រៀនពេទ្យ
ខ្ញុំបាទឈ្មោះ សេង រស្មី ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ក្នុងឆ្នាំ២០០៩ ដោយទទួលបាន និទ្ទេស B ក្នុងលំដាប់ពិន្ទុ ៩៩.៩១៩ នៅវិទ្យាល័យកំពង់ធំ។ ខ្ញុំក៏ជាអតីតជ័យលាភី ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តកំពង់ធំ ផ្នែកអក្សរសាស្ត្រខ្មែរផងដែរ។
កាលនោះខ្ញុំបានប្រលងជាប់ និងទទួលបានអាហារូបករណ៍លើមុខជំនាញផ្សេងទៀតផងដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ ព្រោះវាជាក្តីស្រមៃរបស់ខ្ញុំតាំងពីរៀនថ្នាក់ទី៧មកម៉្លេះ គឺ«ខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិតឯកទេសម្នាក់»។ ក្រៅពីនេះ ខ្ញុំក៏ទទួលបានការជម្រុញនិងលើកទឹកចិត្តពី ប៉ា ម៉ាក់ របស់ខ្ញុំផងដែរ។ ទោះបីជាការសិក្សាមានរយៈពេលយូររហូតដល់ទៅ10ឆ្នាំរួមបញ្ចូលទាំងថ្នាក់វេជ្ជបណ្ឌិតឯកទេស ព្រមទាំងចំណាយថវិកាអស់ច្រើនក្តី ក៏ខ្ញុំនៅតែរីករាយនឹងរៀន ព្រោះវាជាចំណង់ចំណូលចិត្ត ហើយខ្ញុំយល់ឃើញថា ជំនាញអ្វីក៏ដោយក៏ត្រូវចំណាយពេលច្រើន និងខិតខំដូចគ្នា ដើម្បីក្លាយជាបុគ្គលម្នាក់ដែលមាន សម្ថតភាពនិងជំនាញច្បាស់លាស់ពិតប្រាកដ ម្យ៉ាងទៀតគឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលខ្មែរយើងអោយកាន់តែប្រសើរជាងមុន។
ដើម្បីបានសិក្សាក្នុងវិស័យសុខាភិបាល គឺបេក្ខជនទាំងអស់ត្រូវចូលរួមប្រលងប្រជែងថ្នាក់ជាតិជាមុនសិន។ សំរាប់ការត្រៀមខ្លួនប្រលងវិញ ខ្ញុំបានឡើងមកភ្នំពេញ ហើយចាប់ផ្តើមរៀនត្រៀមចាប់តាំងពីពេលដែលខ្ញុំបានប្រលងបាក់ឌុបចប់ភ្លាម ហើយពេលនោះដែរខ្ញុំបានរៀនគួរបន្ថែមនៅឯសាលាជ័យថាវី លើមុខវិជ្ជាចំនួន 3 ស្របតាមការប្រកាសណែនាំរបស់ក្រសួងសុខាភិបាល គឺ គណិតវិទ្យា គីមីវិទ្យា និងជីវវីទ្យា ដែលវិញ្ញាសាចេញប្រលងគឺស្របតាមកម្មវិធីសិក្សាទុតិយភូមិថ្នាក់ទី១២។ ដូច្នេះក្រៅពីការរៀនគួរបន្ថែម ខ្ញុំបានចំណាយពេលដែលនៅសល់ខិតខំធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅពុម្ព ព្រមទាំងខំទន្ទេញមេរៀនអោយស្ទាត់មាត់។
ដើម្បីទទួលបានការជោគជ័យក្នុងការប្រលងចូលវិញ គឺយើងត្រូវគោរពធ្វើតាមការណែនាំរបស់គណកម្មាធិកាប្រលង ចំណាយពេលវេលាផ្តោតសំខាន់តែលើការប្រលង រៀនធ្វើលំហាត់ដែលធ្លាប់ចេញប្រលងពីឆ្នាំមុនៗដើម្បីវាស់សម្ថតភាពរបស់ខ្លួន និងអ្វីដែលសំខាន់នោះគឺត្រូវជឿជាក់លើសម្ថភាពខ្លួនឯង។ ម្យ៉ាងវិញទៀត សុខភាពក៏ជាកត្តាសំខាន់ដែរ ដូចនេះគឺត្រូវ សំរាក និងញុំាអោយបានគ្រប់គ្រាន់។ ក្នុងពេលប្រលង គឺតាំងចិត្តកុំឲ្យភ័យ អានប្រធានឲ្យយល់ច្បាស់មុននឹងចាប់ផ្ដើមឆ្លើយ មិនត្រូវចំណាយពេលច្រើនលើសំនួរដែលយើងមិនចេះនោះទេ ត្រូវធ្វើសំនួរណាដែលយើងចេះមុន រួចចាំមកបំពេញកន្លែងដែលខ្វះចន្លោះតាមក្រោយ។
ក្រោយពេលដែលបានចូលរៀនឆ្នាំទី១ ខ្ញុំជួបប្រទះនឹងឧបសគ្គច្រើនគួរសមដែរ ជាពិសេសគឺភាសា និង ពាក្យបច្ចេកទេសពេទ្យ ព្រោះថាមេរៀន និងការបង្រៀនរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យគឺជាភាសាបារាំង ហើយម្យ៉ាងទៀតទាំងខ្ញុំព្រមទាំងនិស្សិតដទៃទៀត មានអារម្មណ៍ថាដូចជាទីងមោងអីចឹង គឺស្ដាប់គ្រូបង្រៀនមិនសូវយល់ តាមគ្រូពន្យល់មិនទាន់នោះទេ ព្រោះពួកយើងពុំមានមូលដ្ឋានគ្រឹះលើមុខវិជ្ជាពេទ្យនោះទេ។ ដំណោះស្រាយចំពោះបញ្ហានេះ ខ្ញុំក៏បានចូលរៀនភាសាបារាំងនៅ វិទ្យាស្ថានភាសាបារាំងផង និងចូលរៀនថ្នាក់បរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសផង។ ពេលនៅសល់ពីការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានសិក្សាបន្ថែមដោយខ្លួនឯង ព្រមទាំងរៀនជាក្រុមជាមួយមិត្តភក្តិដ៏ទៃទៀត។ ជាលទ្ធផលគឺខ្ញុំបានប្រលងជាប់គ្រប់មុខវិជ្ជាទាំងអស់ ដោយទទួលបានលទ្ធផលល្អ។
