កូនបៅតែទឹកដោះគោម្សៅ ហើយឡើងទម្ងន់លឿន?
សំណួរ ៖ នាងខ្ញុំ រស់នៅខេត្តកំពង់ធំ។ កូនខ្ញុំទើបតែបាន១ខែ ហើយពេលគាត់ទើបតែកើតមានទម្ងន់២គីឡូ៤ខាំ ស្រាប់តែបាន១ខែខ្ញុំថ្លឹងគាត់ម្ដងទៀតបាន៤គីឡូ៨ខាំ។ ខ្ញុំបារម្ភថាពេលធំគាត់អាចនឹងធាត់ជ្រុល។ តើខ្ញុំត្រូវធ្វើដូចម្ដេចទៅបើកូនខ្ញុំសព្វថ្ងៃបៅតែទឹកដោះគោម្សៅ?
ចម្លើយ ៖ ជាទូទៅទារកអាយុ៣ខែទើបមានទម្ងន់ស្មើនឹង២ដងនៃទម្ងន់កំណើត។ ក្រសួងសុខាភិបាល ក៏បានណែនាំឲ្យមាតាគ្រប់រូបចិញ្ចឹមកូនដោយទឹកដោះដោយសារតែទឹកដោះម្ដាយជាអាហារល្អបំផុត និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់កូន។ ម្យ៉ាងទៀត ទារកអាចបៅទៅតាមតម្រូវការដែលពួកគាត់ត្រូវការតែប៉ុណ្ណោះខុសពីការចិញ្ចឹមដោយទឹកដោះគោម្សៅ ព្រោះឪពុកម្ដាយ ឬអ្នកមើលថែអាចឆុងខាប់ ឬស្ដើងពេក ហើយការផ្ដល់ឲ្យទារកអាចច្រើនឬតិចជ្រុលដោយសារតែការមិនបានយកចិត្តទុកដាក់លើបញ្ហានេះ។ ចំពោះករណីកូនលោកស្រីការឡើងទម្ងន់នេះគឺខ្ពស់ជាងធម្មតា ហើយលោកស្រីបានចិញ្ចឹមកូនដោយទឹកដោះគោម្សៅទៀត។
ដូច្នេះ អ្វីដែលត្រូវធ្វើពេលនេះ ត្រូវពិនិត្យលើបរិមាណម្សៅទឹកដោះគោដែលលោកស្រីផ្ដល់ឲ្យកូនថាសមស្របឬទេ របៀបឆុងត្រឹមត្រូវទេ ហើយឲ្យកូនបៅញឹកញាប់ពេកទេ។ តាមធម្មតាទារកក្នុងខែទី១ត្រូវបៅ១ថ្ងៃ៦ដង ឯបរិមាណប្រែប្រួលទៅតាមទម្ងន់របស់ទារក ដូចនេះ លោកស្រីត្រូវទៅជួបអ្នកជំនាញអាហារូបត្ថម្ភកុមារដើម្បីទទួលបានការណែរនាំពីការផ្ដល់ចំណីអាហារត្រឹមត្រូវដល់កូន។
បកស្រាយដោយ ៖ សាស្ត្រាចារ្យ គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