តើជំងឺគ្រុនពោះវៀនឆ្លងរាលដាលពីកត្តាអ្វីខ្លះ?
ជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងតាមរយៈបាក់តេរីមួយប្រភេទដែលអាចឆ្លងរាលដាលទៅក្នុងរាងកាយរបស់មនុស្ស និងប៉ះពាល់ដល់សរីរាង្គជាច្រើននៅក្នុងខ្លួនមនុស្ស។ ប្រសិនបើមិនបានទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលានោះទេ វាអាចបង្កជាបញ្ហាធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
ដើម្បីជាគន្លឹះ ក្នុងការការពារ និងព្យាបាលជំងឺនេះ លោកវេជ្ជបណ្ឌិត អ៊ុក សារ៉ម ឯកទេសផ្នេកជំងឹក្រពះ ពោះវៀន និងថ្លើម និងជាប្រធានផ្នេកជំងឺប្រដាប់រំលាយអាហារនៃមន្ទីរពេទ្យព្រះកុសុមៈ ផ្តល់ជាកិត្តិយសចូលរួមបកស្រាយពីស្ថានភាពទូទៅ នៃជំងឹគ្រុនពោះវៀនដូចខាងក្រោម៖
អ្វីទៅជាជំងឺគ្រុនពោះវៀន?
ដែលហៅថាជំងឺគ្រុនពោះវៀន គឺជាជំងឺឆ្លងមួយប្រភេទ ដេលបណ្តាលមកពីមេរោគម៉្យាងឈ្មោះថា Salmonella Typhi ដែលស្ថិតនៅក្នុងក្រុមពពួក Enterobacterie ។
ការឆ្លងរាលដាល និងការរាតត្បាត
ជំងឺគ្រុនពោះវៀនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយរបៀបពីរយ៉ាងគឺ៖
•របៀបទីមួយ (ផ្ទាល់) គឺដោយសារដៃអ្នកជំងឺមិនស្អាត
•របៀបទីពីរ (មិនផ្ទាល់) គឺសំដៅទៅលើចំណីអាហារ និងទឹកបរិភោគ ដែលមានមេរោគ ហើយអត្រានៃការរាលត្បាតមេរោគគឺឃើញមាន ១៣-១៦លាននាក់ដែលកើតជំងឺគ្រុនពោះវៀនក្នុងមួយឆ្នាំ និងបណ្តាលឲ្យមនុស្សស្លាប់ ក្នុងអត្រា២០ម៉ឺននាក់ ក្នុងមួយឆ្នាំទូទាំងពិភពលោក។
រោគសញ្ញា
រោគសញ្ញានៃជំងឺគ្រុនពោះវៀន គឺមានដូចជា៖
•អាការៈក្តៅខ្លួនថេរ ដែលអាចឡើងសល់ ៤០ដឺក្រេ
•អ្នកជំងឺឈឹក្បាល
•អណ្តាលអ្នកជំងឺឡើងសផ្នែកកណ្តាល និងក្រហមជុំវិញ
•ជីពចរមិនស៊ីចង្វាក់ ជាមួយនឹងកម្តៅ
•អ្នកជំងឺមិនបត់ជើងធំ ហើយពោះអ្នកជំងឺចុចទៅឈឺ ភាគច្រើនឈឺនៅចំហៀងខាងស្តាំ ផ្នែកខាងក្រោមបន្តិច
•មានគ្រាប់ឈាមសចុះ
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀន គឺជាការស្មុគស្មាញបន្តិច ប៉ុន្តែត្រូវដឹងឲ្យច្បាស់ពីពេលវេលាដែលអ្នកជំងឺគ្រុនពោះវៀន។ ការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនពោះវៀនមានដូចជា៖
•Hemocultures គឺជាយកឈាមទៅបណ្តុះ ហើយតេស្តក្នុងមួយសប្តាហ៍ទីមួយ គឺបានផលល្អណាស់ (៨០-៩០%) នៅសប្តាហ៍ទីពីរ ក៏យើងអាចបូមឈាមទៅបណ្តុះដែរ ប៉ុន្តែបានផលតែ ៤០% ទេ។