ចំពោះឆ្នាំបន្ទាប់ៗទៀត ការលំបាកគឺមានច្រើនឡើងៗ ព្រោះមេរៀនច្រើនជាងមុនទ្វេដង ដោយតម្រូវឲ្យចំណាយពេលស្វ័យសិក្សាផង ចុះកម្មសិក្សានៅមន្ទីរពេទ្យផង រៀនទ្រឹស្តីនៅសាលាផង និង រៀនភាសាបារាំង អង់គ្លេសបន្ថែមផង និយាយរួមគឺស្ទើរនឹងគ្មានពេលសំរាក។ ទោះជាយ៉ាងណាក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។
ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តតាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។
បើនិយាយទៅ ឆ្នាំដែលសប្បាយជាងគេគឺជាឆ្នាំទី១ ព្រោះថាយើងមានមោទនភាពចំពោះភាពជោគជ័យរបស់យើងជាបេក្ខជនជ័យលាភីមួយរូបក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ដែលបានប្រលងចូលរៀននៅសាលាពេទ្យ និងជាពេលវេលាដំបូងដែលយើងឈានជើងដើម្បីសម្រេចក្តីស្រមៃរបស់យើង។ ដូចគ្នាដែរ ឆ្នាំទី១នេះក៏ជាឆ្នាំដែលលំបាកជាងគេដែរ ព្រោះជាវេលាដំបូងដែលយើងសិក្សាពីមូលដ្ឋានគ្រឹះសំរាប់មុខវិជ្ជាពេទ្យ ព្រមទាំងចាប់ផ្តើមរៀនភាសាបារាំងថែមទៀត ដែលយើងមិនធ្លាប់បានរៀនពីមុនសោះ។
សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។
ប្រសិនបើយើងមានបំណងចង់រៀនផ្នែកវេជ្ជសាស្រ្ត គួរតែចាប់ផ្តើមរៀនទាំងភាសាបារាំង និងភាសាអង់គ្លេសបណ្តើរៗអោយហើយ។ ចំពោះនិស្សិតដែលកំពុងរៀនផ្នែកវេជ្ជសាស្រ្ត ត្រូវតែតស៊ូជំនះរៀននូវមុខវិជ្ជាមូលដ្ឋានគ្រឹះឲ្យបានច្បាស់ ព្រោះវាអាចជួយឲ្យយើងបន្តដំណើរបានទៅដល់គោលដៅនៅលើវិស័យមួយនេះ បើមិនដូច្នេះទេយើងនឹងរៀនមិនទាន់គេទេនៅពេលដែលយើងឡើងដល់ឆ្នាំកាន់តែធំទៅ។ ការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យពិតជាសំខាន់ណាស់ យើងត្រូវខិតខំរៀនទាំងការងារគិលានុបដ្ឋាក ទាំងរបៀបធ្វើរោគវិនិច្ឆ័យ និងរៀនពីរបៀបព្យាបាលជំងឺ។ ហើយពេលចុះកម្មសិក្សានោះយើងត្រូវមានវិន័យផ្ទាល់ខ្លួន និងត្រូវគោរពវិន័យរបស់មន្ទីរពេទ្យ ត្រូវទៅពេទ្យឲ្យបានទៀងទាត់ ត្រូវខិតខំរៀនទ្រឹស្តីឲ្យបានច្បាស់និងអនុវត្តនៅក្នុងមន្ទីរពេទ្យឲ្យបានច្រើន ហើយត្រូវមានទំនាក់ទំនងល្អជាមួយនឹងសិស្សច្បងនិងបុគ្គលិកនៅក្នុងមន្ទីរពេទ្យ។
រឿងចម្បងមួយទៀតគឺចាប់ពីឆ្នាំទី៤ទៅត្រូវមានការតាំងចិត្តឲ្យរឹងមាំ ព្រោះក្នុងរយៈពេលនេះយើងងាយនឹងមានការបែកអារម្មណ៍ពេលឃើញមិត្តភក្តិយើងខ្លះគេរៀនចប់មានការងារធ្វើ ហើយយើងនៅរៀនមិនទាន់ចប់និងមិនទាន់ចេះមើលជំងឺបាន។ វាជារយៈពេលដ៏ស្ត្រេសមួយសម្រាប់និស្សិតពេទ្យយើង ដូច្នេះយើងមិនត្រូវបាក់ទឹកចិត្ត និងមានអារម្មណ៍ស្ដាយក្រោយនោះទេ ព្រោះថាយើងរៀនឆ្នាំកាន់តែខ្ពស់ ហើយការបកក្រោយវិញក៏មិនកើតដែរ ចឹងមានតែខិតខំប្រឹងបន្ថែមទៀត។ បញ្ហាមួយទៀតនោះ គឺពុំត្រូវព្យាយាមរកលុយក្នុងដំណាក់កាលនេះទេ ព្រោះយើងអាចរវល់នឹងការរកលុយហើយប៉ះពាល់ដល់ការសិក្សារបស់យើង។