សេង រស្មី «និស្សិតពេទ្យគួរកុំបែកអារម្មណ៍ពេលឃើញគេរៀនចប់មានការងារធ្វើ តែខ្លួនមិនទាន់ចេះមើលជំងឺ»
ខ្ញុំបាទឈ្មោះ សេង រស្មី ជានិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ (Internal Medicine) ឆ្នាំទី២ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិ ក្នុងឆ្នាំ២០០៩ ដោយទទួលបាន និទ្ទេស B ក្នុងលំដាប់ពិន្ទុ ៩៩.៩១៩ នៅវិទ្យាល័យកំពង់ធំ។ ខ្ញុំក៏ជាអតីតជ័យលាភី ចំណាត់ថ្នាក់លេខ១ ប្រចាំខេត្តកំពង់ធំ ផ្នែកអក្សរសាស្ត្រខ្មែរផងដែរ។
កាលនោះខ្ញុំបានប្រលងជាប់ និងទទួលបានអាហារូបករណ៍លើកមុខជំនាញផ្សេងទៀតផងដែរ ប៉ុន្តែខ្ញុំបានសម្រេចចិត្ត ជ្រើសរើសយកមុខវិជ្ជាពេទ្យនេះ ព្រោះវាជាក្តីស្រមៃរបស់ខ្ញុំតាំងពីរៀនថ្នាក់ទី៧មកម៉្លេះ គឺខ្ញុំចង់ក្លាយជា វេជ្ជបណ្ឌិតឯកទេសម្នាក់។ ក្រៅពីនេះ ខ្ញុំក៏ទទួលបានការជម្រុញនិងលើកទឹកចិត្តពី ប៉ា ម៉ាក់ របស់ខ្ញុំផងដែរ។ ទោះបីជាការសិក្សាមានរយៈពេលយូររហូតដល់ទៅ10ឆ្នាំរួមបញ្ចូលទាំងថ្នាក់វេជ្ជបណ្ឌិតឯកទេស ព្រមទាំងចំណាយថវិកាអស់ច្រើនក្តី ក៏ខ្ញុំនៅតែរីករាយនឹងរៀន ព្រោះវាជាចំណង់ចំណូលចិត្ត ហើយខ្ញុំយល់ឃើញថា ជំនាញអ្វីក៏ដោយក៏ត្រូវចំណាយពេលច្រើន និងខិតខំដូចគ្នា ដើម្បីក្លាយជាបុគ្គលម្នាក់ដែលមាន សមត្ថភាពនិងជំនាញច្បាស់លាស់ពិតប្រាកដ ម្យ៉ាងទៀត គឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលខ្មែរយើងអោយកាន់តែប្រសើរជាងមុន។
ក្រោយពេលដែលបានចូលរៀនឆ្នាំទី១ ខ្ញុំជួបប្រទះនឹងឧបសគ្គច្រើនគួរសមដែរ ជាពិសេសគឺភាសា និង ពាក្យបច្ចេកទេសពេទ្យ ព្រោះថាមេរៀន និងការបង្រៀនរបស់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យគឺជាភាសាបារាំង ហើយម្យ៉ាងទៀតទាំងខ្ញុំព្រមទាំងនិស្សិតដទៃទៀត មានអារម្មណ៍ថាដូចជាទីងមោងអីចឹង គឺស្ដាប់គ្រូបង្រៀនមិនសូវយល់ តាមគ្រូពន្យល់មិនទាន់នោះទេ ព្រោះពួកយើងពុំមានមូលដ្ឋានគ្រឹះលើមុខវិជ្ជាពេទ្យនោះទេ។ ដំណោះស្រាយចំពោះបញ្ហានេះ ខ្ញុំក៏បានចូលរៀនភាសាបារាំងនៅ វិទ្យាស្ថានភាសាបារាំងផង និងចូលរៀនថ្នាក់បរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសផង។ ពេលនៅសល់ពីការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំបានសិក្សាបន្ថែមដោយខ្លួនឯង ព្រមទាំងរៀនជាក្រុមជាមួយមិត្តភក្តិដទៃទៀត។ ជាលទ្ធផលគឺខ្ញុំបានប្រលងជាប់គ្រប់មុខវិជ្ជាទាំងអស់ ដោយទទួលបានលទ្ធផលល្អ។ ចំពោះឆ្នាំបន្ទាប់ៗទៀត ការលំបាកគឺមានច្រើនឡើងៗ ព្រោះមេរៀនច្រើនជាងមុនទ្វេដង ដោយតម្រូវឲ្យចំណាយពេលស្វ័យសិក្សាផង ចុះកម្មសិក្សានៅមន្ទីរពេទ្យផង រៀនទ្រឹស្តីនៅសាលាផង និង រៀនភាសាបារាំង អង់គ្លេសបន្ថែមផង និយាយរួមគឺស្ទើរនឹងគ្មានពេលសំរាក។ ទោះជាយ៉ាងណាក្តី ក៏ខ្ញុំមិនដែលមានចិត្តស្តាយក្រោយ រឺមានគំនិតបោះបង់ការសិក្សានោះទេ គឺកាន់តែខិតខំរៀនបន្ថែមទៀតនូវអ្វីដែលខ្ញុំខ្វះខាត ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីក្លាយជាវេជ្ជបណ្ឌិតដែលមានសម្ថតភាពម្នាក់។
