[ខ្លឹមៗ] មុខខ្ញុំជាំ ចឹងធ្វើម៉េច?
ជាំ គឺជាការកើតឡើងនូវពណ៌លើស្បែកដែលបណ្តាលឲ្យពណ៌ស្បែកប្រែទៅជាពណ៌ក្រមៅជាងស្បែកធម្មតាកើតថ្មីៗ ហើយមានកម្រិតព្រំដែនច្បាស់លាស់។ គេសង្កេតឃើញថា «ជាំ» កើតមានលើស្រ្តីច្រើនជាងបុរស ហើយកើតលើមនុស្សចាប់ពីអាយុ២០ឆ្នាំឡើងទៅ តែមូលហេតុរបស់ជាំ មិនត្រូវបានបញ្ជាក់ ច្បាស់លាស់ទេ។ វាអាចបណ្តាលមកពីមូលហេតុច្រើនយ៉ាង គ្រាន់តែអាចសម្គាល់ឃើញថា វាមានទំនាក់ទំនង និងបម្រែបម្រួលរបស់អ័រម៉ូន និងកម្តៅថ្ងៃ។
សម្រាប់ការព្យាបាលបញ្ហាមុខជាំនេះ បើយោងតាមប្រសាសន៍របស់លោកស្រីវេជ្ជបណ្ឌិត ញ៉ែម ណាវី ឯកទេសសើស្បែក និងកាមរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនិងម្ចាស់បន្ទប់ពិគ្រោះជំងឺរតនា គឺមានដូចខាងក្រោម ៖
1. ការព្យាបាលមួយផ្នែកត្រូវធ្វើឡើងទៅតាមកត្តាមូលហេតុដែលបង្កជាបញ្ហាមុខជាំនេះផ្ទាល់ ដែលមានន័យថា៖
• ប្រសិនបើស្ត្រីកំពុងតែពិសាថ្នាំពន្យារកំណើត គាត់ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំនោះសិន
• ចំពោះស្រ្តីទើបនឹងសម្រាលកូន ត្រូវរង់ចាំមើលរយៈពេល ៦ខែក្រោយសម្រាល
• ចំពោះស្ត្រីមានផ្ទៃពោះក៏ត្រូវរង់ចាំសម្រាលកូនរួចរយៈពេល៦ខែក្រោយសម្រាលដូចគ្នា។
តែទោះជាក្នុងករណីណាក៏ដោយ ការប្រើប្រាស់នូវមធ្យោបាយការពារកម្តៅថ្ងៃនានាក៏ត្រូវបានណែនាំទាំងចំពោះបុរស និងស្ត្រីដដែល ទៅតាមទម្រង់នៃប្រភេទរបស់ស្បែកដែលត្រូវបានបែងចែកជា៦ក្រុម។
2. ចំពោះការប្រើថ្នាំលាបផ្សេងទៀត ដើម្បីកាត់បន្ថយនូវការឡើងយ៉ាងខ្លាំងនៃពណ៌របស់ស្បែក (Hyperpigmentation) ក៏ត្រូវប្រើតាមដំណាក់កាលផងដែរគឺចាប់ផ្តើមពី Kliment I, Kliment II, Kliment III និងបន្តការពារការឡើងពណ៌ស្បែកឡើងវិញដោយពពួក Alpha Albutine ។ ចំពោះ Hydroquinone នៅតែមានការណែនាំឲ្យប្រើដដែលរួមជាមួយ Retine A និងពពួក Steroide ទៅតាមកម្រិតនៃការរលាករបស់ស្បែក។ បច្ចុប្បន្ន មានការព្យាបាលបន្ថែមឬ ទៅតាមកម្រិតនៃការឡើងពណ៌របស់ស្បែកដោយពពួក AHA ផងដែរ។
3. ចំពោះការព្យាបាលដោយថ្នាំលេបវិញ ការប្រើប្រាស់ Tranxamic acid (500mg) ពេលព្រឹក នៅតែត្រូវបានណែនាំឲ្យប្រើប្រាស់សម្រាប់ការព្យាបាលដូចគ្នា។
ស្វែងយល់បន្ថែម៖ ជាំមុខមិនមែនជាជំងឺ តែប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។