[ខ្លឹមៗ] កន្ទុយថ្លែនមិនមែនជាជំងឺធ្ងន់តែមានផលវិបាកច្រើន
ប្រជាជនកម្ពុជាជាច្រើននាក់កំពុងតែជួបបញ្ហាសុខភាពភ្នែក ដែលតម្រូវឲ្យពួកគាត់ទៅទទួលការព្យាបាលពីសំណាក់គ្រូពេទ្យឯកទេសផ្នែកចក្ខុសាស្ត្រ។ ក្នុងនោះផងដែរ ជំងឺកន្ទុយថ្លែនជាជំងឺភ្នែកស្រាលមួយ ប៉ុន្តែបើលោកអ្នកមិនបានទៅព្យាបាលនោះទេ វាអាចជះឥទ្ធិពលអាក្រក់ច្រើនដល់ការមើលរបស់អ្នក។ ជាការពិតណាស់ វិធីសាស្ត្រនៃការព្យាបាលជំងឺនេះ គឺការទទួលយកការវះកាត់ទើបមានប្រសិទិ្ធភាពខ្ពស់។ បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែក ម៉ារ អមរិន្ទ បានបញ្ចាក់ថា “ជំងឺកន្ទុយថ្លែន គឺជាសាច់ដុះដែលមានសរសៃឈាមភ្នាសស្តើងភ្នែក។ ជំងឺនេះ មិនមែនជាការដុះសាច់ប្រភេទកាច ឬមហារីកនោះទេ ហើយមានការប្រឈមខ្លាំងចំពោះប្រភេទប្រជាជនស្ថិតក្នុងវ័យ ៣០ ទៅ៤០ឆ្នាំឡើងទៅ។ ចំណែកការកើតឡើងលើស្រ្តី និងបុរស មានចំនួនប្រហាក់ប្រហែលគ្នា តែតំបន់ខ្លះចំនួនស្ត្រីអាចមានអត្រាលើសបន្តិចពីបុរស ឯការកើតឡើងលើក្មេងគឺកំរនឹងជួបប្រទះណាស់” ។ ការវិវឌ្ឍនៃជំងឺកន្ទុយថ្លែន ត្រូវទាមទាររយៈពេលយូរ នោះផលវិបាក និងការប៉ះពាល់ក៏មានការប្រែប្រួលទៅតាមកម្រិតនៃសភាពជំងឺផងដែរ តួយ៉ាង៖
•ករណីក្នុងកម្រិតតូច៖ ពុំសូវមានការប៉ះពាល់ ដែលចោទជាបញ្ហាខ្លាំងនោះទេ គ្រាន់តែបង្ហាញជាការក្រហមភ្នែក។
•ករណីក្នុងកម្រិតធំ៖ ជាដំណាក់កាលដែល សភាពជំងឺបានដុះលូតលាស់ដល់ខាងក្នុងនៃកញ្ចក់ភ្នែក ប៉ះពាល់ដល់ប្រស្រីភ្នែក ដែលជាហេតុបណ្តាលឲ្យភ្នែកស្រវាំង ខូចទម្រង់កញ្ចក់ភ្នែក និងសំឡាកកញ្ចក់ភ្នែក។
ជាទូទៅ អ្នកជំងឺអាចដឹងថាខ្លួនកំពុងមានជំងឺកន្ទុយថ្លែន ដោយសារវាស្តែងចេញជាការ ក្រហមភ្នែក រកាំ រមាស់ និងស្រវាំងភ្នែកជាដើម។ ចំណែកការពិនិត្យ អ្នកឯកទេសនឹងរកឃើញនូវដុំសាច់ លាយជាមួយសរសៃឈាម(Fibro-Vascular Tissue)ដែលមានរាងត្រីកោណ ចំណែកផ្នែកក្បាលនៃកន្ទុយថ្លែនបានដុះលូតចូលទៅក្នុងកញ្ចក់ភ្នែក៕
ស្វែងយល់បន្ថែម៖ ជំងឺកន្ទុយថ្លែន មិនមែនជាជំងឺធ្ងន់តែកកើតច្រើន
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។