ការសិក្សាថ្នាក់វេជ្ជបណ្ឌិតនេះ គឺពិតជាលំបាកទាំងការសិក្សាទ្រឹស្តី ទាំងការអនុវត្តន៍តាមមន្ទីរពេទ្យ ព្រមទាំងចំណាយពេលវេលាយូរក្នុងការសិក្សា ដូចនេះទាមទារអោយយើងអត់ធ្មត់ ជំនះភាពនឿយហត់ក្នុងការសិក្សា លើសពីនេះគឺមានការតាំងចិត្តខ្ពស់។
សម្រាប់និស្សិតដែលមានបំណងចង់ចូលរៀនផ្នែកវេជ្ជសាស្ត្រត្រូវគិតឲ្យបានច្បាស់ គឺត្រូវរៀនដោយចេញពីចិត្តស្រលាញ់ ជៀសវាងរៀនតាមគ្នា រៀនតាមម៉ាក់ប៉ាបង្ខំឡើយ ព្រោះថាជំនាញនេះប្រើពេកសិក្សាយូរ ហើយពិបាក បើមិនដូច្នោះទេអ្នកនឹងអាចបោះបង់ការសិក្សាចោល។ ប្រសិនបើយើងដាក់ចិត្តថារៀនពេទ្យហើយនោះ យើងត្រូវតែរៀនឲ្យបានពូកែនិងចំណាយពេលជាមួយវាឲ្យបានច្រើនតាមតែអាចធ្វើបាន។
ប្រសិនបើយើងមានបំណងចង់រៀនផ្នែកវេជ្ជសាស្រ្ត គួរតែចាប់ផ្តើមរៀនទាំងភាសាបារាំង និងភាសាអង់គ្លេសបណ្តើរៗអោយហើយ។
ចំពោះនិស្សិតដែលកំពុងរៀនផ្នែកវេជ្ជសាស្រ្ត ត្រូវតែតស៊ូជំនះរៀននូវមុខវិជ្ជាមូលដ្ឋានគ្រឹះឲ្យបានច្បាស់ ព្រោះវាអាចជួយឲ្យយើងបន្តដំណើរបានទៅដល់គោលដៅនៅលើវិស័យមួយនេះ បើមិនដូច្នេះទេយើងនឹងរៀនមិនទាន់គេទេនៅពេលដែលយើងឡើងដល់ឆ្នាំកាន់តែធំទៅ។ ការចុះកម្មសិក្សានៅតាមមន្ទីរពេទ្យពិតជាសំខាន់ណាស់ យើងត្រូវខិតខំរៀនទាំងការងារគិលានុបដ្ឋាក ទាំងរបៀបធ្វើរោគវិនិច្ឆ័យ និងរៀនពីរបៀបព្យាបាលជំងឺ។ ហើយពេលចុះកម្មសិក្សានោះយើងត្រូវមានវិន័យផ្ទាល់ខ្លួន និងត្រូវគោរពវិន័យរបស់មន្ទីរពេទ្យ ត្រូវទៅពេទ្យឲ្យបានទៀងទាត់ ត្រូវខិតខំរៀនទ្រឹស្តីឲ្យបានច្បាស់ និងអនុវត្តនៅក្នុងមន្ទីរពេទ្យឲ្យបានច្រើន ហើយត្រូវមានទំនាក់ទំនងល្អជាមួយនឹងសិស្សច្បង និងបុគ្គលិកនៅក្នុងមន្ទីរពេទ្យ។
រឿងចម្បងមួយទៀត គឺចាប់ពីឆ្នាំទី៤ទៅត្រូវមានការតាំងចិត្តឲ្យរឹងមាំ ព្រោះក្នុងរយៈពេលនេះយើងងាយនឹងមានការបែកអារម្មណ៍ពេលឃើញមិត្តភក្តិយើងខ្លះគេរៀនចប់មានការងារធ្វើ ហើយយើងនៅរៀនមិនទាន់ចប់ និងមិនទាន់ចេះមើលជំងឺបាន។ វាជារយៈពេលដ៏ស្ត្រេសមួយសម្រាប់និស្សិតពេទ្យយើង ដូច្នេះយើងមិនត្រូវបាក់ទឹកចិត្ត និងមានអារម្មណ៍ស្ដាយក្រោយនោះទេ ព្រោះថាយើងរៀនឆ្នាំកាន់តែខ្ពស់ ហើយការបកក្រោយវិញក៏មិនកើតដែរ ចឹងមានតែខិតខំប្រឹងបន្ថែមទៀត។ បញ្ហាមួយទៀតនោះគឺពុំត្រូវព្យាយាមរកលុយក្នុងដំណាក់កាលនេះទេ ព្រោះយើងអាចរវល់នឹងការរកលុយហើយប៉ះពាល់ដល់ការសិក្សារបស់យើង។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Tags: