ហេង សុវណ្ណឫទ្ធិ «កុំរៀនពេទ្យ ព្រោះនរណាបង្ខំ ឬផ្នត់គំនិតសង្គមទើបមិនស្តាយក្រោយ»
ពន្លកថ្មីនៃវិស័យសុខាភិបាលក៏នឹងត្រៀមដុះឡើងជាបន្តបន្ទាប់តាមឆ្នាំសិក្សានីមួយៗ ដើម្បីជាការណែនាំខ្លះៗដល់សិស្សប្អូនជំនាន់ក្រោយ យើងខ្ញុំក៏សូមផ្តល់ជូននូវការចែករំលែកបទពិសោធន៍ពីនិស្សិតផ្នែកវេជ្ជសាស្រ្តមួយរូបដែលមានបានផ្តល់កិត្តិយសក្នុងការឆ្លើយតបនូវកម្រងសំណួរបស់យើងខ្ញុំអំពីបទពិសោធន៍នៃការសិក្សា ក៏ដូចជាសារជូនដល់និស្សិតជំនាន់ក្រោយផងដែរ។ ចង់ដឹងថាមានអត្ថន័យខ្លឹមសារបែបណាខ្លះនោះ សូមតាមដាននូវអត្ថបទខាងក្រោមជាមួយគ្នា…
ខ្ញុំបាទឈ្មោះ ហេង សុវណ្ណឫទ្ធិ ជានិស្សិតផ្នែកវេជ្ជសាស្ត្រឆ្នាំទី៥ ជំនាន់ទី៤១នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ខ្ញុំបានជ្រើសរើសរៀនមុខវិជ្ជាពេទ្យនេះដោយសារតែវា គឺជាមុខវិជ្ជាមួយដែលខ្ញុំស្រលាញ់ និងចង់រៀនតាំងពីក្មេងមកម្ល៉េះ លើសពីនេះទៅទៀត វាជាមុខវិជ្ជាមួយដែលគេឲ្យតម្លៃ ហើយអាចជួយជីវិតអ្នកដទៃបាន និងព្រមទាំងអាចឲ្យខ្ញុំរកចំណូលបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ខ្លូនខ្ញុំផ្ទាល់ក៏ដូចជាក្រុមគ្រួសារខ្ញុំផងដែរ។ ចំពោះបុគ្គលសំខាន់ដែលជម្រុញ និងលើកទឹកចិត្តខ្ញុំក្នុងការជ្រើសរើសយកវិជ្ជាជីវៈមួយនេះ គឺជាប៉ាមាក់របស់ខ្ញុំ។
ចំពោះខ្ញុំផ្ទាល់ ពេលដែលខ្ញុំបានប្រលងជាប់បានចូលរៀនពេទ្យ ខ្ញុំពិតជាមានទឹកចិត្តសប្បាយរីករាយផង និងភ័យផង ព្រោះថាការរៀនមុខវិជ្ជានេះពិតជាមានការលំបាកខ្លះៗជាក់ស្ដែងវាទាមទារឲ្យយើងរៀនច្រើនមុខវិជ្ជា។ ផ្ទុយទៅវិញ ខ្ញុំមិនដែលមានគំនិតគិតថាស្ដាយក្រោយហើយចង់ផ្លាស់ប្តូរមុខវិជ្ជាសិក្សាទេ ព្រោះមុខវិជ្ជាពេទ្យនេះ គឺជាក្ដីស្រមៃតែមួយគត់របស់ខ្ញុំដែលមានតាំងពីខ្ញុំនៅក្មេង។
បើនិយាយដល់ការលំបាក និងឧបសគ្គក្នុងការសិក្សាមុខវិជ្ជានេះវិញ គឺមានច្រើនណាស់ដូចជាភាសាបារាំង គឺជាឧបសគ្គចម្បងទីមួយក្នុងការរៀនពេទ្យ ហើយខ្ញុំមិនធ្លាប់បានរៀនត្រៀមទុកពីមុននោះទេ។ លើសពីនេះទៅទៀត ការរៀនពេទ្យនេះមានមុខវិជ្ជាជាច្រើនដែលទាមទារឲ្យត្រូវរៀន និងត្រូវចេះ។
តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ការរៀនពេទ្យមិនស្រួលពេកហើយក៏មិនពិបាកពេកនោះដែរ ព្រោះថានៅសាកលវិទ្យាល័យខ្ញុំ មានសាស្ត្រាចារ្យដែលបញ្ចប់ការសិក្សាពីក្រៅប្រទេសជាច្រើនរូប ដូច្នេះ ពួកគាត់តែងតែចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការសិក្សាមុខវិជ្ជាមួយនេះឲ្យបានជោគជ័យ និងពន្យល់មេរៀនបានល្អងាយចាប់បាន ហើយឆាប់យល់។
មួយវិញទៀត ចំពោះយុទ្ធសាស្ត្រនៃការរៀននៅសាលា យើងត្រូវចេះរៀបចំកាលវិភាគរៀនឲ្យបានត្រឹមត្រូវ និងកំណត់គោលដៅដែលត្រូវនឹងឆ្នាំសិក្សារបស់យើង។
ជាសារជូនទៅដល់សិស្សប្អួនជំនាន់ក្រោយទាក់ទងនឹងទង្វើដែលនិស្សិតពេទ្យយើងគួរធ្វើនោះ គឺត្រូវខិតខំរៀនសូត្រ ហើយមើលសៀវភៅឲ្យបានច្រើន និងចុះកម្មសិក្សាឲ្យបានទៀងទាត់ព្រមទាំងឧស្សាហ៍ផងដែរ។ ចំពោះទង្វើគួរចៀសវាងវិញនោះមានដូចជា មិនត្រូវប្រើពាក្យសំដីអាក្រក់ជាមួយអ្នកជំងឺ មិនត្រូវមើលងាយសិស្សច្បង ឬប្រកាន់បក្សពួកថាសាលានេះ សាលានោះទេ ត្រូវមានទំនាក់ទំនងល្អរវាងសិស្សច្បង និងសិស្សប្អូន។
ជាចុងក្រោយ ខ្ញុំមានសារខ្លះដែលចង់និយាយទៅកាន់ប្អូនៗដែលមានបំណងចង់ប្រលងចូលសាលាពេទ្យត្រូវគិតឲ្យបានច្បាស់ មិនត្រូវរៀនដោយសារការបង្ខំពីនរណាម្នាក់ឡើយ ត្រូវមានចិត្តស្រលាញ់មុខវិជ្ជាមួយនេះដោយខ្លួនឯង ទើបអាចរៀនទៅបានដោយជោគជ័យ និងមិនមានអារម្មណ៍ថាពិបាកខ្លាំងក្នុងការរៀន ព្រោះមុខវិជ្ជានេះត្រូវការចំណាយថវិការច្រើនក្នុងការរៀន និងការអានសៀវភៅខ្លួនឯង ហើយត្រូវរៀនរយៈពេលយូរទៀតផង។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