ទស្សនៈវិស័យរបស់គ្លីនិកអេគីប លើការទប់ស្កាត់លំហូរចេញអ្នកជំងឺទៅបរទេស
ដោយសារលំហូរចេញរបស់ប្រជាជនកម្ពុជា ដើម្បីរកសេវាព្យាបាលជំងឺនៅក្រៅប្រទេស នៅតែមានការកើនឡើង ស្របពេលដែល កម្ពុជាកំពុងមានការរីកចំរើនក្នុង វិស័យសុខាភិបាលទាំងផ្នែកសាធារណ និងឯកជន ដែលមានវេជ្ជបណ្ឌិត មានឯកទេសផ្សេងគ្នាៗជាច្រើនរូប ដែលកំពុងបម្រើការ ហើយពួកគាត់សុទ្ធសឹង តែបានបញ្ចប់ការសិក្សា ជំនាញឯកទេសទាំងក្នុងស្រុកក៏ដូចជា មកពីបរទេសផងដែរ។ វិស័យទាំងពីរ បានកំពុងព្យាយាមពង្រឹងសក្តានុពល និងវិសាលភាពរបស់ខ្លួន ដើម្បីកាត់បន្ថយការទៅទទួលសេវាសុខភាពនៅក្រៅប្រទេស ដោយផ្អែកទៅលើគោលជំហរ និងទស្សនៈវិស័យរួម។ ក្នុងនោះ គ្លីនិក អេគីប ក៏បានចូលរួមចែករំលែកអំពីទស្សនៈវិស័យរបស់ខ្លួនក្នុងការកាត់បន្ថយលំហូរនៃអ្នកជំងឺ ក៏ដូចជាការផ្តល់ទំនុកចិត្តដល់ប្រជាជនឡើងវិញផងដែរ។
គ្លីនិកអេគីប មានគោលជំហរ ក៏ដូចជាទស្សនៈវិស័យ និងក្តីបំណង ដែលមានចំនុចសំខាន់ចំនួនបីធំៗ៖
1. ធ្វើយ៉ាងណាលើកកម្ពស់លើវិស័យសុខាភិបាល ក៏ដូចជាឯកទេសក្រពះ ពោះវៀន ថ្លើម ឲ្យមានមុខមាត់ដូចប្រទេសជិតខាង អាចប្រៀបធៀបនឹងប្រទេសវៀតណាម ឬថៃបាន
2. បង្កើនប្រសិទ្ធភាពឲ្យបានកាន់តែខ្ពស់ ជួយប្រជាជនខ្មែរឲ្យមានសុខភាពកាន់តែល្អ
3. ទប់ស្កាត់ លំហូរចេញនូវ អ្នកជំងឺទៅបរទេស ដើម្បីជាការកាត់បន្ថយលុយកាក់ និងពេលវេលា ព្រោះថាបើគ្រាន់តែ ធ្វើការត្រួតពិនិត្យផ្នែក ក្រពះ ពោះវៀន ហេតុអ្វីចាំបាច់ត្រូវធ្វើដំណើរទៅ បរទេស ដែលត្រូវចំណាយទាំងការធ្វើដំណើរ ស្នាក់នៅ ហូបចុក ហើយខាតពេលច្រើនផងដែរ។
គួរបញ្ជាក់ថា គ្លីនិកអេគីប គឺជាគ្លីនិកឯកទេសក្រពះ ពោះវៀន ថ្លើម ដែលមានទីតាំងនៅក្នុងខណ្ឌដូនពេញ និងបានបើកដំណើរការកាលពីដើមឆ្នាំ ២០១៧។
