តើការព្យាបាលជំងឺមហារីកថ្លើមមានអ្វីខ្លះ?
ការព្យាបាលជំងឺមហារីកហាក់មានភាពស្មុគស្មាញ ដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់អ្នកជំនាញ ដើម្បីទទួលបានលទ្ធផលវិជ្ជមានមួយ។ តួយ៉ាងការព្យាបាលជំងឺមហារីកថ្លើម ក៏មិនខុសប្លែកពីជំងឺមហារីកដទៃនោះទេ ដោយសារដំណើរការនៃការព្យាបាល គឺធ្វើឡើងដោយផ្អែកទៅលើគោលបំណងធំ ៣គឺ៖
• បំបាត់ចោលទាំងស្រុងនៃដុំមហារីក
• បញ្ឈប់ការរីកលូតលាស់នៃកោសិកាមហារីក
• ធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពជីវិតបន្ទាប់ពីការគ្រប់គ្រងនូវរោគសញ្ញានៃជំងឺមហារីក(ការឈឺចាប់ ពិបាករំលាយអាហារ ។ល។)
ប្រភេទនៃវិធីសាស្រ្តក្នុងការព្យាបាល
1. ការវះកាត់៖ ជាវិធីសាស្រ្តព្យាបាលមានសក្តានុពលខ្ពស់ ដែលជាជម្រើសក្នុងការព្យាបាលចំពោះសភាពជំងឺដែលស្ថិតនៅក្នុងដំណាក់
ដំបូងនៃជំងឺមហារីកថ្លើម៖
• ក្នុងករណីខូចខាតតែមួយផ្នែកនៃសរីរាង្គថ្លើមការព្យាបាលអាចធ្វើឡើង ដោយការកាត់ផ្នែកដែលមានជំងឺចេញតែប៉ុណ្ណោះ
(liver resection)។
• វិធីសាស្រ្តក្នុងការវះកាត់មួយផ្នែកទៀត គឺស្តែងចេញតាមរយៈការប្តូរសរីរាង្គថ្លើមទាំងស្រុង ដោយជំនួសសរីរាង្គថ្លើមថ្មីមួយទៀត ដែលត្រូវនឹងបុគ្គលនីមួយៗ។
- ផលវិបាកនៃការព្យាបាលដោយការវះកាត់ អាចស្តែងចេញដូចជា៖ កំណកឈាមនៅសរសៃវ៉ែនជ្រៅ ការហូរឈាម បញ្ហាបេះដូង និងចង្វាក់ដង្ហើមការឆ្លងមេរោគ និងប្រតិកម្មចំពោះថ្នាំស្ពឹក។ ប្រសិនការព្យាបាលដោយការវះកាត់មិនអាចប្រព្រឹត្តទៅបាន ការព្យាបាលផ្សេងនឹងត្រូវបានណែនាំក្នុងគោលបំណងគ្រប់គ្រងនូវស្ថានភាពជំងឺ ដោយកាត់បន្ថយរោគសញ្ញា និងធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិត។
2. ការរំលាយដុំមហារីក (Tumor ablation)៖
ជាវិធីសាស្រ្តក្នុងគោលបំណងបំផ្លាញចោលនូវដុំមហារីក តាមរយៈការប្រើប្រាស់កម្តៅវិទ្យុសកម្ម (Radiofrequency ឬRFA)៖ ដោយរលកនៃសារធាតុវិទ្យុសកម្មនោះបានឆ្លងកាត់តាមរយៈម្ជុល ដើម្បីកម្ចាត់ចោលនូវកោសិកាមហារីកក្នុងកម្រិតកម្តៅដ៏ខ្ពស់មួយ។
• សារធាតុអាល់កុលដោយការចាក់អេតាណុលតាមស្បែក (percutaneous ethanol injectionឬPEI)៖ សារធាតុអាល់កុលត្រូវបានចាក់បញ្ចូលទៅកាន់កោសិកាមហារីកតាមម្ជុលដើម្បីបំផ្លាញដុំមហារីកនោះ។
