គួរទិញសិទ្ធិអាជីវកម្ម ឬបង្កើតស្លាកយីហោថ្មី?
ពេលចាប់ផ្តើមធ្វើអាជីវកម្ម ឬជំនួញដំបូង សហគ្រិន ក៏ដូចជាម្ចាស់អាជីវកម្មហាក់ដូចជាមានភាពស្ទាក់ស្ទើរ និងរារែកចិត្តដោយមិនប្រាកដថា តើខ្លួនឯងគួរតែចាប់ផ្តើមឈានជំហានដំបូងដោយការទិញយកសិទ្ធិធ្វើអាជីវកម្មជាមួយនឹងស្លាកយីហោដែលមានវត្តមានរួចជាស្រេច ឬធ្វើការបង្កើតនូវស្លាកយីហោដ៏ថ្មីស្រឡាងមួយ?
យ៉ាងណាមិញ ជម្រើសនីមួយៗសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងខ្លួន ហើយKonexgens ក៏បានធ្វើការសាកសួរសំណួរដែលអាចនឹងជាចម្ងល់នៃបុគ្គលជាច្រើនទៅកាន់បុគ្គលពីររូបក្នុងបទសម្ភាសន៍។
ចង់ដឹងថាបុគ្គលទាំងពីររូបជានរណាខ្លះ? ហើយពួកគាត់មានយោបល់យ៉ាងណាខ្លះ? បន្តអានជាមួយគ្នា...
លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិការនៃធនាគារអេស៊ីលីដា
អាស្រ័យទៅលើស្ថានភាពជាក់ស្តែងនៃផលិតផល និងទីផ្សារផ្ទាល់ ព្រោះជាធម្មតាវត្ថុមួយតែងមានគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ ប្រសិនបើយើងទិញស្លាកយីហោរបស់គេមក យើងប្រហែលជាអាចចំណេញពេលវេលា និងប្រាក់កាសដោយមិនបាច់ចំណាយច្រើនក្នុងការធ្វើការឃោសនា តែទាមទារខ្ពស់ឲ្យរក្សានូវសភាពដើមឲ្យដូចរបស់គេ តែផ្ទុយទៅវិញ ប្រសិនបើយើងបង្កើតមុខជំនួញដោយប្រើយីហោថ្មីដោយខ្លួនឯង លក្ខណៈធំ ឬតូច គឺអាស្រ័យទៅលើហិរញ្ញវត្ថុយើងផ្ទាល់ ប៉ុន្តែបើមុខជំនួញទទួលបានជោគជ័យនោះ អតិថិជន យើងនឹងមានជំនឿចិត្ត ហើយស្លាកយីហោរបស់យើងកាន់តែមានភាពល្បីល្បាញ។
ហេតុដូចនេះហើយ ចំណុចសំខាន់ដែលគួរយកចិត្តទុកដាក់ គឺ គួរតែថ្លឹងថ្លែងឲ្យបានច្បាស់មុននឹង សម្រេចចិត្តធ្វើអ្វីមួយ។
លោក Andrew Barnes នាយកនៃPresentation Clinic
ការទិញសិទ្ធិអាជីវកម្មត្រូវចំណាយប្រាក់ច្រើន ហើយអ្នកនឹងចំណាយពេលវេលានិងការខិតខំប្រឹងប្រែងទាំងខ្លួនឯង ព្រមទាំងក្រុមការងារ ដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យស្លាកយីហោរបស់អ្នកដទៃ ដែលមានវត្តមាននៅលើទីផ្សាររួចជាស្រេច។ តែវាក៏ហាក់ដូចជា មានសុវត្ថិភាពជាង ដោយសារតែស្លាកយីហោនោះមានដំណើរការរួចរាល់ ហើយក៏ទទួលបានទំនុកចិត្តស្រេចពីអតិថិជន ព្រមទាំងការទទួលស្គាល់ពីគុណភាព។
យ៉ាងណាមិញ ប្រសិនបើអ្នកមានធនធាន មានថវិកា និងក្រុមការងារដែលគ្រប់គ្រាន់ ហើយខ្លួនអ្នកផ្ទាល់ក៏ត្រៀមខ្លួនរួចរាល់ អ្នកគួរតែជ្រើសបង្កើតស្លាកយីហោដោយខ្លួនឯង។ ក្នុងករណីដែលមិនបានជោគជ័យពីដំបូង អ្នកក៏តែងតែអាចដើរជាមួយនឹងផែនការបន្ទាប់ ប្រសិនបើអ្នកមានគម្រោងផែនការក្នុងការគ្រប់គ្រងច្បាស់លាស់រួចជាស្រេច។
