រៀនពេទ្យមិនងាយស្រួល តែក៏អាចទៅរួចបានដោយរបៀបណាខ្លះទៅ?
មុខវិជ្ជាពេទ្យ គឺជាមុខវិជ្ជាមួយដែលទាមទារឲ្យមានការតាំងចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងខ្លាំងក្នុងការសិក្សា។ ជាការពិតណាស់ ទន្ទឹមនឹងការខិតខំប្រឹងរៀននេះ យើងត្រូវរៀនឲ្យឆ្លាតផងដែរ។ មនុស្សម្នាក់ៗមានវិធីសាស្រ្តក្នុងការរៀនសូត្រខុសៗគ្នាទៅតាមបរិយាកាស និងចំណង់ចំណូលចិត្តរបស់ពួកគេ។ អ្នកខ្លះចូលចិត្តរៀននៅកន្លែងដែលស្ងាត់តែម្នាក់ឯង និងខ្លះទៀតចូលចិត្តរៀននៅហាងកាហ្វេជាដើម។ ខាងក្រោមនេះគឺជាការចែករំលែកនូវបទពិសោធន៍ និងគន្លឹះខ្លះៗក្នុងការរៀនពេទ្យ៖
-ភាសា ៖ មិនថាភាសាបារាំង ឬអង់គ្លេសទេ អ្វីដែលចាំបាច់នោះ គឺអ្នកត្រូវខំរៀនភាសាឲ្យបានខ្លាំង ព្រោះថាភាសា គឺជាយានដែលអាចនាំអ្នកឲ្យទៅដល់គោលដៅបាន។ អ្នកត្រូវចេះភាសាទាំងពីរនេះឲ្យបានស្ទាត់ជំនាញ ព្រោះថាឯកសារ សៀវភៅ និងមេរៀននៃមុខវិជ្ជាពេទ្យគឺភាគច្រើនត្រូវបានបោះពុម្ភផ្សាយជាភាសាបរទេស។
-ជំនាញទាំង៤៖
ជំនាញអាន៖ ការអាន គឺជារឿងដ៏សំខាន់មួយសម្រាប់មុខវិជ្ជាពេទ្យ ព្រោះថាមុខវិជ្ជានេះទាមទារឲ្យអ្នកត្រូវតែឧស្សាហ៍ និងអានសៀវភៅឲ្យបានច្រើន។
ជំនាញសរសេរ៖ បន្ទាប់ពីបានអានសៀវភៅហើយ អ្នកត្រូវតែចេះសង្ខេបមេរៀនជ្រើសរើសយកតែចំណុចសំខាន់ៗដើម្បីទុករំលឹកឡើងវិញពេលអ្នកទំនេរ។ រីឯប្លង់នៃការសង្ខេបមេរៀនវិញត្រូវមានចំណុចសំខាន់ៗមួយចំនួនដូចជានិយមន័យ មូលហេតុ ការវិវត្តនៃជំងឺ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ផលវិបាកនៃជម្ងឺ ការការពារជាដើម។
ជំនាញស្ដាប់៖ ជំនួសឲ្យការអាន អ្នកអាចផ្លាស់ប្ដូររបៀបរៀនរបស់អ្នកមកជាការមើលនិងការស្ដាប់វិញ។ អ្នកអាចធ្វើការស្វែងរកនូវវីដេអូដែលបង្រៀនពីជំងឺជាច្រើននៅក្នុងគេហទំព័រ YouTube។ វាពិតជាមានប្រយោជន៍ណាស់ ព្រោះថាការអានអាចធ្វើឲ្យអ្នកស្ត្រេសឬពិបាកក្នុងការយល់មេរៀន ហើយពេលខ្លះអ្នកមិនអាចចាប់យករូបភាពជារួមនៃមេរៀនបានទេ។ ផ្ទុយទៅវិញ ការមើលនូវវីដេអូទាំងនោះអាចឲ្យអ្នកឆាប់យល់ពីមេរៀន និងងាយក្នុងការចងចាំមេរៀនផងដែរ
ជំនាញនិយាយ៖ អ្នកត្រូវតែបង្កើនភាពក្លាហាន និងបង្កើតទម្លាប់មួយក្នុងការឆ្លើយនឹងសំណួរពេលគ្រូសូរ និងព្យាយាមចែករំលែកនូវចំណេះដឹងទៅកាន់មិត្តភក្ដិរបស់អ្នក។ ការធ្វើដូចនេះមិនត្រឹមតែអាចបង្កើនការចងចាំមេរៀនរបស់អ្នកនោះទេ វាថែមទាំងអាចជម្រុញឲ្យខ្លួនអ្នកមានទម្លាប់ក្នុងការគិតទៀតផង។
-ការសិក្សាជាក្រុម៖ អ្នកគួរតែបង្កើតក្រុមសិក្សាមួយដែលមានសមាជិកពី៣ទៅ៥នាក់ ហើយកំណត់ពេលវេលាឲ្យបានច្បាស់លាស់ដើម្បីសិក្សា។ ការសិក្សាជាក្រុមអាចផ្ដល់នូវផលប្រយោជន៍ដូចជា៖