ដំណើរការវិធីសាស្រ្តរំលាយដុំមហារីក តែងត្រូវបានធ្វើឡើងនៅក្នុងផ្នែករូបសាស្រ្ត (scanning)ដោយសារវាជាជំនួយសម្រាប់ឲ្យវេជ្ជបណ្ឌិតអាចចាក់បញ្ចូលម្ជុល សំដៅទៅរកកោសិកាមហារីកតាមរយៈស្បែកបាន ផ្អែកទៅលើ ultrasoundឬ CT-scan ។
- ការរំលាយដុំសាច់មហារីក អាចបង្កជាផលប៉ះពាល់ដូចជា ការឈឺចាប់ក្នុងពោះ ឡើងកម្តៅការឆ្លងមេរោគ និងការហូរឈាមជាដើម ជាទូទៅវីធីសាស្រ្តនេះនឹងត្រូវអនុវត្តម្តងទៀតនៅពេលដែលដុំមហារីកលូតលាស់ជាថ្មី។
3. ការព្យាបាលជាប្រព័ន្ធ (Systemic Therapy)៖
• ការព្យាបាលដោយគីមី (Chemotherapy)៖
ជាការប្រើប្រាស់ថ្នាំប្រឆាំងនឹងជំងឺមហារីក សម្រាប់សម្លាប់ ឬរារាំងការលូតលាស់កោសិកាមហារីក។វាអាចជួយគ្រប់គ្រងរោគសញ្ញាដោយបង្រួម និងពន្យារពេលក្នុងការរីកលូតលាស់ នៃកោសិកាមហារីក។ ការព្យាបាលដោយគីមី ត្រូវបានអនុវត្តឡើងដោយការចាក់តាមសរសៃវ៉ែន និងតាមរយៈការចាក់បញ្ចូលតាមរបៀប Chemoembolization(រូបភាពទី២)ដែលជាការចាក់ថ្នាំគីមីចូលទៅក្នុងសរសៃវ៉ែនចិញ្ចឹមកោសិកាមហារីកថ្លើម ដោយសារធាតុថ្នាំនោះរួមបញ្ចូលទៅដោយសារធាតុជែលនិងប្លាសិ្ទកតូចៗ ដើម្បីបិទលំហូរទៅកាន់កោសិកាមហារីកថ្លើម យ៉ាងណាមិញ វិធីសាស្រ្តការចាក់ថ្នាំគីមី មិនសុទ្ធតែសាកសមចំពោះគ្រប់អ្នកជំងឺនោះទេព្រោះវាអាចធ្វើឡើងតែក្នុងលក្ខខណ្ឌដែលមុខងារថ្លើមនៅមានដំណើរការបានល្អគ្រប់គ្រាន់។
- ចំពោះផលប៉ះពាល់នៃការព្យាបាលរួមមាន៖ មិនឃ្លានអាហារ ចង្អោរ ក្អួត អស់កម្លាំង ជ្រុះសក់ឈឺមាត់ កើនឡើងនៃការឆ្លងមេរោគ រាក ថយចុះកោសិកាឈាម និងអាចរួមបញ្ចូលនូវការឡើងកម្តៅ ឬការឈឺចាប់ក្នុងករណីព្យាបាលតាមរយៈChemoembolization។
• ការព្យាបាលឲ្យចំគោលដៅ (Targeted therapy)៖
ជាការប្រើប្រាស់ថ្នាំ ឬសារធាតុ មានឥទ្ធិពលរារាំងការលូតលាស់ និងរីករាលដាលនៃកោសិកាមហារីក ដោយវាទៅជ្រៀតជ្រែកជាមួយ
ម៉ូលេគុលសំខាន់ៗនៃការលូតលាស់ និងវិវឌ្ឍទៅជាកោសិកាមហារីក។
- ផលប៉ះពាល់៖ មិនឃ្លានអាហារ ចង្អោរ ក្អួតអស់កម្លាំង ជ្រុះសក់ រាក ថយចុះនៃកោសិកាឈាមស ការប្រែប្រួលស្បែកបាតដៃ និងជើង។