លោក ឈាង ស៊ីដេត ដែលជាប្រធានប្រតិបត្តិ និងជាវេជ្ជបណ្ឌិតផ្នែកឯកទេស នៅគ្លីនិកអេគីប បានឲ្យដឹងថានៅគ្លីនិកអេគីបមានវេជ្ជបណ្ឌិត ដែលមានសមត្ថភាព លើឯកទេសជំនាញចំពោះផ្នែកមួយៗពិតប្រាកដ ដូចជាលើផ្នែកក្រពះ ពោះវៀន ដែល វេជ្ជបណ្ឌិតទាំងអស់នៅទីនោះ សុទ្ធតែបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ វេជ្ជសាស្ត្រសុខាភិបាល និងបានបន្តការសិក្សាឯកទេសពីបរទេស ដូចជា ប្រទេសបារាំង ជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀតផងដែរ។ លោក ស៊ីដេតបានបន្តទៀតថា «បើប្រៀបធៀបពីធនធានមនុស្សនៅទីនេះ យើងមិនចាញ់ប្រទេសផ្សេងៗទេ។ ចំនែកឯបរិក្ខា និងសំភារៈប្រើប្រាស់ យើងព្យាយាមប្រើឧបករណ៍ដែលទំនើបទាន់ សម័យ និងមានភាពច្បាស់លាស់ »។ លោកវេជ្ជបណ្ឌិតបានបន្តថា យ៉ាងណាមិញចំពោះជំងឺទូទៅលើផ្នែក ក្រពះ ពោះវៀន សឹងតែ ៨០% គ្លីនិកអេគីបអាចធ្វើការព្យាបាលបាន ប៉ុន្តែចំពោះករណី ការវះកាត់ធំៗ ដូចជាការបើកពោះ និងការវះកាត់យកដុំសាច់ដែលមានទំហំធំពេក នោះគ្លីនីក មានដៃគូសហការជាមួយមន្ទីរពេទ្យធំៗទាំងក្នុង និងក្រៅស្រុក ព្រមទាំងមាន ក្រុមវេជ្ជបណ្ឌិតដែលមាន ទាំងជំនាញឯកទេស ខាងក្រពះ ពោះវៀន និងជំនាញខាងវះកាត់ ដើម្បីជាជំនួយដល់គ្លីនិកផងដែរ។ ក្នុងគ្លីនិកអេគីប មានវេជ្ជបណ្ឌិតផ្ទាល់ ប្រាំពីរ រូប ដែលក្នុងនោះ ៦រូបមានជំនាញឯកទេសផ្នែកក្រពះ ពោះវៀន និងឬសដូងបាត ដែលបានបញ្ចប់ការសិក្សាមកពីបរទេស និងវេជ្ជបណ្ឌិតមួយរូបទៀត ជាវេជ្ជបណ្ឌិត ជំងឺទូទៅ ដែលជាអ្នកចាត់ចែង មើលការខុសត្រូវលើជំងឺទូទៅមួយចំនួនធំ ហើយក្នុងនោះផងដែរមាន វេជ្ជបណ្ឌិតស្រី៣រូប។
នៅគ្លីនិកអេគីបផងដែរ លោកវេជ្ជបណ្ឌិតស៊ីដេត ក៏បានឲ្យដឹងថាការកំណត់តម្លៃសេវាកម្ម ព្យាបាលផ្សេងៗគឺ នៅគ្លីនិកអេគីប ភាគច្រើនផ្តោតលើ អ្នកដែលមានជីវភាពមធ្យម ដើម្បីឲ្យមានប្រជាជនទាំងអស់អាចទទួលបានសេវាព្យាបាលពីគ្លីនិកអេគីបដូចៗគ្នា។ លោកវេជ្ជបណ្ឌិត បន្តថាតម្លៃសេវាកម្មនៅទីនេះ បើធៀបនឹងតម្លៃនៅក្រៅប្រទេសគឺ នៅទីនេះចំនាយតិចជាង បីដងឯណោះ បើប្រៀបធៀបទៅនឹងបច្ចេកទេសដែលមានគុណភាព និងគ្រូពេទ្យ ដែលមានជំនាញច្បាស់លាស់ផងដែរនោះ។
ជាចុងក្រោយសង្ឃឹមថា ប្រជាពលរដ្ឋនឹងងាកមករកការព្យាបាល និងសេវាសុខភាពក្នុងប្រទេសវិញ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។