ជាទូទៅនឹងក្លាយទៅជាដុំរាំងស្ទះដល់ដំណើរក្នុងឈាមដែលនេះអាចបង្កឲ្យមានការគាំងបេះដូង ឬក៏ដាច់សសៃឈាមខួរក្បាល(stroke)។ ការរីករបស់សរសៃឈាមអាចនឹងកើតមានផងដែរជាពិសេសសម្រាប់អ្នកដែលមានការប្រឈមខ្ពស់នឹងជំងឺសរសៃឈាម ដែលជួបយ៉ាងញឹកញាប់នៅក្នុងវគ្គនៃការអស់រដូវ។ Isoflavone នៅពេលនេះអាចធ្វើឲ្យត្រឡប់នូវស្ថានភាពការរីកនៃសរសៃឈាមនេះបាន នេះបើយោងតាមករណីគ្លីនិកជាច្រើន។
ជំងឺទឹកនោមផ្អែម
យោងតាមអត្ថបទមួយដែលបានចុះផ្សាយក្នុង European Journal of Clinical Nutrition បង្ហាញថាការបរិភោគ isoflavonesត្រូវបានមានទំនាក់ទំនងនឹងការកាត់បន្ថយជាមធ្យមនូវការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ២ចំពោះបុរស និងស្ត្រីនៅសហរដ្ឋអាមេរិកដែលជាទូទៅបរិភោគនូវកម្រិតទាបទៅមធ្យមនូវអាហារដែលមានសណ្តែកសៀង។
ជំងឺមហារីក
ការសិក្សាបានបញ្ជាក់ថាប្រជាជនដែលបរិភោគអាហារពីសណ្តែកសៀងដូចជានៅប្រទេសចិន ជប៉ុន និងបណ្តាប្រទេសនៅអាស៊ីមួយចំនួនទៀត មានការប្រឈមមុខទាបជាមួយនឹងជំងឺមហារីកសុដន់ ប្រូស្តាត ពោះវៀនធំនិងមហារីកស្បូន។ ការសិក្សាមួយទៀត ក៏បានលើកឡើងផងដែរថា ការបរិភោគផលិតផលពីសណ្តែកសៀងច្រើនតាំងពីវ័យក្មេងមានទំនាក់ទំនងទៅនឹងការថយចុះនៃការប្រឈមនឹងមហារីកសុដន់នៅក្នុងវ័យកណ្តាល។ ការវិភាគទៅលើទិន្នន័យបានពីជាង ៦០០០ នាក់នៃស្ត្រីជនជាតិអាមេរិក និងកាណាដាដែលមានជំងឺមហារីកសុដន់ បានរកឃើញថា ការបរិភោគអាហារដែលមានផ្ទុក Isoflavones អាចកាត់បន្ថយបាន២១%នៃករណីស្លាប់ដោយគ្រប់មូលហេតុក្រោយពីរកឃើញថាមានជំងឺនេះ។ ការថយចុះនេះ ត្រូវបានបង្ហាញថាកើតមានឡើងចំពោះតែស្ត្រីដែលដុំមហារីកមាន hormone-receptor-negative និងស្រ្តីដែលមិនបានទទួលការព្យាបាលដោយអ័រម៉ូនដូចជា tamoxifen ប៉ុណ្ណោះ។
សុខភាពស្បែក
ក្រោយពីអស់រដូវ ស្បែកនឹងត្រូវរងបម្រែបម្រួលយ៉ាងខ្លាំង រួមទាំងការថយចុះនៃ កម្រាស់ ភាពយឺតរបស់ស្បែក ព្រមទាំងការកើតឡើងនៃភាពជ្រីវជ្រួញ។ ភាពចាស់ឡើងនៃស្បែក គឺជាលទ្ធផលនៃការថយចុះក្នុងការផលិតកូឡាជែន និងអេឡាស្ទីន ដែលជាប្រូតេអ៊ីនទ្រទ្រង់ និងធានាភាពយឺតរបស់ស្បែក។ Isoflavone ជាសារធាតុដែលបានប្រើក្នុងផលិតផលប្រឆាំងនឹងការរលាកកោសិកា(ភាពមិនស្មើសាច់នៃស្បែក) ដោយសារវាអាចបង្កើនភាពហាប់ណែន និងលក្ខណៈយឺតល្អរបស់វា។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។