ជំងឺរលាកក្រពះរ៉ាំរ៉ៃភាគច្រើន បណ្តាលមកពីបាក់តេរី (Helicobacter Pylori) និងការប្រើប្រាស់ពពួកថ្នាំាំAINS រយៈពេលយូរ
នាពេលបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាយើងភាគច្រើន កើតនូវជំងឺរលាកក្រពះកម្រិតរ៉ាំរ៉ៃ និងជំងឺរលាកក្រពះស្រួចស្រាវ ដែលបណ្តាលឲ្យរលាកក្រពះនេះជះឥទ្ធិពលអវិជ្ជមានដល់ជីវិតប្រចាំថ្ងៃ និងបង្កផលវិបាកក្នុងការបំពេញការងារ។ ជំងឺតម្កាក់ពិតជាបង្កក្តីរំខានដល់ការប្រព្រឹត្តទៅ នៃជីវិតប្រចាំថ្ងៃដូចជា ការរកទទួលការសិក្សា ឬបំពេញកាតព្វកិច្ចផ្សេងៗ ដូច្នេះការរក្សារាងកាយឲ្យមានសុខភាពល្អគឺជាប្រការអាទិភាពដែលយើងចាំបាច់ដោះស្រាយដើម្បីញ៉ាំងជីវិតឲ្យចៀសផុតពីជំងឺនេះ។
ជំងឺរលាកក្រពះរ៉ាំរ៉ៃ
ដែលហៅថាជំងឺរលាកក្រពះរ៉ាំរ៉ៃ គឺជាការរលាករទៅលើភ្នាសក្រពះ ក្នុងកម្រិតរ៉ាំរ៉ៃ ដែលភាសាបារាំងហៅថា (Inflammation chronique de la muqueuse gastrique)។
មូលហេតុបណ្តាលឲ្យរលាកក្រពះរ៉ាំរ៉ៃ
ការប្រើប្រាស់ឱសថផ្សេងៗ ឬទម្លាប់នៃការទទួលទាន និងវិបត្តិសរីរាង្គមួយចំនួន អាចបង្កជាការរលាកស្រទាប់ខាងក្នុង នៃក្រពះរបស់អ្នក ដែលនាំទៅរកការរលាករ៉ាំរ៉ៃ កត្តាទាំងនោះរួមមាន៖
•បាក់តេរី (Helicobacter Pylori)
•ការប្រើប្រាស់ថ្នាំប្រភេទណាមួយ ក្នុងរយៈពេលយូរ ដូចជាថ្នាំ (Aspirin AINS)
•ម៉្យាងទៀតការរលាកក្រពះរ៉ាំរ៉ៃនេះ អាចកើតពីកត្តាពូជក្នុងកម្រិត ២០% ដែលយើងហៅថា (Gastrite Chronique atrophique auto-immune) ។
រោគសញ្ញានៃជំងឺរលាកក្រពះរ៉ាំរ៉ៃ
ការរលាកក្រពះរ៉ាំរ៉ៃភាគច្រើនមិនមានរោគសញ្ញាអ្វីនោះទេ ប៉ុន្តែជួនកាលមនុស្សដែលមាននេះ អាចជួបបញ្ហាមួយចំនួនដូចជា៖
•ឈឺចុកចុងដង្ហើម (របៀបក្រហាយ នៅមួយកន្លែង ឬចាក់មកឆ្អឹងខ្នង ឬស្មាខាងស្តាំ)
•ហើមពោះ ឬពិបាករំលាយអាហារ ក្នុងករណីធ្ងន់ធ្ងរអ្នកអាចមានការហូរឈាមក្រពះ ឬមានលាមកពណ៌ខ្មៅ។ សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ជាពិសេសគ្រូពេទ្យឯកទេស ប្រសិនបើអ្នកមានលាមកខ្មៅ ក្អួតមានឈាម ឬមានអាការៈឈឺក្រពះយូរអង្វែង។
ការធ្វើរោគវិនិច្ឆ័យ
អ្នកជំងឺត្រូវមកមន្ទីរពេទ្យ ជួបអ្នកឯកទេសក្រពះ និងពោះវៀន ដើម្បីឆ្លុះក្រពះ និងយកសាច់ក្រពះទៅវិភាគ។
ការវិវឌ្ឍន៍របស់អ្នកជំងឺ
ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ វាអាចវិវឌ្ឍទៅជាជំងឺមហារីកក្រពះ។
វិធីព្យាបាល
ជំងឺរលាកក្រពះរ៉ាំរ៉ៃនេះ ត្រូវព្យាបាលតាមវិធីផ្សេងៗដូចជា៖
•ការហូបចុកឲ្យមានអនាម័យ និងទៀងទាត់ពេលវេលា
•ឈបប្រើថ្នាំ Aspirin AINS
•តមបារី ស្រា កាហ្វេ អាហារហឹរ និងអាហារផ្អាប់
•ប្រើថ្នាំ Antibiotic រយៈពេល ១០-១៤ថ្ងៃ ក្នុងករណីរលាកក្រពះរ៉ាំរ៉ៃដោយ HP (Hhelicobacter Pylori)
•ការព្យាបាលតាមរោគសញ្ញា (បើជាតិអាស៊ីដឡើង យើងត្រូវប្រើ Pancement Anti-Acid។ បើឈឺចុកចាប់យើងត្រូវប្រើថ្នាំបំបាត់ការចុកចាប់។
អនុសាសន៍គ្រូពេទ្យជំនាញ
ជំងឺរលាកក្រពះរ៉ាំរ៉ៃ ជាជំងឺពិបាកធ្វើរោគវិនិច្ឆ័យ និងព្យាបាល ដូច្នេះអ្នកជំងឺត្រូវមកជួបគ្រូពេទ្យឯកទេស ក្រពះ និងពោះវៀនជាការចាំបាច់៕
បកស្រាយដោយ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នែកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពទ្យ ព្រះកុសុមៈ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។