គួរធ្វើម៉េច…ទើបមានអារម្មណ៍រីករាយនៅកន្លែងធ្វើការ?
យើងម្នាក់ៗបានចំណាយពេលមួយភាគបីនៃរយៈពេញមួយថ្ងៃរបស់យើងបំពេញការងារនៅកន្លែងធ្វើការ។ និយាយទៅ វាមានរយៈពេលយូរគួរសម ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាពេលវេលាដើរលឿន ប្រសិនបើយើងរីករាយនឹងធ្វើការងារនោះ។
ដើម្បីធ្វើឲ្យមានភាពរីករាយនៅកន្លែងធ្វើការប្រហែលជាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាអាចធ្វើទៅបាន។ សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ គឺបានចាត់ទុកការិយាល័យដូចជាផ្ទះ ហើយមិត្តរួមការងារជាគ្រួសាររួចទៅហើយ ហេតុដូចនេះហើយ ការងារមិនមែនជាសម្ពាធ តែវាប្រៀបបានជាកម្លាំងជំរុញទឹកចិត្តឲ្យគ្រួសារមួយនេះដើរឆ្ពោះទៅកាន់គោលដៅរួមមួយជាមួយគ្នា។
វាជាការពិតដែលថាម្នាក់ៗមានវិធីសាស្រ្តផ្សេងគ្នាក្នុងការធ្វើការងារ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញអ្វីដែរ គ្រាន់តែថ្មីៗនេះ បានអាននូវអត្ថបទមួយដែលគិតថានឹងអាចជួយដល់អ្នកធ្វើការងារបានច្រើន ជាពិសេសអ្នកដែលកំពុងតែមានអារម្មណ៍មិនល្អចំពោះកន្លែងធ្វើការរបស់ខ្លួនដោយប្រការណាមួយ។ ក្នុងនោះ គេបានលើកនូវវិធីសាស្ត្រ៥យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបង្កើតឲ្យមាននូវភាពរីករាយនៅកន្លែងធ្វើការរបស់ខ្លួន ដែលមានដូចខាងក្រោម៖
1.កំណត់គោលដៅតូចៗ៣ជារៀងរាល់ថ្ងៃ
ជួនកាល វាអាចនឹងពិបាកបន្តិចក្នុងការធ្វើឲ្យខ្លួនអ្នកមានយល់ថា អ្នកកំពុងតែធ្វើឲ្យគម្រោងការមានដំណើរការក្នុងពេលដែលមានការរំខានមិនចេះចប់មិនចេះហើយនៃការទទួលអ៊ីម៉ែល ការហៅទូរស័ព្ទ និងការផ្តល់អាទិភាពទៅលើការងារជាដើម។
អ្នកអាចកំណត់នូវចំណុចតូចៗ៣យ៉ាងដែលអ្នកចង់សម្រេចឲ្យបានជារៀងរាល់ថ្ងៃ ហើយបន្ទាប់មកគូសវាចេញនៅពេលដែលអ្នកបានធ្វើវារួច។ ការធ្វើដូចនេះអាចរំលឹកខ្លួនអ្នកអំពីដំណើរការការងារដ៏អស្ចារ្យដែលអ្នកកំពុងធ្វើ។
2.ចៀសវាងគំនិតអវិជ្ជមាននៅកន្លែងធ្វើការ
មិនថាអ្នករីករាយប៉ុណ្ណាទេ ភាពអវិជ្ជមាន ការនិយាយដើមគ្នា និងការត្អូញត្អែររបស់អ្នករួមការងារអាចប៉ះរពាល់ដល់ថាមពលរបស់អ្នក។ ផ្ទុយមកវិញ អ្នកគួរតែព្យាយាមរាប់អានជាមួយអ្នករួមការងារណាដែលមានភាពវិជ្ជមាន រួសរាយរាក់ទាក់ និងអាចផ្តល់នូវទំនាក់ទំនងការងារល្អៗជាដើម។
កាន់តែប្រសើរជាងនេះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលពោរពេញទៅដោយភាពវិជ្ជមាន និងចេះយកអាសារអ្នកដទៃ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យការងាររបស់អ្នកកាន់តែប្រសើរ។
3.ចាត់ទុកកន្លែងធ្វើការអ្នកជារបស់អ្នក
ដោយហេតុថា អ្នកនឹងចំណាយពេលវេលាដ៏យូរនៅកន្លែងធ្វើការរបស់អ្នក អ្នកនឹងចូលចិត្តវាប្រសិនបើអ្នកធ្វើឲ្យវាមានផាសុកភាព ស្រស់ស្រាយ និងឆ្លុះបញ្ចាំងពីខ្លួនអ្នក។ អ្នកគួរតែរៀបចាំវាឲ្យមានលក្ខណៈសាមញ្ញ ផ្ទុយទៅវិញ ប្រសិនបើអ្នកពង្រាយនៅកន្លែងដែលអ្នកធ្វើការវិញ វាអាចនាំឲ្យមានការរំខាន។
4.មានភាពម្ចាស់ការលើការអភិវឌ្ឍវិជ្ជាជីវៈរបស់អ្នក
ការអភិវឌ្ឍវិជ្ជាជីវៈនឹងជួយឲ្យអ្នកមានអារម្មណ៍ថាអ្នកបានផ្សារភ្ជាប់នឹងការងាររបស់អ្នក និងធ្វើឲ្យអ្នកក្លាយជាអ្នកជំនាញម្នាក់។ អ្នកគួរតែទទួលយកនូវដំបូន្មានល្អៗពីមេ ឬចៅហ្វាយរបស់អ្នក ប៉ុន្តែអ្នកត្រូវធ្វើជាអ្នកដឹកនាំនៃផ្លូវជីវិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកត្រូវយកចិត្តទុកដាក់ចំពោះគោលដៅរបស់អ្នក ជាជាងផ្តោតអារម្មណ៍លើបច្ចុប្បន្នភាព។ អ្នកគួរតែមានវិធានការជាក់លាក់មួយដែលអាចនាំអ្នកឲ្យទៅដល់គោលដៅរបស់អ្នក។
5.ផ្ដោតសំខាន់ទៅលើអនាគត
ប្រសិនបើអ្នកជួបប្រទះនឹងរឿងមិនល្អប៉ុន្មានថ្ងៃ នោះវាមិនសូវអាក្រក់ទេ ព្រោះថាអ្នកមានគោលដៅដ៏ច្បាស់លាស់ និងមានរយៈពេលដ៏វែងមួយ ហើយអ្នកអាចឃើញថាការងាររបស់អ្នកនាពេលបច្ចុប្បន្ននេះ វាស័ក្តិសមនឹងគោលដៅពេលអនាគតរបស់អ្នក ឬអត់។ អ្នកគួរតែខិតខំធ្វើការនាពេលបច្ចុប្បន្ន តែអ្នកមិនត្រូវបំភ្លេចពីគោលដៅនាពេលអនាគតរបស់អ្នកទេ។
វិធីសាស្ត្រដ៏ល្អបំផុតក្នុងការសម្រេចឲ្យបាននូវគោលដៅយូរអង្វែង (ជាទូទៅ វាអាចមានរយៈពេលពី១ទៅ៣ឆ្នាំ)។ អ្នកគួរតែរៀបចំផែនការដើម្បីសម្រេចគោលដៅរបស់អ្នកដូចខាងក្រោម៖
1.ធ្វើឲ្យការគិតរបស់អ្នកមានភាពច្បាស់លាស់ និងប្រាកដប្រជា
2.បង្កើតជាផែនការផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯង
3.កំណត់នូវរង្វាន់ និងផលប្រយោជន៍របស់អ្នក
4.កំណត់នូវឧបសគ្គ និងការប្រកួតប្រជែង
5.ធ្វើសេចក្ដីព្រាងទុកចំពោះដំណោះស្រាយនានា
6.បង្កើតជាផែនការក្នុងការអនុវត្ត
7.កំណត់យកនូវវិធីសាស្ត្រក្នុងការតាមដានការវិវត្តនៃផែនការរបស់អ្នក
8.សរសេរចេញមកនូវការតាំងចិត្តដ៏មុតមាំរបស់អ្នក
9.កំណត់ប្រភពធនធាន
10.ធ្វើវាឲ្យបាន
យើងគួរតែបង្កើតជាតារាងពេលវេលាមួយសម្រាប់ជំហាននីមួយៗ ហើយអនុវត្តមួយជំហានម្ដងៗ មិនត្រូវបង្ខំឡើយ។ ម្យ៉ាងទៀត ត្រូវប្រាកដថាការងារប្រចាំថ្ងៃរបស់យើង នឹងនាំយើងឲ្យទៅកាន់ជំហានបន្ទាប់នៃផែនការរបស់យើង។
សង្ឃឹមថាគន្លឹះខាងលើនេះ នឹងអាចជួយអ្នកមានអារម្មណ៍ល្អនៅកន្លែងធ្វើការរបស់អ្នក…Happy office hours…