ចម្លើយអាចនឹងពិបាកឆ្លើយបន្តិច ប្រសិនបើឲ្យធ្វើការជ្រើសរើសរវាងជម្រើសទាំងពីរ អ្វីដែលលោកអ្នកគួរធ្វើ គឺ ធ្វើរង្វាយតម្លៃឲ្យបានម៉ត់ចត់ ឬអាចធ្វើការប្រឹក្សាជាមួយនឹងក្រុមគ្រួសារ និងទីប្រឹក្សាដែលគួរឲ្យទុកចិត្ត ដើម្បីធ្វើការជម្រើសដែលស័ក្តិសមបំផុត។ មិត្តអ្នកអានក៏អាចសិក្សាស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃជម្រើសទាំងពីរជាមួយនឹងអត្ថបទខាងក្រោមនេះផងដែរ…
កំណត់សម្គាល់ ៖
A : អ្នកទិញសិទ្ធិអាជីវកម្ម
B : ម្ចាស់ស្លាកយីហោថ្មី
សិទ្ធិក្នុងនាមជាម្ចាស់
A៖ មិនមានសេរីភាពក្នុងការផ្លាស់ប្តូរផលិតផល ឬសេវាកម្មដែលខ្លួនបានទិញតាមចិត្តប្រាថ្នា ឬក៏ធ្វើការផ្លាស់ប្តូរស្ថានភាពទីផ្សារនោះឡើយ ដោយសារតែហេតុថា ម្ចាស់ស្លាកយីហោដើមជាអ្នកដែលមានសិទ្ធិធ្វើការសម្រេចចិត្តលើកិច្ចការទាំងអស់នោះរាប់បញ្ចូលទាំងចង្វាក់ផលិតកម្ម និងការងារចាំបាច់ផ្សេងៗទៀត។
B៖ ជាមួយនឹងសិទ្ធិគ្រប់យ៉ាង តែបែរជាមិនច្បាស់ ថាតើ ខ្សែចង្វាក់ផលិតកម្ម ការផ្តល់សេវាកម្ម និងរាល់ការសម្រេចចិត្តផ្សេងៗ នឹងត្រឹមត្រូវ ឬអត់ ដោយសារតែមិនទាន់បានដាក់សាក ឬបញ្ចេញទៅលើទីផ្សារនៅឡើយ។
ទុនវិនិយោគ និងសេរីភាព
A៖ ត្រូវចំណាយទុនវិនិយោគមិនសូវច្រើន តែត្រូវតែបំពេញនូវកាតព្វកិច្ច ព្រមទាំងលក្ខខណ្ឌទាំងឡាយដែលកំណត់ដោយម្ចាស់ស្លាកយីហោ ដែលជួនកាលត្រូវបានកំណត់ប្រាក់កាស និងពេលវេលាកំណត់ដែលមិនអាចនឹងពន្យារ ឬផ្លាស់ប្តូរបាន។
B៖ ដើមទុនសម្រាប់វិនិយោគមានចំនួនច្រើន ហើយក៏មានសិទ្ធិពេញលេញក្នុងការផ្លាស់ប្តូរ ឬកែសម្រួលផែនការដែលបានដាក់ចេញ ក្នុងករណីដែលមានបញ្ហាអ្វីកើតឡើងដោយមិនបានព្រាងទុក។
វិសាលភាពនៃស្លាកយីហោ
A៖ ប្រាកដណាស់ គឺមានការទទួលស្គាល់ និងវិសាលភាពទូលំទូលាយ តែក៏អាចប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីដែលម្ចាស់ ឬអ្នកដែលបានទិញសិទ្ធិណាម្នាក់ធ្វើឲ្យលេចចេញនូវរូបភាពអវិជ្ជមាននៃស្លាកយីហោ នោះម្ចាស់ដទៃទៀតក៏ត្រូវរងការខូចកេរ្តិ៍ឈ្មោះដោយស្វ័យប្រវត្តិដែរ។
B៖ ប្រសិនបើធ្វើបានជោគជ័យនោះ មិនត្រឹមតែ បានប្រាក់ចំណូលច្រើនទេ ថែមទាំងអាចមានឱកាសលក់នូវសិទ្ធិអាជីវកម្មរបស់ខ្លួនឲ្យអ្នកដទៃទៀតផង។
ប្រតិបត្តិការ
A៖ គុណតម្លៃជាច្រើនត្រូវបានទទួលពីការទិញសិទ្ធិអាជីវកម្ម ជាពិសេសអ្នកដែលមិនមាន ឬមិនសូវមានបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម ដោយមានការផ្តល់នូវការភ្ជាប់ទំនាក់ទំនងទៅនឹងប្រព័ន្ធអាជីវកម្ម បណ្តាញនៃអ្នកចែកចាយ ព្រមទាំងសេវាកម្មផ្សេងៗទៀត។
B៖ កិច្ចការទាំងអស់គឺត្រូវបានសិក្សា និងសាកល្បងដោយខ្លួនឯង ដោយមិនមានការទ្រទ្រង់ ឬបង្ហាត់បង្រៀនពីខាងណាឡើយ។
អត្រាជោគជ័យ
A និង B៖ មិនមានអ្វីវាស់ស្ទង់ពីកម្រិត ឬភាគរយនៃភាពជោគជ័យរបស់ជម្រើសទាំងពីរឡើយ។
ចូរធ្វើការពិចារណាឲ្យបានម៉ត់ចត់ មុននឹងធ្វើការសម្រេចថាជ្រើសរើសមួយណាសម្រាប់ដំណើរ អាជីវកម្មរបស់អ្នក…