•Serologie de WIDAL et FEIIX ដែលតេស្តនេះផ្តល់ពុំសូវល្អទេ ហើយតេស្តនេះភាគច្រើនគេធ្វើនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៣។
•Coproculture ដែកតេស្តនេះ គឺត្រូវយកឈាមទៅបណ្តុះ ហើយតេស្តនេះធ្វើឡើងដើម្បីបញ្ចាក់ថាតើអ្នកជំងឺផ្ទុកមេរោគក្នុងពោះវៀនរ៉ាំរ៉ៃ ឬអត់ ដែរតេស្តនេះផ្តល់ផលបានត្រឹមតែ ៣០%ទេ។
ផលវិបាក នៃជំងឺគ្រុនពោះវៀន
ប្រសិនបើយើង មិនបានទទួលបានការព្យាបាលត្រឹមត្រូវទេ ជំងឺគ្រុនពោះវៀននេះបានផ្តល់ផលវិបាកច្រើនយ៉ាងដូចជា៖
•អ្នកជំងឺអាចហូរឈាមនៅក្នុងចុងពោះវៀនតូច
•អ្នកជំងឺអាចធ្លាយចុងពោះវៀនតូច
•អាចបណ្តាលឲ្យអ្នកជំងឺម៉្យាងទៀត ឈ្មោះថា Choc endotoxinique គឺជាជំងឺរលាកស្រោមខូរ និងបណ្តាលឲ្យអ្នកជំងឺ កើតជំងឺរលាកស្រោមបេះដូង ប៉ុន្តែជំងឺទាំងពីរនេះ គេឃើញកើតមានក្នុងអត្រាតិចតួចទេ។
ការព្យាបាល
ការព្យាបាលទៅលើជំងឺគ្រុនពោះវៀននេះ បើយើងធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា គឺអាចព្យាបាលឲ្យជាសះស្បើយបាន។ វិធីព្យាបាលនោះរួមមានដូចជា៖
•ទី១ ត្រូវឲ្យអ្នកជំងឺបរិភោគអាហាររាវ ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ
•ទី២ គឺយើងត្រូវប្រើថ្នាំ អង់ទីប៉ូទិក ដែលស្រុកខ្មែរយើងនិយមប្រើឱសថ Antibiotic នេះ ពីរប្រភេទ គឺ Flouroquinolones (Ofloxacine) និង Cephalosphorine de 3rd generation ដែលថ្នាំទាំងពីរប្រភេទនេះ អាចប្រើពី ៧ ទៅ១០ថ្ងៃ ដើម្បីព្យាបាលជំងឺនេះឲ្យជាសះស្បើយ។
ការការពារ
ដើម្បីចៀសផុតពីជំងឺគ្រុនពោះវៀន គឺមនុស្សយើងត្រូវអនុវត្តវិធីសាស្ត្រពីរយ៉ាងគឺ៖
•ទី១៖ ត្រូវហូបចុកឲ្យបានស្អាត និងមានអនាម័យមានន័យថា ត្រូវសម្អាតដៃមុនញ៉ាំបាយ ហើយចំណីអាហារនិងទឹក ដែលមិនស្អាតយើងកុំបរិភោគ។
•ទី២៖ យើងគួរត្រូវទៅចាក់វ៉ាក់សាំងការពារ ដែលអាចចាក់ចំពោះក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅ។
អនុសាសន៍របស់លោកវេជ្ជបណ្ឌិតជំនាញ
ចុងក្រោយ លោកវេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា ប្រសិនបើយើងសង្ស័យថាខ្លួនឯងកើតជំងឺគ្រុនពោះវៀន យើងត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងទទួលការព្យាបលឲ្យបានទាន់ពេលវេលា៕
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។