• ការព្យាបាលដោយវិទ្យុសកម្ម (Radiotherapy)៖ សារធាតុវិទ្យុសកម្មដ៏ខ្លាំងក្លា បានបំផ្លាញ ឬរារាំងកោសិកាមហារីក ប៉ុន្តែវិធីសាស្រ្តខាងលើនេះមិនសូវត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលចំពោះជំងឺមហារីកថ្លើមដោយផ្ទាល់នោះទេ ដោយគេច្រើនអនុវត្តវាដើម្បីកាត់បន្ថយការឈឺចាប់ចំពោះអ្នកជំងឺមានបញ្ហាមហារីកឆ្អឹង
(Bone metastases)បណ្តាលមកពីមហារីកថ្លើម។
- ផលប៉ះពាល់អាចកើតឡើងនៅផ្នែកខាងក្រៅដូចជា៖
រលាកស្បែក ចង្អោរ ក្អួត និងអស់កម្លាំងដែលវាអាចនឹងបាត់ទៅវិញបន្ទាប់ពីការព្យាបាលបានបញ្ចប់។
• ការថែទាំ៖ ត្រូវបានផ្តល់ឲ្យអ្នកជំងឺដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជំងឺមហារីកថ្លើម។
លក្ខខណ្ឌក្នុងការជ្រើសរើសការព្យាបាល
ជាការពិត មិនមានការព្យាបាលណាដែលល្អស័ក្តិសមបំផុតចំពោះអ្នកជំងឺគ្រប់បុគ្គលនោះទេ ដោយវេជ្ជបណ្ឌិតត្រូវធ្វើការសម្រេចចិត្តផ្អែកលើស្ថានភាពរបស់អ្នកជំងឺ និងលក្ខណៈរបស់ជំងឺ ដូច្នេះទើបការរៀបចំការព្យាបាលជំងឺមហារីកថ្លើម ទាមទារឲ្យមានចូលរួមពីសំណាក់អ្នកជំនាញជាច្រើនផ្នែក។ ចំណែកឯប្រសិទ្ធភាពនៃការព្យាបាលក៏មានការប្រែប្រួលទៅតាមដំណាក់កាលនៃជំងឺមហារីកថ្លើម លក្ខណៈនៃដុំមហារីក ហានិភ័យ ក៏ដូចជាស្ថានភាពសុខភាពទូទៅនៃអ្នកជំងឺ។
អត្រានៃការជាសះស្បើយ
គេអាចកំណត់បានអត្រានៃការជាសះស្បើយ តាមដំណាក់កាលនៃជំងឺ៖
• ដំណាក់កាលទី I៖ ៥០% ទៅ ៧០%
• ដំណាក់កាលទី II៖ ៣០% ទៅ ៥០%
• ដំណាក់កាលទី III៖ ១០%
• ដំណាក់កាលទី IV៖ ០%
ទង្វើគួរធ្វើអំឡុងពេលព្យាបាល អ្នកជំងឺទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិតដូចជា៖
• របបអាហារ៖ ចៀសវាងអាហារមានជាតិហិរអាហារចៀន និងអាំង ភេសជ្ជៈមានជាតិហ្គាសនិងអាល់កុលជាដើម
• របបអនាម័យ៖ គួរពាក់មាស់មុខ លាងសម្អាតផ្លែឈើ និងបន្លែ លាងសម្អាតដៃមុនពេលបរិភោគអាហារ បន្ទាប់ពីចូលបង្គន់ និងបន្ទាប់ពីធ្វើដំណើរតាមដងផ្លូវ
• ចៀសវាងការមានរបួសនានា
• គោរពការណាត់ជួបនៃការព្យាបាលឲ្យបានតឹងតែង (ហាមគេចវេសពីការព្យាបាល ប្រសិនគ្មានហេតុផលចាំបាច់) ។
បកស្រាយដោយ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅ ដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