តិចនិក៥ យ៉ាងសម្រាប់និស្សិតពេទ្យដែលរវល់ខ្លាំង តែក៏អាចថែទាំសុខភាពចិត្តកាយបានរឹងមាំ...
អំឡុងពេលដែលសិក្សាមុខវិជ្ជាពេទ្យ វាពិតជាលំបាកបន្តិចហើយក្នុងការស្វែងរកពេលវេលាមួយ ដើម្បីធ្វើលំហាត់ប្រាណ និងរក្សារាងកាយអ្នកឲ្យមានសុខភាពល្អ នោះក៏ព្រោះតែនឿយហត់ពេកពីការសិក្សា និងការងារនៅឯមន្ទីរពេទ្យ។ ជាការពិតណាស់ សម្រាប់និស្សិតពេទ្យទាំងនៅសាលា និងមន្ទីរពេទ្យ គឺសុទ្ធលំបាកហើយត្រូវការចំណាយពេលជាច្រើននៅកន្លែងទាំងពីរនេះ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកនៅតែអាចគ្រប់គ្រងរបៀបរស់នៅរបស់អ្នកបានដោយគ្រាន់តែធ្វើតាមជំហានទាំង៥នេះ៖
1. រៀបចំផែនការសម្រាប់ការហាត់ប្រាណរបស់អ្នក
វាទាមទារឲ្យមានតាំងចិត្តខ្ពស់ដូចជាការរៀនពេទ្យដែរ ដើម្បីរក្សារាងកាយឲ្យមានសុខភាពល្អអំឡុងពេលដែលកំពុងតែរៀនពេទ្យ។ អ្នកត្រូវទៅពេទ្យនៅពេលព្រឹកហើយត្រូវទៅរៀនពេលថ្ងៃ និងត្រលប់មកផ្ទះវិញនៅពេលយប់ អ្នកអាចនឹងចំណាយថាមពលអស់ពីខ្លួន និងគ្មានពេលទៅកន្លែងហាត់ប្រាណនោះទេ។ ប្រសិនបើអ្នកពិតជាចូលចិត្តការហាត់ប្រាណមែននោះ ប៉ុន្តែអ្នករវល់នឹងការងារនៅឯមន្ទីរពេទ្យ និងកិច្ចការសាលាពេញមួយថ្ងៃ ក្នុងករណីនេះអ្នកអាចព្យាយាមហាត់ប្រាណនៅមុនដំណេករបស់អ្នក។ ប្រសិនបើអ្នកឲ្យអាទិភាពទៅលើការសម្រាករបស់អ្នក នោះអ្នកអាចធ្វើលំហាត់ប្រាណនៅពេលព្រឹកព្រលឹមក្រោយពេលភ្ញាក់ពីដំណេក។ គ្រាន់តែចំណាយពេលប្រហែលជាកន្លះម៉ោងជារៀងរាល់ថ្ងៃ អ្នកនឹងអាចរក្សាសុខភាពអ្នកឲ្យបានល្អ។
2. ព្យាយាមបញ្ចូលការធ្វើពលកម្មទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក
និស្សិតភាគច្រើនជាទូទៅចំណាយពេលច្រើននៅក្នុងសាលា និងមន្ទីរពេទ្យ ប៉ុន្តែការចំណាយពេលខ្លះនៅខាងក្រៅអាចពង្រឹងរាងកាយ និងស្មារតីរបស់អ្នក ហើយវាក៏អាចបង្កើនថាមពល និងធ្វើឲ្យអ្នកមានអារម្មណ៍ល្អបានដែរ។ ប្រសិនបើអ្នកមានកង់ អ្នកអាចជិះកង់ធ្វើលំហាត់ប្រាណពេលទំនេរពីការងារ ឬជិះកង់ទៅរៀន និងទៅមន្ទីរពេទ្យផងដែរ។ លើសពីនេះទៅទៀត អ្នកគួរតែព្យាយាមឡើងជណ្ដើរជើងជាជាងការប្រើជណ្ដើរយន្ត ជាពិសេសពេលនៅសាលា ឬនៅមន្ទីរពេទ្យជាដើម។ បើផ្ទះអ្នកនៅជិតសាលា ឬមន្ទីរពេទ្យ អ្នកអាចផ្លាស់ប្តូរទម្លាប់មកជាការដើរវិញ ព្រោះថាការដើរគឺជាសកម្មភាពដែលល្អបំផុតសម្រាប់សុខភាព។