ចំណេញពេលវេលា៖ អ្នកអាចចែកមេរៀនគ្នាមើល ហើយអ្នកអាចធ្វើបទបង្ហាញឬបង្រៀនពីមេរៀនដែលអ្នកបានមើលទៅកាន់មិត្តរួមក្រុមរបស់អ្នក។
ចែករំលែកចំណេះដឹង និងបង្កើនការចងចាំ៖ ការបង្រៀនគ្នាទៅវិញទៅមកគឺជាវិធីមួយដែលអាចធ្វើឲ្យអ្នកចងចាំមេរៀនយ៉ាងងាយ។ លើសពីនេះទៅទៀត អ្នកអាចពិភាក្សាទៅលើមេរៀននីមួយៗបានស៊ីជម្រៅជាងកាលដែលអ្នករៀនតែម្នាក់ឯង ព្រោះថាពេលខ្លះបើអ្នករៀនតែម្នាក់ឯង អ្នកអាចនឹងយល់ខុសពីមេរៀនក៏ថាបាន។
-ត្រូវមានកូនសៀវភៅមួយសម្រាប់កត់ត្រា ៖ វាគឺជាការចាំបាច់មួយដែលអ្នកគួរតែមានសៀវភៅដ៏ត្រឹមត្រូវមួយដើម្បីធ្វើការកត់ត្រានូវអ្វីដែលអ្នកបានរៀន។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចុះកម្មសិក្សានៅតាមមន្ទីរពេទ្យវិញ វាកាន់តែចាំបាច់ត្រូវតែមានកូនសៀវភៅតូចមួយដែលអ្នកអាចដាក់តាមខ្លួនបាន។ ពេលអ្នកចុះអនុវត្តផ្ទាល់ វាមិនប្រាកដថាអ្នកត្រូវតែធ្វើតាមទ្រឹស្ដីទាំងអស់នោះទេ ដូច្នេះអ្នកត្រូវកត់ទុកនូវគន្លឹះផ្សេងៗដែលងាយយល់ និងងាយចាំនៅពេលដែលអ្នកបានជួបប្រទះនូវអ្វីដែលថ្មី។
-ការគ្រប់គ្រងពេលវេលា ៖ ជាការពិតណាស់ការរៀនពេទ្យគឺត្រូវចំណាយពេលវេលាយ៉ាងយូរ ហើយក៏រវល់ខ្លាំងបន្តិចដែរ ដូចនេះអ្នកត្រូវតែចេះគ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានប្រសើរ។ អ្នកត្រូវបែងចែកពេលវេលាសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ពេលវេលាសម្រាប់ការសិក្សា និងពេលវេលាសម្រាប់ការសម្រាកនិងថែទាំសុខភាពរបស់អ្នក។ ជាទូទៅអ្នកនឹងប្រឈមនឹងការស្ត្រេសខ្លាំងក្នុងការរៀននូវមុខវិជ្ជាមួយនេះ ដូច្នេះអ្នកត្រូវចេះដោះស្រាយនូវបញ្ហាស្ត្រេសរបស់អ្នក។
Take Home Message:
-អ្នកត្រូវខំរៀនភាសាឲ្យបានពូកែ ព្រោះថាអ្នកនឹងរឹតតែត្រូវការវានៅពេលដែលអ្នកចុះកម្មសិក្សានៅតាមមន្ទីរពេទ្យ ឬពេលអ្នកចេញធ្វើការ។
-ហ្វឹកហាត់ជំនាញទាំង៤ឲ្យបានខ្ជាប់ខ្ជួន។ អ្នកត្រូវចងចាំថា «ការអានឲ្យបានច្រើន» មិនប្រាកដថាអ្នកត្រូវអានសៀវភៅឲ្យបានច្រើនក្បាលនោះទេ គឺអ្នកត្រូវអានឲ្យបានច្រើនដងទើបចាំ។
-អ្នកគួររៀនធ្វើចិត្តឲ្យទូលាយ រៀនចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិរបស់អ្នក និងរៀនជាក្រុម។ អ្នកត្រូវចងចាំថា «ការជួយអ្នកដទៃ គឺជាការជួយខ្លួនឯង»។
-រៀនឲ្យឆ្លាត! អ្នកត្រូវចេះកត់ត្រានូវអ្វីដែលថ្មីសម្រាប់អ្នក និងកត់ទុកនូវអ្វីដែលអ្នកឆ្ងល់ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និងដើម្បីសួរទៅកាន់គ្រូឬសិស្សច្បងរបស់អ្នក។
យ៉ាងណាមិញ ការខិតខំរៀនសូត្រជារឿងមួយដ៏សំខាន់ ប៉ុន្តែសុខភាពរបស់អ្នកក៏សំខាន់ណាស់ដែរ!!!