3. ការហាត់យោគៈ (Yoga)
យោគៈជួយពង្រឹងរាងកាយ និងស្មារតីអ្នកទាំងមូល ហើយប្រសិនជាអ្នកស្ត្រេស ព្រោះតែកិច្ចការសាលា និងការងារនៅឯមន្ទីរពេទ្យនោះ យោគៈគឺជាជម្រើសដ៏ល្អ និងមានប្រសិទ្ធភាពបំផុត ដើម្បីលុបបំបាត់ស្ត្រេស និងប្រមូលផ្តុំស្មារតីរបស់អ្នកឡើងវិញ។ ការអនុវត្តយោគៈអាចជួយឲ្យអ្នកផ្តោតស្មារតីទៅលើធនធានផ្លូវចិត្តរបស់អ្នក ខួរក្បាលដំណើរការបានលឿនជាងមុន ត្រឹមត្រូវជាងមុន និងរៀនឆាប់ចាប់បាន ការចងចាំក៏កាន់តែប្រសើរជាងមុនដែរ។
4. ការពត់ខ្លួន
មាននិស្សិតពេទ្យខ្លះរៀនម្ដង២ទៅ៣ម៉ោង ពួកគេអាចសម្រាករយៈពេល១០នាទី ដើម្បីធ្វើលំហាត់ប្រាណឲ្យបាន២ទៅ៣ដងអំឡុងពេលរៀននោះ។ អ្នកអាចស្វែងរកវីដេអូអំពីការធ្វើលំហាត់ប្រាណប្រភេទនេះនៅលើគេហទំព័រ YouTube ដោយគ្រាន់តែស្វែងរកពាក្យ «Instant Recess»។លំហាត់ប្រាណប្រភេទនេះអាស្រ័យលើការពត់ពែនខ្លួន ដូចជាការបង្វិលក ស្មា ការលើកដៃ និងការរាំជាដើម។ ការធ្វើដូចនេះនឹងធ្វើឲ្យចរន្តឈាមរបស់អ្នកហូរបានល្អពេញទាំងរាងកាយ និងខួរក្បាលរបស់អ្នក។ ចលនាទាំងនេះមិនលំបាកក្នុងការធ្វើនោះទេ ហើយថែមទាំងមិនទាមទារឲ្យមាននូវឧបករណ៍អ្វីទៀតផង អ្នកអាចអនុវត្តបានគ្រប់ពេល និងគ្រប់ទីកន្លែង។
5. បរិភោគអាហារដែលនាំឲ្យមានសុខភាពល្អ
យើងសុទ្ធតែបានដឹងមកហើយថា ការទទួលទានអាហារដែលស្រស់ៗ និងអាហារដែលល្អសម្រាប់សុខភាពអាចជួយឲ្យអ្នកមានរាងស្អាត មានសុខភាពល្អ និងអាចឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារប្រចាំថ្ងៃ។ វាកាន់តែសាមញ្ញថែមទៀត ប្រសិនបើអ្នកអាចទទួលទានអាហារដដែលៗជារៀងរាល់ថ្ងៃ។ អ្នកអាចទទួលទានស៊ុតជាមួយបន្លែជាអាហារពេលព្រឹកជារៀងរាល់ថ្ងៃ ឬសាច់ជាមួយនឹងសាឡាដសម្រាប់អាហារពេលល្ងាច។ ហើយអ្នកត្រូវចងចាំថាត្រូវទទួលទានទឹកឲ្យបានច្រើនផងណា។ អ្នកអាចទទួលទានចំណីខ្លះៗនៅពេលដែលអ្នកឃ្លាន ប៉ុន្តែអ្នកមិនគួរទទួលទានអាហារដែលផ្អែមទេ ផ្ទុយទៅវិញអ្នកអាចទទួលផ្លែឈើស្រស់ៗជំនួសវិញក៏បាន។ ហើយអ្នកគួរតែព្យាយាមចំណាយពេលខ្លះ ដើម្បីចំអិនអាហារសម្រាប់ខ្លួនឯងនៅពេលដែលអ្នកទំនេរ ឬនៅថ្ងៃឈប់សម្រាករបស់អ្នក។
គិតយ៉ាងណាដែរ? ទោះជឿ ឬមិនជឿ…សូមសាកល្បងជាមុនសិន ដើម្បីឲ្យដឹងថាមានប្រសិទ្ធភាព ឬអត់?
Photo Credit : Leapleak Phal
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។